Wednesday, 15 January 2020
លោក កឹម សុខា បដិសេធការចោទប្រកាន់របស់តុលាការ
ដោយ សុ ជីវី
2020-01-14
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃសវនាការ នាសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
RFA
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់លើលោកពីបទក្បត់ជាតិ។ ការបដិសេធនេះធ្វើឡើងក្នុងពេលសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះលើសំណុំរឿងមេបក្សប្រឆាំងរូបនេះ នៅថ្ងៃទី១៥ ខែមករា។
សំណុំរឿងក្ដីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេសផ្ដួលរំលំរដ្ឋាភិបាល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកយកមកជំនុំជម្រះហើយ ចាប់តាំងពីព្រឹករហូតដល់ល្ងាច ថ្ងៃទី១៥ ខែមករា។
លោក កឹម សុខា បានបង្ហាញវត្តមាននៅមុខតុលាការនៅម៉ោង ៧កន្លះព្រឹក ប៉ុន្តែលោកមិនបានថ្លែង អ្វីនោះទេ។ ប៉ុន្តែនៅម៉ោងប្រមាណ ១១ព្រឹក គឺទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានបង្ហោះសារជាភាសាខ្មែរ និងអង់គ្លេស ដែលបញ្ជាក់ជំហរថា លោកបដិសេធទាំងស្រុងនូវការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ មេបក្សប្រឆាំងរូបនេះអះអាងថា លោកមិនបាននាំរដ្ឋបរទេស ឬ ភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជាឡើយ។ លោកបញ្ជាក់ថា សកម្មភាពទាំងអស់របស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និង សន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់សកម្មភាពនយោបាយរបស់លោក គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
លោក កឹម សុខា នៅតែទាមទារឱ្យតុលាការទម្លាក់ចោលជាស្ថាពរ ចំពោះបទចោទប្រកាន់នេះ ដើម្បី ឱ្យលោកអាចអនុវត្តបាននូវសិទ្ធិសេរីភាពនយោបាយពេញលេញ ក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
ទិដ្ឋភាពខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៃថ្ងៃសវនាការសំណុំរឿងក្ដីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេសផ្ដួលរំលំរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ RFA
មេធាវីការពារក្តីរបស់លោក កឹម សុខា ពីររូបគឺ លោក ចាន់ ចេន និងអ្នកស្រី ម៉េង សុភារី ថ្លែង ប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការក្នុងពេលសម្រាកបាយថ្ងៃត្រង់ថា សវនាការនេះនៅពេលព្រឹក មិនបានស៊ីជម្រៅខ្លាំងនោះទេ ដោយសារតុលាការចំណាយពេលសួរដេញដោលអំពីសមាសភាពអ្នកចូលរួម និងដេញដោលទៅលើវីដេអូភស្តុតាង។ មេធាវីទាំងពីរបញ្ជាក់ថា ក្នុងបន្ទប់សវនាការ គឺតុលាការបានបញ្ចាំងវីដេអូរយៈពេលពីរទៅបីនាទី ដែលខាងសមត្ថកិច្ចរដ្ឋាភិបាលប្រើប្រាស់ជាភស្តុតាងក្នុងការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា ប្រព្រឹត្តអំពើក្បត់ជាតិ ប៉ុនប៉ុងផ្តួលរំលំរដ្ឋាភិបាល។ ទាំងមេធាវី និងលោក កឹម សុខា បដិសេធវីដេអូនេះ ដោយចាត់ទុកថា មានការកាត់តជាកង់ៗ ហើយលោកទាមទារឱ្យតុលាការចាក់បញ្ចាំងវីដេអូពេញរយៈពេលជាង ១ម៉ោង ប៉ុន្តែតុលាការបដិសេធមិនចាក់ភ្លាមៗ នោះទេ៖ «វីដេអូរបស់ឯកឧត្ដម កឹម សុខា ដែលជាវីដេអូដោះបន្ទុក គឺមិនមែនខ្លីដូចវីដេអូដែលមានលក្ខណៈកាត់តជាកង់ៗដូចខាងសមត្ថកិច្ចយកមកធ្វើជាភស្តុតាង ដាក់បន្ទុកលើកូនក្តីរបស់យើងទេ»។
ខ្លឹមសារវីដេអូខ្លីដែលតុលាការចាក់បញ្ចាំងនោះ គឺលោក កឹម សុខា និយាយថា អាមេរិកបានគាំទ្ររូបលោកតាំងពីឆ្នាំ១៩៩៣ និងបានបានផ្តល់គំនិតដល់រូបលោកសម្រាប់ការបង្កើតអង្គការសង្គមស៊ីវិល និងការងារនយោបាយ សម្រាប់ចូលរួមផ្លាស់ប្ដូរកម្ពុជាតាមបែបប្រជាធិបតេយ្យ។
លោក កឹម សុខា ឆ្លើយចំពោះមុខតុលាការថា ខ្លឹមសារពិតដែលលោកបាននិយាយជាសាធារណៈកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលីនោះ គឺក្នុងបំណងអំណរគុណ និងជម្រាបពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា និងគោលចំហរបស់លោក ដោយមិនមានផែនការណា មួយ ដែលលោកចង់ធ្វើការផ្តួលរំលំរដ្ឋាភិបាលនោះទេ។ ដូច្នេះហើយ ទើបលោកទាមទារឱ្យតុលាការចាក់បញ្ចាំងវីដេអូពេញលេញ ដើម្បីរកយុត្តិធម៌។
ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ ចៅក្រម កូយ សៅ បានសម្រេចទទួលយកវីដេអូភស្តុតាងរបស់ លោក កឹម សុខា ជាង ១ម៉ោងនោះ ហើយសន្យាថា នឹងចាក់បញ្ចាំងនៅសប្ដាហ៍ក្រោយ។
រីឯមេធាវីតំណាងរដ្ឋាភិបាលដែលជាដើមបណ្តឹង គឺ លោក គី តិច បានថ្លែងក្រោយបញ្ចប់សវនាការ នៅពេលល្ងាចថា សវនាការពេញមួយថ្ងៃនេះ គឺមានការសួរដេញដោលច្រើន ប៉ុន្តែលោកសុំមិន និយាយជាសាធារណៈនោះទេ ដោយមិនចង់ឱ្យខុសវិជ្ជាជីវៈ និងប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
ទោះជាយ៉ាងណា លោកលើកឡើងថា សំណុំរឿងនេះ មានប្រទេសចំនួន៩ ដែលពាក់ព័ន្ធ រួមមាន ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។ប៉ុន្តែលោកមិនអាចបញ្ជាក់បានទេ ថាតើតុលាការកោះហៅតំណាងប្រទេសទាំងនេះ មកសួរនាំ ឬអត់។
ដោយឡែកសម្រាប់ទិដ្ឋភាពនៅបរិវេណសាលាដំបូងរាជធានីភ្នំពេញនៅពេលសវនាការវិញ មានកម្លាំងសន្តិសុខជាច្រើននាក់ ត្រូវបានដាក់ពង្រាយ និងរាប់រយនាក់ផ្សេងទៀត ឈរជើងនៅក្នុងស្តាតអូឡាំពិក។ ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សកម្មជនគាំទ្រ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាតិ អន្តរជាតិប្រមាណ៤០ទៅ៥០នាក់ បានប្រមូលផ្តុំគ្នាតាមដានព្រឹត្តិការណ៍នេះនៅខាងមុខតុលាការ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលស្ដាប់សវនាការនេះដោយផ្ទាល់។ សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ចំនួនមនុស្សចូលរួមស្ដាប់សវនាការ ប្រមាណ ៣០នាក់ ក្នុងនោះ ភាគច្រើនមន្ត្រីស្ថានទូតបរទេស និងអ្នកពាក់ព័ន្ធសំខាន់ៗ មួយចំនួន។
ទិដ្ឋភាពខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៃថ្ងៃសវនាការសំណុំរឿងក្ដីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេសផ្ដួលរំលំរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ RFA
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(LICADHO) លោក អំ សំអាត សោកស្ដាយ ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលស្ដាប់សវនាការដោយផ្ទាល់ទេ ខណៈសវនាការលើ ករណីលោក កឹម សុខា នោះ ធ្វើឡើងជាសាធារណៈ។ លោកយល់ថា តុលាការគួរតែរៀបចំសាលសវនាការដែលមានទំហំធំ ឬរៀបចំបញ្ចាំងស្លាយ (Slide) ដល់បន្ទប់ខាងក្រៅ ដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមតាមដាននីតិវិធីសវនាការរបស់តុលាការដោយហ្មត់ចត់ ខណៈដែលមជ្ឈដ្ឋានទូទៅ មើលឃើញថា សំណុំរឿងនេះ មានទិដ្ឋភាពនយោបាយ ច្រើនជាងការអនុវត្តច្បាប់៖ «សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ចង់តាមដាននៅក្នុងអង្គសវនាការដែលតុលាការកំពុងបន្តនីតិវិធីតើមានភស្តុតាងកម្រិតណាដើម្បីដាក់បន្ទុកឬក៏មាន ដេញដោលគ្នាយ៉ាងម៉េច ចង់មើលនីតិវិធី និងការសម្រេចសេចក្ដីចុងក្រោយមានភស្តុតាងយ៉ាងម៉េច ក្នុងការចោទប្រកាន់ដើម្បីឱ្យមានការដឹង ឬមានការទទួលស្គាល់ថា ការសវនាការនេះ ដំណើរការតាម នីតិវិធី និងមានយុត្តិធម៌ដែរអត់»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ចូលរួមវេទិកាវិទ្យុអាស៊ីសេរី។ RFA
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១០ វិច្ឆិកា បានសម្រេចកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនសម្រាប់លោក កឹម សុខា។ តុលាការបានអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរបាននៅក្នុងប្រទេស ប៉ុន្តែមិនឱ្យហួសពីព្រំប្រទល់ដែនរបស់កម្ពុជាបានឡើយ ហើយក៏មិនឱ្យលោកធ្វើសកម្មភាពនយោបាយបាននោះដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។ បន្ទាប់ពីទទួលបានសេរីភាពខ្លះៗ ឯកអគ្គរដ្ឋទូតប្រទេសប្រជាធិបតេយ្យធំៗ ក្នុងពិភព លោក បានបណ្ដាក់គ្នាចូលជួបសួរសុខទុក្ខជាបន្តបន្ទាប់ និងទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងផ្ដល់សិទ្ធិនយោបាយ និងសេរីភាពពេញ លេញដល់មេបក្សប្រឆាំងរូបនេះ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលតាមព្រឹត្តិការណ៍សវនាការលោក កឹម សុខា នៅខាងមុខតុលាការដែរ លើកឡើងថា សវនាការនេះធ្វើឡើងដោយត្បិតត្បៀត ហើយលោក នៅតែចាត់ទុកសំណុំរឿងនេះថា ជារឿងនយោបាយ ហើយគួរតែត្រូវសម្របសម្រួលតាមផ្លូវនយោបាយ មិនអាចដោះស្រាយតាមផ្លូវតុលាការបានទេ។រ៉ុង ឈុន ៦២២
អតីតសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតរូបនេះ ក៏យល់ដែរថា តុលាការ និងរដ្ឋាភិបាល គួរតែទម្លាក់ចោលការចោទប្រកាន់លោក កឹម សុខា និងថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិទាំងជាង ១០០នាក់ ព្រមទាំងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីជៀសផុតពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរផ្សេងៗ ពីក្រុមប្រទេសសេរីធំៗ នៅ លើពិភពលោក ជាពិសេស ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដែលផ្ដល់ប្រយោជន៍ធំធេងសម្រាប់កម្ពុជា៖ «តាមការពិតទៅសវនាការនេះគ្រាន់តែគេរៀបចំដើម្បីបង្គ្រប់កិច្ច ទេ ព្រោះយើងដឹងហើយករណីលោក កឹម សុខា នេះ ជារឿងនយោបាយ ហើយការរំពឹងថា ឱ្យសាលាដំបូងរាជធានីភ្នំពេញ ផ្ដល់យុត្តិធម៌ឱ្យគាត់នោះ គឺយើងដូចជាមើលមិនឃើញទេ»។
ជាមួយគ្នានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបង្ខំចិត្តរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង លោក សម រង្ស៊ី បានថ្លែងក្នុងទំព័រហ្វេសប៊ុកថា សវនាការជំនុំជម្រះលើដៃគូនយោបាយរបស់ លោកនេះ គឺជាឆាកល្ខោនរបស់តុលាការសុទ្ធសាធ ដែលលោកហៅថា តុលាការអាយ៉ងរបស់លោក ហ៊ុន សែន ។ លោក សម រង្ស៊ី ចាត់ទុកទង្វើចោទប្រកាន់លើលោក កឹម សុខា ថា គ្មានមូលដ្ឋាន និងជាលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់ ដែលមានសង្ឃឹមឈ្នះឆ្នោតនៅកម្ពុជា៖ «អ្នកប្រជាធិបតេយ្យទាំងអស់ ត្រូវតែថ្កោលទោស លោក ហ៊ុន សែន ថា ការចោទប្រកាន់លោក កឹម សុខា នេះគ្មានមូលដ្ឋានទេ។ដំណោះស្រាយត្រឹមត្រូវមានតែ មួយគត់គឺទម្លាក់ការចោទប្រកាន់ មិនចាំបាច់ឱ្យព្រះមហាក្សត្រលើកលែងទោសអ្វីទេ ព្រោះលោក កឹម សុខា គ្មានទោសអ្វីទេ ពេលនោះត្រូវឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញជាស្វ័យប្រវត្តិ ព្រោះការចោទប្រកាន់លោក កឹម សុខា នេះគ្រាន់តែជាលេសដើម្បីរំលាយគណបក្សសង្គ្រោះជាតិ»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ ថ្លែងសារជាវីដេអូ តាមទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ ហ្វេសប៊ុក Sam Rainsy
តាមរយៈវីដេអូឃ្លីបជាង ១០នាទី លោក សម រង្ស៊ី ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលស្រឡាញ់ យុត្តិធម៌ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទាមទារទាំងអស់គ្នា ឱ្យរបបក្រុងភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់មកលើលោក កឹម សុខា ហើយឱ្យគេបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ទន្ទឹមគ្នានេះ លោកក៏អំពាវនាវកុំឱ្យពលរដ្ឋទៅបង្កើត គណបក្ស និងគាំទ្រគណបក្សថ្មីៗ ដែលកំពុងបង្កើតព្រោងព្រាត ព្រោះលោកមើលឃើញថា ជាល្បិច កលរបស់លោក ហ៊ុន សែន។ មេបក្សប្រឆាំងដ៏មានប្រជាប្រិយភាពរូបនេះ អះអាងទៀតថា មានតែ គណបក្សសង្គ្រោះជាតិតែមួយគាត់ ដែលអាចនាំការផ្លាស់ប្ដូរជាវិជ្ជមានតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា៖ «ឧបមាថា គណបក្សថ្មីណាមួយ អាចបង្កើនកម្លាំងនិងប្រជាប្រិយភាពរបស់ខ្លួនហើយប៉ុន្មានឆ្នាំទៀត អាចក្លាយជាគណបក្សដ៏ខ្លាំងនិងធំដូចគណបក្សសង្គ្រោះ ជាតិពេលនេះគឺពេលនោះលោក ហ៊ុន សែន នឹងរំលាយគណបក្សនោះដូចដែលបានរំលាយ គណបក្សសង្គ្រោះជាតិដែរ ដូច្នេះនាំតែបាត់ពេល នាំតែខ្ជះខ្ជាយពេលកម្លាំងនយោបាយដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យទេ។ សូមបងប្អូនជនរួមជាតិនិងកូនក្មួយទាំងអស់ នៅតែគាំទ្រគណបក្ស សង្គ្រោះជាតិនិងទាមទារឱ្យគណបក្សសង្គ្រោះជាតិដំណើរឡើងវិញ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ នៅថ្ងៃទី២ ឈានចូលថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៧ ក្នុងពេលដែលលោកកំពុងមានអភ័យ ឯកសិទ្ធិសភា។ តុលាការដែលស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាច បានចោទប្រកាន់មេបក្សប្រឆាំងដ៏មានថ្វីមាត់រូបនេះពីបទ “សន្ទិដ្ឋិភាព” ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ចំណាត់ការរបស់តុលាការក្រុងភ្នំពេញនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មដោយចោទថាលោក កឹម សុខា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលមានអង្គការចាត់តាំងនៅពីក្រោយខ្នង គឺសហរដ្ឋអាមេរិក។
តាំងពីដើមមក លោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំង ដោយរួមទាំងសហគមន៍អន្តរជាតិ និងប្រទេសប្រជាធិបតេយ្យធំៗ ខ្លះទៀត បានព្យាយាមជាដដែល ក្នុងការទាមទារឱ្យទម្លាក់បទចោទ និងផ្ដល់សេរីភាពឱ្យបានពេញលេញជូនលោក កឹម សុខា ដោយចាត់ទុកសំណុំរឿងនេះថា ជាសំណុំរឿង នយោបាយ។
សវនាការនៅថ្ងៃទី១ ត្រូវបានបញ្ចប់នៅម៉ោងជាង ៥ល្ងាច ហើយនឹងបន្តសវនាការនៅថ្ងៃបន្តបន្ទាប់ ទៀត តាមពេលវេលាដដែល។ សវនាការជំនុំជម្រះក្តីលោក កឹម សុខា តុលាការគ្រោងនឹងធ្វើរយៈពេលបីខែ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment