Friday, 13 December 2019
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល រិះគន់ការផ្ដល់ទីតាំងឱ្យវៀតណាមធ្វើសមយុទ្ធយោធានៅស្រុកចន្ទ្រា
ដោយ ទីន ហ្សាការីយ៉ា
2019-12-12
rfa
ប្រធានក្រុមយុវជន ១០០រាត្រី លោក មួង សូនី ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី។
RFA
ពលរដ្ឋនៅខេត្តស្វាយរៀង និងមន្ត្រីសង្គមស៊ីវិលអះអាងថា ការអនុញ្ញាតឱ្យកងទ័ពវៀតណាមចូលក្នុងឃុំចំនួន៣ ក្នុងស្រុកចន្ទ្រា នៃខេត្តស្វាយរៀង ក្នុងបំណងធ្វើសមយុទ្ធរៀនពីវិធីសាស្ត្រជួយសង្គ្រោះពលរដ្ឋពេលជួបគ្រោះមហន្តរាយ គឺជារឿងមិនសមហេតុផលនោះទេ។ ពួកគេអះអាងថា អាជ្ញាធរហាក់លាក់បាំងព័ត៌មានអំពីវត្តមានកងទ័ពវៀតណាមក្នុងទឹកដីខ្មែរនេះ និងមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ។ ចំណែកអាជ្ញាធរខេត្តនេះ អះអាងថា បញ្ហានេះមិនប៉ះពាល់ដល់អធិបតេយ្យជាតិនោះទេ។
ក្រុមពលរដ្ឋ រស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងមន្ត្រីសង្គមស៊ីវិល បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះករណីដែលរដ្ឋាភិបាល អនុញ្ញាតឱ្យកងទ័ពវៀតណាមមកចូលធ្វើសមយុទ្ធ និងបោះទីតាំង នៅតំបន់សជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំចំនួន ៣ គឺឃុំ ចន្ទ្រា ឃុំទួលស្ដី និងឃុំសំរោង របស់ស្រុកចន្ទ្រា។
ពលរដ្ឋរស់នៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ថ្លែងសុំលាក់ឈ្មោះ ឱ្យដឹងថា ពួកគេមិនឃើញអាជ្ញាធរផ្សព្វផ្សាយបញ្ហានេះឱ្យបានទូលំទូលាយនៅឡើយទេ។ លោកបញ្ជាក់ថា ពលរដ្ឋម្ចាស់ស្រុកភ័យព្រួយពីសុវត្ថិភាពខ្លះៗ ដែរ បន្ទាប់ពីឃើញ កងទ័ពវៀតណាមជាច្រើនក្រុមពាក់ឯកសណ្ឋាន ជិះរថយន្តចូលដីខ្មែរ។ លោកថា កងទ័ពវៀតណាមទាំងនោះ មិនឃើញមានកាន់អាវុធក្នុងដៃនោះទេ៖ «មិនឃើញកាំភ្លើងទីអីទេ ឃើញតែកងទ័ពគេចេញចូលៗឡាន។ គាត់ចេះតែបារម្ភៗហើយអូន តែមិនដឹងធ្វើម៉េច? គាត់ចេះតែនាំគ្នាស្ងាត់ទៅ។ ឆ្ងល់ៗមិនដឹងទៅសួរពីណា?»។
បុរសដដែលអំនាវឱ្យអាជ្ញាធរ គួរតែផ្សព្វផ្សាយបញ្ហានេះឱ្យបានទូលំទូលាយ និងប្រាប់ពីបំណងឱ្យច្បាស់លាស់ ដើម្បីកុំឱ្យពលរដ្ឋភ័យខ្លាច៖ «នៅខាងខ្ញុំមានគ្រោះមហន្តរាយរាំងស្ងួតអូនអើយ វាខ្វះទឹកស្រោចស្រពដំណាំស្រូវអ៊ីចឹង តែដល់កងទ័ពបានទឹកអីណាសង្គ្រោះ? អត់ទឹកអាលីងបានទឹកអីសង្គ្រោះ?»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធិ ប្រាប់អាស៊ីសេរីថា ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម បានសហការគ្នា អនុញ្ញាតឱ្យមានទីតាំងកងទ័ពធ្វើពិធីសមយុទ្ធរួមគ្នា ដើម្បីជួយសង្គ្រោះពលរដ្ឋរស់នៅក្នុងប្រទេសទាំងពីរ ពេលជួបគ្រោះមហន្តរាយ ដូចជា ទឹកជំនន់ជាដើម។ ក្រៅពីនេះ លោកថា អាជ្ញាធរបានជូនដំណឹងដល់ពលរដ្ឋ និងអាជ្ញាធរភូមិ-ឃុំជ្រាបពីបញ្ហានេះរួចរាល់ហើយ។ លោកអះអាង សមយុទ្ធកងទ័ពប្រទេសទាំងពីរ មិនប៉ះពាល់ដល់អធិបតេយ្យជាតិកម្ពុជានោះទេ ហើយសមយុទ្ធនេះ គឺធ្វើឡើងតែមួយថ្ងៃគត់ នៅក្នុងថ្ងៃទី១៨ ខែធ្នូខាងមុខនេះ។ តែទោះយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបញ្ជាក់លម្អិតពីចំនួនកងទ័ព វៀតណាមប៉ុន្មាននាក់នោះទេ ហើយលោកបានបង្វែរសំណួរនេះ ទៅក្រសួងការពារជាតិ៖ «នេះគេធ្វើសមយុទ្ធទេ មិនមែនកងទ័ពវៀតណាម មកដាក់ មកឈរជើង នៅលើទឹកដីកម្ពុជាហើយធ្វើឱ្យប៉ះពាល់ទឹកដី អធិបតេយ្យភាពកម្ពុជា អាហ្នឹងអត់មានទេ។ សូមបញ្ជាក់អ៊ីចឹងឱ្យច្បាស់។ មានផែនការរបស់ប្រទេសទាំងពីរ ប៉ុន្តែឥឡូវហ្នឹងគេត្រៀម។ ធម្មតាមុនយើងធ្វើពិធីអី យើងត្រូវធ្វើកិច្ចការរៀបចំ ការងារផ្សេងៗ ដើម្បីបម្រើឱ្យពិធី ថ្ងៃដែលយើងត្រូវប្រារព្ធជាផ្លូវការ »។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ដើម្បីសុំការបំភ្លឺបន្ថែមបញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១២ ខែធ្នូ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាប្រធានក្រុមយុវជន ១០០រាត្រី លោក មួង សូនី ដែលតែងចុះអង្កេតរឿងព្រំដែន យល់ថា រដ្ឋាភិបាលកម្ពុជា គួរតែកំណត់ កាលបរិច្ឆេទឱ្យច្បាស់លាស់ និងផ្តល់ដំណឹងឱ្យបានទូលំទូលាយ ទាក់ទិនការធ្វើសមយុទ្ធយោធានេះ ដើម្បីកុំឱ្យពលរដ្ឋភ័យខ្លាច និងយល់ច្រឡំ។ លោកសង្ស័យថា រដ្ឋាភិបាលសម្រេចឱ្យកងទ័ពវៀតណាម បោះទីតាំងកងទ័ពចូលក្នុងទឹកដីកម្ពុជា អាចនឹងមានហេតុផលផ្សេងក្រៅពីបញ្ហានេះ។ តែទោះយ៉ាងណា លោកបារម្ភថា ប្រសិនបើការបោះទីតាំងកងទ័ពយូរ អាចនឹងប៉ះពាល់ដល់អធិបតេយ្យជាតិ៖ «ខ្ញុំយល់ឃើញថា រដ្ឋាភិបាលគួរតែ បញ្ជាក់ពេលវេលាឱ្យច្បាស់អំពីការធ្វើសមយុទ្ធយោធាហ្នឹង បរិច្ឆេទមានន័យថា តើយើងធ្វើពេលណា ហើយយើងឈប់ទៅវិញពេលណា? ដើម្បីកុំឱ្យទុកកងទ័ពវៀតណាម នៅតំបន់ព្រំដែនយូរពេក វាទៅជារឿងមួយដែលមានប៉ះពាល់អធិបតេយ្យជាតិ និងភ័ន្តច្រឡំដល់មតិមហាជនរឹតតែច្រើន»។
លោក មួង សូនី បន្ថែមថា ការបោះទីតាំងសមយុទ្ធយោធា ប្រទេសទាំងពីរ ក្នុងបំណងដើម្បីជួយសង្គ្រោះពលរដ្ឋពេលមានគ្រោះមហន្តរាយ គឺជារឿងមិនសមទំនងទាល់តែសោះ ខណៈរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះពលរដ្ឋខ្លួនឯង មិនចាំបាច់ទៅពឹងប្រទេសជិតខាងនោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment