Sunday, 5 January 2020

មតិ​របស់​ពលរដ្ឋ និង​ក្រុម​យុវជន ជុំវិញ​យុទ្ធនាការ "​អរគុណ​សន្តិភាព​" របស់​លោក ហ៊ុន សែន


ដោយ សុ ជីវី
2020-01-03

ស្លាក​ "អរគុណ​សន្តិភាព" ដែល​បិទ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។
ស្លាក​ "អរគុណ​សន្តិភាព" ដែល​បិទ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។
RFA




ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​ក្រសួង និង​មន្ទីរ​រដ្ឋ​គ្រប់​ស្ថាប័ន ធ្វើ​យុទ្ធនាការ បិទ​ពាក្យស្លោក "​អរគុណ​សន្តិភាព​" នៅ​ទូទាំង​ប្រទេស​មក ក្រុម​ពលរដ្ឋ​មួយ​ចំនួន បង្ហាញ​ទស្សនៈ ផ្សេងៗ​គ្ន​ជុំវិញ​រឿង​នេះ។ ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឦសាន អះអាង​ថា ពាក្យ "​អរគុណ​សន្តិភាព​" របស់​រដ្ឋាភិបាល គ្រាន់តែ​ជា​ពាក្យ បិទបាំង​កំហុស​របស់​រដ្ឋាភិបាល និង​ក្រុម​បក្ខពួក គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។

ក្រុម​យុវជន​រស់នៅ​រាជធានី​ភ្នំពេញ និង​ជនជាតិ​ដើម​ភាគតិច​ព្នង (​ពូនង) នៅ​ខេត្ត​ភាគ​ឦសាន​អះអាង​ស្រដៀងៗ គ្នា​ថា ពាក្យ "​អរគុណ​សន្តិភាព​" របស់​រដ្ឋាភិបាល​បាន​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន និង​បក្ខពួក​គណបក្ស​កាន់អំណាច​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស កំពុង​រង​ទុក្ខវេទនា​គ្រប់បែប​យ៉ាង រួមមាន សេដ្ឋកិច្ច​ធ្លាក់​ចុះ ដោយសារ​ការបំផ្លាញ​ធនធានធម្មជាតិ អំពើពុករលួយ បក្ខពួក​និយម ការគាបសង្កត់​សិទ្ធិ​សេរីភាព និង​ការរើសអើង​ជាដើម។



ពលរដ្ឋ​រស់នៅ​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មករា​ថា អយុត្តិធម៌​សង្គម កា​រំលោភ​សិទ្ធិមនុស្ស ជម្លោះដីធ្លី បាត់បង់​រ៉ែ និង​ព្រៃឈើ គឺជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ រដ្ឋាភិបាល​ពុំបាន​យកចិត្តទុកដាក់​ដោះស្រាយ​ជា​ដុំកំភួន​នៅឡើយ​ទេ​។ លោក​ថា ថ្វីត្បិតតែ​បច្ចុប្បន្ន គ្មាន​សង្គ្រាម​ប្រដាប់​អាវុធ ក្ដី ក៏ប៉ុន្តែ​ពលរដ្ឋ​ភាគច្រើន កំពុង​ជួប​ការ​លំបាក ដូចជា តុលាការ​មិន​ឯករាជ្យ ការបំផ្លាញ​ព្រៃឈើ សត្វព្រៃ និង​អំពើពុករលួយ​ពី​សំណាក់​ក្រុម​អ្នក​មាន​អំណាច និង​មន្ត្រី​រដ្ឋាភិបាល​ជាដើម​៖ «សង្គ្រាម​ខ្មែរក្រហម​សម្លាប់​ឆៅៗ​តែម្ដង តែ​សង្គ្រាម​បច្ចុប្បន្ន​នេះ គឺ​សង្គ្រាម​ដោយ​ចិត្តសាស្ត្រ មានន័យថា សង្គ្រាម​ដោយ​មនោគមន៍ អាហ្នឹង​ជា​រឿង​មួយ មិន​អាច​ទទួល​យក​បាន។ សន្តិភាព​គ្រាន់តែ​ក្រុម​បក្ខពួក​មួយ​ក្រុម ឬ​ជា​ក្រុម​របស់​គាត់ ឬមួយ​ជា​បុគ្គល ជា​សិទ្ធិ​រៀងៗ​ខ្លួន​អា​ហ្នឹង​យើង​មិន​អាច​បំបិទ​បានទេ​។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ទូទៅ វា​មិន​មាន​សន្តិភាព​ទេ ពលរដ្ឋ​ហូរ​ទឹកភ្នែក​រាល់ថ្ងៃ ហើយ​ខ្លះ​ទៅ​ក្លាយ​ជា​ឆ្កួត»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន យល់ថា ពាក្យ "​អរគុណ​សន្តិភាព​" ហាក់ដូច​ជា​សញ្ញា​ពញ្ញាក់​ស្មារតី​ដល់​ពលរដ្ឋ​ក្រីក្រ ឱ្យ​ដឹង​គុណ​គណបក្ស​កាន់អំណាច​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ធាតុ​ពិត ពលរដ្ឋ​ក្រីក្រ​ពុំ​មាន​សន្តិភាព​ពិតប្រាកដ​នោះ​ទេ​។ លោក​ថា សូម្បីតែ​បទល្មើស​ព្រៃឈើ ប្រសិនបើ​ពលរដ្ឋ​ណា​ហ៊ាន​ចេញមុខ ផ្ដល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​រង​ការចោទប្រកាន់​ពី​អាជ្ញាធរ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ដែរ​។ លើស​ពី​នេះ​ទៀត បើ​អាជ្ញាធរ និង​បុគ្គល​ណា ដែល​គាំទ្រ​គណបក្ស​កាន់អំណាច គឺ​ធ្វើ​អ្វីៗ បាន​តាមតែ​អំពើ​ចិត្ត គ្មាន​ទោស​ទណ្ឌ​នោះ​ទេ ដូចជា កាប់​ទន្ទ្រានព្រៃ​អស់​រាប់​រយ​ហិកតារ ប្រព្រឹត្ត​អំពើពុករលួយ និង​អំពើ​ហិង្សា​ជាដើម​៖ «និយាយ​រួម​ទៅ​សន្តិភាព តែ​អ្នក​មាន​អំណាច តែ​ពលរដ្ឋ​ទូទៅ​គ្មាន​អី និង​សន្តិភាព​។ ព្រៃឈើ​ការពារ​យូរៗ យក​អាត្រាក់​មក​កាប់ រលាយ​អស់ អាហ្នឹង​សន្តិភាព​របស់​គាត់ តែ​សម្រាប់​ពលរដ្ឋ​ទូទាំង​ប្រទេស​។ និយាយ​រួម​ទៅ តែ​បរិស្ថាន​ក៏​គ្មាន​សន្តិភាព​ផង មិន​សូម្បីតែ​មនុស្ស​ទេ​។ សំខាន់​សន្តិភាព​ពួកគាត់ គាត់​ចង់​ធ្វើ​អី​ក៏បាន ចង់​ចាប់ពី​ណា​ក៏បាន ត្រូវ​ហើយ​គាត់​ថា​ហ្នឹង​។ តែ​សម្រាប់​ពលរដ្ឋ​ក្រីក្រ អត់​មាន​សន្តិភាព​ទេ មានតែ​ការ​ព្រួយបារម្ភ​។ ព្រួយបារម្ភ​ថា យើង​ឃើញ​អ្វីមួយ ឧទាហរណ៍​ថា ឃើញ​ខ្វះ​ចន្លោះ​មេព្រៃ ព្រៃឈើ​បាត់​បង់​អស់ ដល់ពេល​យើង​រាយការណ៍ សុទ្ធ​ថា យើង​គណបក្ស​ប្រឆាំង»។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ កញ្ញា ខាត់ ឆវី យល់​ថា ពាក្យ "​អរគុណ​សន្តិភាព​" គ្រាន់តែ​ជា​ពាក្យ​បិទបាំង​កំហុស​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ​។ រីឯ​ភាព​អយុត្តិធម៌​សង្គម កំពុង​កើតមាន​គ្រប់​ទីកន្លែង គ្មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​នៅឡើយ​ទេ​៖ «ចំពោះ​ពាក្យ​អរគុណ​សន្តិភាព វា​គ្រាន់តែ​ជា​ពាក្យ​បិទបាំង​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ពីព្រោះ​អី​រាល់ថ្ងៃ​ហ្នឹង ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​ទេ គ្រាន់តែ​គ្មាន​សង្គ្រាម​ផ្ទុះ​អាវុធ តែ​ពលរដ្ឋ​គ្មាន​សន្តិភាព​ផ្លូវចិត្ត​នៅឡើយ​។ ព្រោះ​អី​គាត់​រង​ភាព​អយុត្តិធម៌​គ្រប់​ទីកន្លែង ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស ការរំលោភ​ដីធ្លី ការ​ចាប់ចង​គំរាមកំហែង សកម្មជន​គណបក្សប្រឆាំង និង​សិទ្ធិ​បញ្ចេញមតិ ពុំ​ទាន់​មាន​សេរីភាព​នៅឡើយ»។

ថ្មីៗ នេះ សារ​បែក​ធ្លាយ​ជា​សំឡេង​របស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង មន្ទីរ​រដ្ឋ​គ្រប់​ស្ថាប័ន និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​សិស្សានុសិស្ស​ផង ឱ្យ​បិទ​ស្លាក​ពាក្យស្លោក​ថា "​អរគុណ​សន្តិភាព​"​។ លោក ហ៊ុន សែន ចាត់​​ទុក​សារ "​អរគុណ​សន្តិភាព​" ជា​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេច​បាន៖ «បំផុត​ចលនា សរសេរ​ពាក្យ​អរគុណ​សន្តិភាព ដើម្បី​យក​ភាសា​ហ្នឹង ជា​ភាសា​គន្លឹះ​ដែល​ត្រូវ​ឱ្យ​ទាំងអស់​គ្នា ស្រឡាញ់​សន្តិភាព ហើយ​ការពារ​សន្តិភាព​។ ភាសា​ហ្នឹង​មិនមែន​ជា​ភាសា ប្រឆាំង​ជាមួយ​អ្នកណា​ទាំងអស់​។ អ៊ីចឹង​ទេ ខ្ញុំ​ស្នើ​ថា បណ្ដា​រដ្ឋមន្ត្រី​តាម​ស្ថាប័ន ហើយ​អាជ្ញាធរ​ខេត្ត​គ្រប់​ខេត្ត ដឹកនាំ​ចលនា​ហ្នឹង និង​ចុះ​តាម​សាលារៀន​ទៀត»។

អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម គឺ​បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត ធ្លាប់​លើកឡើង​ថា ប្រទេស​កម្ពុជា ថ្វីត្បិតតែ​អត់​មាន​សង្គ្រាម​ប្រដាប់​អាវុធ​ក្ដី ក៏ប៉ុន្តែ​មាន​ពោរពេញ​ដោយ​អសន្តិសុខ​មនុស្សជាតិ មាន​អំពើ​ហិង្សា រំលោភ​ដីធ្លី អយុត្តិធម៌​សង្គម និង​ការ​រំលោភ​បំពាន​សិទ្ធិ​កម្មករ​ជាដើម​៖ «សន្តិភាព​ហ្នឹង​បើ​យើង​ញែក ឱ្យ​ដាច់​វា​ត្រូវ​មាន​ការ​គោរព​សិទ្ធិមនុស្ស​។ បើ​អត់​មានការ​គោរព​សិទ្ធិមនុស្ស រំលោភ​សិទ្ធិ​គ្នា​ទៅវិញទៅមក វៃ​គ្នា​ទៅវិញទៅមក មានអី​ហ្នឹង​សន្តិភាព​។ អត់​មាន​សង្គ្រាម ប៉ុន្តែ​អសន្តិសុខ​មនុស្សជាតិ បើ​មាន​អំ​ពោះ​ហិង្សា រំលោភ​ដីធ្លី អំពើ​អយុត្តិធម៌ កា​រំលោភបំពាន​កម្មករ​ច្រើន»។

ក្រោយ​បញ្ជា​របស់​លោក ហ៊ុន សែន ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ គេ​ឃើញ​ក្រសួង​មន្ទីរ តុលាការ និង​ស្ថាប័នរដ្ឋ​ជាច្រើន បាន​នាំ​គ្នា​សរសេរ​ពាក្យស្លោក​ថា "​អរគុណ​សន្តិភាព​" បិទ​តាម​របង និង​ខ្លោងទ្វារ​មន្ទីរ​ស្ថាប័ន​ទាំងនោះ​ព្រោងព្រាត ព្រមទាំង​បង្ហោះ​លើ​បណ្ដាញ​សង្គម​នានា ផង និង​ទៅ​ព័រ​សារព័ត៌មាន​គាំទ្រ​លោក ហ៊ុន សែន ផង៕

No comments: