Wednesday, 18 December 2019
លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន ពឹងវៀតណាម និងចិន ឲ្យជួយការពារអំណាចក្បត់ជាតិរបស់ខ្លួន
ដោយ អាស៊ីសេរី
2019-12-17
លោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha
លោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន បានពឹងពាក់ប្រទេសវៀតណាម និង ចិន ដើម្បីឲ្យជួយរក្សា និងការពារអំណាច នៃទង្វើក្បត់ជាតិឲ្យខ្លួន។ មន្ត្រីរដ្ឋាភិបាលបដិសេធការចោទបែបនេះ ហើយថា លោក សម រង្ស៊ី ឃោសនាតាមរបៀបជនបរាជ័យ ក្រោយការអំពាវនាវ គ្មានអ្នកគាំទ្រ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងនៅមុខអ្នកគាំទ្រនៅសហរដ្ឋអាមេរិក អះអាងថា ដៃគូរបស់លោក គឺលោក កឹម សុខា មិនបានប្រព្រឹត្តិកំហុសក្បត់ជាតិអ្វីឡើយ តែលោក ចោទថា លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញឯណោះទេ ទើបជាជនក្បត់ជាតិ និងបានពឹងពាក់ប្រទេសវៀតណាម និងចិន ឲ្យជួយការពារអំណាចឲ្យខ្លួន៖ «»
បន្ថែមពីនេះ លោក សម រង្ស៊ី បង្ហោះសារក្នុងហ្វេសប៊ុក (facebook) ថា ក្នុងនាមប្រជារាស្ត្រខ្មែរ នៅប្រទេសកម្ពុជា ដែលមិនហ៊ាននិយាយស្ដី ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្ដែងមតិ ដូច្នេះលោកប្រកាសថា លោក ហ៊ុន សែន ជាជនក្បត់ជាតិ មិនមែន លោក កឹម សុខា ទេ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ទាមទារឲ្យតុលាការរបបក្រុងភ្នំពេញ បញ្ឈប់សកម្មភាពកាត់ទោស លោក កឹម សុខា នៅថ្ងៃទី១៥ មករា ព្រោះលោកថា ជាការធ្វើឡើងតាមបញ្ជារបស់លោក ហ៊ុន សែន៖ «»
ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី នេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហៅការចោទប្រកាន់នេះថា ជារឿងផ្ដេសផ្ដាស ហើយការចោទបែបនេះជាញយៗ ដោយសារភាពបរាជ័យ និងមិនអាចធ្វើឲ្យពលរដ្ឋគាំទ្របាន។ លោកអះអាងថា លោក សម រង្ស៊ី ចោទថា រដ្ឋាភិបាលម្ដងពឹងពាក់វៀតណាម ម្ដងចិន ម្ដងអាមេរិក ជាទម្លាប់ទៅហើយ៖ «»
អំពើក្បត់ជាតិ មានចែងនៅក្នុងផ្នែកទី១ ជំពូកទី២ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩។ បទល្មើស ក្បត់ជាតិ មានច្រើនសណ្ឋាន ដូចជា ចារកម្ម ប្រគល់ដែនដី ឬកងទ័ព ឬសម្ភារៈទ័ព ឬព័ត៌មានអន្តរាយដល់ការការពារជាតិឲ្យរដ្ឋបរទេស សន្និដ្ឋិភាពជាដើម។ បទក្បត់ជាតិ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មានឫសគល់ចេញពី មាត្រា ៣៣ នៃក្រមក្បត់សឹក និងមាត្រា២២០ និង២២០ត្រី នៃក្រមព្រហ្មទណ្ឌ ឆ្នាំ១៩៥៦ សម័យរាស្ត្រនិយម។
នៅឆ្នាំ២០១៧ រដ្ឋាភិបាលក្រុងភ្នំពេញ បានចោទប្រកាន់ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថា បានក្បត់ជាតិ ក្រោមរូបភាពសន្និដ្ឋិភាពជាមួយរដ្ឋបរទេស គឺសហរដ្ឋអាមេរិក ច្រើនឆ្នាំមកហើយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ជាង ២ឆ្នាំមកនេះ តុលាការ រកមិនទាន់ឃើញថា លោក កឹម សុខា បានឃុបឃិតគ្នា ជាមួយសហរដ្ឋអាមេរិក មែន ឬអត់ទេ។ តែសហគមន៍អន្តរជាតិ កំពុងទាមទារឲ្យរបបក្រុងភ្នំពេញ ស្ដារលទ្ធិប្រជាធិបតេយ្យ ឡើងវិញ ដោយ បញ្ឈប់ការចោទប្រកាន់ លោក កឹម សុខា និងសកម្មជនបក្សប្រឆាំងទាំងអស់ គោរពសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន លើកលែងតែប្រទេសកាន់លទ្ធិកុម្មុយនិស្ត ដូចជា ចិន រុស្ស៊ី និងវៀតណាម ជាដើម ដែលគាំទ្រចំណាត់ការរបស់របបក្រុងភ្នំពេញ ក្នុងការគាស់រំលើងលទ្ធិប្រជាធិបតេយ្យ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment