Thursday, 2 January 2020

អ្នកវិភាគ​និង​សកម្មជន​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​​នឹង​បាន​ភ្លក់​រសជាតិ​ថ្នាំខ្លាំង​ពី​សហភាព​អឺរ៉ុប​និង​អាមេរិក​ឆ្នាំ​នេះ

ដោយ យន់ សាមៀន
2020-01-01
rfa
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។
ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister



អ្នកវិភាគ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​នឹង​រង​សំពាធ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០២០​នេះ ដោយសារតែ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មិន​ទាន់​ត្រូវ​របប​នេះ​ធ្វើ​ឱ្យ​ល្អ​ឡើងវិញ​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា ការ​ព្យាយាម​និយាយ​ពី​បញ្ហា​បាត់បង់ EBA ជា​ការ​និយាយ​បំភិតបំភ័យ​កម្មករ និយោជិក និង​ពលរដ្ឋ​ឱ្យ​ភ័យខ្លាច។

អ្នកវិភាគ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុកថា ឆ្នាំ ២០២០ ជា​ពេល ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​មិន​អាច​នៅ​ស្ងៀម​បាន​ទៀត​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​បាន​ទុក​ពេល​ឱ្យ​របប​ក្រុងភ្នំពេញ​កែខ្លួន​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​មិន​បាន​ធ្វើតាម​សំណើ​នោះ​នៅឡើយ ប៉ុន្តែ​ថែមទាំង​បន្ត​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ថែម​ទៀត​ផង។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​លោកស្រី មាស លក្ខិណា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន យល់ថា គណៈកម្មការ​អឺរ៉ុប​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ព្រមទាំង​ត្រូវ​ប្រទេស​មហាអំណាច​មួយ​ចំនួន​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​លោក ហ៊ុន សែន ដែល​ចូលរួម​រំលោភ​សិទ្ធិមនុស្ស​។ លោកស្រី​បន្ត​ថា សំពាធ​សហគមន៍​អឺរ៉ុប នឹង​បណ្ដាល​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឈម​នឹង​គ្រោះថ្នាក់​មួយ​ចំនួន​ដូចជា សេដ្ឋកិច្ច​ធ្លាក់​ចុះ ការ​បែក​បាក់​ផ្ទៃក្នុង ហើយ​ពលរដ្ឋ​អាច​ងើបឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល។ «»



ចំណែក សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត លោក តោ និមល ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ដែរ សង្កេតឃើញ​ថា កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ជា​បណ្តើរៗ​ហើយ រួម​មាន​ការបិទ​សណ្ឋាគារ និង​រោងចក្រ​កាត់ដេរ​ជាដើម​។ សកម្មជន​គណបក្សប្រឆាំង​រូប​នេះ ស្នើ​ទៅ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើឡើង​នយោបាយ​ឡើងវិញ និង​ផ្ដល់​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់ របស់​គណបក្ស​នេះ​មកវិញ ដើម្បី​ស្តារ​ស្ថានការណ៍​ពី​អាក្រក់​មក​ល្អ។ «»

ទោះបីជា​យ៉ាង​ក៏ដោយ របប​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​មិន​ចាប់អារម្មណ៍​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ​។ លោក ហ៊ុន សែន ធ្លាប់​ថា កម្ពុជា​កំពុង​រីករាយ​នឹង​លទ្ធិប្រជាធិបតេយ្យ​បែក​ស្រុក ខ្មែរ ដែល​កំពុង​គ្មាន​វត្តមាន​គណបក្សប្រឆាំង​ពិតប្រាកដ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្សកាន់អំណាច លោក សុខ ឥសាន បាន​សរសេរ​លើ​ប្រព័ន្ធ​តេឡេក្រាម​ដោយ​ចោទប្រកាន់ គណបក្ស​ប្រឆាំង​ថា កំពុង​ដើរ​បំភ័យ​ពលរដ្ឋ និង​ម្ចាស់​រោងចក្រ ខណៈ​ឱសានវាទ របស់​គណៈកម្មការ​អឺរ៉ុប​ស្ដីពី EBA នឹង​ឈាន​មកដល់​នា​ពេល​ខាង​មុខ​។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន យល់ថា សហភាព​អឺរ៉ុប​មិន​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ទេ ប៉ុន្តែ​ដោយសារតែ រដ្ឋាភិបាល​មិន​ព្រម​កែប្រែ​ឥរិយាបថ​ដូច​សព្វថ្ងៃ​នេះ​ទើប​អឺរ៉ុប​ចាត់ វិធានការ​ប្រឆាំង​របប​លោក ហ៊ុន សែន ។ លោក​បន្ត​ថា ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​រក្សា​អនុគ្រោះ​ពន្ធ EBA ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ ហើយ​អ្នករងគ្រោះ​ធំជាង​គេ​គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែម្ដង។ «»

គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្ដី​សម្រេច​ស្ដីពី ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នៅ​ខែ​កុម្ភៈ ខាង​មុខនេះ៕

No comments: