ដោយ អាស៊ីសេរី
2020-02-12

រូបតំណាងមេរោគ កូរ៉ូណាវីរុស (Coronavirus) ឬហៅម្យ៉ាងទៀតថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
AFP
បុរសជនជាតិហូល្លង់ដ៍ វ័យ ៧០ឆ្នាំ ដែលធ្វើដំណើរតាមកប៉ាល់ទេសចរមកលេងខេត្តព្រះសីហនុ ហើយជាប់សង្ស័យថា មានមេរោគវីរុសកូរ៉ូណានោះ ត្រូវបានវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា គ្មានមេរោគដ៏កាចសាហាវនោះទេ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ភ្នាក់ងារកប៉ាល់ទេសចរណ៍ មិនបានអនុញ្ញាតឲ្យជនជាតិហូល្លង់ដ៍រូបនោះឡើងកប៉ាល់វិញទេ ក្រោយពីរកឃើញគាត់ មានឡើងកម្ដៅដល់ ៣៨អង្សា ដោយសង្ស័យថាមានផ្ទុកជំងឺកូរ៉ូណាថ្មី។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក សេង ណុង បានប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១២ ខែកុម្ភៈនេះថា ខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យបុរសជនជាតិហូល្លង់ដ៍នោះ ចាកចេញពីមន្ទីរពេទ្យហើយ កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ក្រោយពីពិនិត្យមិនឃើញមានវីរុសកូរ៉ូណា។
កាលពីពេលកន្លងទៅក្រសួងសុខាភិបាល បានរកឃើញករណីជំងឺឆ្លងកូរ៉ូណា ដែលបច្ចុប្បន្ន គេហៅថា វីរុស សារស៊ីអូវី២ (SARS-Co-2) លើបុរសជនជាតិចិនម្នាក់វ័យ ៦០ឆ្នាំ ដែលបាននាំក្រុមគ្រួសារមកលេងកម្សាន្តនៅខេត្តព្រះសីហនុ កាលពីខែមករា។ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ជូនបុរសនោះ និងក្រុមគ្រួសារទៅប្រទេសកំណើតវិញ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ក្រោយពេលគាត់បានជាសះស្បើយឡើងវិញ។
គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ វីរុសកូរ៉ូណា ឬ វីរុស សារស៊ីអូវី២ (SARS-Co-2) បានសម្លាប់មនុស្សកើនដល់ជាង ១ពាន់ ១រយនាក់ហើយ (១.១១៦) នៅលើពិភពលោក ខណៈអ្នកឆ្លងជំងឺនេះ កើនដល់ជាង ៤ម៉ឺន ៥ពាន់នាក់ (៤៥.២០៤) ភាគច្រើនបំផុតកើតមាននៅក្នុងប្រទេសចិន។ ចំណែកអ្នកព្យាបាលជាសះស្បើយ មានចំនួនជិត ៥ពាន់នាក់ (៤.៩៥៤)។ ចំនួនអ្នកស្លាប់ និងអ្នកឆ្លង ត្រូវបានគេកត់សំគាល់ឃើញថា មានការកើនឡើងជានិច្ច ដោយក្នុងមួយថ្ងៃ អ្នកស្លាប់អាចមានយ៉ាងតិច ៩០នាក់ ហើយអ្នកឆ្លងមានជាង២ពាន់នាក់ (២.០៧២) ៕
No comments:
Post a Comment