ដោយ មាន ឫទ្ធិ
2019-12-18
rfa
រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន, ស៊ុន ចាន់ថុល និង លោក កើត រិទ្ធ ជួរទី២៖ លោក ឱម យ៉ិនទៀង, លោក ជួន សុវណ្ណ, លោក ប៉ុល សារឿន, លោក នេត សាវឿន និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃខាងលើ គឺរូបលោក ហ៊ុន សែន និង ខាងក្រោមគឺលោក ស ខេង)។
RFA
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧ ក្រោយរបបលោក ហ៊ុន សែន បានបើកយុទ្ធនាការរម្លាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរជាប្រព័ន្ធ» ដើម្បីធានាជ័យជម្នះជានិរន្តក្នុងការបោះឆ្នោតរួចមក របបនេះទទួលរងនូវសម្ពាធជាការថ្កោលទោស និងទណ្ឌកម្មហូរហែពីសហគមន៍អន្តរជាតិ។ តើមន្ត្រីកម្ពុជាណាខ្លះ កំពុងទទួលរងទណ្ឌកម្ម និងមានប្រវត្តិអាក្រក់លើឆាកអន្តរជាតិ ក្រោយរបបលោក ហ៊ុន សែន សម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា?
សម្ពាធជាទណ្ឌកម្មមកលើរបបលោក ហ៊ុន សែន ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ធ្លាក់មកចំរបបនេះ ក្រោមរូបភាពចម្រុះ។ ក្នុងនោះ ជម្រើសនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុប តាមរយៈការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីសហរដ្ឋអាមេរិក ក៏កំពុងស្ថិតក្រោមការពិចារណានៅឡើយ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ក្រោមរូបភាពជាការកាត់ផ្ដាច់ជំនួយអភិវឌ្ឍន៍ និងជំនួយវិស័យយោធា លើកលែងតែវិស័យមនុស្សធម៌ ការមិនទទួលស្គាល់ពេញមុខពេញមាត់ជាផ្លូវការនៃរដ្ឋាភិបាលអាណត្តិថ្មី និងការពង្រីកទណ្ឌកម្មនៃការរឹតត្បិតទិដ្ឋាការមិនឱ្យមន្ត្រីពាក់ព័ន្ធនៃរបបនេះ ជាន់ដីអាមេរិកជាដើម។ ក្រៅពីនេះ ក៏មានការដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងអំពើរម្លាយប្រជាធិបតេយ្យ អំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ អំពើល្មើសច្បាប់ដូចជាការប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ និងឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ។
ប្រសិនបើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់ទៅលើក្បាលម៉ាស៊ីនដឹកនាំនៃរបបលោក ហ៊ុន សែន ដែលបានបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ ស្នើដោយសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រអាមេរិក ចូលជាធរមាន នោះមន្ត្រីជាន់ខ្ពស់សរុប ១៧រូប នៃរបបនេះ រួមទាំងលោក ហ៊ុន សែន និងកូនៗផងនោះ នឹងឈរនៅលំដាប់មុខគេនៃការទទួលទណ្ឌកម្មជាការបង្កកទ្រព្យសម្បតិ្ត និងរឹតត្បិតទិដ្ឋាការមិនឱ្យជាន់ដីអាមេរិក។ បើតាមអតីតតំណាងរាស្ត្រអាមេរិកាំងមកពីរដ្ឋកាលីហ្វ័រនីញ៉ា នៃគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Ed Royce ដែលធ្លាប់បានស្នើឈ្មោះពួកគេកាលពីខែកក្កដា ឆ្នាំ២០១៨ មន្ត្រីទាំង១៧រូបនេះ រួមមាន៖
១) លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី
២) លោក ស ខេង អនុប្រធានបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
៣) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
៤) លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៥) លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
៦) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
៧) លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌
ក្រៅពីមន្ត្រីជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់លោក ក៏មានឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងជួរប៉ូលិស យោធា ក្រុមគ្រួសារ និងអង្គភាពប្រឆាំងអំពីពុករលួយនៃរបបនេះដែរ ដែលក្នុងរួមមាន៖
៨) លោក ប៉ុល សារឿន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
៩) លោក នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ
១០) លោក គន់ គីម អតីតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
១១) លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១២) លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន
១៣) លោក ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ
១៤) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក
១៥) លោក សុខ ពុទ្ធិវុធ កូនប្រសារលោក ហ៊ុន សែន និងជាប្រធានអគ្គនាយកក្រុមហ៊ុន SOMA Group និង
១៦) អ្នកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាក្រុមហ៊ុន Bayon Media Hight System និង
១៧) លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ឆ្លើយតបនឹងច្បាប់ដាក់ទណ្ឌកម្មជាក់លាក់នេះ លោក ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ធ្លាប់ពន្យុះអាមេរិកឱ្យដាក់ទណ្ឌកម្មរបបលោកឱ្យបានឆាប់ និងស្វាគមន៍ឱ្យអាមេរិករឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ និងបក្ខពួកលោក៖ «ហ៊ី! វីវរហើយ គេដាក់ធ្វើច្បាប់ហ្នឹង វីវរហើយ ហើយមកដាក់ចំខ្ញុំ។ អើ! ដាក់មក ហើយសូមរឹបអូសទៅ។ (គេ)ថាទ្រព្យសម្បតិ្ត គ្រាន់តែពូជអម្បូររបស់ ហ៊ុន សែន ត្រកូល ហ៊ុន មានជាង២ ពាន់លានដុល្លារ។ ខ្ញុំអំពាវនាវឱ្យអាមេរិក មិនចាំបាច់និយាយច្រើន កុំចាំបាច់ច្បាប់ចេញអី ដកហូតពីឥលូវទៅ»។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋានជាតិ ឈ្មោះ “មរតកតេជោ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន
លោកនិយាយក្អេងក្អាងជាសាធារណៈដូច្នេះ ទាំងដែលលោកដឹងច្បាស់ថា កាលពីប្រមាណ ៤ខែមុននេះ លោកបានបញ្ជាឱ្យមន្ត្រីរបស់លោកចំណាយលុយជាង ១.២២លានដុល្លារក្នុងមួយឆ្នាំ ជួលក្រុមហ៊ុនអាមេរិក ឱ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាល និងសភាអាមេរិក កុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មមកលើរបបរបស់លោក។ ការណ៍នេះ គេនៅមិនទាន់រាប់បញ្ចូលករណីរបបនេះ ខ្វាត់ខ្វែងជួលក្រុមហ៊ុននៅអឺរ៉ុបជាសម្ងាត់ ឱ្យជួយបញ្ចុះបញ្ចូលតំណាងរាស្ត្រ និងមន្ត្រីអឺរ៉ុប កុំឱ្យដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
ផ្អែកតាមក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ តាមរយៈលោក អ៊ុច បូរិទ្ធ របបលោក ហ៊ុន សែន បានជួលក្រុមហ៊ុន PacRim Bridges របស់លោក Doug Erickson ក្នុងទឹកប្រាក់កន្លះលានដុល្លារអាមេរិក ($500,000.00) ក្នុងមួយឆ្នាំ។ ៥ថ្ងៃក្រោយមកទៀត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ តាមរយៈលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក របបនេះបានចុះកិច្ចព្រមព្រៀងទីពីរ ជួលក្រុមហ៊ុនអាមេរិកឈ្មោះ Brownstein Hyatt Farber Schreck ក្នុងទឹកប្រាក់ជាង ៧សែនដុល្លារ (US$720,000.00) ក្នុងមួយឆ្នាំ ឬ ១សែន៨ម៉ឺនដុល្លារ (US$180,000.00) ក្នុងមួយត្រីមាស។ ទាំងលោក ហ៊ុន សែន និងទាំងមន្ត្រីជាន់ខ្ពស់នៃរបបនេះ បានរក្សាភាពស្ងៀមស្ងាត់ជុំវិញរឿងនេះ ខណៈទិន្នន័យនៃការចំណាយថវិកាជួលក្រុមហ៊ុនអាមេរិកនេះ ត្រូវគេហទំព័រក្រសួងយុត្តិធម៌អាមេរិក លាតត្រដាងជាសាធារណៈ។
ក៏ប៉ុន្តែ ការចំណាយថវិកាជាតិយ៉ាងសម្បើមនេះ មិនបានធ្វើឱ្យសហរដ្ឋអាមេរិក បង្អង់ល្បឿននៃការដាក់ទណ្ឌកម្ម មកលើរបបនេះឡើយ។ ដូចតាមការពន្យុះរបស់លោក ហ៊ុន សែន មែន គិតត្រឹមដំណាច់ឆ្នាំ២០១៩ មានបុគ្គលកម្ពុជា ៣ រូប ដែលសុទ្ធសឹងតែជាមនុស្សជំនិតៗរបស់លោក ហ៊ុន សែន ត្រូវសហរដ្ឋអាមេរិកដាក់បញ្ចូលក្នុងបញ្ជីខ្មៅបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិរបស់ពួកគេ ដែលមាននៅអាមេរិក និងហាមប្រាមមិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិកាំងរកស៊ី ឬពាក់ព័ន្ធជាមួយ។ ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់នេះ ធ្វើឡើងក្រោមច្បាប់ ក្លូប៊ល ម៉ែកនីតស្គី (Global Magnitsky Act) ដែលមានស្រាប់របស់អាមេរិក ហើយដែលមានក្រសួងរតនាគារជាអ្នកអនុវត្ត។ បុគ្គលទាំង ៣ រូបនោះ រួមមាន លោក ហ៊ីង ប៊ុនហៀង ឧកញ៉ា ទ្រី ភាព និងលោក គន់ គីម។
លោក ហ៊ីង ប៊ុនហៀង (កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៧) ជាមនុស្សទីមួយរបស់កម្ពុជា ដែលរងទណ្ឌកម្មពីច្បាប់នេះ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយសារប្រវត្តិរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិករកឃើញថា លោក ហ៊ីង ប៊ុនហៀង និងបញ្ជាការដ្ឋានអង្គរក្សដែលលោកគ្រប់គ្រង មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារ និងអំពើហិង្សារាប់មិនអស់ ទៅលើពលរដ្ឋខ្មែរស្លូតត្រង់ ទៅលើសកម្មភាពប្រមូលផ្តុំនៃក្រុមអ្នកតវ៉ា និងសកម្មជនគណបក្សប្រឆាំង យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ១៩៩៧ មក រួមទាំងឧបទ្ទវហេតុទៅលើជនជាតិអាមេរិកាំង ដែលរងរបួសដោយសារការវាយប្រហារដោយគ្រាប់បែកដៃ កាលពីឆ្នាំ១៩៩៧ផង។ ចុងក្រោយ គឺការវាយប្រហារមកលើតំណាងរាស្ត្របក្សប្រឆាំងនៅមុខរដ្ឋសភាជាតិកាលពីឆ្នាំ២០១៥។
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្ដមសេនីយ៍ ចូលរួមសិក្ខាសាលាស្ដីពីសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព- នគរបាលជាតិ ជាមួយអង្គភាពសង្គមស៊ីវិលនាវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។ RFA
ខណៈលោក ហ៊ីង ប៊ុងហៀង គ្រងតំណែងទណ្ឌកម្មនេះមិនទាន់បានស្រួលបួលផង ទណ្ឌកម្មដូចគ្នាក៏បានធ្លាក់មកចំមនុស្សជំនិតរបស់លោក ហ៊ុន សែន ពីរនាក់ផ្សេងទៀត នៅថ្ងៃទី០៩ ធ្នូ ២០១៩ ចំទិវាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយអន្តរជាតិ។ ឧកញ៉ា ទ្រី ភាព ជាឈ្មួញឈើល្បីឈ្មោះ និងនាយឧត្តមសេនីយ៍ផ្កាយមាស ៤ លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអាជីវកម្ម និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ទទួលរងនូវទណ្ឌកម្មបង្កកទ្រព្យសម្បត្តិដូចគ្នានេះដែរ ដោយសារតែជាប់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដ៏សម្បើមនៅកម្ពុជា។ ក្រសួងរតនាគារជាតិអាមេរិក លាតត្រដាងថា លោក ទ្រី ភាព (កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៥) និងលោក គន់ គីម (កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៤) គឺជាបុគ្គលទទួលខុសត្រូវ និងប្រព្រឹត្តិដោយផ្ទាល់ ឬដោយប្រយោលក្នុងអំពើពុករលួយ ក្នុងនោះ រួមមានអំពើកិបកេងទ្រព្យសម្បត្តិរដ្ឋ ការរឹបអូសយកទ្រព្យសម្បត្តិឯកជនមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការប្រព្រឹត្តិអំពើពុករលួយទាក់ទងនឹងការអនុវត្តកិច្ចសន្យាជាមួយរដ្ឋាភិបាល អំពើកេងប្រវ័ញ្ចលើធនធានធម្មជាតិ ឬអំពើស៊ីសំណូក ជាដើម។
លោក ទ្រី ភាព (ស្ដាំ) និងលោក គន់ គីម (ឆ្វេង)។ RFA
បើតាមអាមេរិក លោក ទ្រី ភាព បានប្រើប្រាស់ខ្សែស្រឡាយដ៏សម្បើមរបស់លោកនៅកម្ពុជា ដើម្បីកាងអាជីវកម្មកាប់ឈើទ្រង់ទ្រាយធំ ដោយបានពឹងផ្អែកទៅលើអំពើស៊ុមគ្រលុំជាមួយមន្ត្រីរដ្ឋាភិបាល និងទទួលបានកិច្ចគាំពារពីរដ្ឋាភិបាល និងមន្ត្រីយោធា ដើម្បីដឹកជញ្ជូនទំនិញឈើខុសច្បាប់របស់លោក។ លោក ទ្រី ភាព ក៏បានប្រើប្រាស់បណ្ដាញយោធា ដើម្បីឱ្យលោកអាចធ្វើសកម្មភាពដឹកជញ្ជូនឈើហ៊ុប យកទៅលក់ឱ្យប្រទេសវៀតណាម ចិន អឺរ៉ុប និងរុស្ស៊ី ជាដើម។ ក្រៅពីនេះ ក្រុមហ៊ុនចំនួន ១១ ដែលលោកក្ដោបក្ដាប់ ក៏រងនូវទណ្ឌកម្មនេះដែរ៖
១) ក្រុមហ៊ុន Try Pheap Group Co., Ltd.
២) ក្រុមហ៊ុន M.D.S. Import Export Co., Ltd.
៣) ក្រុមហ៊ុន Try Pheap Dry Port Co., Ltd.
៤) ក្រុមហ៊ុន Try Pheap Engineering & Construction Co., Ltd.
៥) ក្រុមហ៊ុន Try Pheap Grand Royal Co., Ltd.
៦) ក្រុមហ៊ុន Try Pheap Import Export Co., Ltd.
៧) ក្រុមហ៊ុន Papa Petroleum Co., Ltd.
៨) ក្រុមហ៊ុន Try Pheap Property Co., Ltd.
៩) ក្រុមហ៊ុន Try Pheap Travel & Tours Co., Ltd.
១០) ក្រុមហ៊ុន M D S Thmorda S E Z Co., Ltd. និង
១១) ក្រុមហ៊ុន Try Pheap Oyadav S E Z Co., Ltd.
ចំណែកឯលោក គន់ គីម វិញ ក្រសួងរតនាគារអាមេរិកលាតត្រដាងថា លោកជាបុគ្គលចម្បង នៅពីក្រោយគម្រោងការអភិវឌ្ឍន៍នៅខេត្តកោះកុង ហើយបានទទួលផលប្រយោជន៍ហិរញ្ញវត្ថុកប់ក្តោងពីទំនាក់ទំនងជាមួយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចនៃប្រទេសចិន។ លោក គន់ គីម បានប្រើប្រាស់ទាហ៊ានកងយោធពលខេមរភូមិន្ទ ទៅបំភិតបំភ័យ រឹបអូស ឬឈូសឆាយដីធ្លី ដែលក្រុមហ៊ុនចិនចង់បាន។ អាមេរិករកឃើញថា លោក គន់ គីម ត្រូវបានដកហូតតួនាទីពីនាយសេនាធិកាចម្រុះនៃកងយោធពលខេមរភូមិន្ទ ដោយសារតែលោកមិនបានចែករំលែកផលចំណេញពីអាជីវកម្មខុសច្បាប់របស់លោក ទៅឱ្យមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ក្រៅពីនេះ សមាជិកក្រុមគ្រួសាររបស់លោក ៣ នាក់ និងក្រុមហ៊ុនដែលពួកគេក្តោបក្តាប់ចំនួន ៥ ក៏ទទួលរងនូវទណ្ឌកម្មនេះដែរ។ សមាជិកក្រុមគ្រួសារទាំង ៣នាក់របស់លោក គន់ គីម ទាំងនេះ រួមមាន ភរិយារបស់លោក គឺអ្នកស្រី គីង ចាន់ឌី (កើតថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៥៩) កូនប្រុសរបស់លោក គឺលោក គីម ផារា (កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៨៤) និងកូនស្រី អ្នកនាង គីម សុផារី (កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៨២) ខណៈក្រុមហ៊ុនសរុបចំនួន ៥ ដែលពួកគេក្ដោបក្ដាប់វិញ ក៏រងទណ្ឌកម្មដែរ៖
១) ក្រុមហ៊ុន 7 Makara Phary Co., Ltd.
២) ក្រុមហ៊ុន K D Rubber Plantation Co., Ltd.
៣) ក្រុមហ៊ុន Cambo Elite Security Force Co., Ltd.
៤) ក្រុមហ៊ុន Romdoul Capital Pawn Co., Ltd. និង
៥) ក្រុមហ៊ុន Romdoul Development Co., Ltd.
ក្រៅពីនេះ ក៏នៅមានមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់លោក ហ៊ុន សែន រួមទាំងក្រុមគ្រួសាររបស់ពួកគេផង រងការរឹតត្បិតទិដ្ឋាការមិនឱ្យជាន់ដីអាមេរិក ទៅតាមករណីជាក់ស្ដែងរៀងៗខ្លួន តាមអំណាចដាច់ដោយឡែករបស់ក្រសួងការបរទេសអាមេរិក។
បញ្ជីទណ្ឌកម្មអាមេរិក ទំនងជាមិនទាន់បិទបញ្ចប់ត្រឹមនេះទេ ដោយសារតែនៅមានមន្ត្រីខ្មែរគ្រាក់ៗដទៃទៀត មិនទាន់ញញើតនឹងកសាងកេរឈ្មោះលើឆាកអន្តរជាតិ សម្បូររឿងអាស្រូវខាងរំលោភសិទ្ធិមនុស្ស និងទិញដូរសញ្ជាតិបរទេស ដោយប្រើប្រាស់ទឹកប្រាក់រាប់លានដុល្លារ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានដាក់បញ្ចូលឧត្តមសេនីយ៍ ១២ នាក់របស់លោក ហ៊ុន សែន ជា «ឧត្តមសេនីយ៍បាតដៃកខ្វក់ ឬមានបាតដៃប្រឡាក់ឈាម»។ បុគ្គលឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំង១២នាក់នេះ រួមមាន៖
រូបភាពគម្របខាងមុខនៃរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch)។ Photo: Printscreen
១) លោក ប៉ុល សារឿន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
២) លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
៣) លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤) លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
៥) លោក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤
៦) លោក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងយោធភូមិភាគទី៥
៧) លោក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២
៨) លោក ចាប ភក្តី នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១
៩) លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
១០) លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១១) លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
១២) លោក ជួន សុវណ្ណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតស្នងការនគរបាលរាជធានីភ្នំពេញ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រកឃើញថា ឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំង១២រូបនេះ បានធ្វើជាខ្នងបង្អែក នៃរបបនយោបាយមួយពោរពេញដោយអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងមានចរិតផ្ដាច់ការនិយម។ អង្គការនេះថា ឧត្ដមសេនីយ៍ទាំង ១២នាក់នេះ សុទ្ធសឹងតែជាក្រុមបុគ្គលដែលមានជាប់ជំពាក់ក្នុងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពួកគេបានប្រព្រឹត្តិចាប់តាំងពីទសវត្សរ៍ទី៧០ រហូតមកទល់បច្ចុប្បន្ននេះ។
ក្នុងពេលមានមន្ត្រីមួយចំនួនសុខចិត្តទទួលរងទណ្ឌកម្មបរទេស ជំនួសមុខឱ្យរបបលោក ហ៊ុន សែន មន្ត្រីជំនិតឱកាសនិយមមួយចំនួនទៀតរបស់លោក ក៏កំពុងរៀបចំផែនការសម្ងាត់ចាប់តាំងពីឆ្នាំ២០១៦មក ត្រៀមវេចបង្វេចរត់ចោលលោក ហ៊ុន សែន ពេលប្រទេសមានអាសន្ន និងទុកឱ្យលោកទទួលខុសត្រូវតែម្នាក់ឯង។ បុគ្គលទាំង ៨ រូប ក្នុងនោះរួមទាំងក្មួយស្រីបង្កើតរបស់លោក និងសាច់ញាតិរបស់ពួកគេ បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវទិញដូរសញ្ជាតិស៊ីប (Cyprus) ដែលបង្ហាញថា ពួកគេត្រៀមក្បត់លោក ហ៊ុន សែន ក្នុងពេលដែលលោក ហ៊ុន សែន លែងមានប្រយោជន៍សម្រាប់ពួកគេ។ បុគ្គលទាំង ៨ រូបនេះ រួមមាន៖
១) លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រពន្ធ អ្នកស្រី អឹម ប៉ូលីកា
២) អ្នកស្រី ហ៊ុន គីមឡេង ក្មួយស្រីលោក ហ៊ុន សែន និងប្តី លោក នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ និងកូនស្រីពីរនាក់របស់ពួកគេ
៣) អ្នកស្រី ជឹង សុភាព ហៅយាយ ភូ និងប្តី គឺលោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc.) ដែលល្បីឈ្មោះខាងអំពើច្បាមយកដីពលរដ្ឋនៅតំបន់បឹងកក់។
លោក អូន ព័ន្ធមុនីរត្ន និងប្រពន្ធ អ្នកស្រី អឹម ប៉ូលីកា (លើ), ក្រុមគ្រួសារលោក នេត សាវឿន-អ្នកស្រី ហ៊ុន គីមឡេង និងកូនស្រី (ក្រោម), អ្នកស្រី ជឹង សុភាព ហៅយាយ ភូ និងប្តី លោក ឡៅ ម៉េងឃីន (ស្តាំ)។ Photo: បណ្តាញសង្គម
បុគ្គលកម្ពុជាទាំង៨រូបនេះ ក្រោយមកត្រូវរដ្ឋាភិបាលប្រទេសស៊ីប សម្រេចដកហូតសញ្ជាតិ និងលុបចោលលិខិតឆ្លងដែនរបស់ពួកគេ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីរកឃើញថា ពួកគេ បានចំណាយទឹកប្រាក់យ៉ាងហោចណាស់ជិត ៣លានដុល្លារក្នុងម្នាក់ៗ ដើម្បីទិញសញ្ជាតិស៊ីប ហើយដែលលុយទាំងនេះអាចជាប់ពាក់ព័ន្ធនឹងអំពើកេងប្រវ័ញ្ច ឬលួចលុយជាតិ ឬករណីលាងលុយកខ្វក់។
បើទោះបីជាមានតម្រុយពីរឿងរ៉ាវអាស្រូវលើឆាកអន្តរជាតិ និងប្រវត្តិរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ ដូចដែលបានលាតត្រដាងដោយក្រុមប្រទេសនិយមប្រជាធិបតេយ្យយ៉ាងណាក៏ដោយ របបលោក ហ៊ុន សែន ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មិនដែលអើពើបង្ហាញចេតនាបើកការស៊ើបអង្កេត ដើម្បីដាក់ទោសទណ្ឌទៅលើបុគ្គលទាំងនេះនោះទេ។ ផ្ទុយទៅវិញ របបនេះ បែរជាចេញមុខការពារឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ដោយអះអាងថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវដូចដែលអន្តរជាតិចោទប្រកាន់នោះទេ។
ជោគវាសនានៃមនុស្សជំនិតៗដទៃទៀតរបស់លោក ហ៊ុន សែន ទំនងជាគេចមិនផុតពីបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនាពេលខាងមុខឡើយ បើលោក ហ៊ុន សែន និងរបបលោក នៅតែចរចេសរឹងរូសមិនព្រមស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ ខណៈសហភាពអឺរ៉ុបឯណោះ ក៏កំពុងពិចារណាបង្កើតច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីទុច្ចរិតនៅទូទាំងពិភពលោក៕
No comments:
Post a Comment