ដោយ អាស៊ីសេរី
2020-02-23

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។
Photo: RFA
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ឱ្យដឹងថ្ងៃទី២៣ ខែកុម្ភៈថា កម្ពុជាមិនទាន់រកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី បង្កជាជំងឺកូវីដ-១៩ (CoVid-19) បន្ថែមទៀតទេ ប៉ុន្តែលទ្ធភាពឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មីអាចនឹងកើតមាន ដោយសារជំងឺនេះនៅតែរាលដាលនៅទីក្រុងវូហាន ប្រទេសចិន នៅឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook)ថា ក្រុមគ្រូពេទ្យប្រចាំការតាមព្រំដែន នៅតែបន្តឃ្លាំមើលតាមរយៈម៉ាស៊ីនស្ទង់កម្ដៅ និងពិនិត្យសុខភាព អ្នកដំណើរចេញចូល គ្រប់ច្រកព្រំដែន ជាប់ប្រទេសថៃ ឡាវ វៀតណាម និងអាកាសយានដ្ឋានអន្តរជាតិទាំង៣ មាននៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងតាមផ្លូវសមុទ្រ។
លោកបន្តថា មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដំណើរការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីធ្វើតេស្តវិភាគសំណាក ដែលយកមកពីគ្រប់ខេត្តក្រុង។ លោកបញ្ជាក់ថា ក្រសួងក៏ត្រៀមមន្ទីរពិសោធន៍ចំនួនពីរទៀត នៅក្នុងក្រសួងសុខាភិបាល ដើម្បីជួយដល់ការធ្វើតេស្តបន្ថែមទៀត។
គិតមកដល់ពេលនេះ ក្រសួងសុខាភិបាល បញ្ជាក់ថា មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ឆ្លងវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ-១៩ នៅឡើយទេ។
ប្រសិនបើលោកអ្នកនាង សង្ស័យមានករណីឆ្លងជំងឺខុសប្លែកធម្មតានៅក្នុងសហគមន៍លោកអ្នករស់នៅ សូមរាយការណ៍ទៅក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ១១៥។ ការហៅទៅលេខ ១១៥ នេះ មិនមានចំណាយថវិកាទេ។
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះ ចំនួនអ្នកឆ្លងមេរោគបង្កជំងឺ កូវីដ-១៩ (CoVid-19) នៅទូទាំងពិភពលោក ឡើងដល់ជាង ៧ម៉ឺន ៨ពាន់នាក់ (៧៨.៧៦៧) គឺលើសតួលេខពីម្សិលមិញ (៧៧.៨៩១) ចំនួនជាង ៨រយនាក់ (៨៧៦នាក់)។ ទន្ទឹមគ្នានេះ ចំនួនអ្នកស្លាប់ឡើងដល់ជាង ២ពាន់ ៤រយនាក់ (២.៤៦១) លើសពីថ្ងៃម្សិលមិញចំនួនជាង ១រយនាក់ (១០១នាក់)។ រីឯអ្នកបានព្យាបាលជាសះស្បើយមានចំនួនជាង ២ម៉ឺន ៣ពាន់នាក់ (២៣.២០១)។
ក្រៅពីប្រទេសចិន នៅឯប្រទេសកូរ៉េខាងត្បូង ដែលមានពលករខ្មែរធ្វើការនៅទីនោះដែរ ការឆ្លងមេរោគបង្កជំងឺកូវីដ-១៩ កំពុងឈរនៅលំដាប់ទី២ ដែលមានតួលេខអ្នកឆ្លងឡើងដល់ចំនួន ៥៥៦នាក់។ ក៏ប៉ុន្តែ នៅមិនទាន់មានសេចក្ដីរាយការណ៍អំពីករណីឆ្លងលើពលករខ្មែរទេ៕
No comments:
Post a Comment