Wednesday, 22 January 2020
សាលាឧទ្ធរណ៍បន្ថយទោសរបស់លោក ម៉ៃ ហុងស្រៀង សកម្មជនបក្សប្រឆាំង ពីជាប់ពន្ធនាគារ ១៨ខែ មកនៅ ៨ខែ
ដោយ អាស៊ីសេរី
2020-01-21
លោក ម៉ៃ ហុងស្រៀង សកម្មជនបក្សប្រឆាំងនៅខេត្តព្រះសីហនុ ពេលនគរបាលនាំមកធ្វើសវនាការនៅសាលាឧទ្ធរណ៍ នៅព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកអ្នកស្រី គា ស៊ីសុគន្ធី
ចៅក្រមសាលាឧទ្ធរណ៍ សម្រេចបន្ធូរបន្ថយទោសឲ្យសកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង ពីជាប់ពន្ធនាគារ ១៨ខែ មកនៅត្រឹម ៨ខែវិញ។ ទោះជាបែបនេះក្តី ភរិយា និងអ្នកឃ្លាំមើលសិទ្ធិមនុស្សសោកស្ដាយ ដែលតុលាការនៅតែមិនដោះលែង និងទម្លាក់បទចោទប្រឆាំងអ្នកគាំទ្របក្សប្រឆាំងរូបនេះ ។
ភរិយារបស់លោក ម៉ៃ ហុងស្រៀង គឺ អ្នកស្រី គា ស៊ីសុគន្ធី មិនពេញចំពោះការ បន្តឃុំខ្លួនស្វាមី ក្នុងពន្ធនាគារជាង ២ខែទៅមុខទៀតទេ ដោយអះអាង ដដែលថា លោក ម៉ៃ ហុងស្រៀង ជាមនុស្សស្អាតស្អំ គ្មានទោសកំហុស។ អ្នកស្រី ហៅការបន្តឃុំខ្លួននេះ ថា អយុត្តិធម៌ ខណៈស្ថានភាពជំងឺរបស់ លោក ម៉ៃ ហុងស្រៀង កាន់តែធ្ងន់ធ្ងរ ដោយអ្នកស្រីថា លោកដេកយប់ មិនបាន ព្រោះកើតកមរមាស់ពេញខ្លួន និងឈើម្ដុំឆ្អឹងកៀបសរសៃខ្នង ព្រោះត្រូវដេកផ្អៀងមួយចំហៀងរាល់យប់ មិនអាចប្រែខ្លួន ត្រលប់ម្ខាងទៀតបាន ដោយសារបន្ទប់ឃុំឃាំង ចង្អៀតណែន៖ «ខ្ញុំស្ដាយខកចិត្តខ្លាំង ដោយសារគិតថា ព្រឹកមិញត្រូវរួចខ្លួន ហើយឥឡូវ ត្រូវអូសបន្លាយដល់ទៅជាង២ខែទៀត»។
លោក ម៉ៃ ហុងស្រៀង គឺជាសកម្មជនបក្សប្រឆាំងនៅក្រុងព្រះសីហនុ។ លោកធ្លាប់ភៀសខ្លួនចេញក្រៅប្រទេសម្ដង កាលពីចុងឆ្នាំ២០១៧ ក្នុងកំឡុងយុទ្ធនាការបង្ខំសកម្មជនបក្សប្រឆាំងចុះចូលជាមួយបក្សកាន់អំណាច។ បន្ទាប់មកលោកបានត្រលប់វិលចូលប្រទេសកម្ពុជាវិញ នៅពាក់កណ្ដាលឆ្នាំ២០១៨ តែមិនទាន់ហ៊ានត្រលប់ទៅផ្ទះវិញទេ ដោយស្នាក់នៅជាមួយមិត្តភក្ដិនៅម្ដុំស្រុកព្រៃនប់មួយរយៈសិន។
ទោះយ៉ាងនេះក្ដី លោក នៅតែបង្ហោះសាររិះគន់របបក្រុងភ្នំពេញ ដោយគ្មានសំចៃដដែល។ នៅចុងខែកក្កដា ឆ្នាំ២០១៨ លោកត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឡោមព័ទ្ធ កន្លែងលាក់ខ្លួន និងដេញចាប់ទាំងកណ្ដាលយប់។ លោក បានផ្លោះរបងរត់កាត់ព្រៃ គេចខ្លួនមកភ្នំពេញ ហើយត្រូវប៉ូលិសចាប់នៅខណ្ឌពោធិ៍សែនជ័យ។ របបក្រុងភ្នំពេញ បានចោទប្រកាន់លោក ថា បានបង្ហោះសាររិះគន់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ និងមានបំណងគាំទ្រសកម្មភាពវិលចូលប្រទេសរបស់ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
នៅដំណាក់កាល សាលាដំបូងរាជធានីភ្នំពេញ ចៅក្រម បានកាត់ក្ដីឲ្យ លោក ម៉ៃ ហុងស្រៀង ជាប់ឃុំពន្ធនាគារ ១ឆ្នាំកន្លះ តែលោក មិនសុខចិត្តនឹងសាលក្រមនេះ ទើបប្ដឹងឡើងឧទ្ធរណ៍។ គិតត្រឹមថ្ងៃប្រកាសសាលដីកាឧទ្ធរណ៍ ថ្ងៃទី២១ មករា លោក ម៉ៃ ហុងស្រៀង បានជាប់ឃុំនៅពន្ធនាគារព្រៃស ចំនួន ៥ខែ ២០ថ្ងៃហើយ។
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីមេធាវី ការពារក្ដីឲ្យលោក ម៉ៃ ហុងស្រៀង គឺលោកមេធាវី កែត ឃី បាននៅឡើយទេ នៅថ្ងៃទី២១ មករា។ ភរិយារបស់ លោក ម៉ៃ ហុងស្រៀង មិនទាន់ដឹងថា ស្វាមីអ្នកស្រីនឹងពឹងពាក់មេធាវី សុំប្ដឹងសារទុក្ខ ទៅតុលាការកំពូល ប្រឆាំងនឹងការសម្រេចរបស់សាលាឧទ្ធរណ៍នេះ ឬអត់នោះទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត យល់ថា ចៅក្រមសាលាឧទ្ធរណ៍ មិនគួរអូសបន្លាយរឿងក្ដីក្ដាំ ពាក់ព័ន្ធនឹងរឿងនយោបាយនេះបន្តទៀតទេ គឺ គួរតែដោះលែង និងទម្លាក់បទចោទប្រកាន់ប្រឆាំង លោក ម៉ៃ ហុងស្រៀង ព្រោះនេះជារឿងនយោបាយ៖ «សោកស្ដាយថា ទោះយ៉ាងណា លោក ហុងស្រៀង មិនត្រូវឲ្យជាប់ពន្ធនាគារបន្តទៀតដែរ បើទោះសាលាឧទ្ធរណ៍បន្ធូរបន្ថយទោស ក៏ដោយ»។
លោក ម៉ៃ ហុងស្រៀង ជាសកម្មជនបក្សប្រឆាំងម្នាក់ ក្នុងចំណោមសកម្មជនបក្សប្រឆាំង ជិត ១០០នាក់ ដែលត្រូវបានរបបក្រុងភ្នំពេញ បង្ក្រាបក្នុងយុទ្ធនាការ ទប់ទល់នឹងដំណើរមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី។ លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ បានបញ្ជាឲ្យមន្ត្រីក្រសួងយុត្តិធម៌ ទៅសម្រួលជាមួយតុលាការឱ្យដោះលែងសកម្មជនទាំងនោះ បានជាង៧០នាក់ហើយ។ មេធាវីកាន់ក្ដីឲ្យអ្នកទោសនយោបាយ នៃគណបក្សសង្គ្រោះជាតិ លោក សំ សុគង់ និយាយថា នៅសល់អ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយ ជាង១០នាក់ទៀត មិនទាន់ទទួលបាន ការដោះលែងបណ្ដោះអាសន្ននៅឡើយទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment