ដោយ មាន ឫទ្ធិ
2020-02-21

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាជាតិលើកទីពីរស្ដីពី "ការការពារ និងអភិរក្សធនធានធម្មជាតិ" នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងជាថ្មីទៀតថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% មិនមានន័យថា កម្ពុជាបាត់បង់ទីផ្សារនាំចេញផលិតផលទៅកាន់សហភាពអឺរ៉ុបនោះទេ។ មន្ត្រីរដ្ឋាភិបាលថា ទោះជាក្នុងលក្ខខណ្ឌបែបណាក៏ដោយ ក៏រដ្ឋាភិបាលនឹងប្រឹងប្រែងរក្សាបាននូវផលប្រយោជន៍សម្រាប់កម្មករដែរ ក៏ប៉ុន្តែខាងសហជីពថា កម្មកររាប់ម៉ឺននាក់អាចនឹងប៉ះពាល់ដោយផ្ទាល់ ប្រសិនបើសេចក្តីសម្រេចនេះចូលជាធរមាន ហើយក្រុមហ៊ុនបញ្ជាទិញលែងបញ្ជាទិញទៅតាមអត្រាពន្ធនេះ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់រួចហើយ រួមមាន ការកាត់បន្ថយការចំណាយមិនសមរម្យ និងបង្កើនភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជា ជាដើម ដើម្បីប្រឈមមុខនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ។ ទោះយ៉ាងណា លោកថា លោកមិនទាន់ដឹងថា តើរដ្ឋាភិបាលនឹងផ្តល់ការអនុគ្រោះអ្វីបន្ថែមទៀតសម្រាប់វិស័យឯកជននោះទេ ព្រោះចំណុចនេះ នឹងត្រូវលើកឡើងនៅក្នុងវេទិការវាងរដ្ឋាភិបាលជាមួយវិស័យឯកជន ដែលគ្រោងធ្វើនៅខែក្រោយនេះ៖ «នឹងមានវេទិការាជរដ្ឋាភិបាលជួបជាមួយនឹងវិស័យឯកជន នេះនឹងមានការឆ្លងឆ្លើយរវាងគ្នា។ ដូចខ្ញុំបានជម្រាបជូន យើងរក្សាស្ថិរភាពនៃប្រាក់បៀវត្សរបស់កម្មករ យើងរក្សាភាពប្រកួតប្រជែងក្នុងទីផ្សារសហភាពអឺរ៉ុប»។
កាលពីឆ្នាំ២០១៩ កន្លងទៅ រដ្ឋាភិបាលលោក ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យបន្តរកស៊ីនៅកម្ពុជាទៀត ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃបញ្ហា EBA។ វិធានការទាំងនោះមានជាអាទិ៍ ការបញ្ចប់តួនាទីរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៅតាមទីកន្លែងត្រួតពិនិត្យទំនិញ ការលុបចោលភ្នាក់ងារកម្ពុជានាវាចរណ៍ (CAMSAB) ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រឧស្សាហកម្ម ការលុបចោលថ្ងៃឈប់សម្រាក៦ ថ្ងៃចាប់ពីឆ្នាំ២០២០ តទៅ ការបញ្ចុះថ្លៃសេវាលើកដាក់កុងតឺន័រ និងការតាក់តែងច្បាប់ថ្មីស្តីពីការវិនិយោគ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
ទាំងសមាគមថៅកែរោងចក្រ និងសមាគមស្បែកជើង លើកឡើងដូចគ្នាថា វិធានការនេះនឹងជួយបានមួយផ្នែក ប៉ុន្តែមិនបានទាំងស្រុងនោះទេ ប្រសិនបើសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុបចូលជាធរមានមែន។ សមាគមទាំងពីរបញ្ជាក់ថា ពួកគេនឹងមានសំណូមពរបន្ថែមទៀតទៅកាន់រដ្ឋាភិបាលជុំវិញការកាត់បន្ថយថ្លៃដើមនៃការផលិត។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ យល់ថា ការដោះស្រាយទៅតាមសំណូមពររបស់ក្រុមនិយោជក ទោះតិច ឬច្រើនក៏ដោយ ក៏នឹងប៉ះពាល់ដល់ប្រយោជន៍ជាតិ និងកម្មករដែរ ដូច្នេះលោកថា មានតែការរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ទេ ទើបភាគីពាក់ព័ន្ធមិនបាត់បង់ផលប្រយោជន៍។
លោក អាត់ ធន់ ថ្លែងបន្តថា ក្នុងលក្ខខណ្ឌដែលសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបចូលជាធរមាន ហើយក្រុមហ៊ុនបញ្ជាទិញបញ្ឈប់ការកុម្ម៉ង់ទិញពីកម្ពុជាតាមអត្រាពន្ធដែលបានកំណត់នោះ វាអាចនឹងប៉ះពាល់ដោយផ្ទាល់លើរោងចក្រប្រមាណ៤០ ឬកម្មករប្រមាណជា៨ ម៉ឺននាក់ ដែលទទួលផ្គត់ផ្គង់ផលិតផលទាំងនោះ៖ «បើគេនៅតែបន្តទិញ មានន័យថា វាអត់ប៉ះទេ។ យើងនិយាយនៅក្នុងករណីដែលសហភាពអឺរ៉ុបគេផ្ដាច់នៅខែ៨ ហើយបន្ទាប់មកពួកអ្នកបញ្ជាទិញ គេលែងទិញក្នុងរង្វង់២០% ហ្នឹង ឧទាហរណ៍អ៊ីចឹងតែម្ដង។ ក្នុងករណីហ្នឹង ទំហំដែលប៉ះពាល់ហ្នឹងតាមយើងជជែកគ្នាជាមួយក្រុមហ៊ុន ឬក៏សមាគមហ្នឹងថា ប្រហែលជា ៤០ រោងចក្រ ហើយយើងគិតថា រឿងពិតវាអាចច្រើនជាងនេះទៀត»។
យោងតាមសេចក្ដីសម្រេចកាលពីថ្ងៃទី១២ កុម្ភៈ គណៈកម្មការអឺរ៉ុបបានសម្រេចដកហូតការអនុគ្រោះពន្ធលើទំនិញចំនួន៤០ មុខ នាំចូលពីកម្ពុជា ស្របពេលទំនិញរាប់ពាន់មុខផ្សេងទៀតបន្តទទួលបានការអនុគ្រោះពន្ធដដែល។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ថ្លែងថា នៅក្នុងតម្លៃទំនិញជាង១ ពាន់ ៣ រយលានដុល្លារអាមេរិក ដែលគណៈកម្មការអឺរ៉ុបប្រកាសដកការអនុគ្រោះពន្ធនោះ មាន១ ពាន់លានដុល្លារ គឺជាផលិតផលសំលៀកបំពាក់។ លោកថា ក្រោមអត្រាពន្ធ១២% ផលិតផលសំលៀកបំពាក់ត្រូវជាប់ពន្ធ១២០ លានដុល្លារ ហើយបើបូកទាំងស្បែកជើង និងកាបូបទៀតនោះ គឺពន្ធសរុបកើនដល់១៥០ លានដុល្លារអាមេរិក ក៏ប៉ុន្តែលោកបញ្ជាក់ថា ពន្ធទាំងនេះគឺក្រុមហ៊ុនបញ្ជាទិញជាអ្នកត្រូវបង់ មិនមែននិយោជកនៅស្រុកខ្មែរជាអ្នកបង់នោះទេ។
លោក ខេន លូ ថ្លែងថា លោកគ្មានយោបល់អ្វីទេជុំវិញតួលេខកម្មករដែលនឹងរងផលប៉ះពាល់ដល់កម្មករដោយការដកផ្នែកខ្លះនៃ EBA នេះទេ ព្រោះវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ក្រុមហ៊ុនបញ្ជាទិញ៖ «កង្វល់របស់ពួកគាត់ហ្នឹងត្រូវហើយ ប៉ុន្តែជាក់ស្ដែងអាចមានប៉ុន្មាន កម្មករដែលអាចបាត់បង់ការងារ ឬក៏មានប៉ុន្មានរោងចក្រដែលអាចបិទ យើងអត់ទាន់ដឹងទេ ប៉ុន្តែអាច។ អាហ្នឹងប្រើពាក្យអាចត្រូវហើយ»។
ស្រដៀងគ្នានេះ អគ្គលេខាធិការរងសមាគមស្បែកជើងកម្ពុជា លោក ងួន ចាន់ណារ៉ា ថ្លែងថា លោកមិនមានយោបល់ជុំវិញតួលេខដែលខាងសហជីពលើកឡើងនោះទេ ប៉ុន្តែលោកទទួលស្គាល់ថា ប្រសិនបើការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបចូលជាធរមានមែន នោះវាប្រាកដជានឹងប៉ះពាល់ដល់រោងចក្រស្បែកជើងនៅកម្ពុជា។ លោកនៅតែអះអាងថា សមាគមស្បែកជើងចង់ឱ្យសហភាពអឺរ៉ុបផ្ដល់ការអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត សម្រាប់ជាប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ៖ «ប្រសិនបើកើតឡើងមែន វាប្រាកដជាប៉ះហើយ។ ប៉ះតិច ប៉ះច្រើន យើងអត់ទាន់ដឹងទេ អ៊ីចឹងឥលូវនេះយើងកំពុងតែសិក្សាមើលថា តើសមាជិកទាំងអស់ដែលជាសមាជិករបស់សមាគមហ្នឹង គាត់ប៉ះពាល់ប៉ុន្មានភាគរយ ប៉ះពាល់ទៅលើលេខកូដអ្វីខ្លះ? អ៊ីចឹងខាងសហជីពអះអាងជារឿងរបស់គាត់ ខ្ញុំអត់មានយោបល់លើរឿងនេះទេ»។
ថ្វីដ្បិតតែលោក ខេន លូ និងលោក ងួន ចាន់ណារ៉ា អះអាងថា ពួកលោកមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់យ៉ាងណាក៏ដោយ ក៏នៅក្នុងសេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងសមាគមស្បែកជើងកម្ពុជា កាលពីពេលថ្មីៗនេះ បញ្ជាក់ច្បាស់ៗថា ការដកហូត EBA ២០% នេះ ទំនងជាបណ្តាលឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ ឬក៏ថាធ្វើឱ្យបាត់បង់ការងារយ៉ាងច្រើនសម្រាប់ឧស្សាហកម្មនេះ។ សមាគមទាំងពីរដែលតំណាងឱ្យនិយោជកនៃវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា សុទ្ធតែសំណូមពរដល់គណៈកម្មការអឺរ៉ុបពិចារណាឡើងវិញក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងដល់កម្ពុជាវិញ ដើម្បីបន្តលើកស្ទួយជីវភាពពលរដ្ឋខ្មែរឱ្យរួចចាកផុតពីភាពក្រីក្រ។សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ខាងមុខ ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន សែន នៅមានពេលជាង៥ ខែទៀត ដើម្បីកែប្រែស្ថានភាពសិទ្ធិមនុស្សឱ្យល្អឡើងវិញ ប្រសិនបើចង់ទទួលបាន EBA ២០% នេះឡើងវិញ និងថែរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ កុំឱ្យបាត់បង់បន្តទៅទៀត៕
1 comment:
The evil Vietnam found a faithful slave Hun Sen who committed to implement all Yuon's orders in exchange for his stay in power.
Post a Comment