Wednesday, 11 December 2019
លោក ហ៊ុន សែន រក្សាជំហរមិនខ្វល់អំពីរឿងបាត់បង់ EBA
ដោយ អាស៊ីសេរី
2019-12-11
លោក ហ៊ុន សែន ពេលជួបកម្មករកម្មការិនីរោងចក្រកាត់ដេរនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថា លោកមិនខ្វាយខ្វល់រឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA នោះទេ ខណៈរបបលោកសល់ពេលមួយថ្ងៃទៀត ដើម្បីឆ្លើយតបនឹងរបាយការណ៍របស់សហភាពអឺរ៉ុប។ អ្នកឃ្លាំមើល សង្គម យល់ថា ប្រសិនបើប្រមុខរបបក្រុងភ្នំពេញ នៅតែលើកឡើងបែបនេះទៀត កម្ពុជាមិនត្រឹមតែបាត់បង់ EBA នោះទេ ប៉ុន្តែថែមទាំងអាចទទួលរងទណ្ឌកម្មផ្សេងៗ ទៀត ដែលធ្វើឲ្យកម្ពុជា រងគ្រោះធ្ងន់ធ្ងរផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីថា កម្ពុជាមិនយកអធិបតេយ្យរបស់ជាតិ ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយនោះឡើយ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតក្នុងក្រុងភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ លោក ហ៊ុន សែន ថ្លែងថា ទោះបីជាថ្ងៃទី១២ ខែធ្នូ ជាថ្ងៃត្រូវឆ្លើយតបរបាយការណ៍របស់សហភាពអឺរ៉ុបក្តី ក៏លោកមិនបានចាប់អារម្មណ៍ថ្ងៃនោះដែរ។ លោកបញ្ជាក់ថា របបលោកធ្វើបានតែចំណុចដែលធ្វើបានប៉ុណ្ណោះ ហើយលោកថែមទាំងព្រមានទៅសហភាពអឺរ៉ុបវិញថា ប្រសិនបើហ៊ានដកប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជាមែននោះ គឺមិនមែនប៉ះពាល់តែកម្ពុជាទេ សហភាពអឺរ៉ុប ក៏មានផលប៉ះពាល់ដែរ៖ «»
ការលើកឡើងរបស់លោក ហ៊ុន សែន នេះ គឺស្របពេលដែលរបបរបស់លោក មានពេលត្រឹមតែ មួយថ្ងៃទៀត ពោលគឺនៅថ្ងៃ ទី១២ ខែធ្នូ ស្អែកនេះដើម្បីឆ្លើយតបទៅនឹងរបាយការណ៍កម្រាស់ ៧០ទំព័ររបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងលក្ខខណ្ឌទាមទារឱ្យស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិ មនុស្ស ឡើងវិញ ជាថ្នូរនឹងការរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជឿថា ទោះជាមានសារនយោបាយខ្លាំងបែបនេះក្តី ក៏លោក ហ៊ុន សែន ច្បាស់ជា កំពុងព្រួយបារម្ភខ្លាំងពីរឿងបាត់បង់ EBA ដែរ។ លោក បន្តថា លោក ហ៊ុន សែន គួរតែសម្របសម្រួលទៅតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ លោកយល់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនដោះស្រាយតាម លក្ខខណ្ឌរបស់សហភាពអឺរ៉ុប ហើយបណ្ដោយឲ្យបាត់បង់ EBA នោះ គឺកម្ពុជា នឹងទទួលរងទណ្ឌកម្ម ផ្សេងៗ ពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ទៀត ដែលនឹងបណ្ដាលឲ្យកើតមានវិបត្តិសង្គម និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៖ «»
លោក រ៉ុង ឈ៉ុន ថ្លែងទៀតថា ការធ្វើតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដែលទាមទារឱ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនេះ មិនធ្វើឱ្យកម្ពុជាបាត់បង់ឯករាជ្យ ឬអធិបតេយ្យជាតិ ដូចការលើកឡើងរបស់លោក ហ៊ុន សែន នោះទេ។ ផ្ទុយទៅវិញ លោកថា ការធ្វើតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប នឹងជួយពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងពង្រឹងអធិបតេយ្យកម្ពុជា ព្រមទាំង ជួយដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិទាំងមូល៖ «»
EBA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលបានអនុញ្ញាតឲ្យកម្ពុជា និងប្រទេស កំពុងអភិវឌ្ឍផ្សេងទៀត បាននាំទំនិញចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដោយរួចកាតព្វកិច្ចពន្ធ ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្លាប់អះអាងថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ រួមនឹងគ្រួសាររបស់ពួកគេប្រមាណ ៣លាននាក់ទៀត ដែលកំពុងរស់នៅពឹងផ្អែកលើឧស្សាហកម្មកាត់ដេរ។ ចំណែកសហព័ន្ធស្រូវ អង្ករកម្ពុជា ក៏ព្រមានដែរថា បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធEBA នឹងធ្វើឲ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរជាងកន្លះលានគ្រួសារ ព្រមទាំងធ្វើឲ្យឧស្សាហកម្មស្រូវអង្ករនឹងត្រូវបំផ្លាញខ្ទេចខ្ទី។
ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧ភាគរយ ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរប្រព័ន្ធអនុគ្រោះពន្ធ។ ក្នុងន័យនេះ កម្ពុជានឹងត្រូវខាតបង់យ៉ាងហោចណាស់ជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬស្នើជិត ២លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន។ នេះមិនទាន់រាប់បញ្ចូល ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក នៅឡើយទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment