Saturday, 15 February 2020

លោក ហ៊ុន សែន ថា ការ​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ចូល​ចត ជា​កាយវិការ​មនុស្សធម៌ និង​ការ​គោរព​សិទ្ធិមនុស្ស



Khmer Circle; Yet another VC stunt from Xamdaach?


^^^

ដោយ វ៉ែន សុមេធ
2020-02-14

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។




ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ថ្លែង​សរសើរ​ខ្លួនឯង​ថា ការ​ដែល​លោក​អនុញ្ញាត​ឱ្យ នាវា​ទេសចរណ៍​មួយ​គ្រឿង​ចូល​ចត​នៅ​កម្ពុជា​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌ និង​ការ​គោ​ព​សិទ្ធិ​មនុស្ស។ រីឯ​មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា យល់ថា ទង្វើ​របស់​លោក ហ៊ុន សែន មិន​អាច​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការដែល​លោក​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ផ្ទុក​មនុស្ស​ជាង​ ២​ពាន់​​នាក់​​ចូល​​ចត​​នៅ​​កំពង់ផែ​​ខេត្ត​​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ គឺជា​ការ​ផ្ញើ​សារ​ទៅ​ពលរដ្ឋ​កម្ពុជា និង​ទៅកាន់​សហគមន៍​អន្តរជាតិ​ថា ពេលនេះ​មិនមែន​ជា​ពេល​ភ័យខ្លាច ឬ​ជា​ពេល​រើសអើង​នោះ​ទេ​។ លោក ហ៊ុន សែន ថ្លែង​សរសើរ​ខ្លួនឯង​ទៀត​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​រស់រាន​មានជីវិត​។ ថ្លែង​ក្នុង​ពិធី​ទទួល​ស្វាគមន៍​អ្នកទេសចរ​នៅ លើ​នាវា​ដែល​មាន​ឈ្មោះថា​ វ៉េស្ទើដាម (MS Westerdam) កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ លោក ហ៊ុន សែន ថែមទាំង​និយាយ​រិះគន់​​​មេដឹកនាំ​ប្រទេស​នានា ដែល​បាន​បដិសេធ​មិន​ឱ្យ​នាវា​ទេសចរណ៍​មួយ​នេះ​ចូល​ចត​ក្នុង​ទឹកដី​របស់​ប្រទេស​ពួក​គេ​​ថា ជា​ឥរិយាបថ​មិន​សមរម្យ និង​មិន​អាច​ទទួល​យក​បាន៖ «ថ្ងៃនេះ​ប្រសិនបើ​ខ្ញុំ​មក​ទទួល​ប្រជាពលរដ្ឋ​ប្រហែល​ ៤១​សញ្ជាតិ បែរជា​គ្រោះថ្នាក់​មក​លើ​រូប​ខ្ញុំ វា​ក៏​ស័ក្ដិសម​នឹង​ការ​ពលី​កម្ម​ដែល​ខ្ញុំ​​ធ្វើ​​ដើម្បី​​មនុស្សជាតិ​​ផង​​ដែរ​។ តើ​ឱ្យ​យើង​គោរព​សិទ្ធិមនុស្ស​អី​ទៅ ប្រសិនបើ​សិទ្ធិ​រស់រាន​មិន​ត្រូវ​បាន​គោរព​ផង​នោះ។ ប្រទេស​កម្ពុជា យក​ការទទួលខុសត្រូវ​មួយ​លើ​បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស ជា​ចម្បង​ហើយ​ជា ដំបូង​បំផុត​ត្រូវការ​គោរព​ដល់​ការ​រស់រាន​មានជីវិត​របស់​មនុស្ស​ដែល​មាន​ជាង ២​ពាន់​នាក់​នៅ​លើ​នាវា​នេះ»។



នាវា​ទេសចរណ៍ ​វ៉េស្ទើដាម (Westerdam) នេះ មាន​ផ្ទុក​អ្នកដំណើរ​ជាង ១​ពាន់ ៤​រយ (១.៤៥៥)​នាក់ និង​បុគ្គលិក​កប៉ាល់​ ៨០២​​នាក់ បាន​​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាល​​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឱ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការ​ព្រួយ​បារម្ភ​ថា ក្នុង​ចំណោម​​មនុស្ស​រាប់ពាន់​នាក់​នៅ​លើ​នាវា​នោះ អាច​មាន​អ្នក​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​កូវីត​១៩ (Covid-19)។

ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ លោក ហ៊ុន សែន បាន​ទៅ​ទទួល​ស្វាគមន៍​អ្នកដំណើរ​ទាំងនោះ​ដោយ​ផ្ទាល់​ ដោយមាន​ជូន​បាច់​ផ្កា និង​ក្រមា​ដល់ ពួកគេ​គ្រប់ៗ ​គ្នា ​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់​ទៀត​ផង​។ ដោយ​ខ្លាច​អ្នកទេសចរ​ទាំងនោះ​មិន​ស្គាល់​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ឈរ​ចាំ​ប្រាប់​អ្នកទេសចរ​ទាំងនោះ​គ្រប់​ៗ ​គ្នា​ថា នេះ​គឺជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា។

ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន ក៏បាន​ប្រកាសប្រាប់​អ្នកទេសចរ​ទាំងនោះ​ថា ពួកគេ​អាច​ស្នាក់នៅ កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ក៏បាន និង​អាច​ដើរហើរ​ក្នុង​ប្រទេស​កម្ពុជា​គ្រប់​ទីកន្លែង ជាពិសេស​ទៅ​ក្នុង​ខេត្ត​​ព្រះសីហនុ និង​ខេត្ត​សៀមរាប៖ «អនុញ្ញាត​ឱ្យ​ពួកគាត់​ចុះទៅ​លេង​កម្សាន្ត ហើយ​ប្រជាពលរដ្ឋ តាម​សណ្ឋាគារ តាម​ភោជនីយដ្ឋាន ក្នុង​ខេត្ត​ព្រះសីហនុ មិន​ត្រូវ​រើសអើង មិន​ត្រូវ​ភ័យខ្លាច អំពី​រឿង​នេះ​ទេ។ ប្រសិនបើ​មានការ​ឆ្លង​ណា ​គឺ​ខ្ញុំ​ឆ្លង​មុនគេ»។

ការ​ឆ្លៀតឱកាស​លើកឡើង​ពី​រឿង​សិទ្ធិមនុស្ស​នេះ គឺ​បន្ទាប់ពី​សហភាព​អឺរ៉ុ​​ដក​ភាព​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ចំនួន ២០% ឬ​ក្នុង​រង្វង់​ទឹកប្រាក់​ជាង​ ១ពាន់​លាន​ដុល្លារ ដោយសារតែ​រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​​ថា កាយវិការ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​អាច​ធ្វើ​ឱ្យ​អ្នក​នៅ​លើ​នាវា​នោះ ឬ​ប្រទេស​របស់​គេ ស្វាគមន៍​ និង​​អរគុណ ប៉ុន្តែ​លោក​នៅតែ​ជំរុញ​​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា អ្នក​ទាំងអស់​នោះ មិន​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត​១៩។ លោក​បន្ត​ថា ចំពោះ​ការ​លើក​ឡើង​​ពី​​ការ​​ប្តេជ្ញា​ចិត្ត​គោរព​សិទ្ធិ មនុស្ស​នេះ គឺជា​សិទ្ធិ​របស់​លោក ហ៊ុន សែន ប៉ុន្តែ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនទាន់​ល្អ​នៅឡើយ​ទេ ជាពិសេស ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៖ «លោកនាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ឆន្ទៈ​នៅ​ក្នុង​គោលការណ៍​​នៃ​ការ​គោរព​សិទ្ធិមនុស្ស វា​ជា​ការ​ត្រឹមត្រូវ។ ដូច្នេះ​ ខ្ញុំ​គិត​ថា តទៅ​មុខ នៅ​កម្ពុជា​យើង​អាច​នឹង​មាន​ការ​​កែប្រែ ឬក៏​យើង​ធ្វើ​​យ៉ាងណា​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា យើង​មាន​ភាព​ល្អ​ប្រសើរ​ទៅ​តាម​អ្វី​ដែល​ខាង​សហគមន៍​អឺរ៉ុប​ដែល​ធ្លាប់​ស្នើ​ឡើង​ឱ្យ​យើង​ស្តារ​ឡើងវិញ នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព សិទ្ធិមនុស្ស»។

អ្នកទេសចរ​ប្រមាណ​ជាង​ ៤​រយ​នាក់ បាន​ចុះ​ពី​នាវា​នោះ ប៉ុន្តែ​ពួកគេ​មិនបាន​ទៅ​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ពួកគេ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​រៀង​ៗ​ខ្លួន​វិញ​។ ចំណែក​អ្នក​ទេសចរណ៍​ផ្សេងៗ ​ទៀត មិនទាន់​ចុះ​ពីលើ​នាវា​នៅឡើយ។

លោក ហ៊ុន សែន អះអាង​ថា អ្នកទេសចរ​នៅ​លើ​នាវា​នេះ ពុំ​មាន​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​វីត​១៩ នោះ​ទេ គឺ​ពួកគេ​មាន​សុខភាព​ធម្មតា បន្ទាប់ពី​ក្រសួងសុខាភិបាល ពិនិត្យ​សុខភាព​រួចរាល់​។

​ទោះជា​យ៉ាងណា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​រិះគន់​លោក ហ៊ុន សែន នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​ថា កាយវិការ​មនុស្សធម៌ និង​ទឹកចិត្ត​មនុស្សធម៌​របស់​លោក ហ៊ុន សែន ក្រោម​ពាក្យ​ស្លាក​សន្តិភាព​​ផ្នូរ​​ខ្មោច មិន​មាន​តម្លៃ​សម្រាប់​ជាតិ​ឡើយ គឺជា​កាយវិការ​ពុតត្បុត និង​គ្មាន​ទឹកចិត្ត​បរិសុទ្ធ​នោះ​ទេ។ ពួកគេ​ថា លោក ហ៊ុន សែន ព្រោះតែ​មហិច្ឆតា​អំណាច​របស់​ខ្លួន បាន​បោះបង់ចោល​នូវ​ផល​ប្រយោជន៍​​រួម ដើម្បី​តែ​ពាក្យ​គុណធម៌​ក្លែងក្លាយ​របស់​ខ្លួន​។​

គិត​ត្រឹម​ថ្ងៃ​១៤ ខែ​កុម្ភៈ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត​១៩ ដែល​បង្កឡើង​ដោយ​វីរុស​សារ ស៊ីអូរី២ (SARS-Cov-2) ដែល​មាន​ប្រភព​រីក​រាលដាល​ពី​ក្រុង​វូហាន ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​កើន​ដល់​១.៣៨៣​​នាក់​​ហើយ ខណៈ​អ្នក​ឆ្លង​កើន​ដល់​ជាង ​៦​ម៉ឺន ៤​ពាន់ ​(៦៤.៤៤៣) ​នាក់​។ អ្នក​ស្លាប់​ភាគច្រើន ​និង​អ្នក​ឆ្លង ភាគច្រើន​នៅ​ប្រទេស​ចិន​។ វីរុស​នេះ បាន​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​ជិត​៣០។ កត្តា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​រឹត​បន្តឹង​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ហើយ​មានតែ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ដែល​បង្ហាញ​ជំហរ​មិន​ព្រួយបារម្ភ និង​ស្វាគមន៍​អ្នកដំណើរ ទាំង​អស់​​ដូច​​ធម្មតា ទោះបីជា​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា រង​ការ​រិះគន់​ថា នៅ​ទន់ខ្សោយ​ក្ដី។

ទោះជា​យ៉ាងណា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​សម្ដែង​ការ​អរគុណ​ចំពោះ​កាយវិការ​​របស់​កម្ពុ​ជា ដែល​បាន​អនុញ្ញាត​ឱ្យ​កប៉ាល់​ដឹក អ្នក​ដំណើរ​​ឈ្មោះ ​វ៉េស្ទើដាម នេះ ​ចូល​ចត​នៅ​កម្ពុជា​ បន្ទាប់​ពី​ប្រទេស និង​កោះ​មួយ​ចំនួន​មិន​ឱ្យ​ចូល​ចត៕

1 comment:

Anonymous said...

Ah Chor Kbot Cheat Hun Sen became a "Vireak Boross Doy Min Deung Khluon" when other countries refused entry for the giant cruise ship, and Ah Kwack did allow it to dock in Cambodia.

If Ah Roleuy Hun Sen is truly a man who cared about people's suffering why did
he execute the K5 project that killed hundreds of thousands of Khmer people ?
Why did he refuse Khmer nationalists to enter into Cambodia on November 9th 2019 ? Why did he dissolve the CNRP ?

Why did his government never find the killers who killed prominent Khmers such as Chea Vichea, Chhut Vuthy, and Kem Ley ??

Ah Hun Sen is really is a Hero by accident !!

Hell is waiting for Ah Kwack Hun Sen because he will make hell famous.