Monday, 3 February 2020
អ្នកនាំភ្ញៀវទេសចរនៅសៀមរាបរិះគន់របាយការណ៍ក្រសួងទេសចរណ៍ ថា មិនឆ្លុះបញ្ចាំងការពិត
ដោយ មួង ណារ៉េត
2020-02-02
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០១៨។
រូបថតក្រសួងទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា ក្នុងឆ្នាំ២០១៩ មានអ្នកទេសចរអន្តរជាតិជាង៦លាននាក់ បានមកទស្សនាកម្ពុជា គឺកើនឡើងជាងឆ្នាំ២០១៨ ជិត ៧ភាគរយ។ អ្នកនាំភ្ញៀវទេសចរ បានប្រតិកម្មនឹងការលើកឡើងនេះថា មិនឆ្លុះបញ្ចាំងការពិត និងមិនផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រឡើយ។
មគ្គទេសក៍ទេសចរនៅខេត្តសៀមរាប លោក សុត ហ៊ាន ថ្លែងកាលពីថ្ងៃទី១ ខែ កុម្ភៈថា អ្នកប្រកបរបរទាក់ទងនឹងវិស័យទេសចរ នៅតំបន់អង្គរវត្ត កំពុងប្រឈមមុខនឹងដាច់បាយហើយ ដោយសារមិនសូវមានភ្ញៀវ ទៅលេងកម្សាន្តខេត្តសៀមរាប។ លោកប្រតិកម្មនឹងការលើកឡើងរបស់ក្រសួងទេសចរណ៍ ដែលថា កម្ពុជាមានកំណើនទេសចរនោះ ថាជារឿងមិនពិតឡើយ ពីព្រោះខេត្តសៀមរាប ជាតំបន់ទេសចរប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញនៅលើពិភពលោក ប៉ុន្តែមិនមានភ្ញៀវទេសចរច្រើន ដូចពេលមុននោះឡើយ៖ «អ្វីដែលខ្ញុំមិនទទួលស្គាល់គឺភ្ញៀវវាធ្លាក់គាត់ថា ឡើង ដល់ពេលអីចឹងគឺយើងអត់អាចទទួលយកបាន ជាក់ស្ដែងដូចក្រុមហ៊ុន ដែលខ្ញុំធ្វើការ នៅខែដែលសំបូរភ្ញៀវមកលេងច្រើនដូចនេះអីចឹងអត់មានពេលទំនេរទេ គឺ វាពេញតែម្ដង ហើយសល់ឱ្យក្រុមនៅខាងក្រៅទៀត។ ខ្ញុំដូចថាមិនដឹងគាត់មានន័យថាម៉េចដែរ ដែលគាត់បំប៉ោងព័ត៌មានខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋដែលមិនបានរកស៊ីមុខរបរនេះយល់ខុស តែសម្រាប់អ្នកបម្រើទេសចរផ្ទាល់គេដឹងហើយ»។
មគ្គទេសក៍ទេសចររូបនេះ បន្ថែមទៀតថា អ្នកប្រកបរបរទាក់ទងនឹងវិស័យទេសចរនៅខេត្តដទៃ ក៏ពិបាករកប្រាក់ចំណូល ដូចពួកលោកដែរ ដោយសារភ្ញៀវទេសចរធ្លាក់ចុះ។
រីឯអ្នកបើកឡានដឹកភ្ញៀវទេសចរ នៅខេត្តសៀមរាប លោក ជា សានី វិញ ថ្លែងថា ភ្ញៀវទេសចរបានធ្លាក់ចុះខ្លាំង ២ឆ្នាំមកហើយ ដោយមិនដឹងមូលហេតុអ្វីនោះទេ។ លោកបន្តថា សព្វថ្ងៃលោកដឹកភ្ញៀវបានប្រមាណពី៨ទៅ១០ជើងក្នុងមួយខែ និងរកប្រាក់ចំណូលបានប្រមាណ២០០ដុល្លារអាមេរិក។ លោកបញ្ជាក់ទៀតថា ប្រសិនបើអ្នកទេសចរ នៅតែបន្តធ្លាក់ចុះដូចសព្វថ្ងៃ នឹងធ្វើឱ្យអ្នកប្រកបរបរទេសចរភាគច្រើន បោះបង់ការងារចោល ពីព្រោះមុខរបរសព្វថ្ងៃ មិនអាចរកប្រាក់ចំណូល ដោះស្រាយជីវភាពគ្រួសារ បានឡើយ៖ «សៀមរាបវាមិនប៉ះពាល់តែអ្នកទេសចរដឹកភ្ញៀវទេ ប៉ះពាល់ទាំង អ្នកលក់មុខអង្គរបន្តិចបន្តួចក៏លក់មិនដាច់ដែរ ហើយបើសិនគាត់មកគាត់មានក្រុមហ៊ុនគាត់ បើគាត់ចង់ទិញអីទៅទិញកន្លែងគាត់ គេរៀបចំឱ្យស្រេច តាំងពីទិញរបស់របរកំប៉ិកកំប៉ុក និយាយរួមក្រុមហ៊ុនគេរៀបទាំងអស់តែម្ដង ហើយសណ្ឋាគារគេទៀតឥឡូវនោះ។ ពីមុខបានសណ្ឋាគារខ្មែរខ្លះ ឥឡូវអត់ទេ សុទ្ធតែសណ្ឋាគារចិន ដូចនៅភូមិវប្បធម៌ ២បី អាធំហ្នឹងសុទ្ធតែរបស់ចិនទាំងអស់»។
ប្រតិកម្មរបស់អ្នកប្រកបរបរក្នុងវិស័យទេសចរនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា នៅឆ្នាំ ២០១៩ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦ លាននាក់ កើនឡើងជាង៦ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។
លោករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា កំណើនទេសនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។
គេហទំព័រក្រសួងទេសចរណ៍ចុះផ្សាយ កាលពីថ្ងៃទី១ ខែកុម្ភៈ ថា តំបន់ដែលទេសចរអន្តរជាតិនិយមទៅលេងកម្សាន្តច្រើនជាងគេ រួមមានរាជធានីភ្នំពេញ មានជាង៤លាននាក់ ខេត្តសៀមរាបជាង ២នាក់ និងតំបន់ឆ្នេរសមុទ្រ មានជាង ១លាននាក់។
របាយការណ៍ដដែលឱ្យដឹងថា ភ្ញៀវទេសចរបរទេស ដែលមកទស្សនាកម្ពុជាច្រើនជាងគេ គឺ ចិន មានជាង២លាននាក់ វៀតណាម ជិត១លាននាក់ ថៃ ឡាវ អាមេរិក ម៉ាឡេស៊ី បារាំង និង អង់គ្លេស ដែលប្រទេសនីមួយៗ មានអ្នកទេសចរចាប់ពីជាង ១សែននាក់ ទៅជាង ៤សែននាក់ ជាដើម។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា លោកមិនយល់អំពីរបាយការណ៍របស់ក្រសួងថា បានតួលេខពីណាមកនោះទេ ព្រោះភ្ញៀវទេសចរ នៅខេត្តសៀមរាបនេះ ធ្លាក់ចុះច្រើន រហូតមានការរអ៊ូរទាំពីអ្នកធ្វើអាជីវកម្មវិស័យទេសចរណ៍ទៀតផង។ បន្ថែមពីនេះលោកថា នៅតំបន់ទេសចរអង្គរវត្តសព្វថ្ងៃ សំបូរតែទេសចរចិន វៀតណាម និងកូរ៉េ ចំណែកទេសចរមកពីប្រទេសលោកខាងលិច មានចំនួនតិចតួចប៉ុណ្ណោះ «អីចឹងការនាំភ្ញៀវគេមានក្រុមហ៊ុនរបស់គេនាំផ្ដាច់មុខទាំងអស់ គេមិនឱ្យរបូតមកខ្មែរដូចលើកមុនទេ អ្នកលក់អីភ្ញៀវដើរចេញមកប្រសេចប្រសាច ទាំងតាក់ស៊ីនិងអ្នករត់រ៉ឺម៉កម៉ូតូអីរកអត់បានទេ គឺខាងក្រុមហ៊ុនទេសចរណ៍ គេក្រសោបយកអស់។ ម្យ៉ាងទៀតការចាយវាយអត់មានដូចអ្នកមកពីខាងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកទេ ការចាយវាយមានការត្បិតត្បៀត និយាយឱ្យអស់ទៅសូម្បីលុយធីប ក៏មិនដូចអ្នកទេសចរមកពីខាងអឺរ៉ុបដែរ»។
មន្ត្រីសហជីពរូបនេះបន្តថា ទេសចរលោកខាងលិចថយចុះនេះ អាចបណ្ដាលមកពីបញ្ហានយោបាយនៅកម្ពុជា ព្រោះមិនមានស្ថិរភាព ធ្វើឱ្យអ្នកទេសចរមានការព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងការដើរកម្សាន្ត និងខ្វះការផ្សព្វផ្សាយផ្នែកទេសចរ ទៅដល់ប្រទេសទាំងនោះ ឱ្យបានទូលំទូលាយ។
លោកថា បញ្ហាទាំងនេះ ប្រសិនបើមិនមានការដោះស្រាយឱ្យបានឆាប់ទេ នោះនឹងធ្វើឱ្យប្រជាពលរដ្ឋដែលប្រកបរបរសេវាកម្មទេសចរណ៍ បោះបង់មុខរបររបស់ខ្លួនចោល ហើយធ្វើចំណាកស្រុក ស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើន។
ដោយឡែក បើយោងតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរ សម្រាប់មួយខែដើមឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលទស្សនារមណីយដ្ឋានអង្គរ បានថយចុះជិត ១៨% (១៧,៨៩%) បើប្រៀបធៀបទៅនឹងខែ មករា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ ខែកុម្ភៈ បង្ហាញថា ភ្ញៀវទេសបរទេស ដែលបានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ក្នុងខែមករាកន្លងទៅនេះ មានចំនួន ជាង ២សែន ២ម៉ឺននាក់ (២២២,៥៦១)។ ប្រាក់ចំណូលពីការលក់សំបុត្រនេះ ក៏ថយចុះជិត ១៥% ដែរ (-១៤,៨១%)។
គ្រឹះស្ថានអង្គរមិនបានបញ្ជាក់អំពីមូលហេតុ នៃការថយចុះភ្ញៀវទេសចរបន្ថែម យ៉ាងគំហុកនេះទេ។ ប៉ុន្តែ ការថយចុះភ្ញៀវបន្ថែមនេះ គឺនៅស្របពេលដែលផ្ទុះការរាតត្បាតនៃមេរោគផ្លូវដង្ហើម ដ៏កាចសាហាវ ឈ្មោះវីរុសកូរ៉ូណាថ្មី ដែលផ្ទុះដំបូងនៅចុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន (Wuhan) ប្រទេសចិន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment