Sunday, 16 February 2020

អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជាក់​ថា អ្នក​ដំណើរ​អាមេរិក​ម្នាក់ ដែល​ទៅ​ពី​កម្ពុជា ពិត​ជា​មាន​មាន​វីរុស​កូរ៉ូណា ក្រោយ​ធ្វើ​តេស្ត​ពីរ​ដង


ដោយ អាស៊ីសេរី
2020-02-16

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​អ្នក​ដំណើរ​បរទេស ចុះ​ពី​លើ​កប៉ាល់ Westerdam ពេល​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​អ្នក​ដំណើរ​បរទេស ចុះ​ពី​លើ​កប៉ាល់ Westerdam ពេល​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន



អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​បញ្ជាក់​ថា លទ្ធផលធ្វើតេស្តពីរដងលើអ្នក​ដំណើរ​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ចុះ​ពី​កប៉ាល់ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុនោះ នៅតែរកឃើញ​ថា មានមេរោគកូរ៉ូណាថ្មី ឬបង្ក​ជំងឺ ​កូវីត-១៩ ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី។ ការធ្វើតេស្តពីរ​ដង​នេះ គឺ​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា​មិន​អស់ចិត្ត និង​ទាមទារ​ឲ្យ​​អាជ្ញាធរ​ម៉ាឡេស៊ី​​ពិនិត្យ​​សា​ឡើង​​វិញ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ្នកស្រី វ៉ាន់ អាហ្សីហ្សា វ៉ាន់ អ៊ីស្មែល (Dr. Wan Azizah Wan Ismail) ថ្លែង​ការពារ​លទ្ធផល​រក​ឃើញ​វីរុស​កូរ៉ូណា​លើ​ស្ត្រី​អាមេរិក​វ័យ ៨៣ឆ្នាំ​​នោះ​ថា ការធ្វើតេស្ត គឺ​ធ្វើ​ឡើង​តាម​ស្តង់ដារ​ពិភពលោក (World Class)។ អ្នកស្រី​បន្ត​ថា ស្រ្តីចំណាស់ម្នាក់នោះ ត្រូវបានធ្វើតេស្តពីរ​លើក ហើយលទ្ធផល គឺវិជ្ជមានទាំងពីរលើក។ មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​ម៉ាឡេស៊ី​រូប​នេះ ក៏​ប្រកាស​​ហាម​​មិន​​ឲ្យ​​អ្នក​ដំណើរ​លើ​នាវា វ៉េស្ទើដាម (Westerdam) ដែល​​កំពុង​​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​នៅ​​ឡើយ​​នោះ ធ្វើដំណើរចូល​ប្រទេសម៉ាឡេស៊ីទៀត ដោយសារ​​តែ​​ទាក់ទង​​នឹង​អ្នក​មាន​​វីរុស​​ឆ្លង​​ដ៏​​កាច​សាហាវ​​មួយ​​នេះ។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីនេះ គឺ​បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បង្ហាញការ​មិន​អស់​ចិត្ត និងថែមទាំងបានដាក់លិខិតស្នើសុំឲ្យប្រទេសម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផល​នៃការ​ធ្វើតេស្ត​លើស្ត្រីជនជាតិអាមេរិករូបនោះ ដើម្បីឲ្យមាន​ភាព​សុក្រឹត។ ការមិនអស់ចិត្តនេះ ដោយ​ក្រសួង​សុខាភិបាលកម្ពុជា អះអាងថា មុននឹងចាកចេញពីកម្ពុជា ស្ត្រីជនជាតិអាមេរិករូបនោះ រួម​ទាំង​អ្នក​ដំណើរ​ផ្សេងទៀត ត្រូវបានក្រសួងពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែរកមិនឃើញមាន​រោគសញ្ញា​ជំងឺ​រលាកផ្លូវដង្ហើម កូវិត១៩ នេះទេ។



អាស៊ីសេរី​បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សូវ៉ាន់ ជាច្រើន លើកតែ​ពុំមានអ្នកទទួលទូរស័ព្ទ។

រីឯស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រកាសថា ខ្លួនបានដឹងអំពីសេចក្ដីរាយការណ៍នានា ដែលថា អ្នក ដំណើរជនជាតិអាមេរិកម្នាក់ ត្រូវបានធ្វើតេស្តនៅប្រទេសម៉ាឡេស៊ី រកឃើញមានជំងឺកូវិដ១៩ បន្ទាប់​ពីចាកចេញពីកប៉ាល់ វេស្ទ័រដាម (Westerdam) ដែលចូលចតនៅប្រទេសកម្ពុជា កាលពីថ្ងៃ​ទី១៤ កុម្ភៈ។ ស្ថានទូតអាមេរិក កំពុងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់ និងក្រុមហ៊ុនកប៉ាល់នោះ ដើម្បីធានាថា ពលរដ្ឋអាមេរិកទាំងនោះទទួលបានជំនួយ​ជ្រោមជ្រែង​នានា។

ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរកឃើញរោគសញ្ញា​ជំងឺ​រលាក ផ្លូវ​ដង្ហើម កូវិត១៩ (Covid-19) នេះ នៅលើស្រ្តីជនជាតិអាមេរិក វ័យ ៨៣ឆ្នាំ ដែល​ធ្វើ​ដំណើរ​រួម​គ្នា​​ជា​​មួយ​​អ្នក​ដំណើរ ១៤៤នាក់ផ្សេងទៀត តាមជើងយន្តហោះពីភ្នំពេញទៅប្រទេសម៉ាឡេស៊ី កាល​ពីថ្ងៃទី១៤ កុម្ភៈ។ មនុស្សទាំង ១៤៥នាក់នេះ ស្ថិតក្នុងចំណោមអ្នកដំណើរ ១.៤៥៥ នាក់ និងបុគ្គលិក ៨០២នាក់នៅលើកប៉ាល់ វ៉េស្ទើរដាម (Westerdam) ដែលរបបក្រុងភ្នំពេញអនុញ្ញាត​ឲ្យចូល​ចតនៅ​កំពង់ផែ​ក្រុងព្រះសីហនុ និងបន្តដំណើរតាមជើងយន្តហោះ ទៅ​កាន់​ប្រទេស​រៀងៗ ខ្លួន។

កប៉ាល់ទេសចរណ៍មួយនេះ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​មានប្រទេសចំនួន៥ បដិសេធមិនឱ្យចូលចតឡើយ ព្រោះខ្លាចក្នុងចំណោម​មនុស្សរាប់ពាន់​នាក់​នៅ​លើ​កប៉ាល់​នោះ មានផ្ទុកមេរោគវីរុស​បង្ក​រលាកផ្លូវដង្ហើម កូវីត១៩ (Covid-19)។ លោក ហ៊ុន សែន មិន ត្រឹមតែនាវានេះចូលចតនៅកម្ពុជានោះទេ លោក​ថែមទាំងទទួលដោយផ្ទាល់ និង​ប្រកាស​ឲ្យ​អ្នក​ទេសចរទាំងនោះ អាចស្នាក់នៅកម្ពុជា និងដើរកម្សាន្តគ្រប់ទីកន្លែង។ លោក ហ៊ុន សែន ទាំងអំពាវ នាវ​កុំឲ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេស តាមសណ្ឋាគារ និងភោជនីយដ្ឋាន មិន​ត្រូវ​រើសអើង និង​ភ័យ​ខ្លាចនោះទេ។

នាយកប្រតបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅ ពេលដែលអ្នកដំណើរត្រូវបានរកឃើញថា មានវីរុស​បង្ក​ជំងឺ កូវីត១៩ ក្រោយ​ការ​ចាក​ចេញ​ពី​កម្ពុជា​​នេះ ធ្វើឲ្យ​មានការចោទសួរយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់ក្រសួងសុខាភិបាលកម្ពុជា។ ទន្ទឹម​គ្នា​នេះ លោក​យល់ថា រដ្ឋាភិបាលកម្ពុជា ត្រូវ​តែ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដូចជា ការពាក់ម៉ាស់ការពារជាដើម ពោលគឺ​មិនត្រូវលើកទឹកចិត្តកុំឲ្យពលរដ្ឋពាក់ម៉ាស់​ការពារ​នោះ​ទេ ព្រោះ​វីរុស​ប្រភេទថ្មីនេះ មាន​ការ​ឆ្លង​ឆាប់​រហ័ស សូម្បី​តែ​គ្រួពេទ្យ​នៅ​ប្រទេស​ចិន​​ជាង ១ពាន់ ៧រយ​នាក់ ក៏បានឆ្លង និង​គ្រោះថ្នាក់ដល់អាយុជីវិតដែរ៖ «»

នេះមិនមែនជាករណីទីមួយទេ ដែលអ្នកធ្វើដំណើរមានផ្ទុកជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ នេះ ត្រូវ​បាន​រក​ឃើញ ក្រោយចាកចេញពីប្រទេសកម្ពុជា។ កាលពីចុងខែ​មករា មានជនជាតិ​ចិន ៣នាក់ ត្រូវ​បានរក​ឃើញថា មានជំងឺនេះ ក្រោយចាកចេញពីប្រទេសកម្ពុជាដែរ។

អង្គការសុខភាពពិភពលោក ធ្លាប់​ប្រកាស​ពី​ការ​ព្រួយបារម្ភថា ប្រទេសដែលមាន​ប្រព័ន្ធ​សុខាភិបាល ទន់​ខ្សោយ អាចមិនមានសមត្ថភាពរកឃើញវីរុសប្រភេទថ្មីនេះទេ។

ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត១៩ នេះ ស្ថានទូត​ប្រទេស​ជប៉ុន ក៏​បាន​ប្រកាស​ផ្តល់ សម្ភារៈ៤ប្រភេទដល់កម្ពុជា ក្នុង​មាន​ដូចជា​អាវ​បំពង់​ជាង ៩ពាន់ (៩.៣៦០) ឈុត អាកុល​សម្អាត​​ដៃ វ៉ែនតា​ការពារ​សុវត្ថិភាព​ចំនួន ៥៤០ និង​ស្រោម​ដៃ​ជាង ២ម៉ឺន ៤ពាន់ (២៤.៤០០) គូ។

គិតត្រឹមថ្ងៃ១៦ ខែកុម្ភៈជំងឺរលាកផ្លូវដង្ហើម កូវិត១៩ ដែលបង្កឡើងដោយ​មេរោគ​វីរុស សារស៊ីអូវី២ (SARS-Cov-2) ដែលមានប្រភពរីករាលដាលពីក្រុងវូហាន ប្រទេសចិន បាន​សម្លាប់​មនុស្ស​កើន​​ដល់​​ជាង ១ពាន់ ៦រយ (១៦៦៩) នាក់​​ហើយ ខណៈអ្នកឆ្លងកើនដល់ជិត ៧ម៉ឺន (៦៩.២៦៤) នាក់។ អ្នក​ឆ្លង និង​ស្លាប់ ភាគច្រើន គឺ​នៅប្រទេសចិន។ វីរុសនេះ បាន​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​ជិត ៣០ទៀត នៅ​​លើ​​ពិភព​លោក។ ប្រទេសមួយចំនួន រឹតបន្តឹងអ្នកធ្វើដំណើរពីប្រទេសចិន ដើម្បីទប់ស្កាត់​វីរុសដ៏កាច​សាហាវនេះ ហើយ​មាន​តែ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ដែល​បង្ហាញ​ជំហរ​មិន​ព្រួយ​បារម្ភ និង​​ស្វាគមន៍​អ្នក​ដំណើរ​​ទាំង​អស់​ដូច​ធម្មតា ទោះបីជាប្រព័ន្ធសុខាភិបាលកម្ពុជា រងការរិះគន់ថា នៅ​ទន់​ខ្សោយ​ក្តី៕

No comments: