ដោយ សេក បណ្ឌិត
2019-12-31

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងក្នុងកិច្ចសម្ភាសន៍ នាទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
AFP
អ្នកនាំពាក្យគណបក្សកាន់អំណាចលើកឡើងថា គណបក្សប្រជាជនកម្ពុជាចិញ្ចឹមឆ្កែសម្រាប់ខាំក្បាលក្រុមចោរ និងក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែមកយាយីបំផ្លាញប្រទេសជាតិខ្មែរ។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា នេះជាការសារភាពថា គណបក្សកាន់អំណាចពិតជាបានប្រព្រឹត្តទង្វើទុច្ចរិតលើមន្ត្រីគណបក្សសង្គ្រោះជាតិនាពេលកន្លងទៅ។
អ្នកនាំពាក្យគណបក្សគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា មូលហេតុដែលលោកនិយាយដូច្នេះ ព្រោះមួយរយៈចុងក្រោយនេះក្រុមប្រឆាំងដែលលោកហៅថា ជាក្រុមឧទ្ទាមក្រៅច្បាប់ បានប្រមាថមកលើរូបលោកដោយកាត់រូបលោកជារូបឆ្កែ។ លោកថា បើដូច្នេះទៅហើយ លោកសូមប្រាប់ទៅអ្នកទាំងនោះថា លោកជាឆ្កែសម្រាប់ខាំអ្នកទាំងនោះដែលតែងតែមកយាយីបំផ្លាញប្រទេសជាតិខ្មែរ៖ «អាណឹងកើតឡើងពីពួកប្រឆាំងថា ខ្ញុំជាឆ្កែ សុខ ទូច សុខ ឥសាន សុទ្ធតែជាឆ្កែ តែយើងជាឆ្កែបម្រើជាតិ មិនមែនឆ្កែបម្រើក្រុមឧទ្ទាមក្រៅច្បាប់ទេ អ៊ីចឹងCPP បង្កើតក្រុមឆ្កែពួកខ្ញុំនេះ ជាឆ្កែខាំពួកក្បត់ជាតិ»។
ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ដោយសាររងការធ្វើទុក្ខបុកម្នេញអាជ្ញាធរកម្ពុជា យល់ថា សម្ដីរបស់ លោក សុខ ឥសាន ឆ្លុះបញ្ចាំងពីភាពឃោរឃៅក្នុងចិត្តរបស់លោក។ លោកបន្តថា ពាក្យសំដីរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចអាចមានន័យថា គណបក្សកាន់នេះ កំពុង ចិញ្ចឹមមនុស្សពាលទុកធ្វើបាបលើមន្ត្រីគណបក្សសង្គ្រោះជាតិ។ លោកថា នេះជាភស្តុតាងបញ្ជាក់ថា ការលួចវាយធ្វើបាបលើសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានកន្លងមកគឺជាទង្វើរបស់គណបក្សកាន់អំណាច៖ «ចិញ្ចឹមពួកនេះ ដើម្បីធ្វើបាបពលរដ្ឋស្លូតត្រង់ជាពិសេសមកលើសកម្មជនគណបក្សសង្គ្រោះជាតិ អ៊ីចឹងហើយគាត់ប្រើពាក្យចិញ្ចឹមឆ្កែ សម្រាប់ខាំអ្នកនេះខាំអ្នកនោះ គឺមានន័យស្មើគាត់ដូចជាសត្វទាំងអស់នេះដែរ»។

លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថតពីហ្វេសប៊ុកលោក គឹម សុខ
រីឯអ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា នេះជាការសារភាពត្រង់ៗថា គណបក្សប្រជាជនកម្ពុជាធ្វើសកម្មភាពទុច្ចរិត។ លោកបន្តថា ការហៅខ្លួនឯងនិងក្រុមគ្នាឯងជាសត្វសាហាវបែបនេះជាការមិនឱ្យតម្លៃសូម្បីតែបក្ខពួកគ្នាឯង៖ «ហើយបើគាត់ (លោក សុខ ឥសាន) មិនឱ្យតម្លៃគ្នាឯងផងហ្នឹង នយោបាយគណបក្សប្រជាជនកម្ពុជាមិនឱ្យតម្លៃសូម្បីតែគ្នាឯងផង ចាត់ទុកថា គ្នាឯងនោះជាឆ្កែដែលខ្លួនឯងចិញ្ចឹមដើម្បីខាំគេខាំឯងនៅក្នុងរបត់មួយ ដែលដើម្បីការពារអំណាចខ្លួនឯង»។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយការវាយប្រហារពីមនុស្សមួយក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និងលោក គង់ សភា (កណ្ដាល) ត្រូវបានបញ្ជូនចេញពីទីស្នាក់ការគណបក្សទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥។ RFA/Brach Chev
កាលពីឆ្នាំ២០១៥អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន ត្រូវកងអង្គរក្សលោក ហ៊ុន សែន វាយដំយ៉ាងដំណំរហូតដល់បាក់ខ្ទង់ច្រមុះ និងបែកភ្នែកខាងស្តាំ ខណៈដែលពួកគេបានចេញពីប្រជុំ នៅឯមន្ទីររដ្ឋសភាជាតិក្នុងទីក្រុងភ្នំពេញ។ ក្រោយពីមានការរិះគន់ខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងមានភស្តុតាងហិង្សាវាយដំនោះជាវីដេអូផង តុលាការបានចាប់ជនដៃដល់បីនាក់ ដែលជាដង្គរក្សរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន កាត់ទោសដាក់ពន្ធនាគារកម្រិតស្រាល ក្តីហើយចេញពីពន្ធនាគារអ្នកទាំងបីនាក់នោះត្រូវបានលោក ហ៊ុន សែន ដំឡើងឋានៈស័ក្ដិយសដល់ពួកគេថែមទៀតផង។
នៅរយៈពេលចុងក្រោយនេះសកម្មជនគណបក្សប្រឆាំងចំនួន ១៤នាក់ ត្រូវបានជនដៃដល់លួចវាយសំពងបង្ករបួស ប៉ុន្តែគ្មានសំណុំរឿងមួយណាដែលត្រូវបានសមត្ថកិច្ចរកឃើញជនបង្ក ដើម្បីនាំទៅផ្ដន្ទាទោសនោះឡើយ បើទោះជាករណីខ្លះគេថតបានទាំងសកម្មភាព និងស្លាកលេខម៉ូតូរបស់ជនដៃដល់ទាំងនោះក្ដី៕
No comments:
Post a Comment