Friday, 28 February 2020

មន្ត្រី​ក្រសួង​ការងារ​ថា កង្វះ​វត្ថុធាតុ​ដើម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​កម្មករ​រោងចក្រ ជិត ១៦ម៉ឺន​នាក់ និង​រោងចក្រ ២០០​ប្រឈម​បិទ​ទ្វារ​នៅ​ខែ​មីនា​ខាង​មុខ


ដោយ ខែ សុណង
2020-02-27

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​នេះ» កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០។ រូប៖ Screenshot
លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អំពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​នេះ» កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០។ រូប៖ Screenshot

Photo: RFA




ក្រសួង​ការងារ​ប្រកាស​ថា កម្មករ​រោងចក្រ​ជិត ១៦ម៉ឺន​នាក់ អាច​រង​ផល​ប៉ះ​ពាល់​បាត់​បង់​ការងារ​ធ្វើ ហើយ​រោងចក្រ​ប្រមាណ២០០ អាច​នឹង​ត្រូវ​ម្ចាស់​បិទទ្វារ នៅ​ខែ​ក្រោយ​នេះ ដោយសារ​ខ្វះ​វត្ថុធាតុ​ដើម​ដែល​នាំ​ចូល​ពី​ចិន។ ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩ (Covid-19) បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ឆ្នាំ២០១៩ នៅ​ប្រទេស​ចិន បណ្ដាល​ឲ្យ​មនុស្ស​ជាង ២ពាន់​នាក់​ស្លាប់ ហើយ​បង្ក​ផល​លំបាក​ក្នុង ការ​ដឹក​វត្ថុធាតុ​ដើម​ទៅ​រោងចក្រ​នៅ​កម្ពុជា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក្រុម​សហជីព ស្នើ​ទៅ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ហើយ​ថា មូលហេតុ​នៃ​បាត់​បង់​ការងារ និង​ការ​បិទ​រោងចក្រ​នេះ អាច​បណ្ដាល​មក​ពី​ការ​បាត់​បង់ EBA ដែរ។

ប្រធាន​សហជីព​កម្មករ​ឯករាជ្យ​ចំនួន​ពីរ​ធំៗ យល់​ឃើញ​ស្រដៀង​គ្នា​ថា ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ ពន្ធ ២០% ក៏​អាច​ជា​មូលហេតុ​សំខាន់​មួយ ដែល​ជំរុញ​ឲ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ សង្កេត​ឃើញ​ថា ករណី​កម្ពុជា​ជួប​បញ្ហា​ខ្វះ​វត្ថុធាតុ​ដើម​ច្រើន​បែប​នេះ ដោយសារ​តែ​ថៅកែ​រោងចក្រ​មួយ​ចំនួន​មិន​បាន​បញ្ជា​ទិញ​វត្ថុធាតុ​ដើម​ស្តុក​ទុក​ច្រើន ក្រោយ​កម្ពុជា​រង​ទណ្ឌកម្ម បាត់បង់ EBA 20 ភាគរយ និង គួប​ផ្សំ​ពេល​នេះ​ប្រទេស​ចិន​កំពុង ផ្ទុះ​ការ​រីក​រាល​ដាល​នៃ​វីរុស កូវីដ-១៩ (Covid-19) ។ លោក​បារម្ភ​ថា បញ្ហា​នេះ​នឹង​មិន​ងាយ​ដោះ​ស្រាយ​នោះ​ទេ ដូច្នេះ​លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់៖ «រឿង​នេះ​មិន​តូច​ប៉ុន្មាន​ទេ ជា​បញ្ហា​មួយ​ធំ ហើយ​ដែល​ក្រសួង​បាន​បញ្ចេញ​ព័ត៌មាន​បែបនេះ ព្រោះ​ជា​ទូទៅ​ក្រសួង​អី​មិន​សូវ​ជា​បញ្ចេញ​ព័ត៌មាន​អី ដែល​ធ្វើ​ឱ្យ​កម្មករ​បារម្ភ​ទេ ហើយ​បញ្ហា​នេះ​ជា​បញ្ហា​មួយ ដែល​មិន​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​នោះ​ទេ»។



ចំណែក ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់ថា បញ្ហា​បិទ​រោងចក្រ និង​បាត់បង់ ការងារ​កម្មករ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ ២០ភាគ​រយ ពី​សហភាព​អឺរ៉ុប ដែល​មិន​មែន​មក​ពី​វីរុស កូវីដ-១៩ (Covid-19) តែ​មួយ​មុខ​នោះ​ទេ។ លោក​ថា មាន​កម្មករ​ជា​ច្រើន​អាច​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ធ្វើ៖ «ប៉ុន្តែ​នៅ​កម្ពុជា​យើង​ប្រឈម​ពីរ​ប្រឈម​នឹង​ជំងឺ​ផង និង​ការ​ប្រព័ន្ធ​អនុគ្រោះ EBA នេះ​ផង។ អ៊ីចឹង​មាន​ប៉ះ​ពាល់​ខ្លាំង​ជុំវិញ​ការ​បាត់​បង់​ការងារ​របស់​ប្អូន​កម្មករ​កម្មការិនី ហើយ​នៅ​ពេល​បាត់បង់​ការងារ​កម្មករ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្មករ​នឹង​ប៉ះពាល់​តាម​រយៈ​ហ្នឹង​ផង​ដែរ»។

ប្រតិកម្ម​របស់​សហជីព​នេះ កើត​ឡើ​បន្ទាប់​ពី អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ លើកឡើង ថា ពេល​នេះ​មាន​រោងចក្រ ១០ ហើយ ដែល​បាន​ដាក់​សំណើសុំ​ព្យួរ​ការងារ​ផ្នែក​ខ្លះ។ លោក​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​របស់​កម្មករ​ប្រមាណ ៣ពាន់​នាក់។ អ្នក​នាំ​ពាក្យ​ដដែល​បញ្ជាក់​ថា នៅ​ខែ​មីនា​ខាង​មុខ​ករណី​កង្វះ​វត្ថុធាតុ​ដើម​នៅ​ប្រទេស​ចិន អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ​រោងចក្រ​ជិត ១៦ម៉ឺន​នាក់៖ «នៅ​កម្ពុជា​យើង​ក៏​ដូច​ជា​បណ្ដា​ប្រទេស ដែល​ផលិត​សំលៀក​បំពាក់​នេះ ក៏​ប្រឈម​នឹង​កង្វះ​វត្ថុធាតុ​ដើម​ដូច​គ្នា ប៉ុន្តែ​ដូច​ខ្ញុំ​បញ្ជាក់​ថា តាម​រយៈ​ការ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​មាន​អាទិភាព​ទទួល​បាន​វត្ថុធាតុ​ដើម​នេះ​មុន​គេ»។

ទោះ​យ៉ាង​នេះ​ក្តី​អ្នក​នាំ​ពាក្យ​រូប​នេះ​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រសួង​ការងារ​កំពុង​សម្រប​សម្រួល​ជាមួយ ថៅកែ​រោងចក្រ ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​កម្មករ​កម្មការិនី​ប្រមាណ ៣ពាន់ ដែល​ត្រូវ​ព្យួរ​ការងារ​នោះ​អាច​ទទួល​បាន​ប្រាក់​ខែ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ។

ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធានា​អះអាង​ថា នឹង​ផ្ដល់​ជូន​ប្រាក់​ឧបត្ថម្ភ​ ឲ្យ​កម្មករ​រយៈ​ពេល​ខ្លី ​សរុប​ចំនួន​៦០ភាគរយ​នៃ​ប្រាក់​ឈ្នួល តែ​ត្រូវ​បំពេញ​កាតព្វកិច្ច​​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​បន្ថែម​រយៈ​ពេល ៤ខែ។

នៅ​ក្នុង​សប្ដាហ៍​នេះ លោក ហ៊ុន សែន ក៏​បាន​ស្នើសុំ​​​​​រដ្ឋាភិបាល​ប្រទេស​ចិន​ឲ្យ​ដឹក​សាច់ក្រណាត់​តាម​យន្តហោះ និង​កប៉ាល់​ទឹក​មក​កម្ពុជា​ឲ្យ​បាន​លឿន​តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ទប់​ស្កាត់​ស្ថានភាព​ការ​បិទ​រោងចក្រ និង​កម្មករ​គ្មាន​ការ​ងារ​ធ្វើ។ លោក​បន្ត​ថា ភាគី​កម្ពុជា​អាច​នឹង​ជួល​យន្តហោះ​ពី​កម្ពុជា​ទៅ​ដឹក​វត្ថុធាតុ​ដើម​ពី​ចិន​តែ​ម្ដង។

ទោះ​បី​ជា​យ៉ាង​ណា លោក អាត់ ធន់ យល់ថា ការ​ដឹក​វត្ថុធាតុ​ដើម​តាម​យន្តហោះ​អាច​អន្តរាគមន៍ បាន​ទាន់​ពេលវេលា ប៉ុន្តែ​លោក​គិត​ថា មធ្យោបាយ​នេះ​អាច​ចំណាយ ទ្វេ​ដង ដែល​អាច​ធ្វើ​ឲ្យ​ផលិតផល​កម្ពុជា​លក់​ថ្លៃ​ខ្ពស់​ក្នុង​ការ​នាំ​ចេញ ដែល​ធ្វើ​ឲ្យ​ពិបាក​រក​ទីផ្សារ៕

No comments: