Monday, 13 January 2020

សកម្មជន​បក្ស​ប្រឆាំង​​ម្នាក់​ទៀត ត្រូវ​បាន​កោះ​ហៅ​ទៅ​បំភ្លឺ​ពេល​ជំនុំជម្រះ​ក្ដី​លោក កឹម សុខា


ដោយ ជី វិតា
2020-01-12


លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA




សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត នៅ​រាជធានី​ភ្នំពេញ ឱ្យ​ទៅ​បំភ្លឺ​ពេល​ជម្រះ​ក្តី​លោក កឹម សុខា។ សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ លោក ខឿន វីរ៉ាត់ ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ប្រាប់​ថា លោក​នឹង​ទៅ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ។ ចំណែក​អ្នកវិភាគ​ហៅ​ការ​កោះហៅ​សាក្សី​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​នេះ គ្រាន់តែ​ជា​វិធី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​។

ចៅ​សង្កាត់​រង​គណបក្ស​សង្គ្រោះជាតិ មក​ពី​សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ លោក ខឿន វីរ៉ាត់ ដែល​សព្វថ្ងៃ​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី ក្រោយ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១២ ខែ​មករា ដោយ​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ថា លោក​ត្រឹម​ជា​សកម្មជន​នៅ​មូលដ្ឋាន​ប៉ុណ្ណោះ កាលពី​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ត្រូវ​បាន​រំលាយ ប៉ុន្តែ​លោក​ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ទៅ​បំភ្លឺ​ក្នុង​សំណុំរឿង​លោក កឹម សុខា ដែរ​។ លោក​រម្លឹក​ថា តុលាការ​បាន​កោះហៅ​លោក​ឱ្យ​ទៅ​បំភ្លឺ​ម្ដង​រួច​ហើយ កាលពី​អំឡុង​ពេល​កសាង​សំណុំរឿង៖ «ខ្ញុំ​គ្រាន់តែ​ជា​សកម្មជន​គាំទ្រ​នៅ​មូលដ្ឋាន​ខ្ញុំ​អត់​មាន​សមត្ថភាព​ឯណា​ទៅ​ការងារ​ផ្ទាល់​ជាមួយ​គាត់ (លោក កឹម សុខា​)​ទេ ហើយ​មួយទៀត​ខ្ញុំ​ក៏​អត់​ដែល​បាន​ជួប​ប្រទះ​ប្រស្រ័យ​ការងារ​ជាមួយ​គាត់​ដែរ»។


ព្រះរាជអាជ្ញា​រង លោក វង្ស ប៊ុនវិសុទ្ធ បង្គាប់​ឱ្យ​លោក ខឿន វីរ៉ាត់ ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​សួរដេញដោល​នៃ​សំណុំរឿង​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣ រហូតដល់ ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

មេធាវី​ការពារ​ក្តី​លោក កឹម សុខា អ្នកស្រី ម៉េង សុធារី ឱ្យ​អាស៊ីសេរី​ដឹង​ថា នេះ​ជា​រឿង​ធម្មតា​ទេ ព្រោះ​ចៅក្រម​ជំនុំជម្រះ​អាច​កោះហៅ​សាក្សី​មាន​ក្នុង​សំណុំរឿង​ឱ្យ​ទៅ​បំភ្លឺ​នៅ​ពេល​ជម្រះ​ក្តី។

អ្នកវិភាគ​នយោបាយ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ការ​កោះ​ហោះ​សាក្សី និង​ការ​បើក​សវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា គ្រាន់តែ​ជា​វិធី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ អី​តុលាការ​កំពូល​បាន​យកទោស​កំហុស​របស់​លោក កឹម សុខា ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី ឆ្នាំ​២០១៧ ទៅ​ហើយ៖ «កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​បានសម្រេច​ទៅ​ហើយ​នូវ​ទោសកំហុស​លោក កឹម សុខា កំហុស​ដែល​យក​ទៅ​ប្រើប្រាស់​ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក​បណ្ឌិត​សង្កេត​ឃើញ​ថា ការ​កាត់ក្តី​លោក កឹម សុខា ខណៈ​សហភាព​អឺរ៉ុប​កំពុង​អនុ​វត្តនី​វិធី​ព្យួរ EBA គឺជា​រឿង​ដែល​រដ្ឋាភិបាល​ពិបាក​សម្រេច ដោយហេតុថា បើ​លើកលែង​ការ ចោទប្រកាន់ គឺ​មាន​ន័យ​ថា ត្រូវ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។ ប៉ុន្តែ​បើ​កាត់​ក្តី​ថា លោក កឹម សុខា មាន​ទោស អាច​ត្រូវ​សហភាព​អឺរ៉ុប​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញា​ក្រុងភ្នំពេញ​ចូល​ឆ្មក់​ចាប់ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ ហើយ​បញ្ជូន​ទៅ​ឃុំ​ភ្លាមៗ​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​។ តុលាការ​ចោទប្រកាន់​លោក​ពី​បទ "​ក្បត់ជាតិ​" ប៉ុន្តែ​សហគមន៍​ជាតិ និង​អន្តរជាតិ​ហៅ​ការចោទប្រកាន់​នេះ​ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ព្រមទាំង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​នេះ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ ខណៈ​ថ្ងៃ​បើកសវនាការ​កាន់តែ​កៀក គឺ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា តុលាការ​ក៏​បាន​ខំ​កោះហៅ​សាក្សី មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ឱ្យ​ទៅ​បំភ្លឺ​នៅ​សវនាការ ក្នុង​នោះ មាន​ទាំង​អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​សកម្មជន​ដីធ្លី​ផង​ដែរ៕

No comments: