Thursday, 6 February 2020
សកម្មជនបរិស្ថានថា ការអនុញ្ញាតរបស់ក្រសួងឱ្យក្រុមហ៊ុនធ្វើអាជីវកម្មឈើខ្នាតធំស្មើនឹងឃុបឃិតបំផ្លាញព្រៃឡង់
Khmer Circle:
Of course, and it's called 'state-led' plunder, much like all other destructive activities and include even acts of treason in the name of 'peace and development'. Think of sand-dredging, 'economic land concessions' [ELCs], mining etc. and what these activities do to the environment and national sovereignty.
We have been saying this for years that these things are harmful and detrimental to the country's interests, that as long as the same regime remains in power the destruction and betrayal will not cease and yet some responsible 'observers' pretend to see the positive side of these same acts!
Bear in mind, however, that as despicable as the regime is, those who try their level best to soft-peddle it and by means of spreading misinformation and intellectual dishonesty are far more deserving of scorn and contempt - assuming they are still human enough to understand or feel these things!
^^^
ដោយ វ៉ែន សុមេធ
2020-02-05
ទិដ្ឋភាពឈើឋិតក្នុងដីសម្បទានសេដ្ឋកិច្ចធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ខេត្តព្រះវិហារ ដែលសហគមន៍ប្រទះឃើញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបសហគមន៍
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថានប្រតិកម្មខ្លាំងៗ ដោយចោទក្រសួងកសិកម្មថា មានចេតនាបើកដៃឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចធ្វើអាជីវកម្មខ្នាតធំ នៅឈើជាប់ព្រៃឡង់ ខេត្តព្រះវិហារជាថ្មីទៀត ដែលពួកគេចាត់ទុកថា ជាការសមគំនិតរួមចំណែកបំផ្លាញទំហំព្រៃបន្សល់ចុងក្រោយ ក្នុងព្រៃអភិរក្ស និងព្រៃសាធារណៈរបស់រដ្ឋ។ សកម្មជនបរិស្ថានអះអាងថា ក្រុមហ៊ុន និងឈ្មួញ នៅតែប្រើរូបមន្តដដែលៗ ឃុបឃិតជាមួយមន្ត្រីជំនាញ ធ្វើអាជីវកម្មឈើខ្នាតធំជាប់ព្រៃឡង់។
សហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ និងសកម្មជនបរិស្ថាន បង្ហាញក្តីព្រួយបារម្ភជាថ្មីទៀត ពីអនាគតព្រៃឡង់ដែលនៅតែទទួលរងការកាប់ចោះយកឈើធំៗ ដោយគ្មានការទប់ស្កាត់។ ពួកគេសង្កេតឃើញថា បន្ទាប់ពីមានវត្តមានក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT ) បានបោះទីតាំងអារច្រៀកឈើ និងប្រមូលឈើខ្នាតធំ ជាប់ព្រៃឡង់ជាង ១មួយខែមក មានក្រុមកម្មករជាច្រើនក្រុមកំពុងសម្រុកចូលអារផ្ដួលឈើមូលធំៗ ក្នុងព្រៃឡង់ នៅចំណុចជាំរាម ចំណុចក្បាលអូរតួក ចំណុចវាលពពាល និងចំណុចជាំប្រវឹក។
ប្រធានសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ឱ្យដឹងនៅថ្ងៃទី៥ កុម្ភៈ ថា ក្រុមល្បាតរបស់សហគមន៍ព្រៃឡង់ ប្រទះឃើញគល់ឈើមានមុខកាត់ ៥តឹកឡើងទៅ ឋិតក្នុងតំបន់ព្រៃឡង់ ប្រមាណជាង ២០០ ដើម ត្រូវគេអាររំលំធ្វើអាជីវកម្មនៅពេលថ្មីៗនេះ។ លោកថា ក្រុមឈ្មួញកំពុងសម្រុកកាប់ឈើក្នុងតំបន់ព្រៃពាក់កណ្ដាលស្រោង ដែលជាឈើបន្សល់ចុងក្រោយក្នុងព្រៃការពារធម្មជាតិមួយនេះ ហើយដឹកជញ្ជូនចូលបរិវេណក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ៖ «ក្រុមហ៊ុនហ្នឹងមុន រដ្ឋបាលស្រុកគេដុតបំផ្លាញចោលមួយសារហើយ អាប៉ាកុងហ្នឹង ដល់ពេលនេះចាប់ផ្ដើមធ្វើសាជាថ្មីទៀតហើយ។ ការព្រួយបារម្ភរបស់ខ្ញុំ ប្រសិនថា អាជ្ញាធរ និងក្រសួងឬពាក់ព័ន្ធមិនចាត់ការទេ វាអាចនឹងវិនាសចុងក្រោយបំផុតហើយ ព្រៃហ្នឹង។ ហើយព្រៃដែលខ្ញុំមើលឃើញ គឺព្រៃឡង់ដែលស្អាត និងល្អជាងគេ ដែលនៅសល់ចុងក្រោយ។ ប៉ុន្មានថ្ងៃមុនហ្នឹងឈើដែលខ្ញុំរាប់មើលគល់វា ប្រហែល ២០០ដើមដែលគេកាប់អស់»។
លោក ស្រី ថី បន្ថែមថា ក្រុមហ៊ុនបានឈូសឆាយផ្លូវតម្រង់ឆ្ពោះទៅ ព្រៃពាក់កណ្តាលស្រោងដែលសំបូរដោយឈើធំៗ ដូចជា គគីរ ផ្ចឹក កកោះ ពពេល និង ឈើប៉ាដៀកឋិតក្នុងតំបន់ព្រៃឡង់ ហើយក្រុមកម្មករជាច្រើនក្រុមប្រដាប់ដោយម៉ាស៊ីនអារឈើស្វ័យប្រវត្តិ និងវិទ្យុទាក់ទងគ្រប់ដៃ កំពុងធ្វើសកម្មភាពអារច្រៀកឈើក្នុងព្រៃ។ លោកបន្ថែមថា ឈើមូលធំៗ ត្រូវបានក្រុមជនល្មើស ដឹកជញ្ជូនលក់ឱ្យថៅកែចាំទទួលទិញ ក្នុងដីសម្បទានសេដ្ឋកិច្ច ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ(THY NGA CO., LTD. DEVELOPMENT AND INVESTMENT ) នៅជាប់តំបន់ព្រៃឡង់ ដើម្បីអាច្រៀកធ្វើអាជីវកម្ម៖ «វាទៅអែបអបជាមួយក្រុមហ៊ុនធីង៉ា ហ្នឹងហើយ ដើម្បីយកផ្លូវដឹកជញ្ជូនជាមួយគ្នាហ្នឹង។ ព្រៃហ្នឹងប្រសិនបើយើងមិនទប់ស្កាត់ អាជ្ញាធរមិនអនុវត្តច្បាប់ អាជ្ញាធរមិនអនុវត្តច្បាប់ មិនអាចនៅបានទេ ព្រៃច្បោះហ្នឹង។ អឺ ! លោកគ្រូអើយ សង្ឃឹមពួកហ្នឹងចប់ហើយ (មន្ត្រីបរិស្ថាន) ខ្ញុំមើលទៅដូចមិនអើពើសោះ បើគិតទៅបើយកតែលុយហើយចប់ហើយ។ ទៅមើលកាលពីម្សិលនេះ គេចាប់គោយន្តដឹកឈើគេពិន័យក្នុងព្រៃយក ២លានគោយន្តមួយ គោយន្តពីរ យក២លានដែរ ហើយប្រលែងទៅវិញទៅមានស្អី»។
ឆ្លើយតបរឿងនេះ តំណាងក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគលោក មេធាវី ហេង សុទ្ធារ៉ា បានសរសេរលិខិតបដិសេធចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ចោទក្រុមហ៊ុនថា ឈូសឆាយ និងកាប់ឈើ លក់យ៉ាងអនាធិបតេយ្យក្នុងខេត្តព្រះវិហារ។ មេធាវីរូបនេះ បកស្រាយថា ក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយប្រមូលផល អនុផលព្រៃឈើក្នុងរង្វង់ដែនដីសម្បទានសេដ្ឋកិច្ច ដែលក្រសួងកសិកម្មអនុញ្ញាតប៉ុណ្ណោះ។ លោកបន្ថែមថា ក្រុមហ៊ុនមិនបានធ្វើសកម្មភាព កាប់ឈើពីខាងក្រៅ ឬឈូសឆាយហួសដែនកំណត់នោះឡើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមិនបានលក់ឈើទាំងនោះទេ គឺប្រមូលចូលរោងចក្ររបស់ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេលក់ ដើម្បីយកលុយបើកប្រាក់ខែឱ្យបុគ្គលិកកម្មករ។
ទិដ្ឋភាពឈើឋិតក្នុងដីសម្បទានសេដ្ឋកិច្ចធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ខេត្តព្រះវិហារ ដែលសហគមន៍ប្រទះឃើញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
ទិដ្ឋភាពឈើឋិតក្នុងដីសម្បទានសេដ្ឋកិច្ចធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ខេត្តព្រះវិហារ ដែលសហគមន៍ប្រទះឃើញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។ រូបសហគមន៍
របាយការណ៍ស្រាវជ្រាវរបស់សកម្មជនបរិស្ថានបង្ហាញថា ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និងវិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT ) ទទួលបានសិទ្ធិវិនិយោគបន្តពីក្រុមហ៊ុនដួង ស្រួច គ្រុប (DOUNG SROUCH GROUP) ដែលជារបស់លោកជំទាវ សេង គាង។ ក្រុមហ៊ុនដួងស្រួចគ្រុប ធ្លាប់មានរឿងអាស្រូវ ប្រមូលឈើជុំវិញព្រៃឡង់ និងក្នុងតំបន់ព្រៃឡង់នៅឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៧ ក្រោយមកបានផ្ទេរសិទ្ធិទៅឱ្យក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍កាលពីឆ្នាំ ២០១៨។ ក្រុមហ៊ុនទាំងនោះ គ្រប់គ្រងដោយ លោកជំទាវ សេង គាង និងលោក ជា ពៅ ជាម្ចាស់ក្រុមហ៊ុនអង្គរផ្លាយហ្វូដ (Angkor plywood) ទទួលការអនុញ្ញាតពីក្រសួងកសិកម្ម។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង លោកជំទាវ សេង គាង ម្ចាស់ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ ដើម្បីសុំការបំភ្លឺករណីនេះបានទេ នៅថ្ងៃទី៥ កុម្ភៈ។
ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី និងលោក ឡោ រស្មី ក៏មិនអាចទាក់ទងបានដែរ ដោយសារពួកលោកមិនទទួលទូរស័ព្ទ នៅថ្ងៃដដែលនេះ។
ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី មិនអធិប្បាយលើបញ្ហានេះទេ ដោយលើកហេតុផលថា ទាក់ទិនដីសម្បទានសេដ្ឋកិច្ចជាសមត្ថកិច្ចរបស់ក្រសួងកសិកម្ម។ តែយ៉ាងណាលោកថា ឱ្យតែមានបទល្មើសព្រៃឈើ គណៈកម្មការជាតិនឹងបង្ក្រាប៖ «ខ្ញុំបានជម្រាបជូនហើយ ឱ្យតែល្មើសច្បាប់គឺយើងបង្ក្រាបហើយ តែចំពោះរបស់គេ គេចេញមកមានច្បាប់ត្រឹមត្រូវ ខ្ញុំបង្ក្រាបរបៀបម៉េច? សូមឱ្យសួរទៅក្រសួងកសិកម្ម ដែលគាត់ជា សមត្ថកិច្ចរបស់គាត់ គ្រប់គ្រងខាងដីសម្បទានហ្នឹង»។
លិខិតមួយសន្លឹក ដែលអាស៊ីសេរីទទួលបាន មានហត្ថលេខាអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ចុះថ្ងៃទី៣ មករា ឆ្នាំ២០២០ ជម្រាបទៅនាយកក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ បានបង្ហាញពីកម្មវត្ថុដែលក្រុមហ៊ុនសុំការអនុញ្ញាតឈូសឆាយក្នុងអនុតំបន់ ៤ និងអនុតំបន់ ៥ ដោយយោងលើរបាយការណ៍ របស់គណៈកម្មការចរចា លក់ផល អនុផលព្រៃឈើ ដែលទទួលបានពីការឈូសឆាយ ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច។ លិខិតនោះ មិនបានកំណត់ទីតាំងដែលត្រូវឈូសឆាយ ត្រឹមណាឱ្យជាក់លាក់នោះទេ។
ទិដ្ឋភាពឈើឋិតក្នុងដីសម្បទានសេដ្ឋកិច្ចធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ខេត្តព្រះវិហារ ដែលសហគមន៍ប្រទះឃើញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
ទិដ្ឋភាពឈើឋិតក្នុងដីសម្បទានសេដ្ឋកិច្ចធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ខេត្តព្រះវិហារ ដែលសហគមន៍ប្រទះឃើញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។ រូបសហគមន៍
សហគមន៍ព្រៃឡង់កាលពីពេលថ្មីៗនេះ ប្រទះឃើញគំនរឈើមូលមានមុខកាត់ ជិត ២តឹកឡើងទៅ ប្រវែងប្រហែលជិត ២ម៉ែត្រឡើងទៅ ត្រូវគេដឹកមកគរទុករាប់រយម៉ែត្រគូប ឋិតក្នុងបរិវេណក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ លើសពីនេះ ពួកគេសង្ស័យថា ឈើដែលទើបតែកាប់រំលំថ្មីៗ ដឹកជញ្ជូនចេញពីព្រៃឡង់ទំនង ជាលាក់ទុក នៅទីតាំងផ្សេងគ្នាក្នុងបរិវេណក្រុមហ៊ុន ដោយមានការយាមល្បាតយ៉ាងប្រុងប្រយ័ត្ន ខណៈក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ឋិតក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន។
ចំណែក សកម្មជនបរិស្ថាន លោក ហេង ស្រស់ មើលឃើញថា រូបភាពអាជីវកម្មឈើរបស់ក្រុមហ៊ុន ធីង៉ាអភិវឌ្ឍន៍ និងវិនិយោគ ដូចគ្នានិងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៧ នៅខេត្តមណ្ឌលគិរីដែលគណៈកម្មការជាតិចុះអនុវត្តច្បាប់កន្លងទៅ។ លោកគិតថា រដ្ឋាភិបាលត្រូវតែបិទក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនេះ ព្រោះមិនបានផ្ដល់ប្រយោជន៍អ្វីដល់ពលរដ្ឋនោះទេ ក្រៅពីធ្វើអាជីវកម្មឈើប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ។ លោកបារម្ភថា ប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដោយឱ្យក្រុមហ៊ុននេះ ដំណើរការអាជីវកម្មទៀត ព្រៃឈើក្នុងប្រទេសកម្ពុជាដែលនៅសេសសល់ខ្លះនោះនឹងរលាយសាបសូនពេលឆាប់ៗ៖ «បើយើងមើលពីចំណាក់ការរបស់រដ្ឋាភិបាល គាត់បានបិទទាំងពីឆ្នាំ ២០១៥ម្ល៉េះថា មិនឱ្យមានធ្វើការដីសម្បទានសេដ្ឋកិច្ចតទៅទៀតទេ ប៉ុន្តែថ្មីៗនេះគឺ លិខិតចេញដោយក្រសួងកសិកម្ម ស៊ីញ៉េដោយលោក ស្រី វុឌ្ឍី អនុញ្ញាតឱ្យមានដីសម្បទានសេដ្ឋកិច្ចហ្នឹងបន្តទៀត។ នេះជាភាពមួយមិនប្រក្រតីធ្វើឱ្យសកម្មជនព្រៃឈើ គាត់មានមន្ទិលសង្ស័យថា អ្នកទាំងអស់ហ្នឹង កំពុងតែរួមគ្នាចូលដៃជើងប្រព្រឹត្តបទល្មើសព្រៃឈើ បំផ្លាញក្នុងប្រទេសកម្ពុជា»។
រថយន្តប៉ាកុងច្នៃដែលក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើ ដែលសហគមន៍ប្រទះឃើញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
រថយន្តប៉ាកុងច្នៃដែលក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើ ដែលសហគមន៍ប្រទះឃើញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។ រូបសហគមន៍
សហគមន៍ព្រៃឡង់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ មានរថយន្តប៉ាកុង ៧គ្រឿង សម្រាប់ដឹកជញ្ជូនឈើមូល ធ្វើអាជីវកម្មនៅជាប់ព្រៃឡង់ ដែលពួកគេដាក់ការសង្ស័យថា រថយន្តទាំងនោះនឹងធ្វើសកម្មភាពដឹកឈើពីព្រៃឡង់ បន្លំចូលបរិវេណក្រុមហ៊ុន ប្រសិនបើអាជ្ញាធរធ្វេសប្រហែស និងគ្មានឆន្ទៈការពារព្រៃឡង់។
របាយការណ៍របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបង្ហាញថា អំឡុងឆ្នាំ២០១៩ គណៈកម្មការជាតិ បានចាប់ និងបញ្ជូនខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើ ចំនួន ៥៩ នាក់ ទៅតុលាការ។ គណៈកម្មការជាតិ បានរឹបអូសឈើជាង ៩លានម៉ែត្រគូប( ៩,២១៥,៨៧៦) រឹបអូសរថយន្ត និងមធ្យោបាយដឹកជញ្ជូនឈើជិត ៥០០ គ្រឿង (៤៩១គ្រឿង) រឹបអូសរថយន្តបាកុង និងមធ្យោបាយកែច្នៃជាង ២០០គ្រឿង (២១២) ត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង។
ប្រសិនបើលោកអ្នកនាងចង់ឃើញរូបថតនៃគំនរឈើមូលដ៏សន្ធឹកសន្ធាប់ នៅក្នុងបរិវេណក្រុមហ៊ុន ធីង៉ាអភិវឌ្ឍន៍ ក្នុងស្រុករវៀង ខេត្តព្រះវិហារ សូមចូលទៅក្នុងគេហទំព័ររបស់អាស៊ីសេរី www.rfa.org/khmer ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment