Sunday 26 January 2020

ពលរដ្ឋ​មួយ​ចំនួន​ថា ការ​កាត់ទោស​លោក កឹម សុខា ជា​ឆាកល្ខោន​នយោបាយ


ដោយ យន់ សាមៀន
2020-01-26

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
 RFA




ប្រជាពលរដ្ឋ​មួយ​ចំនួន​លើកឡើង​ថា ពួកគាត់​បាន​តាមដាន​សវនាការ​កាត់ទោស លោក កឹម សុខា យ៉ាង​ដិតដល់​ក្នុង​រយៈពេល ​២​សប្តាហ៍​មកនេះ​។ ទោះជា​ដំណើរការ​ក្តី​មាន​ភាព​ក្តៅ​គគុក​ក៏ដោយ ក៏​ពួកគាត់​យល់ថា សវនាការ​រឿង​នេះ​ធ្វើ​ឡើងជា​លក្ខណៈ​បង្គ្រប់​កិច្ច​ច្រើនជាង​ការ​រក​យុត្តិធម៌​ពិត​ប្រាកដ។

ពលរដ្ឋ​ខ្លះ​ប្រាប់​អាស៊ីសេរី​ថា តុលាការដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់អំណាច នឹង​មិន​អាច​រក​យុត្តិធម៌​ជូន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​នោះ​ទេ ដោយសារ​នេះ​ជា​រឿង​ក្តី​នយោបាយ។ពលរដ្ឋ​មួយ​រូប​នៅ​ខេត្ត​ព្រៃវែង លោក សុភាព មេត្រី អះអាង​ថា ទាំង​រូបលោក និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​មូលដ្ឋាន មើលឃើញ​ថា សវនាការ​ក្តី​លោក កឹម សុខា ធ្វើឡើង​ដើម្បី​បង្គ្រប់​កិច្ច និង​ដើម្បី​អូស​បន្លាយ​ពេលវេលា​កាន់អំណាច របស់​ក្រុម​មេដឹកនាំ​សព្វថ្ងៃ​ប៉ុណ្ណោះ​។ លោក​ជឿ​ថា លោក កឹម សុខា មិនបាន​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ​នោះ​ទេ ផ្ទុយទៅវិញ​សកម្មភាព​ទាំងឡាយ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​ចង់​ឃើញ​នោះ គឺ​មាន​ស្ថាប័ន​ឯករាជ្យ​មួយ​កាត់ទោស​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​ទៅវិញ​ទេ ព្រោះ​ពួកគេ​បាន​ចាប់​លោក កឹម សុខា ដែល​ជា​ជន​គ្មាន​កំហុស​ដាក់គុក និង​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ពី​បទ​ក្បត់ជាតិ ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​រាប់​លាន​នាក់​ទូទាំង​ប្រទេស៖ «ប្រជាពលរដ្ឋ​ក៏​គេ​ដឹង​ដែរ​ថា រឿង​នេះ​ជា​ករណី​នយោបាយ ដូច្នេះ​ការ​លើកលែង ទម្លាក់​បទ​ចោទ​ក៏​ខុស កាត់ទោស​ក៏​ខុស ហើយ​ករណី​លើកលែងទោស សួរ​ថា​មាន​ទោស​ឯណា​លើកលែង បើ​មនុស្ស​អត់​មានទោស​ផង​ហ្នឹង​។ ដូច្នេះ អ្នក​ដែល​ត្រូវ​កាត់ ដូច​ខ្ញុំ​ថា​អ៊ីចឹង គឺ​តុលាការ​ទេ​ដែល​យើង​ត្រូវ​កាត់ ព្រោះ​ចាប់​មនុស្ស​ដែល​គ្មាន​កំហុស ចាប់​មនុស្ស​ដែល​គេ​មើល​ឃើញ​ថា គ្មាន​ទោស ហើយ​ចេះតែ​អូស​បន្លាយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បង្ក​បញ្ហា​ដល់​ការ​អនុគ្រោះ​ពន្ធ EBA កើតឡើង​ចំពោះ​ស្រុក​ខ្មែរ​ទៀត ធ្វើ​ឱ្យ​ខូច​ដល់​កិត្តិយស​ប្រទេសជាតិ​មួយ​ទាំងមូល​ទៀត​»​។​



ស្រដៀង​គ្នា​នេះ មន្ត្រីរាជការ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ជំនឿថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ មិនបាន​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ​ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ​។ លោក​ថា សវនាការ​កាត់ទោស​លោក កឹម សុខា គឺជា​រឿង​លេងសើច ព្រោះ​តុលាការ​ចោទ​លោក កឹម សុខា ថា​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ឃើញ​មានការ​កោះហៅ​តំណាង​រដ្ឋាភិបាល​បរទេស​ណាមួយ​មក​តតាំង​ក្តី​នៅឡើយ​ទេ​។ លោក​យល់​ថា លោក កឹម សុខា អាច​នឹង​រួចខ្លួន​ពី​បទ​ចោទប្រកាន់​បែប​ប្រឌិត​នេះ ប្រសិនបើ​គាត់​សុខចិត្ត​បញ្ចប់​សម្ពន្ធភាព​នយោបាយ​ជាមួយ​លោក សម រង្ស៊ី៖ «ទីមួយ ប្រសិនបើ​ឯកឧត្ដម កឹម សុខា ទទួលយក​អ្វី​ដែល​គេ​ចោទ ហើយ​និង​ទី​ពីរ គាត់​ទទួលយក​ការ​លើកលែង​ទោស អ៊ីចឹង​មានន័យថា មតិ​អន្តរជាតិ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខាងក្រៅ​ក៏​ដូច​នៅ​ខាងក្នុង​ហ្នឹង តស៊ូ​មួយ​រយៈ​កន្លងមក​ហ្នឹង​មានន័យថា​សូន្យ​តែម្ដង គឺ​អត់​មានន័យ​អ្វី​ទាំងអស់​។ អ្វីៗ​គឺ​សាប​ទាំងអស់ ហើយ​វា​ចំណេញ​ទៅ​រដ្ឋាភិបាល​១០០% តែម្ដង​ពេល​ហ្នឹង​។ អ៊ីចឹង​ខ្ញុំ​អត់​ជឿ​ថា ឯកឧត្តម កឹម សុខា គាត់​ទទួលយក ហើយ​គាត់​សារភាព​ដល់​កម្រិត​ហ្នឹង​ទេ»។

និស្សិត​ពេទ្យ​មា្នក់ គឺ​កញ្ញា យាន ស្រីយ៉ាន ដែល​បាន​តាមដាន​ដំណើរការ​ក្តី​នេះ រិះគន់​សវនាការ​លោក កឹម សុខា ថា ជា​ឆាកល្ខោន​នយោបាយ និង​ជា​រឿង​បង្គ្រប់​កិច្ច ដែល​យុត្តិធម៌​នឹង​គ្មាន​ឡើយ​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​។ កញ្ញា​សោកស្ដាយ​ដែល​សង្គម​កម្ពុជា​មាន​ការ​ប្រឌិត​រឿង​ពី​ស​ទៅ​ខ្មៅ ហើយ​អ្នក​នយោបាយ​ដែល​កញ្ញា​យល់ថា មាន​ភក្ដីភាព​ចំពោះ​ជាតិ ដូចជា លោក កឹម សុខា ត្រូវ​រង​ការចោទប្រកាន់​ដោយ​អយុត្តិធម៌​បែបនេះ៖ «លើកលែងតែ​យើង​យក​ច្បាប់​ជាធំ ហើយ​យើង​ធ្វើ​ការ​គោរព​តាមច្បាប់​ដែល​ត្រឹមត្រូវ ដែល​ល្អ អ៊ីចឹង​បាន​អាច​ថា មាន​យុត្តិធម៌​សម្រាប់​គាត់ ប៉ុន្តែ​វា​គ្រាន់តែ​ប្រៀប​បានជា​ឆាកល្ខោន អ៊ីចឹង​យុត្តិធម៌ គឺ​មិន​អាច​មាន​ចំពោះ​គាត់​ទេ»។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា ២ លើក​រួច​មក​ហើយ ដោយ​លើកទីមួយ​នៅ​ថ្ងៃ​ទី​១៥ និង​១៦ មករា ហើយ​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី​២២ និង​២៣ មករា​។ ទោះជា​យ៉ាងណា សវនាការ​ពីរ​លើក​កន្លង​ទៅ​នេះ មិនទាន់​ជជែក​ដេញដោល​ដល់​អង្គ​សេចក្តី​នៅឡើយ​ទេ ពោល​គឺ​នៅ​ត្រឹម​ការ​ជជែក​រឿង​ភស្តុតាង​ប៉ុណ្ណោះ​។ អ្នក​តាមដាន​សវនាការ​ថា មេធាវី​ដើម​បណ្តឹង​មិនទាន់​បង្ហាញ​ភស្តុតាង​សំខាន់​ដើម្បី​ដាក់​បន្ទុក លោក កឹម សុខា នៅឡើយ​ទេ ក្រៅពី​វីដេអូ​ដែល​ត្រូវ​គេ​កាត់ត ខុស​ខ្លឹមសារ​ដើម​របស់​លោក កឹម សុខា​។ តុលាការ​បាន​ប្រកាស​ថា សវនាការ​រឿង​ក្តី​នេះ​អាច​ប្រើ​ពេល​ច្រើន​ខែ ដោយ​ក្នុង​មួយ​សប្ដាហ៍​ធ្វើឡើង​រយៈពេល​២ ថ្ងៃ។ សវនាការ​លោក កឹម សុខា នឹង​បន្ត​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ ជាពិសេស គឺ​អង្គការសហប្រជាជាតិ​តែម្ដង បាន​ពិនិត្យ​ឃើញ​ថា ករណី​ផ្លូវច្បាប់​ប្រឆាំង​លោក កឹម សុខា នេះ គឺជា​រឿង​នយោបាយ ហើយ​ពួកគេ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ​ជាបន្ទាន់៕

1 comment:

Anonymous said...

Khmer people are anxiously waiting for Karma (Ah Meh Choy) Sokha's words. If this sex maniac Kem Sokha follows Yuon and Ah Kwack Hun Sen's direction, he will rebuke the notion of Sam Rainsy and Kem Sokha as one person. And Khmer people's hope will be immediately vanished. Kem Sokha will become a Khmer traitor right away.

Just sick to see Ah Kanteur Ach Nhok Yem Ponharith with Kem Sokha.