Sunday, 19 January 2020

សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​ស្នើ​បញ្ចូល​ផែនការ​វិល​ទៅ​កម្ពុជា​លើក​ទី​២ ក្នុង​ផែនការ​សកម្មភាព​ឆ្នាំ​នេះ


ដោយ មួង ណារ៉េត
2020-01-19


កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។

កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha




មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថា មន្ត្រី​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស លើក​ជា​សំណើ​ចំនួន​ប្រាំ​ចំណុច ដែល​រួមមាន​ផែនការ​មាតុភូមិនិវត្តន៍​ទី២ សម្រាប់​ស្នើ​ឱ្យ​ដាក់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២០ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ។ អ្នកវិភាគ​ថា ផែនការ​យុទ្ធសាស្ត្រ​ជោគជ័យ គឺ​អាស្រ័យ​លើ​ការ​ចេះ​បង្រួបបង្រួម​កម្លាំង​គណបក្ស​សង្គ្រោះជាតិ។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ចូលរួម​ធ្វើជា​អធិបតី ក្នុង​ទិវា​រម្លឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្កើត​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស និង​សិក្ខាសាលា​ពីរ​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស នៅ​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី១៦-១៧ ខែ​មករា ប្រាប់​អាស៊ីសេរី ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី១៨ ខែ​មករា ថា ការរៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍​លើក​ទី​២​នេះ គឺជា​សំណើ​សំខាន់​មួយ ក្នុងចំណោម​សំណើ​សំខាន់ៗ​ទាំង ៥ ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា៖ «ទី​មួយ​រៀបចំ​ឱ្យ​មាន​ផែនការ​មាតុភូមិនិវត្តន៍ ជុំ​ទី​ពីរ ចាប់​អនុវត្ត​ជាបន្ទាន់​។ ទី​ពីរ​ត្រូវតែ​រៀបចំ​ដោះស្រាយ​បញ្ហា សេចក្ដី​ត្រូវការ​និង​ការ​លំបាក​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ។ ទី​បី​យើង​ត្រូវ​បន្ត​ការ​តស៊ូ​មតិ ដើម្បី​ឱ្យ​មាន​ច្បាប់​ដទៃ​ទៀត ទាំង​នៅ​សហរដ្ឋអាមេរិក និង​នៅ​អូស្ត្រាលី ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់ខ្ពស់ ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​ផ្ដាច់ការ ដែល​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​។ ទី​បួន​គឺ​ត្រូវ​គិត​ពី​បងប្អូន​សកម្មជន​នៅ​ក្នុង​ប្រទេស និង​ទី​ប្រាំ​យើង​ពិចារណា​ពី​សកម្មភាព​តាម​ការ​កាត់ទោស​ករណី​លោក​ប្រធាន កឹម សុខា»។



ជុំវិញ​ផែនការ​ធ្វើ​មាតុភូមិនិវត្តន៍​លើកទីមួយ របស់​ប្រធា​នស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រួម​ទាំង​សកម្មជន​បក្ស​នេះ​ផ្សេងទៀត កាលពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ នោះ ត្រូវ​បាន​រារាំង​គ្រប់​រូបភាព និង​គ្រប់ទិសទី​ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន និង រដ្ឋ​នៃ​សមាជិក​អាស៊ាន​មួយ​ចំនួន ជាពិសេស​រដ្ឋាភិបាល​ប្រទេស​ថៃ ដែល​ជួយ​ទប់ស្កាត់​កុំ​ឱ្យ​លោក សម រង្ស៊ី អាច​ឆ្លងកាត់​ប្រទេស​ថៃ ចូល​ដី​កម្ពុជា​បាន​។ ជាង​នេះ​ទៅ​ទៀត របប​ក្រុងភ្នំពេញ​បាន​ដាក់​ពង្រាយ​កងទ័ព និង​កង​សន្តិសុខ យ៉ាង​សម្បើម នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ ជាពិសេស​ម្ដុំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ទប់ស្កាត់​កម្លាំង​មាតុភូមិនិវត្តន៍​នេះ​។ បន្ថែម​លើ​នេះ របប​លោក ហ៊ុន សែន ក៏​ចេញ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជិត ៥០ ក្រុមហ៊ុន កុំ​ដឹក​លោក សម រង្ស៊ី ទៅ​ស្រុក​ខ្មែរ​ឱ្យ​សោះ បើ​ហ៊ាន​ដឹក នឹង​រង​ផលវិបាក​ដល់​ក្រុមហ៊ុន​ទាំងនោះ ជាក់​ជាមិនខាន​។ វិធានការ​ទប់ស្កាត់​ប៉ុណ្ណេះ មិនទាន់​គ្រប់គ្រាន់ លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​ចាប់ និង​ឃុំខ្លួន​មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​ទាំងឡាយ​ណា ដែល​ប្រកាស​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នេះ។

ទោះជា​ដំណើរ​មាតុភូមិនិវត្តន៍​លើកទីមួយ​នោះ រង​ការរារាំង​យ៉ាង​ចាស់ដៃ ពី​របប​ក្រុងភ្នំពេញ ក៏​លោក សម រង្ស៊ី មិន​បោះបង់​ការប៉ុនប៉ង​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ​ទេ ដោយ​លោក​អះអាង​ថា ដើម្បី​ទៅ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ​ផង និង​ដើម្បី​ជួយ​រក្សា កុំ​ឱ្យ​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ផង។

គិត​មក​ត្រឹម​ថ្ងៃទី១៩ ខែ មករា​នេះ គឺ​នៅ​សល់តែ ២៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ ជុំវិញ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នេះ​។ សេចក្តី​សម្រេច​នោះ នឹង​ចេញ​នៅ​ថ្ងៃទី១២ ខែ​កុម្ភៈ។

ផែនការ​មាតុភូមិនិវត្តន៍​ជុំ​ទី​ពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បើ​ត្រូវ​លើក​យក​ពិភាក្សា​នៅ​ពាក់​កណ្ដាល​ខែ កុម្ភៈ​នោះ​មែន គឺ​ធ្វើ​ឡើង​តែ​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​ចេញ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​នេះ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ ជុំវិញ​រឿង​នេះ។ ប៉ុន្តែ របប​ក្រុងភ្នំពេញ កន្លងមក​មិន​ស្វាគមន៍​វត្តមាន​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ​ឡើយ សូម្បីតែ​លោក ហ៊ុន សែន ទោះបីជា​ពេលខ្លះ​អួត​ថា បើកទ្វារ​ចាំ​ទទួល​លោក សម រង្ស៊ី ដោយ​អំពាវនាវ​ឱ្យ​មក​កាន់តែ​ឆាប់​កាន់តែ​ល្អ និង​មក​តាម​ច្រក​ណា​ក៏បាន​ក៏ដោយ ក៏​លោក​ធ្លាប់​គំរាម​ថា លោក សម រង្ស៊ី នឹង​ប្រឈមមុខ​នឹង​កាំភ្លើងយន្ត ដែល​ដាក់​នៅ​តាម​ទល់ដែន ដែល​ចាំ​កម្ទេច ឱ្យ​តែ​ហ៊ាន​វិល​មក​ស្រុក​ខ្មែរ​វិញ។

រយៈពេល​ជាង​ពីរ​ឆ្នាំ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រម្លាយ តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស​នេះ​ជាច្រើន ត្រូវ​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រមូល​កម្លាំង​បន្ត​ការ​តស៊ូ​នយោបាយ​តទៅទៀត​។ តំណាងរាស្ត្រ​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង អះអាង​ថា កម្លាំង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​មាន​ភាព​ខ្លាំង​ក្លា ដោយសារ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ នៅតែ​ប្ដេជ្ញា​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឱ្យ​ខាង​តែ​បាន៖ «សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នេះ គឺជា​សសរស្ដម្ភ​របស់​ចលនា​តស៊ូ ដែល​ខ្ញុំ​យល់​ឃើញ​ថា កម្លាំង​តស៊ូ​នៅ​ក្រៅ​ប្រទេស​ហ្នឹង គឺ​មាន​កម្លាំង​ខ្លាំង​ណាស់ ដោយសារ​នៅ​ក្នុង​ប្រទេស​ជន​ផ្ដាច់ការ​បំបិទ​សិទ្ធិ​សេរីភាព របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ យើង​អត់​មាន​សិទ្ធិ​ចូលរួម​នូវ​នយោបាយ គេ​គំរាមកំហែង ចាប់​ដាក់គុក ដាក់​អ្វី​សព្វបែបយ៉ាង អ៊ីចឹង​។ ដូច្នេះ​ចលនា​តស៊ូ​ដែល​កម្លាំង​ខ្លាំង គឺ​មានតែ​នៅ​ក្រៅ​ប្រទេស ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​កន្លងមក ហើយ​កំពុង​ធ្វើ​តទៅទៀត​អ៊ីចឹង​។ សរុប​មក​ខ្ញុំ​មាន​ជំនឿ​ថា ដរាបណា​នៅ​កម្ពុជា​មាន​ជន​ផ្ដាច់ការ ចលនា​តស៊ូ​មិន​សាបសូន្យ​ទេ មានតែ​ធំ​ទៅៗ​។ លុះត្រាតែ​យើង​ទទួល​បាន​ជោគជ័យ ធ្វើ​ម្ដេច​រុញ​ជន​ផ្ដាច់ការ​ចេញពី​អំណាច​បាន បាន​ចលនា​តស៊ូ​ហ្នឹង​អាច​បញ្ចប់ ហើយ​ទៅ​រៀបចំ ស្រុកទេស​យើង​ឱ្យ​បាន​ស្រួល»។

សកម្មភាព​នយោបាយ និង​ចលនា​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ទទួល​ស្គាល់​ថា ធ្វើ​បាន​ច្រើន​។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកវិភាគ​នយោបាយ ដែល​ហ៊ាន​និយាយ​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​នេះ ក៏​រិះគន់​ភាព​មិន​ចុះសម្រុង​គ្នា​ខ្លះ របស់​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​។ លោក គឹម សុខ ថា ដើម្បី​ឱ្យ​ជោគជ័យ​រាល់​សកម្មភាព​តវ៉ា និង​ការទូត គណបក្ស​សង្គ្រោះ​ជាតិ គប្បី​ធ្វើ​យ៉ាងណា កុំ​បង្ហាញ​ការ​បែកបាក់​ផ្ទៃក្នុង និង​កុំ​បំបែក​កម្លាំង​ទៅ​បង្កើត​ស្ថាប័ន​ថ្មី ទោះជា​ស្ថិត​ក្រោម​ចំណុះ​របស់​គណបក្សប្រឆាំង​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ អ្នកស្រី មូរ សុខ​ហួរ យល់ថា នេះ​ជា​ដំណើរ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ជួរ​បក្ស​ប្រឆាំង ដែល​មន្ត្រី និង​អ្នកគាំទ្រ​បក្ស​នេះ អាច​មាន​ទស្សនៈ​ប្លែក​ពី​គ្នា ប៉ុន្តែ​មាន​គោលដៅ​រួម​តែមួយ​គឺ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជា​មាន ឱ្យ​កម្ពុជា​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ៖ «អ្នកខ្លះ​យល់​ឃើញ​ថា គួរតែ​មាន​សកម្មភាព​ខ្លាំងក្លា​នៅ​ក្រៅ​ប្រទេស​។ ក្រុម​ខ្លះ​ក៏​គិត​ថា នៅ​ស្ងាត់ស្ងៀម ពីព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សវនាការ​លោក​ប្រធាន កឹម សុខា​។ ដូច្នេះ ខ្ញុំ​សូម​បញ្ជាក់​ជាថ្មី​ម្តង​ទៀត យើង​ក៏​វាយតម្លៃ​ខ្ពស់​ដែរ​នូវ​កិច្ចការ​ទាំង​ប៉ុន្មាន​នេះ មិន​បាន​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បែក​គ្នា​ទេ​។ ប៉ុន្តែ ពិត​ហើយ​មាន​យុទ្ធសាស្ត្រ​ខ្វែង​គ្នា​បន្តិច​។ ដូច្នេះ​ហើយ បានជា​នៅ​ចុងក្រោយ​នៅ​ថ្ងៃ​នេះ យើង​អនុម័ត​ថា ត្រូវ​ខំ​រក​យន្តការ និង​វិធី​យ៉ាងម៉េច ដើម្បី​ជជែក​គ្នា​រួមគំនិត រួម​យុទ្ធសាស្ត្រ ដើម្បី​ឈាន​ទៅ​រក​ការ​ផ្សះផ្សា និង​ឯកភាព​នៅ​ប្រទេសជាតិ​យើង»។

អនុប្រធាន​គណបក្សប្រឆាំង​រូប​នេះ អះអាង​ថា ដើម្បី​ឱ្យ​មានការ​ផ្សះផ្សា និង​ឯកភាព​រួម និង​ធំ​ទូលាយ​មួយ​កើតមាន​ទៅ​បាន គឺ​ទាល់​តែ​មាន​មាតុភូមិ​និវត្តន៍ នៃ​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ឯទៀត ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស៕

1 comment:

Anonymous said...

Don't worry: the destination to hell under Ah Lngi Lngeu Hun Sen's leadership will be reached soon !!

It is about time that Khmer people wake up and put up some fight - by peaceful and legal means - against this Yuon's puppet Hun Sen.

So far, Ah Roleuy Hun Sen has given in to all Yuon's demands in exchange for his power.