ដោយ ទីន ហ្សាការីយ៉ា
2020-01-01
rfa

លោក សម រង្ស៊ី (ឆ្វេង) ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន (កណ្ដាល) នាយករដ្ឋមន្ត្រី និងលោក កឹម សុខា (ស្ដាំ) ប្រធានគណបក្សសង្គ្រោះជាតិ
រូប៖ ហ្វេសប៊ុកលោកទាំង៣
ខណៈឆ្នាំថ្មី ឆ្នាំ២០២០ ចូលមកដល់ ប្រជាពលរដ្ឋកម្ពុជាបួងសួងចង់ឱ្យសង្គមកម្ពុជា មានការផ្លាស់ប្ដូរពីអាក្រក់ទៅល្អ ពិសេសទៅលើស្ថានភាពនយោបាយ ការគោរពសិទ្ធិមនុស្ស។ ពួកគេសង្ឃឹមថា កម្ពុជានឹងវិលទៅរកភាពល្អប្រសើរឡើងវិញ នៅឆ្នាំថ្មីនេះ ប៉ុន្តែក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ ព្យាករណ៍ថា ស្ថានភាពនយោបាយឆ្នាំថ្មីនេះ នឹងមិនមានអ្វីប្រែប្រួលពីអាក្រក់ទៅល្អនោះទេ ផ្ទុយទៅវិញ ស្ថានការណ៍នយោបាយ និងការរំលោភសិទ្ធិមនុស្ស អាចប្រឈមនឹងបញ្ហាកាន់តែអាក្រក់ជាងឆ្នាំចាស់ទៅទៀតក៏បាន។
តើឆ្នាំថ្មី ឆ្នាំ២០២០នេះ នឹងមានអ្វីកើតឡើងទៀត ហើយស្ថានភាពនយោបាយនឹងវិវឌ្ឍទៅបែបណា?
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និង អ្នកវិភាគលើកឡើងថា ឆ្នាំថ្មី ឆ្នាំ២០២០នេះ គេមិនរំពឹងថា ប្រជាពលរដ្ឋកម្ពុជាអាចរស់នៅក្នុងសង្គមមួយ ដែលមានសិទ្ធិសេរីភាពពេញលេញ ដូចជា សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ សិទ្ធិទទួលបានការការពារ ដោយស្មើភាពគ្នានៅចំពោះមុខច្បាប់ និងមានសេដ្ឋកិច្ចជាតិរីកចំរើននោះឡើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា បើពិនិត្យមើលសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តនៅចុងឆ្នាំ២០១៩នេះ សម្រាប់ឆ្នាំថ្មីគឺជាការលំបាក ដែលថារដ្ឋាភិបាលនឹងស្ដារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យល្អប្រសើឡើងវិញ ទោះបីជាមានការអំពាវនាវម្ដងហើយម្ដងទៀត ពីសហភាពអឺរ៉ុបក្តី ។ លោកបញ្ជាក់ថា លក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធបន្តគឺជារឿងសំខាន់ សម្រាប់ជួយដល់កំណើនសេដ្ឋកិច្ចជាតិផង និង ជាការស្ដារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផង ក៏ប៉ុន្តែ មកទល់ពេលនេះ រដ្ឋាភិបាលហាក់នៅមិនទាន់ផ្លាស់ប្ដូរជំហរ ដើម្បីអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបនៅឡើយទេ។ «»
កាលពីដើមខែធ្នូឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកមិនខ្វល់ខ្វាយចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAនេះឡើយ។ ប៉ុន្តែលោកថា បើសិនជាកម្ពុជាបាត់បង់អ៊ីប៊ីអេ (EBA)នោះ លោកក៏មិនឱ្យគណបក្សប្រឆាំងរួចខ្លួនដែរ គឺត្រូវតែកកម្ទេចប្រឆាំងចោលតែម្ដង។ «»
លោក បណ្ឌិត មាស នី លើកឡើងថា បើសិនជារដ្ឋាភិបាលដឹកនាំប្រទេសឆ្ពោះទៅរបបប្រជាធិបតេយ្យពិតប្រាកដនោះ គឺរដ្ឋាភិបាលគោរពលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីបានប្រព័ន្ធអនុគ្រោះបន្តទៀត ប៉ុន្តែការមិនខ្វល់ខ្វាយរបស់មេដឹកនាំ ចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ គឺជាការបង្ហាញឱ្យឃើញថា នៅឆ្នាំថ្មីនេះ កម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយធ្ងន់ធ្ងរ។ លើសពីនេះទៀត ការព្រមានរបស់មេដឹកនាំ ចំពោះការកម្ទេចឬ សម្លាប់ក្រុមប្រឆាំងនេះ ក៏ជាការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការដឹកនាំប្រទេសឆ្ពោះទៅរករបបផ្ដាច់ការដែរ។ «»
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ Photo: RFAរបាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០១៨ មានចំណងជើងថា «ប្រជាធិបតេយ្យកំពុងស្ថិតក្នុងវិបត្តិ» បានដាក់ប្រទេសកម្ពុជាជាប្រទេសមានសេរីភាពតិចតួចបំផុត ដែលឈរក្នុងចំណាត់ថ្នាក់ប្រទេសដែលមិនមានសេរីភាព ដូចគ្នាទៅនឹងប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) និងម៉ូរីតានី (Mauritania) ដែលសុទ្ធតែជាប្រទេសផ្ដាច់ការ ព្រមទាំងបណ្ដាប្រទេសក្នុងប្លុកកុម្មុយនិស្តដទៃទៀតរួមមាន ប្រទេសចិន រុស្សី និងប្រទេសកូរ៉េខាងជើងជាដើម។
ដើមចមចម្បង ដែលធ្វើឱ្យសហគមន៍អន្តរជាតិកំពុងតែចាប់អារម្មណ៍ស្ថានការណ៍នយោបាយរបស់កម្ពុជានោះ គឺកើតចេញពីរបបក្រុងភ្នំពេញរំលាយគណបក្សប្រឆាំង និងការចាប់ លោក កឹម សុខាប្រធានគណបក្ស និងសកម្មជនបក្សនេះ ដាក់ពន្ធនាគារ រហូតឈានដល់គណកម្មការសហភាពអឺរ៉ុប បានបញ្ជូនបេសសកម្មពិសេសចុះទៅត្រួតពិនិត្យស្ថានភាពនៅកម្ពុជារហូត ឈានដល់ការសម្រេចឱ្យរដ្ឋាភិបាលគោរពលក្ខខណ្ឌរបស់សហភាពអឺរ៉ុបឡើងវិញ បើពុំនោះទេ អឺរ៉ុបនឹងព្យួរ ប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) ជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០២០នេះ។ បើសិនជាគណៈកម្មការអឺរ៉ុបសម្រេច ដកប្រព័ន្ធអនុគ្រោះពន្ធនៅដើមឆ្នាំ២០២០នេះ អ្នកដែលងាយនឹងប៉ះពាល់ធ្ងន់ធ្ងរ គឺកម្មករទាំងជាង ៧០ម៉ឺននាក់ ដែលកំពុងធ្វើការរោងចក្រ ពួកគាត់អស់ការងារ អស់លុយទិញអង្ករច្រកឆ្នាំង និងអស់ប្រាក់សងបំណុលធនាគារជាដើម។
ត្រង់ចំណុចនេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមមួយរូបទៀត គឺលោក បណ្ឌិត សេង សារី មានប្រសាសន៍ថា បើសិនជាកម្ពុជាបាត់បង់ EBA នោះ មិនមែនត្រឹមតែខាតបង់ថវិកាប្រមាណជាង ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែ ផលិតផលរបស់កម្ពុជា ក៏នឹងប្រឈមការបាត់បង់ពីទីផ្សារអឺរ៉ុបថែមទៀត ពីព្រោះថា អ្នកបញ្ជា ទិញផលិតផលពីប្រទេសនីមួយៗក៏គេសម្លឹងមើលពីលក្ខខណ្ឌសិទ្ធិការងារ និងស្ថានភាពសិទ្ធិមនុស្សពីប្រទេសទាំងនោះដែរ។ «»
ទាំង លោក បណ្ឌិត មាស នី ទាំង លោកបណ្ឌិត សេង សារី ព្យាករណ៍ថា បើយោងទៅលើការឆ្លើយតបរបស់រដ្ឋាភិបាលនៅក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ EBAនោះ គឺសហភាពអឺរ៉ុបនឹងព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ ដែលបញ្ហានេះ នឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា។

អ្នកស្រី Federica Mogherini នាយិការងគណៈកម្មការអឺរ៉ុប ឬតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់កិច្ចការការបរទេស និងគោលនយោបាយសន្តិសុខ និងជាតំណាងពិសេសរបស់សហភាពអឺរ៉ុប ដើម្បីសិទ្ធិមនុស្ស។ Photo courtesy of her Facebook
របាយការណ៍របស់រដ្ឋាភិបាលឱ្យដឹងថា វិស័យធំៗ៣ នៅឆ្នាំ២០១៨ កំពុងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមមាន ចំណូលពីវិស័យកសិកម្មចំនួន ២៥%ក្នុងមួយឆ្នាំ ឧស្សាហកម្មជាង ៣០% និងសេវាកម្ម រាប់ទាំងសេវាកម្មទេសចរណ៍រួមចំណែកជាង ៤៥% ក៏ប៉ុន្តែអ្នកជំនាញខាងសេដ្ឋកិច្ចលើកឡើងថា វិស័យទាំងបីនេះ នឹងធ្លាក់ចុះ ឬប៉ះពាល់ខ្លាំងដោយសារតែការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីបស្ចិមប្រទេស។
វិស័យសំណង់ និងអចលនទ្រព្យនេះ បានរួមចំណែកចាក់បញ្ចូលថវិកាក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ជាការកត់សម្គាល់ នៅពេលដែលមានបញ្ហានយោបាយភ្លាម ពោលគឺចាប់តាំងពីមានព្រឹត្តិការណ៍ចាប់ខ្លួនលោក កឹម សុខា មកម្ល៉េះ កំណើននៃការលក់ផ្ទះល្វែង និងខុនដូ ចាប់ផ្ដើម ធ្លាក់ចុះជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះ ការលក់ដីឡូត៍ក៏កាន់តែទ្រឹងគ្មានអ្នកទិញ។ បើទោះជាឈ្មួញប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយលក់បែបណា ក៏អ្នកដែលមានចំណូលខ្ពស់និងមធ្យម មិនហ៊ានប្រថុយវិនិយោគប៉ុន្មានឡើយ ។ ហើយក្រុមអ្នកវិនិយោគចិនលើវិស័យអចលនទ្រព្យ ដីធ្លីនេះ ក៏នៅទ្រឹងដែរ។ បើទំនាស់នយោបាយនៅតែបន្ត នឹងនាំឱ្យមានតែអ្នកលក់ផ្ទះ លក់ដី តែគ្មានអ្នកទិញ។ វិបត្តិនេះ អាចនឹងរាលដាលដល់វិស័យធនាគារ មីក្រូហិរញ្ញវត្ថុ ដែលនឹងអាចក្លាយជាវិបត្តិសង្គមធ្ងន់ធ្ងរទៅថ្ងៃមុខ។
អ្នកសង្កេតការណ៍យល់ថា ប្រសិនបើ ប្រទេសមហាអំណាចដាក់ទណ្ឌកម្ម អ្នកដែលរងផលប៉ះពាល់ គឺមិនមែនគ្រួសាររបស់បុរសខ្លាំង ហ៊ុន សែន ទេ។ គ្រួសារលោកនៅតែរស់នៅក្នុងវិមានធំស្កឹមស្កៃ មានលុយចាយរាប់ដំណមិនអស់ ព្រោះតែសម្បត្តិមហាសាលរបស់លោក និងកូនក្មួយរបស់លោក និងបក្ខពួកមាននៅក្នុងប្រទេសផង និងក្រៅប្រទេសផង។ ប៉ុន្តែពលរដ្ឋសាមញ្ញវិញ ក្រុមគ្រួសារកម្មករ និងកសិករដែលសឹងតែរកអង្ករច្រកឆ្នាំងមិនបាន ព្រោះគ្រោះរាំងស្ងួតផងនោះ ប្រាកដជាជួបទុក្ខលំបាកកាន់តែខ្លាំងនៅឆ្នាំ២០២០ ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែននោះ។ ស្ថាប័នមីក្រូហិរញ្ញវត្ថុធំៗ របស់ពិភពលោកដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានរួចហើយថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧% ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០នេះ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរការអនុគ្រោះពន្ធ EBA។

លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល (Comfrel) ថ្លែងទៅកាន់អ្នកកាសែត នៅសណ្ឋាគារអ៊ីមភើរៀល រាជធានីភ្នំពេញ នៅថ្ងៃទី ២០ មករា ២០១៥។ RFA
មន្ត្រីជាន់ខ្ពស់នៃការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ស្ថានភាពសិទ្ធិមនុស្ស និងសេដ្ឋកិច្ចបច្ចុប្បន្នមិនល្អប្រសើរឡើយ។ លោកយល់ថា នៅឆ្នាំ២០២០ ពលរដ្ឋចំណាកស្រុកកាន់តែច្រើន ដោយសារតែការបែងចែកភោគផលសេដ្ឋកិច្ចមិនបានស្មើភាពគ្នា ពោលគឺក្រុមអ្នកមាន និងអ្នកមានអំណាចនៅតែទទួលបានផលប្រយោជន៍ពីសង្គមច្រើនលើសលប់ជាងអ្នកក្រ បញ្ហានេះ លោកព្រួយបារម្ភវិបត្តិសង្គមជាច្រើននឹងផ្ទុះឡើង។ «»
ចំណែកលោក ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ថ្លែងថា ឆ្នាំ២០២០គឺជាឆ្នាំដែលស្ថានភាពសិទ្ធិមនុស្សអាចកាន់តែអាក្រក់ ពីព្រោះថា ប្រសិនបើនៅពលរដ្ឋដែលជាអាណាព្យាបាលកម្មករ កម្មការិនីមួយចំនួនដែលកូនចៅរបស់ពួកគាត់ បាត់បង់ការងារធ្វើក្រោយពីបាត់បង់ EBA នោះ គឺពួកគាត់នឹងគ្មានលុយសងបង្វិលទៅធនាគារវិញ នៅពេលនោះស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងរឹបអូសដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់ដែលនឹងអាចឈានទៅជាជម្លោះដ៏ខ្លាំងក្លានៅពេលនោះ៖។ «»
ប្រធានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ថ្លែងក្នុងសន្និសីទកាសែតស្ដីពីបញ្ហាដីធ្លី នៅព្រឹកថ្ងៃ៨ ឧសភា ឆ្នាំ២០១៤។ RFAតាមការអះអាងរបស់ លោក ហ៊ុន សែន រដ្ឋាភិបាលពឹងលើប្រាក់ចំណូលពីការប្រមូលពន្ធដារ និងពន្ធគយក្នុងមួយឆ្នាំប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្រោយពីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក៏ប៉ុន្តែអ្នកវិភាគមើលឃើញថា មិនអាចធានានិរន្តភាពសេដ្ឋកិច្ច និងអំណាចរបស់បក្សកាន់អំណាចបានយូរអង្វែងទេ។ ហើយបើសិនជារដ្ឋាភិបាលងាកទៅពឹងចិន ជាខ្នងបង្អែកសេដ្ឋកិច្ច និងនយោបាយកាន់តែខ្លាំង តាមរយៈជំនួយ ឬកម្ចីរបស់ចិននោះ វានឹងកាន់តែរុញច្រានកម្ពុជា ឱ្យជំពាក់បំណុលចិនវ័ណ្ឌក ដូចពាក្យស្លោកខ្មែរថា “ ខ្មែរចេះតែកិន ចិនចេះតែកត់’ ចិនកត់យូរៗ ធ្វើឱ្យខ្មែរជាប់ផុងក្នុងបំណុលចិនកាន់តែខ្លាំង ហើយមនុស្សខ្មែរជំនាន់ក្រោយៗនឹងនៅតែបណ្ដាក់គ្នាសងបំណុលចិនជាប់រហូត។
ក្រុមអ្នកឃ្លាំមើលសង្គម និង អ្នកវិភាគលើកឡើងថា កាដូឆ្នាំថ្មី ដែលពលរដ្ឋចង់បាននោះ គឺសិទ្ធិសេរីភាពពេញលេញ នៅក្នុងការរស់នៅ និងមានសិទ្ធិពេញលេញចូលរួមក្នុងសកម្មភាពនយោបាយ និងសន្តិសុខសង្គម ក៏ប៉ុន្តែកូនសោដ៏សំខាន់ដែលអាចទម្លុះទម្លាយ វិបត្តិនយោបាយ និងវិបត្តិសង្គមផ្សេងៗបាននៅឆ្នាំថ្មីនេះ គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលអាចចាក់សោចេញ ឬដោះស្រាយវិបត្តិនយោបាយវិញបាន ពីព្រោះរបបឯកបក្សនេះ ជាអ្នកចងឡើង ដូច្នេះ របបនេះ ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជាអ្នកដែលត្រូវស្រាយវិញដែរ៕
1 comment:
Removing EBA and GSP is the right medicine for Ah Roleuy Hun Sen. It will take about 2 years before Ah Kbot Cheat Hun Sen regime crumble.
Therefore, Khmer people must have patience and ignore Ah Hong Lob (Lim) and Kanha Leukeu Kem MonoShittia's advocacies.
Post a Comment