Saturday 1 February 2020

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា លោក ហ៊ុន សែន យក​រឿង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន ធំ​ជាង​ការ​បង្ការ​មេរោគ​ថ្មី គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត


ដោយ ខែ សុណង
2020-01-31

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​ AFP




មន្រ្តី​ជាន់​ខ្ពស់​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ ទប់ទល់​​នឹង​ការ​រាតត្បាត​នៃ​មេរោគ​ឆ្លង មាន​ប្រភព​ពី​ប្រទេស​ចិន ជាជាង​ខំ​ប្រឹង​គេចវេះ​ពី​ការ​ស្តី​បន្ទោស និង​គ្មាន​វិធានការ​បិទ​ជើង​ហោះហើរ​ពី​ចិន​ចូល​មក​កម្ពុជា។ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​វិញ យល់​ថា ការ​បិទ​យន្តហោះ​ចិន​មិន​ឲ្យ​ចូល​ស្រុក​ជា​ការ​សម្លាប់​សេដ្ឋកិច្ច និង​កាត់បន្ថយ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន។

មន្រ្តី​ជាន់​ខ្ពស់​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អះអាង​ថា ការណ៍​ដែល​លោក ហ៊ុន សែន សម្រេច​យក​រឿង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន ធំ​ជាង​ការ​បង្ការ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា ដែល​មាន​ប្រភព​ពី​ទីក្រុង​វូហាន ប្រទេស​ចិន កុំ​ឲ្យ​ឆ្លង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត។

នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើត​សុន (Phil Robertson) ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី ៣០ ខែ​មករា ថា លោក ហ៊ុន សែន ខំ​ប្រឹង​គេចវេះ​ពី​ការ​ស្តី​បន្ទោស​យ៉ាងម៉េច គឺ​ស្រេច​តែ​គាត់​ទៅ​ចុះ។ លោក​ថា រដ្ឋាភិបាល​គួរ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ ក្នុង​ការ​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​មេរោគ​ឆ្លង ដ៏​កាច​សាហាវ​នេះ។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាត់វិធានការ​បង្ការ​ជា​មូលដ្ឋាន ក្នុង​កម្រិត​សម​ហេតុ​សម​ផល​មួយ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ ព្រោះ​ប្រទេស​ដូច​ជា​កម្ពុជា​មាន​លក្ខណៈ​ពិសេស​ជាង​ប្រទេស​ដទៃ ត្រង់​ថា​កម្ពុជា​អាច​មាន​បញ្ហា​លំបាក ក្នុង​ការ​ទប់ទល់​បើ​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​បែប​នេះ។



ការ​លើក​ឡើង​របស់​លោក ហ្វីល រ៉ូប៊ើត​សុន (Phil Robertson) បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ មករា នៅ​ឯ​វិមាន​សន្តិភាព​ថា លោក ហ្វីល រ៉ូប៊ើត​សុន បាន​ប្រៀនប្រដៅ​ស្ដីបន្ទោស​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​បាន​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​ចូល​មក​កម្ពុជា គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​កម្ពុជា ដែល​មាន​បំណង​រក​រឿង​តែ​កម្ពុជា​ប៉ុណ្ណោះ៖ «ហើយ​ក៏​សូម​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​ដែល​ថា គួរ​តែ​ស្ដី​បន្ទោស​រដ្ឋាភិបាល​ភ្នំពេញ អំពី​ការ​បើក​ឲ្យ​មាន​ការ​ហោះ​សូម​ឲ្យ​អ្នកឯង​និយាយ​ដូច​គ្នា​នេះ ទៅ​កាន់​ប្រទេស​ដទៃ​ដែល​មាន​ករណី​ជំងឺ​នេះ ​បើ​អ្នក​ឯង​មិន​និយាយ​ទេ​បាន​សេចក្ដី​ថា រឿង​ទាំង​ឡាយ​អ្នក​ឯង​រករឿង​តែ​កម្ពុជា​មួយ​គត់។ អា​ហ្នឹង​ចង្អុល​ឈ្មោះ​វា​ឲ្យ​ច្បាស់​ហ្មង​គឺ​ថា អា​Human Rights Watch អា​ហ្នឹង​ឈ្មោះ​ស្អី? ហ្វីល រ៉ូប៊ើត​សុន (Phil Robertson)។ ផ្ដាំ​ទៅ​ហ្វីល រ៉ូប៊ើត​សុន បើ​លោក​ឯង​ជ្រុល​ជា​មក​ប្រដៅ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​គួរ​ស្ដី​បន្ទោស ទៅ​ស្ដី​បន្ទោស​ឲ្យ​រដ្ឋាភិបាល​គ្រប់​ប្រទេស​ទៅ​រាប់​ទាំង​ប្រទេស​អ្នក​ឯង​ស្ថិត​នៅ​ផង​ដែរ ព្រោះ​ជំងឺ​កើត​នៅ​ក្នុង​ប្រទេស​អ្នក​ឯង​ម៉េច​ក៏​អ្នក​ឯង​មិន​ស្ដី​បន្ទោស​រដ្ឋាភិបាល​អ្នក​ឯង? ហើយ​ស្ដី​បន្ទោស​តែ​ខ្ញុំ? អយុត្តិធម៌​រឿង​ហ្នឹង! វា​មិនមែន​ជា​single standard (ស្ដង់ដារ​មួយ) ស្ដង់ដារ​ទេ វា​ចូល​ទៅ​ស្ដង់ដារ​ទ្វេ ឬ​ស្ដង់ដារ៣ គឺ​វា​ស្ដង់ដារ​ច្រើន​ណាស់»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ជា​រឿង​ដែល​គួរ​ឲ្យ​អកុសល​មាន​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ ដែល​ទំនង​លោក​ចង់​សំដៅ​មក​វិទ្យុ​អាស៊ី​សេរី ដែល​បាន​សម្ភាសន៍ លោក ហ្វីល រ៉ូប៊ើត​សុន ដែល​ថា គួរ​តែ​ថ្កោលទោស ទង្វើ​ធ្វេស​ប្រហែស​របស់​រដ្ឋាភិបាល ដែល​មិន​ព្រម​ទប់ស្កាត់​ជនជាតិ​ចិន​ឲ្យ​ចូល​កម្ពុជា និង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​យន្ត​ហោះ​ចិន បន្ត​ដឹក​អ្នក​ដំណើរ​ដោយ​ហោះ​ត្រង់​ពី​ក្រុង​វូហាន (Wuhan) មក​កម្ពុជា​។ លោក ហ៊ុន សែន ថា ហេតុអ្វី​លោក ហ្វីល រ៉ូប៊ើត​សុន មក​បន្ទោស​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ដែល​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​នេះ​តែ​មួយ​ករណី ស្រប​ពេល​ដែល​ប្រទេស​របស់​ខ្លួន​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​នេះ​ដែរ​នោះ?

យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​ក៏​មិន​ទទួល​យក​សំណើ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​ស្នើសុំ​ឲ្យ​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​នោះ​ដែរ ទោះបី​ជា​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស កូរ៉ូណា មាន​ប្រភព​ពី​ប្រទេស​ចិន​កំពុង​រាតត្បាត​ស្ទើរ​ពេញ​ពិភពលោក​ក្តី។ លោក​ថា លោក​មិន​ខ្វល់​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​គិត​យ៉ាង​ម៉េច​នោះ​ទេ។ រដ្ឋាភិបាល​របស់​លោក​គឺ​គ្មាន​វិធានការ​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន និង​គ្មាន​វិធានការ​ជម្លៀស​ពលរដ្ឋ​ និង​និស្សិត​ខ្មែរ​ឡើយ។ លោក​សង្កត់​ធ្ងន់​ថា ជំហរ​បែប​នេះ គឺ​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​អំណាច​កុម្មុយនិស្ត​ចិន។ លោក ហ៊ុន សែន សោក​ស្ដាយ​ចំពោះ​និស្សិត​ខ្មែរ​មួយ​ចំនួន​ដែល​បាន​នាំគ្នា​ចាកចេញ​ពី​ប្រទេស​ចិន​ក្នុង​ស្ថានភាព​បែប​នេះ ដោយ​មិន​ព្រម​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ចិន។

ដោយ​ហេតុផល​​នេះ​ហើយ ទើប​ក្រុម​និស្សិត​កម្ពុជា​មួយ​ចំនួន ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន បាន​សម្រេច​ចិត្ត​ទិញ​សំបុត្រ​យន្តហោះ​ដោយ​ខ្លួន​ឯង​មក​កម្ពុជា​វិញ ដើម្បី​គេច​ចេញ​ពី​ការ​ឆ្លង​មេរោគ​មួយ​នេះ ដោយ​មាន​ការ​អនុញ្ញាត​ពី​សាលា​របស់​ពួកគេ។

និស្សិត​មួយ​រូប​ដែល​ទើប​មក​ដល់​ប្រទេស​កម្ពុជា គឺ​លោក សោម ពេជ្រដូល្លា ថ្លែង​ថា ប្រសិន​បើ​បន្ត​ស្នាក់​នៅ​ប្រទេស​ចិន គឺ​ពិត​ជា​ល្អ​ជាង​មក​កម្ពុជា​មែន ព្រោះ​សាលា​និង​រដ្ឋាភិបាល​ចិន មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព និង​សុខភាព​របស់​ពលរដ្ឋ​គ្រប់រូប មិន​ថា​ជនបរទេស​នោះ​ទេ។

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មករា វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​សម្លាប់​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ជាង​១៧០​នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ជិត​៨​ពាន់​នាក់។

សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និង​សិង្ហបុរី រួម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​តំបន់​ផ្ទុះ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ និង​ថែម​ទាំង​រឹត​បន្តឹង និង​កាត់​បន្ថយ​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន​ផង​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ទទួល​ស្គាល់​ថា ការ​បិទ​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន គឺ​អាច​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ផ្នែក​ខ្លះ ប៉ុន្តែ​ប្រសិន​បើ​មាន​ករណី​ជន​ជាតិ​ចិន នាំ​វីរុស​កូរ៉ូណា​ថ្មី​មក​ចម្លង​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​យថាហេតុ​នោះ គឺ​នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដូច​គ្នា និង​ថែម​ទាំង​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ មើល​ឃើញ​ដែរ​ថា ការ​ជួយ​ជម្លៀស​និស្សិត​និង​ពលរដ្ឋ​ខ្មែរ​ចេញ ពី​ទីក្រុង​វូហាន ដែល​ផ្ទុះ​មេរោគ​ថ្មី​នេះ គឺ​មិន​អាច​នាំ​ភាព​ល្អក់កករ​ដល់​ទំនាក់ទំនង​កម្ពុជា-ចិន​ឡើយ៖ «ចំណុច​ទី២ រឿង​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូហាន​នេះ ខ្ញុំ​គិត​ថា ពួក​គេ​ស្ថិត​នៅ​ទីនោះ​មិន​មែន ជា​ក្រុម​ជួយ​សង្គ្រោះ ឬ​ក្រុម​ដែល​មាន​ប្រព័ន្ធ​ការពារ សុវត្ថិភាព ក្នុង​ទម្រង់ ឬ​មួយ​ក៏​ជា​គ្រូពេទ្យ​អី​ទេ  ខ្ញុំ​គិត​ថា ពួក​គេ​នៅ​ទីនោះ ប្រឈម​ខ្លាំង​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ថ្មី​នេះ ដូច្នេះ​ការ​ជម្លៀស ពួក​គេ​ចេញ វា​នឹង​មិន​មាន​ផល​ប៉ះពាល់​នៃ​ចំណង មិត្តភាព​កម្ពុជា-ចិន​នោះ​ទេ ខណៈ​ប្រទេស​ផ្សេង គេ​ក៏​មាន​ចំណង​ទាក់ទង​ជាមួយ​ចិន​ដែរ ប៉ុន្តែ​គេ​នៅ​តែ​ស្ទុះស្ទា​ប្រយ័ត្នប្រយែង​ហើយ​នឹង​រក​មធ្យោបាយ ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​គេ​ចេញ​ពី ទី​កន្លែង​ដែល​មាន​មេរោគ​ឆ្លង​ដ៏​កាច​សាហាវ​នោះ»។

ក្រោយ​លោក ហ៊ុន សែន ប្រកាស​បែប​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ហ៊្វេសបុក បាន​បង្ហោះ​សារ​ឌឺដង​បែប​ហួស​ចិត្ត​ថា ការ​បិទ​ជើង​ហោះ​ហើរ​ពី​ចិន​ដើម្បី​សុវត្ថិភាព​ពលរដ្ឋ​មួយ​រយៈ​សោះ ខ្លាច​ប៉ះពាល់​ សេដ្ឋកិច្ច ប៉ុន្តែ​បើ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA របស់​សហភាព​អឺរ៉ុប និង GSP របស់​អាមេរិក ជា​ឆ្នាំង​បាយ​ពលរដ្ឋ​រាប់​លាន់​នាក់ បែរ​ជា​មិន​ខ្លាច​ប៉ះពាល់​សេដ្ឋកិច្ច​ទេ៕

1 comment:

Anonymous said...

This devil Khmer traitor Hun Sen has never cared about Khmer people's welfare. He cared only about his power, pleasing at all costs his 2 masters - the evil Vietnam and the monster China.