ដោយ ខែ សុណង
2020-02-25
rfa

លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា អនុសាសន៍របស់លោក ហ៊ុន សែន រឿងចង់ឱ្យមន្ត្រីបម្រើពលរដ្ឋជាធំនោះ នឹងមិនមានប្រសិទ្ធភាពឡើយ ពីព្រោះលោក ហ៊ុន សែន ផ្ទាល់បានផ្ដល់គំរូអាក្រក់ជាច្រើនដល់មន្ត្រីថ្នាក់ក្រោម ទាំងរឿងអំពើពុករលួយ និងបង្កើតវប្បធម៌និទណ្ឌភាព។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលកំពុងរត់ភៀសខ្លួននៅក្រៅប្រទេស លោក ម៉ន ផល្លា ជឿជាក់ថា មន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមអាចប្រឈមនឹងការដកចេញពីតួនាទី ប្រសិនបើពួកគេហ៊ានសម្រេចចិត្តខ្លួនឯង ដោយមិនឆ្លងយោបល់ពីថ្នាក់លើ។ ម្យ៉ាងវិញទៀត លោកមើលឃើញថា លោក ហ៊ុន សែន ក៏មិនមែនជាមេដឹកនាំគំរូសម្រាប់មន្ត្រីក្រោមឱវាទនោះដែរ ដោយសារតែលោកដឹកនាំតាមរបៀបផ្ដាច់ការ និងពុករលួយ។ ជាងនេះទៅទៀត លោកថា លោក ហ៊ុន សែន បានបង្កើតវប្បធម៌និទណ្ឌភាព និងលើកទឹកចិត្តដល់មន្ត្រីទាំងឡាយណា ដែលប្រព្រឹត្តល្មើសច្បាប់ ប៉ុន្តែបានផលប្រយោជន៍ដល់រូបលោក។
លោក ម៉ន ផល្លា លើកឧទាហរណ៍ ករណីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវក្រុមកងអង្គរក្សលោក ហ៊ុន សែន វាយដំបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ប៉ុន្តែក្រុមជនដៃដល់បានជាប់ឃុំតែមួយរយៈពេលខ្លីប៉ុណ្ណោះ រួចក៏ត្រូវបានដោះលែង និងត្រូវដំឡើងឋានន្តរសក្ដិខ្ពស់ជាងមុនទៅទៀត។ លោកថា ករណីមួយទៀតនោះ គឺមន្ត្រីរដ្ឋាភិបាល និងតុលាការ ដែលមានស្នាដៃក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាការបំផ្លាញចោលប្រជាធិបតេយ្យនៅកម្ពុជា ក៏ត្រូវបានដំឡើងឋានៈ និងតួនាទី កាន់តែខ្ពស់ផងដែរ៖ «នេះគឺជាវប្បធម៌និទណ្ឌភាពដែលលោក ហ៊ុន សែន តែងតែប្រើប្រាស់មនុស្សដែលរកប្រយោជន៍ឱ្យគាត់ អ៊ីចឹងហើយគាត់មិនអាចដាក់ទណ្ឌកម្មទៅលើមន្ត្រីដែលប្រព្រឹត្តខុសឆ្គងធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិនោះបានទេ។ គាត់ត្រូវតែបិទបាំង និងការពារអ្នកនោះឱ្យរួចផុតពីសំណាញ់ច្បាប់ថែមទៀតផង»។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាលនៅថ្ងៃទី២៥ កុម្ភៈថា មន្ត្រីមិនត្រូវតាំងខ្លួនឯងជាចៅហ្វាយរបស់ប្រជាជននោះទេ ប៉ុន្តែត្រូវចាំថា ខ្លួនគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក ហ៊ុន សែន បានព្រមមានដកចេញពីតួនាទីចំពោះមន្ត្រីណាដែលរង់ចាំអនុវត្តការងារតាមតែអនុសាសន៍ពីថ្នាក់លើ៖ «រឿងយើងវាល្មមដល់ពេលហើយ បើស្អីក៏អនុសាសន៍ៗ បានជាខ្ញុំចេះតែស្រែកថា ចុះបើអត់អនុសាសន៍ហ្នឹង វាងាប់ឬស្អី? តំណែងគេឱ្យទៅធ្វើហើយ ធ្វើតាមបទបញ្ជា ឬធ្វើតាមច្បាប់? តួនាទីអភិបាលខេត្ត តួនាទីអភិបាលស្រុក តួនាទីរដ្ឋមន្ត្រី គេចែងនៅក្នុងអនុក្រឹត្យ ព្រះរាជក្រឹត្យ ឬក្នុងច្បាប់អស់ហើយ នាំគ្នាធ្វើទៅ កុំចាំបាច់អនុសាសន៍បានធ្វើ»។
នេះមិនមែនជាលើកទីមួយទេដែលលោក ហ៊ុន សែន ក្រើនរំលឹកមន្ត្រីថ្នាក់ក្រោមឱ្យគោរពតួនាទីរបស់ខ្លួន។ ជាញឹកញាប់ លោកតែងប្រដៅពួកគេឱ្យបម្រើពលរដ្ឋដោយស្មោះត្រង់ ហើយមានពេលខ្លះលោកបានព្រមានដកមន្ត្រីណាដែលមិនបម្រើពលរដ្ឋទៀតផង ក៏ប៉ុន្តែវិធានការនេះត្រូវបានក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា មានតែលើបបូរមាត់ ខ្វះការអនុវត្តជាក់ស្តែង។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា មូលហេតុដែលជំរុញឱ្យមន្ត្រីភាគច្រើនក្លាយជាអ្នករង់ចាំអនុវត្តតាមតែអនុសាសន៍នោះ គឺដោយសារតែអំពើពុករលួយ និងការខ្លាចអំណាចមន្ត្រីថ្នាក់លើ។ លោកពន្យល់ថា មន្ត្រីជាន់ខ្ពស់មួយចំនួនមានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងអំពើល្មើសច្បាប់ ដូចជា ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ជាដើម ដូច្នេះមន្ត្រីថ្នាក់ក្រោមមិនអាចអនុវត្តច្បាប់តាមតួនាទីរបស់ខ្លួនឡើយ។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ ថ្លែងទៀតថា ស្ថានភាពកម្ពុជាពេលនេះ សូម្បីតែអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលក៏លែងមានប្រសិទ្ធភាពដែរ ព្រោះគ្មានការអនុវត្តជាក់ស្ដែង ហើយពេលខ្លះគឺនាយករដ្ឋមន្ត្រីខ្លួនឯងជាអ្នកធ្វើផ្ទុយនឹងអនុសាសន៍របស់ខ្លួន ដោយចេញមុខការពារមន្ត្រីអសកម្ម ឬមន្ត្រីមានជាប់ពាក់ព័ន្ធនឹងបទល្មើស៖ «ដូចជា ការដកនាយខណ្ឌរដ្ឋបាលព្រៃឈើដំបូង នៅពេលដែលព្រៃឈើបាត់បង់ហ្នឹង អ្នកដឹកនាំរដ្ឋនិយាយចំពីមុខថា លោកខុសអ៊ីចឹងទៅ ឥឡូវអនុគ្រោះឱ្យ នាយខណ្ឌក្រោយអត់អ៊ីចឹងទេ ក៏ប៉ុន្តែនាយខណ្ឌនោះស្រាប់តែឡើងធ្វើរដ្ឋលេខាធិការ។ ដូច្នេះអ្នកមកក្រោយហ្នឹង ចង់ ឬមិនចង់ គឺត្រូវយកគំរូតាមហើយ ព្រោះគេខុសហើយ ហើយចង្អុលបង្ហាញជាសាធារណៈហើយ ទីបំផុតឡើងឋានៈទៀត ហើយរឿងនេះវាច្រើនទៀត អ៊ីចឹងហើយធ្វើឱ្យថ្នាក់ក្រោមបាក់(ទឹកចិត្ត)។ បើនៅតែដឹកនាំរបៀបអ៊ីចឹង យើងគិតថា ថ្នាក់ក្រោមចាប់ពីថ្នាក់ខេត្តទៅ ប្រាកដជាអត់មានឆន្ទៈធ្វើការងារ អ្នកបម្រើស្មោះត្រង់ទេ ព្រោះរឿងកើតច្រើន ហើយវាជាគំរូទៀត»។
ថ្វីបើលោក ហ៊ុន សែន តែងណែនាំឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បម្រើរាស្ត្រដោយស្មោះត្រង់ក៏ដោយចុះ ក៏ពេលខ្លះលោករងការរិះគន់ថា ជាមេដឹកនាំគិតតែពីប្រយោជន៍អំណាចរបស់ខ្លួន ហើយសុខចិត្តធ្វើបាបរាស្ត្រ ឬមានបំណងយាយីជាតិសាសន៍របស់ខ្លួនដែរ។ ជាឧទាហរណ៍ លោកធ្លាប់ប្រកាសជាច្រើនដងថា លោកសោកស្ដាយដែលមិនបានសម្លាប់ក្រុមមេដឹកនាំបក្សប្រឆាំង ដែលបានដឹកនាំបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ដោយលោកចោទថា ពួកគេចង់ផ្ដួលរំលំលោកពីអំណាច។ ក្រៅពីនេះ លោកបានគំរាមប្រើគ្រាប់រ៉ុក្កែត និងអាវុធគ្រប់ធុនបាញ់ប្រហារលើពលរដ្ឋខ្លួនឯង ប្រសិនបើពួកគេហ៊ានអមដំណើរក្រុមមេដឹកនាំបក្សប្រឆាំងវិលចូលកម្ពុជាវិញទៀតផង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ជឿជាក់ថា ទាល់តែមានការផ្លាស់ប្តូរមេដឹកនាំសព្វថ្ងៃ ទើបកម្ពុជាអាចមានមន្ត្រីល្អច្រើនដែលបម្រើរាស្ត្រពិតប្រាកដ ក៏ប៉ុន្តែប្រសិនបើលោក ហ៊ុន សែន នៅតែបន្តកាន់អំណាចនោះ លោកយល់ថា កម្ពុជានឹងមិនអាចផ្លាស់ប្តូរទៅរកប្រព័ន្ធដឹកនាំរដ្ឋដែលឱ្យតម្លៃខ្លាំងលើផលប្រយោជន៍ពលរដ្ឋបាននោះឡើយ៕
No comments:
Post a Comment