Tuesday, 25 February 2020

ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ បន្ត​ធ្វើ​ការ​ធម្មតា និង​ប្រុង​ប្រយ័ត្ន​ចំពោះ​វីរុស​កូវីដ-១៩


ដោយ អាស៊ីសេរី
2020-02-25

ផែនទីកូរ៉េខាងត្បូង
ផែនទីកូរ៉េខាងត្បូង
រូប៖ Screenshot



ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើ​ការងារ ប្រចាំ​ថ្ងៃ​ជា​ធម្មតា និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​កូរ៉េ​អំពី​វិធី​ការពារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (Covid-19)។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង កំពុង​ផ្ទុះ​ការ​រីក​រាល​ដាល​វីរុស​កូរ៉ូណា​ថ្មី ឬ​កូវីដ-១៩ បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ ធ្វើការ និង​សិក្សា​នៅ​ទី​នោះ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង។

ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បង្ហោះ​សារ​នៅ​លើ​គេ​ទំព័រ​ហ្វេសប៊ុក​នៅ​រសៀល​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​ថា មកដល់ពេលនេះ មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មាន​ជំងឺ​កូវីដ-១៩ (Covid-19 )នៅ​ឡើយ​ទេ។ ចំពោះ​ព័ត៌មាន​មួយ​ចំនួន ដែល​សង្ស័យ​ថា មាន​ពលករ​ខ្មែរ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​តំបន់០៤១ កើត​ជំងឺ​ផ្លូវ​ដង្ហើម កូវីដ-១៩ (Covid-19) នោះ គឺ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​កូរ៉េ បាន​ពិនិត្យ​រួចរាល់ ហើយ​និង​បាន​បញ្ជាក់​ថា ពលករ​រូប​នោះ មិន​មាន​ផ្ទុក​ជំងឺ​កាច​សាហាវ​នេះ​ទេ។

ស្ថានទូត​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ក៏​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ទាំង​អស់ បន្ត​ប្រកប​របរ​ទទួលទាន និង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ជា​ធម្មតា និង​ធ្វើ​តាម​ការ​ណែនាំ​ពី​វិធី​ការពារ​របស់​អាជ្ញាធរ​កូរ៉េ និង​ជា​ពិសេស កុំ​ជឿ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្ដាញ​សង្គម​ខ្លះ ដែល​មាន​លក្ខណៈ​បំភិតបំភ័យ ខុស​ពី​ការ​ពិត។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ឡុង ឌីម៉ង់ បាន​ទេ ចំណែក​មន្ត្រី​រដ្ឋបាល​នៃ​ស្ថានទូត ក៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ដែរ។

ពលករ​ខ្មែរ​ម្នាក់​ដែល​កំពុង​រស់​នៅ និង​ធ្វើ​ការ​ក្នុង​ទីក្រុង​ដេវូ (Daegu) លោក ទឹម វណ្ណី បង្ហាញ​អារម្មណ៍​ភិតភ័យ​អំពី​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន ក្រោយពី​ទទួល​បាន​ដំណឹង​ថា តំបន់​ដែល​លោក​កំពុង​រស់ នៅ​មាន​ការ​ឆ្លង​រាល​ដាល​ខ្លាំង​នូវ​ជំងឺ កូវីដ-១៩ ប៉ុន្តែ​រោងចក្រ ដែល​លោក​កំពុង​ធ្វើ​ការ​នោះ មិនទាន់​ផ្អាក​ដំណើរ​ការ​នៅ​ឡើយ។ ពលករ​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​កូរ៉េ មាន​ការ​យក​ចិត្ត​ទុក​ខ្លាំង​បំផុត ចំពោះ​មនុស្ស​គ្រប់​រូប​មិន​ថា​ជន​ជាតិ​កូរ៉េ ឬ​ជន​ជាតិ​បរទេស​នោះ​ទេ ប៉ុន្តែ​លោក​ថា មិន​ទាន់​ឃើញ​ស្ថានទូត​កម្ពុជា​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ឲ្យ​បាន​ទូលំទូលាយ​ឡើយ៖ «នៅ​ទីក្រុង​ដេវូ គឺ​មាន​ពលករ​ខ្មែរ​យើង​ច្រើន។ រាល់​ថ្ងៃ​នេះ យើង​ខ្ញុំ​មាន​វិធានការ​ការពារ​ខ្លួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​កូរ៉េ ដែល​គេ​ផ្ញើ​សារ​មក​យើង ជា​និយាយ​មួយ​ថ្ងៃ​ទី៤ ទៅ ៥ដង ដើម្បី​ឲ្យ​យើង​ការពារ​ខ្លួន ដូច​ជា ពេល​យើង​ចេញ​ទៅ​ក្រៅ ត្រូវ​ពាក់​ម៉ាស់ ហើយ​ឧស្សាហ៍​លាង​ដៃ ហើយ​កុំ​យក​មក​ប៉ះ​ច្រមុះ​របស់​យើង និង​នៅ​ពេល​ត្រឡប់​មក​វិញ ត្រូវ​បោះ​ម៉ាស់​ចោល និង​មាន​ទឹក​អាកុល​សម្រាប់​លាង​ដៃ​ផង​ដែរ»។

ចំណែក​ស្ត្រី​ខ្មែរ​រៀបការ​ជា​មួយ​ជន​ជាតិ​កូរ៉េ​ម្នាក់​ទៀត ដែល​កំពុង​រស់​នៅ និង​ធ្វើការ​ក្នុង​ទីក្រុង​ដេវូ​ដែរ គឺ​លោកស្រី ពៅ ចន្ថា រៀបរាប់​ថា ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដែល​បង្ក​ឡើង ដោយ​វីរុស​កូរ៉ណា នៅ​តំបន់​ភាគ​ត្បូង​ប្រទេស​កូរ៉េ គឺ​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ខ្លាំង​រហូត​ដល់​មាន​ជន​ជាតិ​កូរ៉េ​មួយ​ចំនួន តវ៉ា​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ចាត់​វិធានការ​បណ្ដេញ​ជន​ជាតិ​ចិន​ឲ្យ​ត្រឡប់ ទៅ​ប្រទេស​ដើម​វិញ​ទៀត​ផង។ លោកស្រី អំពាវនាវ​ឲ្យ​ស្ថានទូត​ខ្មែរ ពង្រឹង​សហការ​ជា​មួយ​អាជ្ញាធរ​កូរ៉េ​ឲ្យ​បាន​ដិតដល់ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ពី​វិធានការ​ការពារ​ខ្លួន និង​ត្រៀម​ជួយ​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​ករណី​មាន​បញ្ហា​កើត​ឡើង៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​យើង​ត្រូវ​ទៅ​ធ្វើ​ការ​ទៅ​វិញ​ទៅ​មក ហើយ​ជំងឺ​នេះ​ឆ្លង​ខ្លាំង​ដែរ គ្រាន់​តែ​និយាយ​ទល់​មុខ​គ្នា​ក៏​ឆ្លង ហើយ​ឥឡូវ​នេះ រីក​រាល​ដាល​ច្រើន​ពិបាក​ទប់​ស្កាត់​ដែរ​នៅ​កូរ៉េ»។

របាយការណ៍​ក្រសួង​ការងារ ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ពលករ​ខ្មែរ​ជិត ៥ម៉ឺន​នាក់។ ទីភ្នាក់ងារ​សារ​ព័ត៌មាន​យ៉ុនហាប់ (Yunhap) ចុះ​ផ្សាយ​ថា មក​ដល់​ថ្ងៃ​ទី២៥ កុម្ភៈ ប្រទេស​កូរ៉េ​ខាង​ត្បូង ឈរ​លេខ​រៀង​ទី២ បន្ទាប់​ពី​ប្រទេស​ចិន គឺ​មាន​មនុស្ស​ចំនួន ១០នាក់​ហើយ បាន​ស្លាប់​បាត់បង់​ជីវិត និង​មាន​មនុស្ស ៩៧៧នាក់ បាន​ឆ្លង​វីរុស​កូវីដ-១៩។ អាជ្ញាធរ​កូរ៉េ ក៏​កំពុង​តាម​ដាន​សុខភាព​មនុស្ស​ជាង ១ម៉ឺន ៣ពាន់​នាក់​ទៀត។

ចំណែក​នៅ​ឯ​ប្រទេស​កម្ពុជា​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជែក​សញ្ញាប័ត្រ ដល់​និស្សិត​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​ថា អ្នក​ទេសចរ​ទាំង​អស់​នៅ​លើ​នាវា​វ៉េស្ទើដាម (Westerdam) បាន ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​អស់​ហើយ និង​មិន​មាន​បន្សល់​ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩ នោះ​ទេ៖ «យើង​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ ចំពោះ​នាវា Westerdam ពី​កិច្ចការ​មនុស្សធម៌​របស់​យើង។ ទេសចរ​ទាំង​អស់ បាន​ចេញ​ពី​ប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ហើយ មិន​បន្សល់​ទុក​ជំងឺ​ណា​មួយ​នៅ​កម្ពុជា​នេះ​ទេ។ ជំងឺ​វា​មិន​ឆ្លង​មក​ខ្ញុំ​ឯ​ណា បើ​ខ្ញុំ​ឆ្លង​ជំងឺ តើ​និយាយ​អ៊ីចឹង​បាន ឬ​អី»។

ទោះ​ជា​យ៉ាង​ណា ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក តេដ្រូ អាដហានូម ហ្គេប្រេយ សឹស (Tedros Adhanom Ghebreyesus) ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​កើន ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ករណី​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (Covid-19) ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ចុង​ក្រោយ​នេះ នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ពិភពលោក ដូចជា នៅ​ប្រទេស​អ៊ីរ៉ង់ ប្រទេស​អ៊ីតាលី និង​កូរ៉េ​ខាង​ត្បូង គឺ​ជា​រឿង​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ។ លោក​អំពាវនាវ​ឲ្យ​ពិភពលោក គួរ​តែ​ត្រៀម​ខ្លួន​ឲ្យ​ហើយ ដើម្បី​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង ដែល​អាច​ក្លាយ​ទៅ​ជា​ជំងឺ​រាតត្បាត​សកល។

គិតត្រឹមថ្ងៃទី២៥ ខែ​កុម្ភៈ ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភព​លោក​ដោយសារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (Covid-19) បាន​កើន​ឡើង​ដល់​ជាង ២ពាន់ ៧រយ (២.៧០៤) នាក់​ហើយ ខណៈ​អ្នក​ឆ្លង​កើន​ដល់ ជាង៨ម៉ឺន (៨០.២៣៩)នាក់។ចំណែក​អ្នក​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​ជិត ២ម៉ឺន (២៧.៤៧១)នាក់។ អ្នក​ស្លាប់ និង​អ្នក​ឆ្លង​ភាគ​ច្រើន​បំផុត​នៅ​ប្រទេស​ចិន៕

No comments: