ដោយ អាស៊ីសេរី
2020-02-28

ស្ត្រី (សំលៀកបំពាក់ផ្កា) ដែលស្លាប់កូនខ្ចីអាយុ ៥ខែ ក្នុងអំឡុងពេលរស់នៅក្នុងពន្ធនាគារ ផ្ដិតមេដៃលើលិខិតរបស់ពន្ធនាគារ មុនពេលត្រូវបានដោះលែង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ លោក ជិន ម៉ាលីន
ស្ត្រី ជាម្ដាយរបស់ទារិកាអាយុ ៥ខែ ដែលស្លាប់ ដោយសាររលាកសួត និងខ្វះអាហារូបត្ថម្ភ ក្នុងពេលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ ត្រូវឆ្មាំពន្ធនាគារដោះលែងឲ្យមានសេរីភាព តាមបង្គាប់របស់តុលាការវិញហើយ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរដ្ឋាភិបាល ចេញផ្សាយសេចក្ដីប្រកាសថា ស្ត្រី ជាម្ដាយ ត្រូវបានឆ្មាំពន្ធនាគារដោះលែង នៅព្រឹកថ្ងៃទី២៨ កុម្ភៈ គឺបីថ្ងៃក្រោយតុលាការក្រុងភ្នំពេញសម្រេចព្យួរទោស។ ស្ថាប័នសិទ្ធិមនុស្សរដ្ឋាភិបាលមួយនេះ អះអាងថា ក្រោយកើតមានករណីនេះហើយ ខ្លួននឹងយកចិត្តទុកដាក់បន្តតាមដាន ករណីផ្សេងទៀត ពាក់ព័ន្ធនឹងស្ត្រីជាប់ឃុំ ដែលមានកូនតូចក្នុងពន្ធនាគារ ដើម្បីធានាថា សិទ្ធិរបស់ស្ត្រី និងកូនតូច ដែលរងការជាប់ឃុំជាមួយគ្នា ត្រូវបានធានា និងការពារ ស្របតាមបទដ្ឋានជាតិ អន្តរជាតិ និងគោលការណ៍សិទ្ធិមនុស្ស។
ប៉ុន្តែស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល មិនបានបញ្ជាក់ពីជំហរក្នុងការរកយុត្តិធម៌ ជូនជនរងគ្រោះ គឺទារិកា អាយុ ៥ខែ ដែលស្លាប់កាលពីថ្ងៃទី២៦ ខែមករានោះទេ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន តាមលេខទូរស័ព្ទ ក្នុងសេចក្ដីប្រកាសព័ត៌មានបានទេ នៅថ្ងៃទី២៨ កុម្ភៈ ដោយសារ ទូរស័ព្ទចូល គ្មានអ្នកលើក។ តែយ៉ាងណា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់អះអាង កាលពីថ្ងៃទី១៩ កុម្ភៈ ម្ដងរួចហើយថា ទារិការងគ្រោះស្លាប់ ដោយសារមានសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ហើយខាងពន្ធនាគារ មានការសោកស្ដាយ ចំពោះការស្លាប់នេះ។
កាលពីថ្ងៃទី១៨ មករា អង្គការលីកាដូ ចេញផ្សាយរបាយការណ៍ ទាមទារឲ្យស៊ើបអង្កេត និងរកយន្តការដោះស្រាយ ក្រោយការស្លាប់ ទារិកាម្នាក់ អាយុ៥ខែ ដែលរស់នៅជាមួយម្ដាយ ក្នុងពន្ធនាគារ ម២ ឬគុកព្រៃសដោយសារ រលាកសួត និងខ្វះអាហារូបត្ថម្ភ។
ស្ត្រីជាម្ដាយ បានជាប់ឃុំជាងកន្លះឆ្នាំមកហើយ ដោយមិនទទួលបានសវនាការ និងគ្មានមេធាវីការពារខ្លួន។ ស្ត្រីរូបនោះជាប់ពន្ធនាគារ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ក្នុងពេលមានគភ៌ ៨ខែ ដោយរង ការចោទប្រកាន់ថា បានកាន់កាប់កញ្ចប់ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (Methamphetamine) មួយកញ្ចប់មានតម្លៃ មួយម៉ឺនរៀល ស្មើនឹងពីរដុល្លារកន្លះ (២.៥)។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត ស្វាគមន៍ចំពោះការដោះលែងស្ត្រី ជាម្ដាយនៃទារិការងគ្រោះ តែសោកស្ដាយចំពោះការស្លាប់ទារិកា អាយុ ៥ខែ។ លោក អំ សំអាត សង្ឃឹមថា ពីពេលនេះទៅ តុលាការនឹងពិចារណាឲ្យបានដិតដល់ក្នុងការសម្រេចចិត្តចោទប្រកាន់ ឬគិតឲ្យដល់ពីជម្រើសចុងក្រោយ ចំពោះករណីស្ត្រី មានគភ៌ជិតគ្រប់ខែ។ ក្នុងករណី តុលាការសម្រេចឲ្យឃុំខ្លួនស្ត្រី មានគភ៌ជិតគ្រប់ខែបែបនេះ ឬមានកូនតូចរស់នៅជាមួយ ត្រូវពន្លឿននីតិវិធី និងធានាឲ្យបានថា ស្ត្រីរូបនោះ យល់ដឹងពីសិទ្ធិរបស់ខ្លួន និងមានមេធាវីការពារក្ដី៖ «ឃើញថា ជាការតាំងចិត្ត តែទោះយ៉ាងណា ក៏យើងតាមមើលបន្តទៀត ហើយយើងស្វាគមន៍ ហើយយើងអបអរ ដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្កើនការយកចិត្តទុកដាក់ ផ្ដល់មេធាវី ដល់ស្ត្រី ជាប់ពន្ធនាគារហ្នឹង»។
ក្រោយអង្គការលីកាដូចេញរបាយការណ៍អំពីការស្លាប់នៃទារកនេះ ទើបគេឃើញស្ថាប័នរដ្ឋ រួមមាន ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាប់ផ្ដើមដុតដៃដុតជើងយកចិត្តទុកដាក់។ នៅថ្ងៃទី២០ កុម្ភៈ គឺជិត ១ខែក្រោយការស្លាប់ទារិកាអាយុ ៥ខែនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឆ្លើយនឹងសំណួរអ្នកកាសែតថា បើទោះគ្មានការស្នើសុំឲ្យស៊ើបអង្កេតពីអង្គការលីកាដូ ក៏លោកបញ្ជាឲ្យអាជ្ញាធរស្រាវជ្រាវដែរ។
នៅពេលទារិកា ដែលជាប់ក្នុងពន្ធនាគារជាមួយម្ដាយនោះ ធ្លាក់ខ្លួនឈឺធ្ងន់ ឆ្មាំគុកបានបញ្ជូនទាំងម្ដាយទាំងកូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី១៨ មករា ដើម្បីឆ្លុះកាំរស្មីអ៊ិចរកមើលស្ថានភាពបាក់ឆ្អឹងភ្លៅ។ ក្រោយមក មន្ទីរពេទ្យរុស្ស៊ី បានបញ្ជូនបន្តទៅមន្ទីរពេទ្យកុមារជាតិវិញ ជាពេទ្យឯកទេសកុមារ។ នៅមន្ទីរពេទ្យកុមារជាតិ ទារិការងគ្រោះ និងម្ដាយ មិនទទួលបានការអនុញ្ញាតឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទេ ដោយគ្រូពេទ្យបានបើកថ្នាំឲ្យលេប និងបង្គាប់ឲ្យបញ្ជូនទៅពន្ធនាគារព្រៃស ម២ វិញ ដោយអះអាងថា មន្ទីរពេទ្យគ្មានបន្ទប់ឲ្យសម្រាក។ ១សប្ដាហ៍ក្រោយមក ទារិការងគ្រោះក្ដៅខ្លួន និងក្អកខ្លាំង ឆ្មាំក៏ពន្ធនាគារបានបញ្ជូននាង និងម្ដាយមកមន្ទីរពេទ្យកុមារជាតិវិញ ដោយគ្រូពេទ្យបើកថ្នាំឲ្យដដែល និងណែនាំឲ្យយកទៅសម្រាកនៅពន្ធនាគារវិញ។
នៅថ្ងៃទី២៥ មករា ទារិកាចាប់ផ្ដើមបាត់បង់ស្មារតី ពិបាកដកដង្ហើម។ បុគ្គលិកពេទ្យពន្ធនាគារបានដាក់សេរ៉ូមឱ្យទារិកានោះ រួចបញ្ជូននាងទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលមួយយប់នៅក្នុងមន្ទីរពេទ្យនោះ។ លុះដល់ព្រឹកថ្ងៃទី២៦ ខែមករាទារិកា អាយុ ៥ខែនេះ បានស្លាប់ ក្រោយពេលដាក់ចូលក្នុងទូកញ្ចក់អុកស៊ីហ្សែន បាន ៣នាទី។ គ្រូពេទ្យថា ទារិកាស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហារូបត្ថម្ភ៕
No comments:
Post a Comment