Saturday, 22 February 2020

សមាជិក​សភា​អាមេរិក​សង្ឃឹម​ថា អាមេរិក​នឹង​ចាត់​វិធានការ​ដក​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដូច​អឺរ៉ុប​ដែរ


ដោយ មួង ណារ៉េត
2020-02-22

អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
RFA/Chun Chanboth





សមាជិកសភា​អាមេរិក សាទរ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប ដែល​បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ចំនួន ២០% ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ១.៣០០ ដុល្លារ​នោះ និង​សង្ឃឹមថា​សហរដ្ឋអាមេរិក នឹង​ចាត់វិធានការ​ដូច​គ្នា​នេះ​ដែរ​។ លោក អាឡាន់ ឡូវែនថល (Alan Lowenthan) សមាជិកសភា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថា លោក​គាំទ្រ​សហភាព​អឺរ៉ុប ដែល​ចាត់វិធានការ​ទប់ទល់​ទៅ​នឹង​របប​លោក ហ៊ុន សែន ដែល​រំលោភបំពាន​ប្រជាពលរដ្ឋ​ខ្មែរ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បន្ថែម​ថា លោក ហ៊ុន សែន នៅតែ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ ដែល​រារាំង​មិន​ឱ្យ​មានការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​កម្ពុជា ដោយសារតែ​របប​នេះ រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក អាឡាន់ ឡូវែនថល ដែល​កាល​ពី​ដើម​ឆ្នាំ ២០១៩ បាន​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​កម្ពុជា រឿង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឬ ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៩ ថា ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​នេះ គឺជា​ជំហាន​ដំបូង​មួយ របស់​សហគមន៍​អន្តរជាតិ ក្នុង​ការ​ចាប់​លោក ហ៊ុន សែន ឱ្យ​ទទួលខុសត្រូវ ចំពោះ​ការបំផ្លាញ​ឫសគល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក ត្រូវតែ​សើរើ​ឡើងវិញ នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋ​អាមេរិក ឬ GSP ជាមួយ​កម្ពុជា ដូច​អ្វី​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ស្នើ​ច្បាប់ ដែល​លោក​បាន ដាក់​ស្នើ​ទៅ​សភា​អាមេរិក​រួច​ហើយ​នោះ​។ លោក​ថា មិន​ថា​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ឬ​ប្រទេស​ណា​នោះ​ទេ គឺ​មិន​ត្រូវ​ផ្ដល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ដល់​លោក ហ៊ុន សែន ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នោះ​ឡើយ ព្រោះ​ការ​ផ្ដល់​ប្រយោជន៍ និង​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ គឺ​កាន់តែ​ជួយ​ឱ្យ​លោក ហ៊ុន សែន អាច​នៅ​បន្ត​ក្រាញ​អំណាច និង​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ខ្លួនឯង កាន់តែ​ខ្លាំង​ថែមទៀត​ប៉ុណ្ណោះ។

ទាំង​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ដើម​ឆ្នាំ ២០១៩ សុទ្ធតែ​បាន​ស្នើ​ច្បាប់​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​អាមេរិក ពី​កម្ពុជា ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​របប​លោក ហ៊ុន សែន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ​។ សេចក្ដី​ស្នើ​ច្បាប់​ទាំងនេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​គណៈកម្មាធិការ​សភា និង​ព្រឹទ្ធសភា។

ដោយឡែក​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ដែរ គឺ​ច្បាប់ H.R.526 ត្រូវ​បាន​សភា​អាមេរិក​អនុម័ត​យល់ព្រម​ជា​ឯកច្ឆន្ទ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ហើយ​ឥឡូវនេះ កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា ដែល​មន្ត្រី​ព្រឹទ្ធសភា ថា នឹង​យក​មក​ពិនិត្យ ពេល​ព្រឹទ្ធសភា​ចូល​កង​វិញ នៅ​ក្នុង​ខែ​កុម្ភៈ​នេះ៕

No comments: