Thursday, 9 January 2020
អ្នកជំនាញថា សន្តិសុខជាតិរបស់កម្ពុជានឹងត្រូវអន្តរាយ បើបន្តពឹងផ្អែកចិន ក្នុងឆ្នាំ២០២០នេះ
ដោយ មាន ឫទ្ធិ
2020-01-08
rfa
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវិមានសន្តិភាព ប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
Photo: RFA
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ វាយតម្លៃថា ឆ្នាំ២០១៩កន្លងទៅ ជាឆ្នាំដែលចិន បានបង្ហាញចេតនាកាន់តែច្បាស់ ធ្វើជាចៅហ្វាយនាយរបស់កម្ពុជា។ ពួកគេព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តពឹងផ្អែកលើប្រទេសចិនក្នុងឆ្នាំ២០២០នេះ នោះហេតុការណ៍នេះនឹងធ្វើឱ្យប៉ះពាល់ ឬអន្តរាយដល់សន្តិសុខជាតិរបស់កម្ពុជា ហើយកម្ពុជានឹងក្លាយជា «អាយ៉ង» របស់ចិន។
អ្នកជំនាញកិច្ចការអន្តរជាតិ វាយតម្លៃថា ក្នុងឆ្នាំ២០១៩ កន្លងទៅ ចិនបានបង្ហាញចេតនាកាន់តែច្បាស់ ជុំវិញផែនការធ្វើជាចៅហ្វាយនាយរបស់កម្ពុជា។ សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ថា ផែនការធ្វើជាចៅហ្វាយនាយកម្ពុជានេះ ស្ដែងឱ្យឃើញតាមរយៈ ការដាក់មូលដ្ឋានកងទ័ពជើងទឹក និងការសាងសង់ព្រលានយន្តហោះខ្នាតយក្សនៅខេត្តកោះកុង ដែលអាចអនុញ្ញាតឱ្យយន្តហោះកងទ័ពអាកាសរបស់ចិន ចុះចតបាន។ លោកហៅទង្វើទាំងនេះថា ជាការដាក់អាណានិគមសម័យទំនើបរបស់ចិនមកលើកម្ពុជា។ បណ្ឌិត អៀ សុផល អះអាងថា ដើម្បីបញ្ចៀសពីការចោទប្រកាន់ថា ខ្លួនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅកម្ពុជា របបក្រុងភ្នំពេញចេញលិខិតឆ្លងដែនកម្ពុជាឱ្យមន្ត្រីយោធាចិនកាន់ ហើយតែងតាំងពួកគេ ចូលទៅក្នុងជួរមន្ត្រីយោធារបស់កម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ព្រមានថា របបក្រុងភ្នំពេញកំពុងតែធ្វើឱ្យរង្គោះរង្គើដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយសារតែការបង្កើតទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយប្រទេសចិននេះ។ បណ្ឌិត អៀ សុផល ក៏មើលឃើញដែរថា ក្នុងឆ្នាំ២០២០នេះ របបក្រុងភ្នំពេញនឹងបន្តឱបក្រសោបក្រុងប៉េកាំង ដែលធ្វើឱ្យកម្ពុជាក្លាយជា «អាយ៉ង» របស់ចិន។
អ្នកវិភាគគោលនយោបាយការបរទេស និងជាអ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល។
អ្នកវិភាគគោលនយោបាយការបរទេស និងជាអ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល។ Facebook
ការបន្តឱបក្រសោបក្រុងប៉េកាំង ពីសំណាក់របបក្រុងភ្នំពេញនេះ ក៏ត្រូវអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ស្របដែរ។ លោកវាយតម្លៃថា នៅឆ្នាំ២០២០នេះ ទំនាក់ទំនងរវាងកម្ពុជា-ចិន នឹងនៅតែល្អដូចឆ្នាំ២០១៩ដែរ។ ក៏ប៉ុន្តែ លោកថា ទំនាក់ទំនងនេះអាចនឹងប្រែប្រួល អាស្រ័យទៅលើកត្តាសហភាពអឺរ៉ុបសម្រេចថា តើត្រូវដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA និងកត្តាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក៖ «ចរន្តទំនាក់ទំនងទ្វេភាគីនេះឯង ខ្ញុំគិតថា វានឹងប្រែប្រួលនៅពេលដែលមានវិធានការណ៍ពីសហគមន៍អឺរ៉ុប ហើយនឹងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹង EBA ហើយនឹងពាក់ព័ន្ធនឹងកិច្ចទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក អាចជំរុញឱ្យមានការប្រែប្រួលរវាងទំនាក់ទំនងកម្ពុជា-ចិន អាចឱ្យកាន់តែស្អិតល្មួតជាងមុន ហើយនឹងអាចកាន់តែធ្វើឱ្យកម្ពុជា-ចិនត្រូវការគ្នា បានន័យថា កម្ពុជាត្រូវការចិនច្រើនជាង។ ក៏ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្ម អាចថយចុះប្រសិនបើមានសម្ពាធពាណិជ្ជកម្មពីអឺរ៉ុប ឬក៏ពីអាមេរិក»។
លោក ឯម សុវណ្ណារ៉ា ព្រមានថា ការប្រែប្រួលទំនាក់ទំនងកាន់តែស្អិតល្មួតរវាងកម្ពុជា និងចិននេះ ក៏នឹងមិនអាចឱ្យប្រទេសជិតខាងកម្ពុជាមើលរម្លង ឬមិនព្រួយបារម្ភបាននោះដែរ ជាពិសេសប្រទេសវៀតណាមតែម្ដង ដែលជាសត្រូវរបស់ចិនស្រាប់។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បដិសេធធ្វើអត្ថាធិប្បាយជុំវិញបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះលើឆាកអន្តរជាតិក្នុងឆ្នាំ២០១៩កន្លងទៅ និងចក្ខុវិស័យនៃគោលនយោបាយការបរទេសរបស់កម្ពុជាសម្រាប់ឆ្នាំ២០២០។
ក្នុងឱកាសទិវារំឮកខួប៧មករា លើកទី៤១ លោក ហ៊ុន សែន នៅតែគូសបញ្ជាក់ជំហរដដែលថា របបរបស់លោកការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យជាតិ។ លោកថ្លែងការពារថា មិនមានការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ឬរំលោភសិទ្ធិសេរីភាពនៅកម្ពុជានោះទេ ដូច្នេះហើយពុំមានមូលហេតុត្រឹមត្រូវក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះទេ។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ហាក់បង្ហាញតម្រុយចង់រក្សាទំនាក់ទំនងល្អជាមួយក្រុមប្រទេសលោកខាងលិច ដែលលោកថា ធ្លាប់មានទស្សនៈមិនល្អចំពោះកម្ពុជា៖ «ខ្ញុំក៏សង្ឃឹមផងដែរថា ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសខ្លះ ដែលធ្លាប់មានទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងត្រូវបានថែរក្សាពូនជ្រំលើកស្ទួយឱ្យល្អប្រសើរឡើង ដែលនឹងមិនក្លាយជាចំណាប់ខ្មាំងនៃទំព័រដ៏ខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្រឡើយ»។
ជុំវិញការចង់កែលម្អទំនាក់ទំនងជាមួយក្រុមប្រទេសលោកខាងលិចឡើងវិញនេះ អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត និងជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Naresuan ប្រទេសថៃ បណ្ឌិត ប៉ូល ឆែមប៊័រ (Paul Chambers) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា ប្រសិនបើលោក ហ៊ុន សែន អាចរក្សាតុល្យភាពបានល្អប្រសើរក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក នោះផលប្រយោជន៍របស់កម្ពុជានៅលើឆាកអន្តរជាតិ នឹងត្រូវបានរក្សាបានល្អ។ ក៏ប៉ុន្តែ លោកព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តពឹងផ្អែកលើចិន នោះការណ៍នេះ នឹងប៉ះពាល់ដល់កម្ពុជា ដោយសារតែវាបានធ្វើឱ្យទន់ខ្សោយដល់សន្តិសុខជាតិរបស់កម្ពុជា។ លោកផ្ដល់អនុសាសន៍ថា មានរឿងរ៉ាវចំនួនពីរដែលកម្ពុជាគួរធ្វើក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិក្នុងឆ្នាំ២០២០នេះ។ រឿងរ៉ាវទីមួយ គឺការរក្សាតុល្យភាពឱ្យបានប្រសើររវាងប្រទេសចិន និងសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប ដើម្បីទទួលបាននូវសម្បទានកាន់តែប្រសើរពីក្រុមប្រទេសទាំងនេះ។ រឿងរ៉ាវទីពីរ លោកថា កម្ពុជាត្រូវធ្វើឱ្យសហភាពអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិកផង ស្ងប់ចិត្ត តាមរយៈការកែលម្អស្ថានភាពសិទ្ធិមនុស្ស ដើម្បីជាមធ្យោបាយកែលម្អទំនាក់ទំនងជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយមិនត្រូវពឹងផ្អែកទាំងស្រុងតែទៅលើប្រទេសចិនច្រើនពេកនោះទេ។
រូបទង់ជាតិនៃប្រទេសកម្ពុជា និងប្រទេសចិន។
រូបទង់ជាតិនៃប្រទេសកម្ពុជា និងប្រទេសចិន។ Photo: RFA
បណ្ឌិត អៀ សុផល វិញ ផ្ដល់អនុសាសន៍ថា របបក្រុងភ្នំពេញគួររក្សាតុល្យភាពជាមួយចិន ហើយការពារឯករាជ្យ និងអធិបតេយ្យរបស់ខ្លួនឱ្យបានពិតប្រាកដ។ លោកថា ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើក្រុមប្រទេសលោកខាងលិច តែរបបក្រុងភ្នំពេញបែរជាមានទំនោរខ្លាំងទៅលើក្រុងប៉េកាំងខ្លាំងទៅវិញ។ លោកថា របបក្រុងភ្នំពេញចាំបាច់ត្រូវដាក់កម្រិតចំពោះបញ្ហានេះ ព្រោះរបបនេះបានដើរហួសឆ្ងាយដោយផ្អៀងទៅរកចិនកាន់តែខ្លាំងហើយនោះ។
សហព័ន្ធភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំង ដែលជាបណ្តុំភ្នាក់ងារចារកិច្ចចំនួន ១៧ស្ថាប័ន ក្នុងនោះរួមមានទាំងភ្នាក់ងារ សេ.អ៊ី.អា (CIA) ផង កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩កន្លងទៅ ធ្លាប់បានដាក់លោក ហ៊ុន សែន ចូលក្នុងបញ្ជីនៃឈ្មោះក្រុមមេដឹកនាំ «បង្កការគំរាមកំហែងប្រចាំតំបន់» អាស៊ីអាគ្នេយ៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក និងអត្ថប្រយោជន៍អាមេរិក នៅលើពិភពលោក។ ស្ថាប័ននេះធ្លាប់គូសបញ្ជាក់ត្រង់ៗថា លោក ហ៊ុន សែន បានធ្វើឱ្យរបបរបស់លោកនៅឯកោ ដាច់ឆ្ងាយពីដៃគូបស្ចិមប្រទេសដទៃទៀត ហើយការណ៍នេះ កំពុងធ្វើឱ្យរបបលោកត្រូវពឹងផ្អែកទៅលើការគាំទ្រទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុពីសំណាក់ក្រុងប៉េកាំង ដែលនឹងបណ្ដាលឱ្យរបបលោក ហ៊ុន សែន កាន់តែមានចំណងស្អិតល្មួតជាមួយចិន កាន់តែខ្លាំងឡើងៗ។ លើសពីនេះទៀត សហព័ន្ធភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំងដដែលវាយតម្លៃថា ការរអិលធ្លាក់របស់កម្ពុជាចូលទៅក្នុងរបបគ្រប់គ្រងបែបផ្ដាច់ការនិយម នឹងបើកផ្លូវឱ្យរបបនេះអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានវត្តមានយោធាចិននៅក្នុងប្រទេសកម្ពុជាបាន។ ការវាយតម្លៃនេះ កើតមានឡើងជាបន្តបន្ទាប់ទន្ទឹមនឹងមានការទម្លាយ ព័ត៌មានដោយកាសែតល្បីឈ្មោះរបស់អាមេរិកាំង ឈ្មោះ The Wall Street Journal តាមរយៈប្រភពពីមន្ត្រីជាន់ខ្ពស់យោធាអាមេរិកថា កម្ពុជាបានលួចចុះកិច្ចព្រមព្រៀងយោធាសម្ងាត់ជាមួយចិន ដោយអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានទ័ពរាម រយៈពេល ៣០ឆ្នាំ ហើយកុងត្រានេះអាចបន្តទៀតដោយស្វ័យប្រវត្តិ ជារៀងរាល់ ១០ឆ្នាំម្តង បន្ទាប់ពីនោះ។ លើសពីនេះទៀត កិច្ចព្រមព្រៀងនេះក៏បើកផ្លូវឱ្យចិនអាចដាក់កងទ័ព ព្រមទាំងរក្សាទុកអាវុធ និងនាវាចម្បាំងរបស់ខ្លួន នៅលើទីតាំងនោះបានទៀតផង។ ក៏ប៉ុន្តែ ព័ត៌មាននេះ ត្រូវរបបក្រុងភ្នំពេញបដិសេធយ៉ាងដាច់អហង្ការថា ជាព័ត៌មាន «ក្លែងក្លាយ» ដោយអះអាងថាកម្ពុជាគោរពតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment