Saturday, 18 January 2020

អ្នក​ជំនាញ​អ.ស.ប​៣​រូប​យល់​ស្រប​គ្នា​ថា រឿង​ក្តី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​ប្រឡាក់ប្រឡូស​ដោយ​ភាព​មិន​ប្រក្រតី


ដោយ មួង ណារ៉េត
2020-01-17

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។
 RFA



អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​បី​រូប ពី​បី​ស្ថាប័ន​ផ្សេងគ្នា យល់ស្រប​គ្នា​ថា​រឿង​ក្តី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​ប្រឡាក់ប្រឡូស​ដោយ​ភាព​មិន​ប្រក្រតី តាំងពី​ដើមដំបូង រហូតដល់​ដំណាក់កាល​ជំនុំជម្រះ​ក្តី​នេះ។

នេះ​ជា​លើកទីមួយ​ហើយ ដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​បី​ផ្នែក​ផ្សេងគ្នា ជឿជាក់​យ៉ាង​មុតមាំ ថា ការចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ​នោះ គឺជា​រឿង​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់ និង​នីតិរដ្ឋ ទៅតាម​អ្វី​ដែល​ជា​ការ​អះអាង​ស៊ី​សង្វាក់​គ្នា ជាប្រចាំ​របស់​របប​លោក ហ៊ុន សែន នោះ​ឡើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ចេញ​ថ្ងៃ​ទី១៧ ខែ មករា ចេញ​ភ្លាមៗ​ក្រោយ​ការ​បិទ​បញ្ចប់​សវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា វគ្គ​ដំបូង ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១៥ និង ១៦ ខែ​មករា​នោះ អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងនេះ លើក​ឡើង​ថា ការ​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ឬ​សន្ទិដ្ឋភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ គឺ​បង្កើត​ឱ្យ​មាន​ករណី​រំលោភច្បាប់​កាន់តែ​រីក​រាលដាល រំលោភ​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​របប​លោក ហ៊ុន សែន ប្រើប្រាស់​នីតិវិធី​ច្បាប់​ទាំងនោះ មិន​ត្រឹមត្រូវ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។



អ្នក​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ទាំង​បី​រូប ដែល​រួមមាន អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​លើកស្ទួយ និង​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ លោក ដេវីត ខេ (David Kaye) និង លោក ឌីយ៉ាហ្គោ ហ្ការស៊ា-សៃយ៉ាន់ (Diego García-Sayán) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​ឯករាជ្យ ភាព​ចៅក្រម និង​មេធាវី បន្ថែម​ថា ដំណើរការ​តាំងតែ​ពី​ដើមដំបូង នៃ​ការ​ចាប់ និង​ឃុំខ្លួន​លោក កឹម សុខា គឺ​ជាប់​ប្រឡាក់ប្រឡូស​ទៅ​ដោយ​ភាព​មិន​ប្រក្រតី និង​ជា​សញ្ញាណ​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ការ​មិន​ខ្ចី​ខ្វល់​អំពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាតិ។

លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ទាំង​កម្រោល នៅ​គេហដ្ឋាន​របស់​លោក នៅ​ទីក្រុង​ភ្នំពេញ ដោយ​ចាប់​ទាំង​កណ្ដាល​អាធ្រាត្រ កាលពី​ដើមខែ កញ្ញា ឆ្នាំ​២០១៧។ នៅ​ពេល​នោះ លោក កឹម សុខា ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​​អភ័យឯកសិទ្ធិសភា។

ការ​ចាប់ខ្លួន​សមាជិក​សភា ដែល​មាន​អភ័យឯកសិទ្ធិ​ការពារ​បែបនេះ អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ទាំងនេះ ចាត់ទុកថា ជា​ការ​រំលោភ​នីតិវិធី​ច្បាប់ ដោយ​បំពាន​អភ័យឯកសិទ្ធិសភា​របស់​លោក កឹម សុខា។

ភ្លាមៗ​ក្រោយ​ការ​ចាប់ខ្លួន​លោក កឹម សុខា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ខ្លួន​លោក ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ជាប់​ព្រំដែន​វៀតណាម ដែល​នៅ​ឆ្ងាយ​ពី​ក្រុងភ្នំពេញ​។ ពេល​កំពុង​ចាប់ខ្លួន និង​ឃុំខ្លួន​ដំបូងៗ​នោះ លោក កឹម សុខា ត្រូវ​បាន​គេ​បដិសេធ មិន​ឱ្យ​មាន​មេធាវី​ការពារ​ក្តី​លោក​នោះ​ឡើយ​។ អ្នក​ជំនាញ​ទាំងនេះ រក​ឃើញ​ទៀត​ថា នេះ​ក៏​ជា​ការ​បំពាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ក្តី​ពី​មេធាវី​តំណាង​របស់​លោក កឹម សុខា នោះ​ដែរ ព្រោះ​គាត់​ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន ដោយ​គ្មាន​មេធាវី​ការពារ​ក្តី​គាត់។

លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង អស់​រយៈពេល​ជាង​មួយ​ឆ្នាំ (៥៣ សប្ដាហ៍​) ទើប​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បញ្ជា​ឱ្យ​យក​មក​ឃុំខ្លួន​បន្ត នៅ​ក្នុង​ផ្ទះ​លោក កឹម សុខា នៅ​ភ្នំពេញ។ ការ​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ​នេះ បន្ត​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​ទៀត (១០ កញ្ញា ២០១៨ ដល់ ១០ វិច្ឆិកា ២០១៩) សរុប​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​នេះ មាន​រយៈពេល​ជាង​ពីរ​ឆ្នាំ។

តាម​គោលការណ៍​ច្បាប់​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​មុន​សវនាការ​លើ​អង្គសេចក្ដី​ក្នុង​ករណី​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ គឺ​មិន​អាច​លើស​ពី​រយៈពេល ១៨​ខែ​បាន​ឡើយ​។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​មាត្រា ២០៨ ចែងថា ចៅក្រម​ស៊ើបសួរ​អាច​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ម្ដង​បាន ៦​ខែ និង​អាច​សម្រេច​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​បាន​តែ​ពីរ​ដង​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​លើស​ពី ១៨​ខែ​នោះ​ឡើយ។

មន្ត្រី​អង្គការសហប្រជាជាតិ​ទាំងនេះ ចាត់​ទុក​ការ​ឃុំខ្លួន​បែបនេះ គឺ​ការរំលោភ​នីតិវិធី​ច្បាប់​កម្ពុជា ដែល​មិន​អនុញ្ញាត​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ លើស​ពី​រយៈពេល​កំណត់​ដោយ​ច្បាប់​នោះ​ឡើយ។

ឥឡូវ លោក កឹម សុខា ត្រូវ​បាន​តុលាការ​បញ្ជូន​ខ្លួន​ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ ការ​ជំនុំជម្រះ​ក្តី​នេះ ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ដោយ​មិន​ឱ្យ​សាធារណជន​ទូទៅ ជាពិសេស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ ដើម្បី​ស្ដាប់ និង​តាមដាន​ការ​កាត់​ក្តី​នេះ​ឡើយ លើកលែងតែ​មន្ត្រី​ទូត​ប៉ុន្មាន​នាក់ ដែល​តុលាការ​អនុញ្ញាត​។ មិនតែប៉ុណ្ណោះ ទាំង​មេធាវី​ការពារ​ក្តី​របប​លោក ហ៊ុន សែន ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​របប​នេះ ជា​ច្រើន​រូប​ផ្សេងទៀត តែងតែ​ថ្លែង​សារ​ជា​សាធារណៈ អំពី​ការ​សន្មត​ថា លោក កឹម សុខា ជា​អ្នក​មានទោស​ជាមុន​រួចទៅ​ហើយ ទោះ​លោក កឹម សុខា មិនទាន់​ត្រូវ​បាន​តុលាការ​សម្រេច​ក្តី ថា​យ៉ាងម៉េច​នៅឡើយ​។ ប្រការ​នេះ អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងនេះ ថា​ធ្វើ​ឱ្យ​ដំណើរ​ការ​រក​យុតិ្តធម៌ តាម​ផ្លូវ​តុលាការ​នេះ រង​ភាព​សៅហ្មង និង​មន្ទិល​ផង​ដែរ។

ជុំវិញ​ការ​មិន​អនុញ្ញាត ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ ដើម្បី​ផ្សាយ​ដំណើរការ​ក្តី​លោក កឹម សុខា​នេះ អង្គការ​សង្គម​ស៊ីវិល​ជាង ៨០ (៨២ អង្គការ​) កាលពី​ថ្ងៃ​ទី ១៦ ខែ មករា បាន​អំពាវនាវ​ឱ្យ​តុលាការ ធ្វើ​យ៉ាងណា​រក​លទ្ធភាព បើកទូលាយ​ឱ្យ​មានការ​ផ្សព្វផ្សាយ អំពី​ដំណើរការ​ក្តី​លោក កឹម សុខា ដើម្បី​ឱ្យ​សាធារណជន​ទូទៅ បាន​ដឹង ដោយ​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ចូលរួម​តាមដាន​ដោយ​ផ្ទាល់ ក្នុង​សវនាការ​នេះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ យល់ថា​នេះ​គឺជា​ពេលវេលា​មួយ​បញ្ជាក់​កាន់តែ​ច្បាស់ អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កម្ពុជា​ត្រូវតែ​ពិចារណា​ឡើងវិញ​។ នាយករង​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ថា មន្ត្រី​ជំនាញ​អង្គការ​សហប្រជាជាតិ ច្បាស់​ជា​បាន​ស្រាវជ្រាវ និង​សិក្សា​ល្អិតល្អន់​ណាស់ មុននឹង​ហ៊ាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចំៗ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​។ លោក យល់​ឃើញ​ថា បើ​ទោះ​បី​ករណី​លោក កឹម សុខា​នេះ រង​ការរិះគន់​ជុំ​ទិស ថា មាន​ភាព​មិន​ក្រ​ត្រី និង​រំលោភ​នីតិវិធី​យ៉ាង​ណា​ក្តី ក៏​លោក​យល់ថា បើ​រដ្ឋាភិបាល​បើកចំហ​ឱ្យ​មាន​តម្លាភាព ក្នុង​រឿង​ក្តី​លោក កឹម សុខា នៅ​ពេល​នេះ ក៏​គ្រាន់បើ​ជាង​មិន​ធ្វើ​អ្វី​សោះ​នោះ​ដែរ ហើយ​ទុក​ឱ្យ​សាធារណមតិ​ទូទៅ​ជា​អ្នក​សម្រេច​តាម​ហ្នឹង៖ «ខ្ញុំ​គិត​ថា (​បើ​ធ្វើ​ដូច្នេះ​បាន​) គឺជា​ការ​បង្ហាញ​តម្លាភាព​មួយ​ល្អ​ប្រសើរ​មួយ​គ្រាន់បើ​ជាង​នេះ ព្រោះ​សវនាការ​នេះ​បើ​តាម​ការ​គ្រោង​រយៈពេល​បី​ខែ​។ ដូច្នេះ​ការវិនិច្ឆ័យ​យ៉ាងណា គឺ​វា​ទៅតាម​ការពិត»។ចំណែក​ឯ​សហរដ្ឋអាមេរិក​ឯណោះ ដែល​មាន​មន្ត្រី​ទូត​របស់​ខ្លួន បាន​ចូល​ទៅ​តាមដាន​សវនាការ​ដោយ​ផ្ទាល់ ក្នុង​បន្ទប់​សវនាការ ក៏​មិន​ពេញចិត្ត នឹង​ការ​មិន​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​តាមដាន​ស្ដាប់​ដំណើរការ​ក្តី​នេះ​នោះ​ដែរ​។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg) តាម​សម្ដី​ដកស្រង់​ក្នុង​សារព័ត៌មាន VOD បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ ពិចារណា​បញ្ហា​នេះ​ឡើងវិញ​។ អ្នកស្រី អេមីលី រម្លឹក​ថា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចូលរួម​សកម្ម​ក្នុង​កិច្ចការ​សង្គម រួមទាំង​ការ​មិន​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ផង គឺជា​ធាតុ​ផ្សំ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ នៃ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ណា​ក៏​ដោយ។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​របប​ក្រុងភ្នំពេញ មិន​ឆ្លើយតប​ចំៗ ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​មន្ត្រី​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ទាំងនេះ​នោះ​ទេ។ ប៉ុន្តែ លោក​នៅតែ​អះអាង​ថា តុលាការ​កម្ពុជា មាន​ឯករាជ្យ​គ្រប់គ្រាន់ ក្នុង​ការ​កាត់​ក្តី​សំណុំរឿង​លោក កឹម សុខា​នេះ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា បើ​ចង់​ដឹង​ថា នីតិវិធី​តុលាការ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​មានតែ​អ្នកឯកទេស​ច្បាប់​ប៉ុណ្ណោះ ដែល​អាច​ពន្យល់​បាន​។ គ្មាន​ស្ថាប័ន ឬ​បុគ្គល​ដទៃ​ណា អាច​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​នេះ​បានទេ៖ «ចំពោះ​ទិដ្ឋភាព​ច្បាប់ និង​ដំណើរការ​នីតិវិធី​ច្បាប់​នៃ​សំណុំរឿង​ហ្នឹង គឺ​មានតែ​មេធាវី​ទេ ដែល​អាច​ដឹង​ច្បាប់ និង​ធ្វើការ​ពន្យល់​បាន​។ ប៉ុន្តែ កា​រិះគន់ ការ​​តិទៀន​ពី​ភាគី​ណាក៏ដោយ រួម​ទាំង​អ្នកគាំទ្រ​លោក កឹម សុខា និង​អតីត​បក្ស​ប្រឆាំង នឹង​មិន​មាន​ឥទ្ធិពល​ទៅលើ​ការសម្រេច​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ»។

ជា​ចុងក្រោយ​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងនេះ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ត្រូវតែ​ធ្វើ​យ៉ាងណា ធានា​រក​យុត្តិធម៌​ជូន​លោក កឹម សុខា និង​ត្រូវ​ធ្វើ​ជាបន្ទាន់ ដោយ​ដក​បម្រាម​ទាំងអស់ ដែល​រឹតត្បិត​លោក កឹម សុខា និង​ត្រូវ​ផ្ដល់​នីតិសម្បទា និង​សិទ្ធិ​នយោបាយ​ពេញលេញ​វិញ ជូន​លោក កឹម សុខា ព្រមទាំង​សងជំងឺចិត្ត​ដល់​លោក កឹម សុខា ដើម្បី​ជួសជុល​ការ​ខូចខាត ពី​ការ​រំលោភបំពាន​មក​លើ​រូប​លោក៕

1 comment:

Anonymous said...

How can Ah Chrouk Yem PonhaRith can go back to Cambodia without facing any consequence ??
Ah Chrouk Yem Ponharith and Kanha Leukeu Kem MonoShittia have given Khmer people so much headache.