ដោយ ខែ សុណង
2020-02-11

ព្រះតេជព្រះគុណ សឺន ទី ថតនៅមុខច្រកទ្វារព្រំដែន ទិញ បៀន (Tinh bien) ប្រទេសវៀតណាម ពេលព្រះអង្គធ្វើដំណើរទៅលេងស្រុកកំណើត នៅខេត្តឃ្លាំង កាលពីចុងខែមករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកព្រះតេជព្រះគុណ សឺន ទី ផ្ដល់ឲ្យ
ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលត្រូវបានអាជ្ញាធរវៀតណាម ដកហូតលិខិតឆ្លងដែន ស្នើសុំឲ្យក្រសួងការបរទេស និងក្រសួងមហាផ្ទៃកម្ពុជា អន្តរាគមន៍ឲ្យភាគីវៀតណាម ប្រគល់លិខិតឆ្លងដែន ថ្វាយព្រះអង្គវិញ និងបញ្ឈប់សកម្មភាពយាយី លើក្រុមគ្រួសាររបស់ព្រះអង្គនៅកម្ពុជាក្រោម។
ព្រះតេជគុណ សឺន ទី ប្រាប់អាស៊ីសេរីថា បច្ចុប្បន្នព្រះអង្គ មិនអាចនិមន្តចេញពីទឹកដីកម្ពុជាក្រោម ត្រលប់មកកម្ពុជាវិញបានទេ ដោយសារអាជ្ញាធរវៀតណាម បានដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គ តាំងពីថ្ងៃទី២ កុម្ភៈមក។ ព្រះអង្គបន្តថា តាំងពីថ្ងៃនោះមក ព្រះអង្គ មិនបានទៅសម្រាកទៅផ្ទះញោម (ម្ដាយ) របស់ព្រះអង្គទេ ដោយបន្តស្នាក់នៅក្នុងវត្តមួយក្នុងខេត្តឃ្លាំង។
ព្រះអង្គអះអាងថា អាជ្ញាធរវៀតណាម បានចោទថា ព្រះអង្គធ្វើសកម្មភាពខុសច្បាប់ របស់ប្រទេសវៀតណាម ដោយបានចែក រំលែកព័ត៌មាននៅក្នុងហ្វេសប៊ុក (Facebook) របស់វិទ្យុអាស៊ីសេរី ជាភាសាវៀតណាម ដែលបានសម្ភាសន៍ លោក ត្រឹង ម៉ានរិន្ទ អំពីសិទ្ធិរបស់ជនជាតិខ្មែរដើម នៅកម្ពុជាក្រោម ការចែករំលែកខ្លឹមសារខួបទី ៧០ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម និងខ្លឹមសាររបស់សារព័ត៌មានព្រៃនគរ។
ព្រះអង្គ សឺន ទី ទទួលស្គាល់ថា ព្រះអង្គពិតជាបានចែករំលែកខ្លឹមសារ ព័ត៌មានទាំងនោះមែន តែនោះជាសេរីភាពរបស់ព្រះអង្គ ហើយការចែករំលែកសារនេះ ធ្វើឡើងច្រើនខែហើយ គឺពេលព្រះអង្គគង់នៅក្នុងប្រទេសកម្ពុជា។ ព្រះអង្គយល់ថា អាជ្ញាធរវៀតណាម មិនគួររំលោភបំពានសិទ្ធិ យាយី និងដកហូតលិខិតឆ្លងដែន របស់ព្រះអង្គបែបនេះទេ ព្រោះព្រះអង្គជាជនបរទេសលើទឹកដីវៀតណាម មិនមែនជាជនជាតិវៀតណាមទេ។
ព្រះតេជគុណ សឺន ទី ជាកូនចៅអ្នកខេត្តឃ្លាំង និងបានបួសរៀននៅទីនោះច្រើនឆ្នាំ ហើយបន្តការសិក្សានៅរាជធានីភ្នំពេញ។ ព្រះអង្គបានឡើងមករៀនសូត្រ និងស្នាក់នៅវត្តអង្គតាមិញ ក្នុងខណ្ឌពោធិ៍សែនជ័យ ១៧ឆ្នាំមកហើយ។
ព្រះអង្គ បាននិមន្តទៅទឹកដីកម្ពុជាក្រោម ដើម្បីចូលរួមពិធីមង្គលការសាច់ញាតិនៅខេត្តឃ្លាំង កាលពីថ្ងៃទី២៦ មករា។ លុះដល់ថ្ងៃទី២ ខែកុម្ភៈ ទើបមានអាជ្ញាធរ មកកោះហៅព្រះអង្គសួរនាំ និងដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គ។ ព្រះអង្គបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីខ្មែរ នៅស្ថានទូតប្រចាំទីក្រុងហូជីមិញ និងនៅក្រុងព្រៃនគរច្រើនដងហើយ តាមរយៈទូរស័ព្ទ និងអ៊ីមែល ប៉ុន្តែគ្មានការឆ្លើយតបទេ។ ព្រះអង្គប្រាប់ថា ការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីខាងក្នុងប្រទេសវៀតណាម បានធ្វើអស់លទ្ធភាពហើយ និងរង់ចាំការអន្តរាគមន៍ពីខាងក្រៅប្រទេសប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក គុយ គួង ប្រាប់ថា លោកមិនទាន់ទទួលបានលិខិតនោះជាផ្លូវការ ដូច្នេះមិនទាន់អាចធ្វើអត្ថាធិប្បាយឡើយ។ លោកថា ក្រសួងនឹងពិនិត្យមើលតាមភាពជាក់ស្ដែង នៅពេលទទួលបានលិខិតសំណើ៕
No comments:
Post a Comment