2020-01-02
rfa

លោក ហ៊ុន សែន ក្នុងពិធីរំឭកខួបលើកទី២០ នៃថ្ងៃបង្កើតកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
អ្នកវិភាគ និងសកម្មជនរបស់គណបក្សប្រឆាំងរិះគន់លោក ហ៊ុន សែន ដែលផ្ដើមបង្ហោះសារលើហ្វេសប៊ុក "អរគុណសន្តិភាព"។ អ្នកវិភាគថា ការប្រើពាក្យអរគុណសន្តិភាពនេះ គ្រាន់តែជាការបិទបាំងនយោបាយខ្មៅកខ្វក់របស់លោក ហ៊ុន សែន ក្នុងការបន្តអំណាចរបស់ខ្លួនប៉ុណ្ណោះ។
លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកនៅ ថ្ងៃទី០២ ខែមករា ថា សារដែលលោកបំផុស ឱ្យអរគុណសន្តិភាពនោះ ព្រោះវាមានតម្លៃមិនសាបសូន្យឡើយ។ លោកបន្តថា អ្នកណាក៏ត្រូវការសន្តិភាពដែរ លើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។ ចំណែក មន្ត្រីរបស់លោក ហ៊ុន សែន ក៏នាំគ្នាបង្ហោះសារអរគុណសន្តិភាពបន្ទរតាម លោក ហ៊ុន សែន យ៉ាងព្រោងព្រាតនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។
ដោយឡែក សកម្មជនគណបក្សសង្គ្រោះជាតិ លោក ឃិន ជំរឿន ដែលកំពុងភៀសខ្លួននៅប្រទេសថៃ និយាយថា ប្រទេសកម្ពុជាសព្វថ្ងៃមានសន្តិភាពសម្រាប់ក្រុមគ្រួសារលោក ហ៊ុន សែន តែប៉ុន្មាននាក់ប៉ុណ្ណោះ។ លោកថា លោកមិនផ្ដល់តម្លៃដល់សន្តិភាពបែបនេះទេ៖ «សន្តិភាពតែគ្រួសារគាត់ពីរបីនាក់ទេ ទូទៅពួកយើងកំពុងពិបាកនឹងជួបបញ្ហាប្រឈម EBA និងGSP ប្រឈមនឹងគ្រោះរាំងស្ងួតខាងមុខនេះទៀត»។
ក្រុមអ្នកវិភាគអះអាងថា កម្ពុជាមិនមែនជាប្រទេសមានសន្តិភាពឡើយពិតប្រាកដឡើយ ពីព្រោះថា ភាគីជម្លោះរវាងអ្នកនយោបាយខ្មែរដែលនិន្នាការផ្សេងគ្នានៅតែមានជម្លោះឥតឈប់ឈរ ហើយអំពើហិង្សាក៏កើតឡើងទៅតាមការវិវឌ្ឍស្ថានការណ៍នយោបាយពីមួយទៅមួយដំណាក់កាលទៅមួយដំណាក់កាល ជាពិសេស ការសម្លាប់ គឺជាការបំភិតបំភ័យអ្នកនយោបាយប្រឆាំង បាននិរទេសខ្លួនរហូតគិតចាប់ពីការបោះឆ្នោត ឆ្នាំ១៩៩៨មកដល់សព្វថ្ងៃ។
របាយការណ៍របស់អង្គការលីកាដូ (LICADHO) ចេញផ្សាយកន្លងមកបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ ឱ្យដឹងថា ជាង ២ទសវត្សរ៍មកនេះ យ៉ាងហោចណាស់ មានមនុស្សជាង ១០០នាក់ ដែលត្រូវបានធ្វើឃាតដោយសារការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិរិះគន់រដ្ឋាភិបាល ការធ្វើសកម្មភាពនយោបាយ និងហេតុផលដទៃទៀត។ អ្នកទាំងនោះរួមមាន អ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី ព្រះសង្ឃ មេដឹកនាំសហជីព កម្មកររោងចក្រ និងអ្នកវិភាគនយោបាយ។
នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតនីមួយៗ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រើអំពើហិង្សាទៅលើក្រុមអ្នកប្រឆាំង និងអ្នករិះគន់ ដូចជា ការបោះឆ្នោត ឆ្នាំ២០០៣ ការបោះឆ្នោតឆ្នាំ២០០៨ និងការបោះឆ្នោតឆ្នាំ២០១៣ជាដើម គណបក្សប្រឆាំងតែងតែប្រកាសមិនទទួលស្គាល់ការបោះឆ្នោត ដោយការគៃបន្លំសន្លឹកឆ្នោត និងធ្វើឱ្យជាប់គាំងនយោបាយ ស្របពេលនោះ អំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ដូចជា ការប្រើអាវុធជាការបិទមាត់អ្នករិះគន់ និងការបង្ក្រាប ។ ហើយនៅចុងក្រោយ គឺការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ គឺគណបក្សកាន់អំណាចបានកម្ទេចបក្សប្រឆាំងដែលមានកម្លាំងប្រហាក់ប្រហែលគ្នាមុនការប្រកួតមកដល់ ដែលគ្មានដៃគូប្រកួតដ៏ធំគឺ គណបក្សសង្គ្រោះជាតិ ដើម្បីទទួលជ័យជំនះក្នុងការដឹកនាំរបបរបស់លោកបន្តទៀត។

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ កុម្ភៈ ២០១៥។ Photo: RFA
អង្គការអន្តរជាតិ Human Rights Watch ធ្លាប់បានបញ្ចេញរបាយការណ៍បង្ហាញថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមអ្នកដឹកនាំកាន់ដំណែងយូរជាងគេក្នុងពិភពលោក។ អង្គការនេះបានចាត់ទុកលោកថា ជាមេដឹកនាំកាន់អំណាចយូរ ដោយប្រើប្រាស់មធ្យោបាយសំខាន់ៗមួយចំនួន រួមមានការប្រើអំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយ ដើម្បីកាន់អំណាចបន្ត មិនមែនបានអំណាចដោយការបោះឆ្នោតត្រឹមត្រូវ ឬដោយសន្តិវិធីឡើយ។ របាយការណ៍ដដែលលើកឡើងទៀតថា លោក ហ៊ុន សែន ត្រូវដាក់បញ្ចូលក្នុងចំណោមអ្នកដឹកនាំដែលឋិតក្នុងតំណែងតាមរយៈការប្រើប្រាស់អំពើហិង្សាក្នុងចេតនា នយោបាយគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធគៃបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងមានការគាំទ្រពីបរទេសគឺរដ្ឋាភិបាលទីក្រុងហាណូយ ដែលជ្រើសរើសលោកអោយកាន់តំណែង និងអាចបន្តតំណែងរហូតដល់បច្ចុប្បន្ន។
អ្នកវិភាគនយោបាយ និងសង្គមដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ យល់ថា ស្ថានការណ៍សព្វថ្ងៃមិនមែនជាសន្តិភាពពេញលេញដែលពលរដ្ឋមានសេចក្ដីសុខទាំងផ្លូវកាយនិងផ្លូវចិត្តនោះទេ។ លោកថា ស្ថានភាពសព្វថ្ងៃនេះគ្រាន់តែជាស្ថានការណ៍ស្ងប់ស្ងាត់ស្ថិតក្នុងការហួងហែងដ៏ត្រគោះបោះបោករបស់ក្រុមលោក ហ៊ុន សែន ប៉ុណ្ណោះ៖ «គ្រាន់តែជារូបភាពសន្តិភាពក្លែងក្លាយនៅក្រោមចុងកាណុង និងការហួងហែងរបស់គណបក្សប្រជាជនកម្ពុជា ចំណែកទុក្ខវេទនា របស់ប្រជាពលរដ្ឋគ្មានកន្លែងណាទៅអាចរកយុត្តិធម៌បានទេ»។

លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថតពីហ្វេសប៊ុកលោក គឹម សុខ
លោក គឹម សុខ យល់ថា អ្វីដែលលោក ហ៊ុន សែន ប្រឹងបំផុសយុទ្ធនាការអរគុណសន្តិភាពនេះគឺដើម្បីព្យាយាមបិទបាំងនិងបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋ ខណៈដែលរដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើល្បែងនយោបាយរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងរំលោភរដ្ឋធម្មនុញ្ញ។ ទាក់ទងយុទ្ធនាការអរគុណសន្តិភាពនេះ ខណៈតុលាការគ្រោងកាត់ទោសលោក កឹម សុខា នៅពាក់កណ្ដាលខែមករានេះ គឺលោក ហ៊ុន សែន ប្រឹងធ្វើដើម្បីផ្សព្វផ្សាយសារអរគុណសន្តិភាពឱ្យលុបលើទង្វើអាក្រករបស់ខ្លួនក្នុងការបំផ្លាញគណបក្សប្រឆាំង៖ «ប្រសិនបើផ្សព្វផ្សាយគេ (រដ្ឋាភិបាល)មិនគោរពរដ្ឋធម្មនុញ្ញ គេមិនគោរពឆន្ទៈប្រជាពលរដ្ឋនោះ ជារបៀបដែលគេព្យាយាមបិទបាំងល្បែងនយោបាយអាក្រក់ ល្បែងនយោបាយអាក្រក់ដែលនឹងបន្ធូរទេ ស្ថានការណ៍នយោបាយតាមការចង់បានរបស់ប្រជាពលរដ្ឋ ហើយក៏មិនផ្ដល់យុត្តិធម៌ដល់គូភាគីនយោបាយដែលកំពុងប្រកួតប្រជែងអាចទៅប្រកួតប្រជែងស្មើមុខនៅក្នុងពេលវេលាដ៏ខ្លីខាងមុខដែរ»។
លោក ហ៊ុន សែន តែងថ្លែងក្នុងពិធីនានាដោយអះអាងថា ការដឹកនាំប្រទេសរបស់លោកគឺទទួលបានភាពជោគជ័យក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការការពារសន្តិភាព។ តែអ្នកវិភាគថា ក្រុមលោក ហ៊ុន សែន ឬគណបក្សកាន់អំណាចរម្លឹកដដែលៗបែបនេះ ដើម្បីពង្វក់ពលរដ្ឋឱ្យគិតថា លោក ហ៊ុន សែន ជាអ្នកមានគុណនិងដើម្បីបិទបាំងបាតដៃប្រឡាក់ឈាមដែលខ្លួនបានប្រព្រឹត្តដើម្បីការពារអំណាចរបស់ខ្លួន។
លោក ហ៊ុន សែន ថ្លែងពីសន្តិភាពនេះ នៅខណៈតុលាការគ្រោងបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ដែលសហគមន៍ជាតិ និងអន្តរជាតិ ថា កម្ពុជាកំពុងតែបែកបាក់ជាតិ និងទាមទារឱ្យទម្លាក់បទចោទនេះចោល។
អត្ថន័យសន្តិភាពតាមវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា សេចក្ដីស្ងប់ សេចក្ដីសាន្តត្រាណ ដំណើរសះជានឹងគ្នា៕
No comments:
Post a Comment