Wednesday, 8 January 2020
របបក្រុងភ្នំពេញ បង្កើនថវិកាឃុំ-សង្កាត់ ទាបជាង ៤ ដងនៃអ្វីដែលគណបក្សប្រឆាំងធ្លាប់ទាមទារ
ដោយ អាស៊ីសេរី
2020-01-07
ពលរដ្ឋមើលអាជ្ញាធរក្រុងបាត់ដំបង ចុះពិនិត្យទីតាំងដាក់លូរំដោះទឹកនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ RFA
RFA
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលនឹងដំឡើងកញ្ចប់ថវិកា ឃុំ/សង្កាត់នីមួយៗ ប្រមាណ ១២ម៉ឺន ២ពាន់ដុល្លារ (១២២.០០០) នៅឆ្នាំ ២០២០ ដើម្បីអភិវឌ្ឍថ្នាក់មូលដ្ឋាន។ ការតម្លើងថវិកានេះ នៅទាបជាង ៤ដង នៃកញ្ចប់ថវិកា ដែលគណបក្សសង្គ្រោះជាតិ ធ្លាប់សន្យាថានឹងតម្លើង ឲ្យបានពេលគណបក្សនេះឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល។ មន្ត្រីសង្គមស៊ីវិលថា ពិបាកទុកចិត្តអាជ្ញាធរឃុំ/សង្កាត់ ក្នុងការចាយវាយកញ្ចប់ថវិកានេះ ដោយសារគ្មានបក្សប្រឆាំងចូលរួមតាមដាន។
លោក ហ៊ុន សែន បានថ្លែងអំពីការដំឡើងកញ្ចប់ថវិកា ឃុំ/សង្កាត់ នៅថ្ងៃខួបលើកទី ៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ដែលប្រារព្ធនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ មករា។
«ក្នុងឆ្នាំ ២០២០ ឃុំ/សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាធម្យមប្រមាណ ១២ម៉ឺន ២ពាន់ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានប្រមាណ ៧ម៉ឺនដុល្លារ ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាននេះនឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៣ រដ្ឋបាលឃុំ/សង្កាត់នីមួយៗ នឹងទទួលថវិកាសរុបជាមធ្យមជាង ១៣ម៉ឺន ២ពាន់ដុល្លារ »។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា ដំណើរការអនុវត្តប្រជាធិបតេយ្យនៅតាមឃុំ/សង្កាត់នៅមានកម្រិត អាចជួបបញ្ហាអវិជ្ជមាន ដោយសារតែរឿង ការរំលាយគណបក្សសង្គ្រោះជាតិ ដែលអាចជាផ្នែកមួយ ធ្វើឱ្យការសម្រេចចិត្តអភិវឌ្ឍន៍ និងការប្រើប្រាស់ថវិកាឃុំ/សង្កាត់ គ្មានតម្លាភាព និងអាចមានអំពើពុករលួយជាដើម។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថ្លែងថា លោកពិបាកទុកចិត្តចំពោះការចាយវាយកញ្ចប់ថវិកាឃុំ/សង្កាត់នេះ ដោយសាររដ្ឋាភិបាលបានរំសាយគណបក្សប្រឆាំង។ លោកថា ការចាយវាយកញ្ចប់ថវិកាឃុំ/សង្កាត់កន្លងទៅ អាជ្ញាធរឃុំ/សង្កាត់នីមួយៗ មិនបានបើកទូលាយ ឱ្យពលរដ្ឋបានដឹងឮនោះទេ ហើយការអភិវឌ្ឍ ក៏មិនបង្ហាញពីកញ្ចប់ថវិកាជាសាធារណៈនោះដែរ។ លោកផ្តល់ទស្សនថា ដើម្បីបង្ហាញពីតម្លាភាព ការប្រើប្រាស់កញ្ចប់ថវិកាឃុំ/សង្កាត់គួរតែ រៀបចំឱ្យមានតំណាងពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលវិលចូលរួមតាមដាននិងដឹងឮ៖ «ការចំណាយថវិកាឃុំ/សង្កាត់វាមិនច្បាស់លាស់ មិនតម្លាភាពអ៊ីចឹង អាហ្នឹងយើងឃើញថា មានការរអ៊ូរទាំ។ ការអភិវឌ្ឍហ្នឹងទៀត ការអភិវឌ្ឍដោយដុំៗ ខ្សែខាងបក្សឃុំសង្កាត់ច្រើន គេអភិវឌ្ឍន៍តំបន់នោះ។ ទម្លាក់លុយពីថ្នាក់ជាតិទៅ ក៏ប៉ុន្តែឃុំ/សង្កាត់មួយចំនួនអភិវឌ្ឍន៍នៅមានកម្រិត នៅមានការតិចតួចនៅឡើយ ហើយប្រសិនបើជាទម្លាក់កញ្ចប់ថវិកា មើលសិនគ្រប់ជ្រុងជ្រោយ ជារឿងមួយដែលយើងគិតថា មិនអាចមានប្រសិទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឈហ្នឹងនៅឡើយទេ »។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យថា យល់ថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ឱ្យកម្មវិធីវិនិយោគ របស់ឃុំ/សង្កាត់ មានការឆ្លើយតប ជាមួយគោលការណ៍អភិបាលកិច្ចល្អ មានន័យថា ចាប់ផ្តើមពីដំណាក់ការពិគ្រោះយោបល់ ការកសាងផែនការ និងការធ្វើផែនការថវិកា ត្រូវតែឆ្លងកាត់ការចូលរួមពីពលរដ្ឋនៅមូលដ្ឋាន ដើម្បីឱ្យសេចក្ដីត្រូវការរបស់ពលរដ្ឋ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគរបស់ឃុំ/សង្កាត់នីមួយៗ។ លោកថា រដ្ឋាភិបាលគួរតែពិនិត្យមើលអាទិភាពនៃកម្មវិធីវិនិយោគឱ្យច្បាស់លាស់ ដូចជា ការកសាងផ្លូវថ្នល់ជាដើម ត្រូវតែពិនិត្យពីរបៀបធ្វើផ្លូវឱ្យមានគុណភាពខ្ពស់ និងស្តង់ដារ គ្មានអំពើពុករលួយ«ដំណើរការប្រជាធិបតេយ្យនៅតាមឃុំ/សង្កាត់នៅមានកម្រិត អាចជួបបញ្ហាដោយសារតែរឿង រំលាយគណបក្សសង្គ្រោះជាតិ។ អាហ្នឹងអាចជាជ្រុងមួយ ដែលគេមើលឃើញដែរ។ ចំណុចនេះគេកត់សម្គាល់ អំពីឥទ្ធិពលរបស់អ្នក សម្រេចចិត្ត ឬក៏ឥទ្ធិពលរបស់មេឃុំ/ចៅសង្កាត់ជាមួយនឹងការកៀរគរការចូលរួមពីពលរដ្ឋដែរ»។
បើតាមច្បាប់ថវិកាជាតិប្រចាំឆ្នាំ ២០២០ ដែលកម្ពុជាគ្រោងចំណាយជាង ៨ពាន់លានដុល្លារ ថវិកាឃុំ-សង្កាត់ ដែលរបបក្រុងភ្នំពេញតម្លើងនេះ គឺស្មើនឹងជាង ២០០ លានដុល្លារ ឬមិនដល់ ២,៥% នៃថវិកាជាតិសរុបនោះទេ។ ថវិកានេះ គឺទាបជាង ៤ ដងនៃថវិកា ដែលគណបក្សសង្គ្រោះជាតិ ធ្លាប់សន្យាថានឹងផ្តល់ដល់ឃុំ-សង្កាត់ទាំង ១៦៤៦ នៅទូទាំងប្រទេស ប្រសិនបើគណបក្សនេះជាប់ឆ្នោត ដឹកនាំរដ្ឋាភិបាល។
គណបក្សសង្គ្រោះជាតិ កាលមិនទាន់ត្រូវបានរបបក្រុងភ្នំពេញរម្លាយចោល បានសន្យាថា នឹងផ្ដល់ថវិកា កន្លះលានក្នុង ១ឆ្នាំ ទៅគ្រប់ឃុំ-សង្កាត់ ឱ្យទាល់តែបាន នៅពេលដែលគណបក្សនេះ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល នៅឆ្នាំ២០១៨។ គណបក្សប្រឆាំងនេះ ក៏បានយកបញ្ហាតម្លើងថវិកាឃុំ-សង្កាត់នេះ ដាក់ជាគោលនយោបាយ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែឧសភា ឆ្នាំ ២០១៧។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ ២០១៧នោះ គណបក្សនេះ បានសំឡេងឆ្នោតគាំទ្រ ជាងបីលាននាក់ ឬស្មើនឹងជិតពាក់កណ្តាលប្រទេស និងឈ្នះអសនៈឃុំសង្កាត់ជិត ៥០០ ឃុំ-សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់ទាំង ១៦៤៦ នោះ។ ប៉ុន្តែ គណបក្សប្រឆាំង មិនអាចបំពេញតាមការសន្យា ក្នុងការតម្លើងថវិកាឃុំ-សង្កាត់នេះ បាននៅឡើយ ក៏ត្រូវគណបក្សកាន់អំណាចរម្លាយចោលទាំងស្រុង និងដកហូតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតទាំងអស់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment