Sunday, 5 January 2020
ការរុករកជនរងគ្រោះបាក់អគារនៅខេត្តកែបត្រូវបញ្ចប់ ក្រោយរកឃើញមនុស្ស ៣៦នាក់ស្លាប់
ដោយ អាស៊ីសេរី
2020-01-05
សកម្មភាពកាយអគារ ៧ជាន់ រលំនៅខេត្តកែប នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។
RFA
លោកនាយករដ្ឋ ហ៊ុន សែន សម្រេចបិទបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះក្នុងករណីបាក់រលំអគារនៅខេត្តកែប ហើយនៅថ្ងៃទី៥ ខែមករានេះ ក្រោយរកឃើញមនុស្សស្លាប់ចំនួន ៣៦នាក់ ក្នុងចំណោមជនរងគ្រោះ ៥៩នាក់ដែលត្រូវរកឃើញ។ មន្ត្រីសង្គមស៊ីវិល ជំរុញទៅរដ្ឋាភិបាលឱ្យពិនិត្យគុណភាពសំណង់ដែលបានសាងសង់ខ្ពស់ៗឡើងនៅក្នុងខេត្តកែប និងខេត្តផ្សេងៗទៀតបានត្រឹមត្រូវដើម្បីទប់ស្កាត់បញ្ហាបាក់រលំអគារទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា ព្រឹត្តិការណ៍បាក់អគារដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសនេះ គ្មានការដកដំណែងអភិបាលខេត្ត ឬអភិបាលរងខេត្តកែប នោះទេ ព្រោះអ្នកទាំងនោះមិនជាប់ពាក់ព័ន្ធនឹងបញ្ហា។ លោកថាចោទប្រកាន់ថា អ្នកពាក់ព័ន្ធសំខាន់ គឺមេការសំណង់ ប៉ុន្តែ មេការរូបនោះបានស្លាប់ក្នុងគំនរអគារបាត់ទៅហើយ។ លោកថែមទាំង អួតអាងថា បញ្ហាបាក់រលំអគារនេះ ព្រោះមានការអភិវឌ្ឍ និងគ្មានសង្គ្រាម លោកថា បើប្រទេសកម្ពុជាមិនអាចបញ្ចប់សង្គ្រាមក៏គ្មានអគារខ្ពស់ៗសាងសង់ដូចសព្វថ្ងៃនេះដែរ៖ «អភិបាលខេត្តកែប មន្ត្រីនៅក្នុងរដ្ឋបាលខេត្ត មិនត្រូវបានដកចេញពីតំណែងទេ ខ្ញុំសូមបញ្ជាក់ ពិតមែនកើតក្នុងដែនដីរបស់ខ្លួនអស់លោកអាចយល់ទេ នៅប្រទេសនានាដែលបានកើតដូចជាសហរដ្ឋអាមេរិក នៅរដ្ឋមួយដួលអូតែលតែម្ដងអ៊ីចឹងទេអភិបាលរដ្ឋហ្នឹងគេលាលែងពីតំណែងទេ ត្រូវបានដកចេញពីតំណែងទេ ហើយបែរជារុញច្រានតែកម្ពុជា»។របាយការណ៍របស់រដ្ឋាភិបាលបង្ហាញថា ប្រតិបត្តិការសង្គ្រោះដែលប្រើពេលជាង ៤៣ម៉ោងនេះ ក្រុមការងារសង្គ្រោះ បានរុករកឃើញជនរងគ្រោះសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិត ៣៦នាក់ (ស្រី ១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន៦នាក់ (ក្មេងស្រី២នាក់) និងរបួស២៣នាក់ (ស្រី ៨នាក់)។ ជនរងគ្រោះដែលបានបាត់បង់ជីវិតត្រូវបានដឹកយកទៅប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ហើយអ្នករងរបួសត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មន្ត្រីសង្គមស៊ីវិលសមាគមអាដហុក ដែលបានតាមដានព្រឹត្តិការណ៍នេះ ឯកភាពនឹងចំនួនជនរងគ្រោះដែលត្រូវបានរកឃើញនេះ។
លោក ហ៊ុន សែន ដែលបានដឹកនាំកិច្ចអន្តរាគមន៍ជួយជនរងគ្រោះនេះ ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យបាក់រលំអគារនេះមានកំហុសធំៗ២គឺ មេការសំណង់ប្រើប្រាស់ដែកសាងសង់ មិនត្រឹមត្រូវតាមបច្ចេកទេសរបស់អ្នកគូសប្លង់ និងទី២ បណ្ដាលមកពីការឆាប់ដកពុម្ពប្លង់សេមុនកាលកំណត់៖ «ជាកំហុសរបស់មេការ មេការរូបនេះគាត់បានទទួលមរណភាពទាំងខ្លួន និងកូនទៅទៀត ប៉ុន្តែ ខ្ញុំក៏អាចបញ្ជាក់បានដែរថា ម្ចាស់សំណង់ក៏ស្ថិតទីនេះ ពេលនេះតាមដឹងស្នងការខេត្តកែប នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តកំពត»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំនៅខេត្តកែប លោក យន់ ផល្លី ដែលបានចុះឃ្លាំមើលករណីនេះ សង្កេតឃើញថា ក្រុមជួយសង្គ្រោះមានការយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ។ លោក យន់ ផល្លី យល់ថា អ្វីដែលរដ្ឋាភិបាលត្រូវដោះស្រាយបន្តគឺវិធានការផ្លូវច្បាប់លើអ្នកពាក់ព័ន្ធដែលបណ្ដាលឱ្យមានការបាក់រលំអគារ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ឱ្យដឹងទៀតថា នៅខេត្តកែប ក៏មានសំណង់អគារខ្ពស់ៗផ្សេងទៀតដែរ ដូច្នេះលោក ជំរុញរដ្ឋាភិបាល ឱ្យត្រួតពិនិត្យឡើងវិញគុណភាពសំណង់ទាំងនោះឡើងវិញ៖ «នៅខេត្តកែប ឃើញមានអគារខ្ពស់ៗ ប៉ុន្តែថា តើមានច្បាប់សាងសង់ ឬគោរពទៅតាមគោលនៃការស្នើយ៉ាងណានោះខ្ញុំក៏មិនទាន់បានក្ដាប់បានជុំវិញដែរ អ៊ីចឹងអាជ្ញាធរជំនាញពាក់ព័ន្ធគួរតែមានការត្រួតពិនិត្យឡើងវិញ ដើម្បីកុំឱ្យមានភាពថ្លោះធ្លោយបន្តទៀត»។
លោក ហ៊ុន សែន រំពឹងថា នៅពេលច្បាប់ស្ដីពីសំណង់ត្រូវបានអនុវត្តពេញលេញ បញ្ហាសំណង់នឹងត្រូវបានដោះស្រាយប្រសើរជាងនេះ។ ប៉ុន្តែ មន្ត្រីបក្សប្រឆាំងរិះគន់ថា ការដឹកនាំប្រទេសដោយគ្មានគណបក្សប្រឆាំងចូលរួមការអនុវត្តច្បាប់គឺគ្មានប្រសិទ្ធភាពឡើយ។
ករណីបាក់រលំអគារនៅខេត្តកែប នេះ ជាសោកនាដកម្ម លើកទី៣ហើយ ទី១គឺ នៅក្នុងព្រះសីហនុ ទី២ នៅខេត្តសៀមរាប ក្នុងរយៈពេល ៧ខែ ដែលករណីទាំងនេះ បណ្ដាលឱ្យមនុស្សបាត់បង់ជីវិតសរុបចំនួន ៦៧នាក់ និងរបួស៥៩នាក់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment