ដោយ យន់ សាមៀន
2019-12-22

ទិដ្ឋភាពដំណាំស្រូវរបស់កសិករនៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជួបគ្រោះរាំងស្ងួតខ្វះទឹកស្រោចស្រព។ រូបថត កាលពីថ្ងៃទី២០ កក្កដា ២០១៩។
photo provided
កសិករនៅតាមខេត្តមួយចំនួនត្អូញត្អែរថា ពួកគេកំពុងជួបបញ្ហាខ្វះទឹកធ្វើស្រែចម្ការដែលបញ្ហានេះធ្វើឱ្យផលដំណាំរបស់ពួកប្រឈមការខូចខាត។ អ្នកជំនាញខាងកសិកម្មលើកឡើងថា បញ្ហានេះតែងកើតឡើងស្ទើររៀងរាល់ឆ្នាំ ប៉ុន្តែរដ្ឋាភិបាល ឬក្រសួងជំនាញនៅមិនទាន់អាចដោះស្រាយជូនកសិករឱ្យបានសមស្របនៅឡើយទេ។
កសិករត្អូញត្អែរថា ឆ្នាំនេះពួកគាត់ជួបបញ្ហាខ្វះទឹកស្រោចស្រពផលដំណាំជាថ្មី ធ្វើឱ្យពួកគាត់បាត់ប្រាក់ចំណូលក្នុងការទ្រទ្រង់ ជីវភាពគ្រួសារដែលអាចធ្វើឱ្យពួកគេត្រូវជំពាក់លុយធនាគារ។
កសិករម្នាក់នៅស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង លោកស្រី យស សុភណ្ឌ ប្រាប់អាស៊ីសេរី នៅថ្ងៃទី២១ ខែធ្នូថា ពេលនេះដំណាំស្រូវរបស់លោកស្រី កំពុងស្កកខូចជាបណ្តើរៗ ហើយ ដោយសារគ្មានទឹកស្រោចស្រព។ ពលរដ្ឋរូបនេះត្អូញត្អែរថា នៅតំបន់លោកស្រីរស់នៅគ្មានប្រព័ន្ធធារាសាស្ត្រដែលជាស្ទឹង បឹង ប្រឡាយនោះទេ គឺជីកអណ្ដូងដើម្បីបានទឹកប្រើប្រាស់និងធ្វើស្រែ៖ «តំបន់ខ្ញុំគឺ គ្មានទឹកតែម្ដងលោកគ្រូមានតែទឹកអណ្ដូង ទឹកអណ្ដូងបូមពីដី ក៏វាពិបាកដែរឥឡូវ ព្រោះបូមអត់សូវឡើង»។
កសិកររូបនេះលើកឡើងទៀតថា លោកស្រីមិនដែលឃើញអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធចុះមកជួយដោះស្រាយបញ្ហានេះទេ។ ជាងនេះទៅទៀតលោកស្រីថា ប្រសិនបើពលរដ្ឋណាហ៊ានបង្ហោះបញ្ហាខ្វះទឹកនេះតាមបណ្ដាញសង្គមគឺត្រូវអាជ្ញាធរចោទប្រកាន់ថា ជាសកម្មគណបក្សប្រឆាំងថែមទៀតផង៖ «យើងនិយាយរឿងខ្វះទឹកខ្វះអីចឹងទៅយើងស្នើទៅអាជ្ញាធរគេចោទយើងជាបក្សប្រឆាំងថាយើងដើរបំផុសបំផុលអីចឹងទៀតនាំមានរឿងទៀតមិនដែលមាននរណាមកជួយ»។
ពលរដ្ឋម្នាក់ទៀតនៅខេត្តកំពង់ចាម លោក ឈុន ធា ស្នើទៅស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ករណីខ្វះទឹកធ្វើស្រែនេះ។ លោកថា ប្រសិនបើបញ្ហាខ្វះទឹកនេះនៅតែបន្តអូសបន្លាយតទៅទៀតនឹងធ្វើឱ្យផលដំណាំរបស់លោកជួបបញ្ហា៖ «ស្រុកខ្មែរយើងពឹងពាក់លើផ្នែកកសិកម្មស្ទើរតែទាំងអស់ហើយដូច្នេះហើយរដ្ឋាភិបាលត្រូវគិតគូររឿងហ្នឹងឱ្យម៉ត់ចតបន្តិច»។
ជុំវិញការត្អូញត្អែរ និងការលើកឡើងរបស់ពលរដ្ឋបែបនេះ អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងធនធានទឹក ក្រសួងកសិកម្ម និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានទេ នៅថ្ងៃទី២០ ខែធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានជូនដំណឹងពីបញ្ហារាំងស្ងួតនៅក្នុងរដូវប្រាំងឆ្នាំនេះ ហើយវានឹងធ្វើឱ្យកម្ពុជាខ្វះទឹកប្រើប្រាស់។

បណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជាអតីតប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ឬអង្គការសេដាក (CEDAC) ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ Photo: RFA
អ្នកជំនាញវិស័យកសិកម្ម លោកបណ្ឌិត យ៉ង់ សាំងកុមារ លើកឡើងថា បញ្ហាខ្វះទឹកនេះជារឿងដដែលៗ។ លោកបណ្ឌិតយល់ថា ដើម្បីកែបញ្ហានេះរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធគួរទម្លាក់ថវិកាមកថ្នាក់ក្រោមដើម្បីអាចឱ្យពួកគេមានលទ្ធភាពប្រើប្រព័ន្ធធារាសាស្ត្រខ្នាតតូចនៅតាមមូលដ្ឋាន៖ «ស្រុកខ្មែរយើងសំបូរអូរ សំបូរស្ទឹង សំបូរបឹង យើងស្តារវាវិញទាំងអស់ទៅមានទំនប់តូចៗមានអាងទឹកតូចៗឱ្យបានច្រើនទៅកុំចាំតែធ្វើអាធំៗរាប់លានៗ(ដុល្លារ)»។
កសិករចង់ឃើញរដ្ឋាភិបាលទម្លាក់ថវិកាជួយដល់ពលរដ្ឋដែលជួបការខូចខាតផលដំណាំព្រោះបញ្ហាខ្វះទឹកនេះ ដូចដែលរដ្ឋបានអន្តរាគមន៍ករណីស្រូវចុះថោកដែរ។ ពួកគេព្រួយបារម្ភថា បើបញ្ហារបស់ពួកគេមិនត្រូវបានរដ្ឋាភិបាលគិតគូរទេ នឹងធ្វើឱ្យពួកគេចំណាកស្រុកកាន់តែច្រើន៕
No comments:
Post a Comment