Saturday, 29 February 2020

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ព្រះសង្ឃ​ជួយ​ផ្សព្វផ្សាយ​សារ​សន្តិភាព​ដល់​ពុទ្ធ​បរិស័ទ


ដោយ ខែ សុណង
2020-02-29

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពិធី​ស្រោច​ទឹក ឬ​ស្រោច​ព្រះ​សុគន្ធវារី ប្រគេន សម្តេច​ព្រះ​សង្ឃ​នាយក​រង​៣​ព្រះអង្គ ដែល​ទើប​តែងតាំង​ថ្មី នៅ​វត្ត​ចំពុះ​ក្អែក ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​។
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពិធី​ស្រោច​ទឹក ឬ​ស្រោច​ព្រះ​សុគន្ធវារី ប្រគេន សម្តេច​ព្រះ​សង្ឃ​នាយក​រង​៣​ព្រះអង្គ ដែល​ទើប​តែងតាំង​ថ្មី នៅ​វត្ត​ចំពុះ​ក្អែក ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​។
រូប​ហ្វេសប៊ុក​ លោក ហ៊ុន សែន





ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លើកទឹកចិត្ត​ឱ្យ​ព្រះសង្ឃ ជួយ​ទេសនា​ពន្យល់​ពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន​។ រីឯ​ព្រះសង្ឃ យល់ថា អ្វី​ដែល​លោក ហ៊ុន សែន លើកឡើង គឺ​មាន​ចេតនា​ចង់​ឱ្យ​ព្រះសង្ឃ​ទេសនា​បម្រើ​ផលប្រយោជន៍​គណបក្ស​របស់​ខ្លួន ហើយ​ខ្លឹមសារ​សន្តិភាព​របស់​លោក ហ៊ុន សែន និង​ព្រះពុទ្ធសាសនា មាន​លក្ខណៈ​ផ្ទុយគ្នា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សរសើរ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់ លោក​ជាង​៤០​ឆ្នាំ​មក​នេះ​ថា បាន​ធ្វើ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ហើយ​ផ្តល់​ឱកាស​ឱ្យ​គ្រប់​សាសនា​ទាំងអស់​មាន​ការ​រីកចម្រើន ស្រប​ពេល ដែល​ជីវភាព​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ និង​មាន​សេរីភាព​ពេញលេញ​ក្នុង​ជំនឿ​សាសនា​។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ន័យ​បង្គាប់​បញ្ជា​ទៅ​ព្រះសង្ឃ​ឱ្យ​ជួយ​ទេសនា ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ក្នុង​ពេល បច្ចុប្បន្ន ខណៈ​លោក​ក៏​ទើបតែ​បាន​ចេញ​បញ្ជា​ឱ្យ​ក្រសួង និង​មន្ទីរ​រដ្ឋ​គ្រប់​ស្ថាប័ន ធ្វើ​យុទ្ធនា​ការ​បិទ​ពាក្យស្លោក "​អរគុណ​សន្តិភាព​" នៅ​ទូទាំង​ប្រទេស​រួច​មក​ហើយ​ដែរ៖ «ព្រះពុទ្ធសាសនា​ក៏​ត្រូវ​មាន​ចំណែក​ដើម្បី​អប់រំ​ឱ្យ​ពុទ្ធ​បរិស័ទ ចូលរួម​ចំណែក​ការពារ​សន្តិភាព ការពារ​នូវ​អ្វី​ដែល​បាន​នឹង​កំពុង​មាន​ហើយ​ខិតខំ​អភិវឌ្ឍន៍​ជា បន្ត​ទៀត។ ដូច្នេះ​នេះ​គឺជា​ការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ពុទ្ធចក្រ និង​អាណាចក្រ។ អាណាចក្រ​ទទួល​បាន​ផលប្រយោជន៍​ពី​សាសនា​រួមមាន​ពុទ្ធចក្រ​និង​សាសនា​ដទៃ​ទៀត»។

ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ធ្វើឡើង​ក្នុង​ពិធី​ស្រោច​ទឹក ឬ​ស្រោច​ព្រះ​សុគន្ធវារី ប្រគេន សម្តេច​ព្រះ​សង្ឃ​នាយក​រង​៣​ព្រះអង្គ ដែល​ទើប​តែងតាំង​ថ្មី នៅ​វត្ត​ចំពុះ​ក្អែក ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​។ លោក ហ៊ុន សែន ក៏​ឆ្លៀតឱកាស​បញ្ចេញ​សារ​នយោបាយ​ដែរ ថា ប្រសិនបើ​គណបក្ស​ថ្មី​ឡើង​ដឹកនាំ​ប្រទេស មិន​ប្រាកដ​ថា មាន​គោលនយោបាយ​បើកទូលាយ​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា ដូច​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

ព្រះតេជព្រះគុណ លួន សុវ៉ាត ដែល​តែង​ចូលរួម​តវ៉ា​យ៉ាងសកម្ម​ជាមួយ​សកម្មជន​ដីធ្លី និង​ផ្ទះសម្បែង និង​ធ្លាប់​ទទួល​ពានរង្វាន់​ផ្នែក​សិទ្ធិមនុស្ស​ផង​នោះ មាន​ថេរ​ដីកា​ថា ការ​លើកឡើង របស់​លោក ហ៊ុន សែន បែបនេះ គឺ​មាន​បំណង​ចង់​យក​ស្ថាប័ន​ព្រះពុទ្ធសាសនា ជួយ​ផ្សព្វផ្សាយ​សារ​នយោបាយ ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្ស​របស់​ខ្លួន ហើយ​ទង្វើ​បែបនេះ​គឺ​ខុស​នឹង​ច្បាប់​ព្រះពុទ្ធសាសនា​ទាំងស្រុង​។ ព្រះសង្ឃ​អង្គ​នេះ បន្ត​ថា តាមពិត​ព្រះសង្ឃ​ខ្មែរ បាន​ដើរ​តួនាទី​ត្រឹមត្រូវ​រួចហើយ​ក្នុង​ការ​អប់រំ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់ កុំ​ឱ្យ​ធ្វើអំពើ​បាប ត្រូវ​ធ្វើ​អំពើ​ជា​កុសល និង​ធ្វើ​ចិត្ត​ឱ្យ​ស្អាត​ផូរផង់ ដែល​ជា​ទស្សនវិជ្ជា​របស់​ព្រះពុទ្ធសាសនា ដែល​បង្កប់​ដោយ​អត្ថន័យ សន្តិភាព អហិង្សា និង​ការ​គោរព​សិទ្ធិមនុស្ស​ដែល​ពិភពលោក​កំពុង​ប្រតិបត្តិ​តាម។ ព្រះតេជព្រះគុណ មាន​ថេរដីកា​ទៀត​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឱ្យ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព​ពេញ​លេញ​ពិតប្រាកដ គួរតែ​ធ្វើជា​មេដឹកនាំ​ដែល​ប្រកាន់​នូវ​ទសពិធរាជធម៌ ដែល​ជា​គុណធម៌ និង​សីល ធម៌​ទាំង ១០ រួមមាន ភាព​ស្មោះត្រង់ មិន​លោភលន់ ចេះ​ចែករំលែក មិន​ប្រើ​អំពើ​ហិង្សា មិន​បំពាន​ច្បាប់ មិន​បៀតបៀន​អ្នកដទៃ ចេះ​អត់ធ្មត់ ត្រូវ​មាន​សីលធម៌​ក្នុង​ខ្លួន ត្រូវ​ចេះ​សមាទាន​សីល​រក​ផ្លូវ​ល្អ និង​ត្រូវ​ប្រកាន់​នូវ​ចរិត​សុភាព​រាបសា​ជាដើម៖ «ទោះបីជា​ឱ្យ​ព្រះសង្ឃ​ទេសនា​អរគុណ​នូវ​សន្តិភាព​ក្តី ទោះបីជា​សរសេរ​នូវ​ពាក្យ​អរគុណ​សន្តិភាព​មួយ​លាន​ដង​ក្តី តែ​បើ​ការអនុវត្ត ការ​ធ្វើ​នូវ​អំពើ​ប្រាសចាក​ពី​ផ្លូវ​សន្តិភាព​ហើយ គឺ​អត់​មាន​សន្តិភាព​ទេ ។ សន្តិភាព​មិន​មែនមាន​ន័យ​ថា សន្តិភាព​តែ​ផ្លូវ​វាចា ផ្លូវកាយ​ទេ គឺ​សំដៅ​លើ​ផ្លូវចិត្ត​ផង​ដែរ​។ សន្តិភាព​របស់​ព្រះ​សម្មាសម្ពុទ្ធ គឺ​ទាល់តែ​ចិត្ត​មាន​សន្តិភាព ទើប​ធ្វើ​ឱ្យ​កាយ​និង​វាចា​មាន​សន្តិភាព​ដែរ»។

ព្រះតេជព្រះគុណ លួន សុវ៉ាត កត់សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា ថ្វីត្បិតតែ​គ្មាន​សង្គ្រាម​ប្រដាប់​អាវុធ​ក្ដី ក៏ប៉ុន្តែ​ពោរពេញ​ដោយ​អសន្តិសុខ​មនុស្សជាតិ មាន​អំពើ​ហិង្សា ការរំលោភ​ដីធ្លី អយុត្តិធម៌​សង្គម អំពើពុករលួយ ការ​រំលោភបំពាន​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​កម្មករ​ជាដើម ដូច្នេះ អ្វី​ដែល​កើតឡើង​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ថា កម្ពុជា​ពុំទាន់​មាន​សុខ​សន្តិភាព​ពេញលេញ​នៅឡើយ​ទេ​។ ព្រះអង្គ​យល់ថា អត្ថន័យ​នៃ​ពាក្យ​សន្តិភាព​របស់​ព្រះពុទ្ធសាសនា និង​អ្នកនយោបាយ​ខ្មែរ​ខុសគ្នា។ ខុសគ្នា​ត្រង់​ថា ពាក្យ​សន្តិភាព​របស់​អ្នកនយោបាយ​ខ្លះ ឱ្យ​តែ​អត់​សង្គ្រាម​ប្រដាប់​អាវុធ​បង្ហូរ​ឈាម​នោះ​ទើប​មាន​សន្តិភាព​ហើយ ប៉ុន្តែ​សម្រាប់​ព្រះពុទ្ធសាសនា គឺ​អប់រំ មនុស្ស​ឱ្យ​ទម្លាក់អាវុធ​ចុះ ចាប់​យក​ធម៌​អហិង្សា កុំ​បៀតបៀន​គ្នា ហើយ​ធ្វើអំពើ​ល្អ​ដាក់គ្នា ទាំង​ផ្លូវចិត្ត​ផ្លូវកាយ ទើប​មាន​សន្តិភាព៖ «សន្តិភាព​របស់​ព្រះពុទ្ធ​គឺ​សន្តិភាព​ទាំងអស់​គ្នា សុខ​ទាំងអស់​គ្នា សុខ​ទាំង​យើង​សុខ​ទាំង​គេ សុខ​ទាំង​មនុស្ស រហូត​ដល់​ដល់​សុខ​ទាំង​ទេវតា​ទៅទៀត តែ​បើ​សារ សន្តិភាព​ក្នុង​ន័យ​អ្នកនយោបាយ​វិញ គឺ​យើង​មើល​រាល់ថ្ងៃ ភាគី​ម្ខាង​ទៀត អត់​មាន​សេចក្ដី​សុខ អត់​មាន​សន្តិភាព​ទេ អ្នកខ្លះ​ជាប់គុក អ្នកខ្លះ​រត់ចោលស្រុក ហើយ​អ្នកខ្លះ​ដេក​ភ័យ​នៅ ផ្ទះ ពេល​ដើរ​ទៅ​ណា​ទៅ​ណី ក៏​មាន​គេ​តាម​ឃ្លាំមើល​ដែរ។ សួរ​ថា​សន្តិភាព​កើត​ដែរ​កន្លែង​នេះ។ អ្នក​ដែល​មាន​អំណាច​គេ​សន្តិភាព​ហើយ ព្រោះ​គេ​ចង់​ទៅ​ណា​ក៏មា​ន​អង្គរក្ស ចង់​ធ្វើ​អី​និយាយ​អី បាន​តាម​អំពើ​ចិត្ត​អត់​មាន​ទាស់​ខុស»។

ស្រដៀង​គ្នា​នេះ​ដែរ ព្រះតេជព្រះគុណ យស ហ៊ុតខេមចារោ ដែល​គង់នៅ​ប្រទេស​បារាំង ប្រាប់​អាស៊ីសេរី​ថា តាម​ពិត​ទៅ ព្រះសង្ឃ គួរតែ​ទេសនា​ពន្យល់​លោក ហ៊ុន សែន ទៅវិញ​ទេ ដើម្បី​ឱ្យ​លោក​មាន​សន្តិភាព​ក្នុង​ចិត្ត វាចា​និង​កាយ​ជា​គំរូ ត្រូវ​យក​ធម៌​យក​ច្បាប់​ជាធំ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ​សេរី ពហុបក្ស ត្រូវ​គោរព​សិទ្ធិមនុស្ស ត្រូវ​គោរព​គោលការណ៍​បែងចែក​អំណាច ត្រូវ​គោរព​ឯករាជ្យ​ភាព នៃ​តុលាការ​ជាដើម​។ លុះណាតែ​មេដឹកនាំ​ប្រទេស មាន​មេត្តាករុណា ការ​គោរព​នូវ​តម្លៃ​និង​សេចក្ដី ថ្លៃថ្នូរ​របស់​មនុស្ស និង​ការ​ផ្ដល់ យុត្តិធម៌​ដ៏​ពេញលេញ​ទើប​អាច​មាន​សន្តិភាព។ ព្រះអង្គ​យល់​ថា សន្តិភាព​ដោយ​គ្មាន​យុត្តិធម៌ គឺជា​សន្តិភាព​ក្លែងក្លាយ ឬ​សន្តិភាព សិប្បនិម្មិត។

លោក ហ៊ុន សែន ត្រូវ​បាន​សហគមន៍​អន្តរជាតិ ចាត់ទុកថា ជា​មេដឹកនាំ​ផ្ដាច់ការ ក្រោម​ការដឹកនាំ​របស់​លោក​ពោរពេញ​ដោយ​អំពើ​ហិង្សា អំពើពុករលួយ ការ​កាប់​សម្លាប់ និង​បិទ​សេរីភាព​ប្រជា ពលរដ្ឋ​របស់​ខ្លួន​។ និយាយ​អំពី​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​វិញ គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន ធ្វើឡើង​ដោយ​មិន​ស្មោះត្រង់​ឡើយ គឺ​ធ្វើបុណ្យ​ដើម្បី​បាន​ចំណេញ​។ កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៣ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់​ឆ្នោត លោក​នឹង​ឈប់​ធ្វើបុណ្យ ឈប់​ហែ​កឋិន​ចូល​វត្ត រាល់​គម្រោង​បុណ្យ​ទាំងអស់ ត្រូវ​ដក​ចោល ហើយ​សូម្បីតែ​ម៉ាស៊ីន​បូម​ទឹក​ដាក់​ស្រែ​កសិករ ក៏​ដកចេញ​ដែរ​ដោយ​ទុក​ឱ្យ​ស្រូវប្រាំង​ក្រៀម​ស្វិត​ទាំងអស់៕

1 comment:

Anonymous said...

Ah Chker Chkuot Hun Sen,

The war does not occur spontaneously or by itself. The war in Cambodia has been initiated almost entirely by your master Vietnam in order to create chaos in Cambodia so that the evil Vietnam could exploit the situation and swallow Cambodia. Thanks to Ah Chker Chkuot Hun Sen, the Vietnamization of Cambodia is nearly complete. Therefore, stop barking (praising) about the value of your fake peace, which is a timing bomb that when explode (when the Vietnamization of Cambodia is complete) Cambodia will become a part or a province of the evil Vietnam.