Tuesday, 11 February 2020
ជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណាចេញពីមន្ទីរពេទ្យ ក្រោយពីបានព្យាបាលជាសះស្បើយ
ដោយ អាស៊ីសេរី
2020-02-10
(រូបកណ្ដាល) ជនជាតិចិន ដែលឆ្លងមេរោគវីរុសកូរ៉ូណា ចេញពីមន្ទីរពេទ្យក្រោយពីបានជាសះស្បើយឡើងវិញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា បុរសជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណាថ្មីនោះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ក្រោយពីលទ្ធផលនៃការពិនិត្យឈាមចំនួន ៣លើក ហើយបង្ហាញថា មិនឃើញវីរុសកូរ៉ូណាថ្មីនៅក្នុងខ្លួនបុរសរូបនោះទៀត។
ដោយឡែកសមាជិកគ្រួសាររបស់គាត់ចំនួន ៣នាក់ទៀត ក៏បានរួចផុតពីការអង្កេតតាមដានសុខភាព ហើយអាចជួបជុំគ្នាវិញជាធម្មតាវិញដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ជនជាតិចិនរូបនេះ បានជាសះស្បើយពីជំងឺ ១០០ភាគរយ និងអាចជួបជុំជាមួយក្រុមគ្រួសារ ព្រមទាំងអ្នកដទៃទៀតជាធម្មតា។ បុរសជនជាតិចិន វ័យ ៦០ឆ្នាំរូបនេះ គ្រោងនឹងប្រទេសចិនវិញ នៅថ្ងៃទី១១ ខែកុម្ភៈស្អែកនេះ។
ទោះយ៉ាងណាក្តី ក្រសួងសុខាភិបាល នៅតែអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការការពារខ្លួន និងអនាម័យផ្ទាល់ខ្លួន។ ក្រសួងជំនាញព្រមានថា លទ្ធភាពរកឃើញករណីវីរូសកូរ៉ណាបន្ថែមទៀត នឹងអាចកើតមាន ព្រោះវីរុសនេះនៅតែបន្តរាតត្បាតខ្លាំងនៅឡើយ នៅក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិន។
គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ វីរុសកូរ៉ូណា បានសម្លាប់មនុស្សកើនដល់ ៩០៩នាក់ នៅក្នុងប្រទេសចិន ខណៈអ្នកឆ្លងវីរុសនេះ កើនដល់ជាង ៤ម៉ឺន (៤០.២៧៣) នាក់។ អ្នកស្លាប់ និងអ្នកឆ្លងនៅមិនទាន់ថមថយនៅឡើយ ដោយក្នុងប៉ុន្មានថ្ងៃចុងក្រោយ នេះ គឺរយៈពេលមួយថ្ងៃ មានអ្នកស្លាប់ចាប់ពីជាង ៨០នាក់ ទៅ ៩០នាក់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment