Sunday, 23 February 2020

តំណាង​រដ្ឋាភិបាល​ថា កង្វល់​របស់​សហជីព​ជុំវិញ​បញ្ហា EBA គ្មាន​អ្វី​ត្រូវ​យកចិត្តទុកដាក់


ដោយ អាស៊ីសេរី
2020-02-23


អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA




មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា រដ្ឋាភិបាល​មិន​ខ្វាយខ្វល់​នឹង​ការ​ព្រួយបារម្ភ​របស់​ក្រុម​សហជីព​អំពី​ផលវិបាក​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ ព្រោះ​ពួកគេ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ក្រុម​សហជីព​ថា កង្វល់​ទាំងឡាយ ដែល​ពួកគេ​បាន​លើកឡើង សុទ្ធសឹងតែ​ជា​ការ​ព្រួយបារម្ភ​របស់​កម្មករ ដែល​រដ្ឋាភិបាល​មិន​អាច​មើល​រំលង​បាន​ឡើយ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​នឹង​កង្វល់​របស់​ក្រុម​សហជីព​ជុំវិញ​បញ្ហា EBA ទេ ព្រោះ​លោក​ថា រដ្ឋាភិបាល​មាន​វិធានការ​ត្រៀម​ទប់​ទល់នឹង​បញ្ហា​នេះ​ហើយ ហើយ​ម្យ៉ាង​លោក​ថា ក្រុម​សហជីព​បាន​ត្រឹម​តែ​ភ័យ​ព្រួយ​ប៉ុណ្ណោះ មិន​អាច​ជួយ​អ្វី​បាន​ឡើយ​។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ចោទប្រកាន់​ដោយ​មិន​បញ្ចេញ​ឈ្មោះថា មាន​សហជីព​ខ្លះ​ចង់​ឱ្យ​សហភាព​អឺរ៉ុប​ដកហូត​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា៖ «អាហ្នឹង គ្រាន់តែ​ជា​កង្វល់​តើ ប៉ុន្តែ​យើង​មាន​វិធាន​ដោះស្រាយ​។ គ្រាន់តែ​គាត់​អ្នក​ភ័យ​ទេ​សហជីព​នោះ ក៏ប៉ុន្តែ​គាត់​គ្មាន​សមត្ថភាព​ជួយ​ដោះស្រាយ​ទេ ហើយ​សហជីព​មួយ​ចំនួន​ហ្នឹង គឺជា​អ្នក​ដែល​ចង់​ឱ្យ​មានការ​កាត់ EBA នេះឯង​។ ដូច្នេះ​យើង​មិន​យកចិត្តទុកដាក់​នឹង​អ្នក​ទាំងអស់​នោះ​ទេ»។

ប្រតិកម្ម​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុម​សហជីព​បាន​បង្ហាញ​កង្វល់​ជា​បន្តបន្ទាប់​ជុំវិញ​ហានិភ័យ​នៃ​ការបាត់បង់​ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ សម្រាប់​កម្មករ ប្រសិនបើ​សេចក្ដី​សម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ពី​កម្ពុជា ចូល​ជា​ធរមាន​នៅ​ខែ​សីហា ខាង​មុខ។

ទោះជា​យ៉ាងណា ក្រុម​សហជីព​ឯករាជ្យ​ច្រានចោល​ការ​លើកឡើង​របស់​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល ដោយ​ចាត់ទុកថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មើល​រំលង​ពី​កង្វល់​របស់​កម្មករ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជឿ​ថា គ្មាន​សហជីព​ណា​ចង់​ឱ្យ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ឡើយ ព្រោះ​សហជីព​ដឹង​ច្បាស់​ថា វិធានការ​នេះ​នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​កម្មករ​។ លោក​បន្ត​ថា ការសម្ដែង​កង្វល់​របស់​សហជីព​ជា​ហូរហែ​នេះ មិនមែន​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​មេ​សហជីព​នោះ​ឡើយ ប៉ុន្តែ​គឺជា​ការ​ព្រួយបារម្ភ​ជាក់ស្ដែង​របស់​ក្រុម​កម្មករ​។ ម្យ៉ាងវិញទៀត លោក​ថា មិនមែន​តែ​សហជីព និង​កម្មករ​នោះ​ទេ សូម្បីតែ​ក្រុម​ថៅកែ​រោងចក្រ​សំលៀកបំពាក់ និង​ស្បែកជើង​ក៏​លើកឡើង​នូវ​កង្វល់​អំពី​ផលវិបាក​នៃ​ការបាត់បង់ EBA ដែរ៖ «សង្គម​លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល​ត្រូវតែ​ស្ដាប់​សំឡេង​សង្គម​ស៊ីវិល សហជីព សមាគម និង​ប្រជាពលរដ្ឋ ដែល​បាន​លើកឡើង​ហ្នឹង មិនមែន​ឆ្លើយ​ដោះសា​រថា សហជីព​គ្រាន់តែ​បាន​ខ្វល់ មិន​ជួយ​ដោះស្រាយ​នោះ​ទេ​។ ដោយសារតែ​ខ្វល់​ហ្នឹងហើយ បានជា​ផ្ដល់​គំនិត​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​តាម​នេះ តាម​នោះ»។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​សមាគម​រោងចក្រ​ស្បែកជើង​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​ថ្លែងការណ៍​របស់​ពួកគេ​កាល​ពី​ពេល​ថ្មីៗ នេះ ថា ការ​ដកហូត EBA ២០% ពី​កម្ពុជា​នេះ ទំនងជា​បណ្ដាល​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ ឬក៏​ថា ធ្វើ​ឱ្យ​បាត់បង់​ការងារ​យ៉ាង​ច្រើន​សម្រាប់​ឧស្សាហកម្ម​នេះ​។ សមាគម​ទាំងពីរ​សុទ្ធតែ​សំណូមពរ​ដល់​គណៈកម្មការ​អឺរ៉ុប​ពិចារណា​ឡើងវិញ​ក្នុង​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​វិញ ដើម្បី​បន្ត​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ​ឱ្យ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ។

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា អ្វី​ដែល​សហជីព​បាន​ធ្វើ និង​កំពុងតែ​ធ្វើ​នេះ គឺ​ដើម្បី​តែ​ប្រយោជន៍​កម្មករ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា ខាង​សហជីព​មិនមែន​ស្នើ​ទៅ​តែ​រដ្ឋាភិបាល​នោះ​ទេ ក៏ប៉ុន្តែ​ក៏បាន​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​បន្ត​ទៅ​ទៀត៖ «មិនមែន​ត្រឹម​ស្នើ​រដ្ឋាភិបាល​ទេ សហភាព​អឺរ៉ុប​ក៏​យើង​ស្នើ​ដែរ ហើយ​សូម្បី​តែ​ការ​កាត់​ផ្តាច់​នេះ ក៏​យើង​គិត​ទៀត ថា បើ​វា​អត់​មាន​ជម្រើស មិន​គួរ​កាត់​ផ្តាច់​រឿង​កម្មករ​យើង​មុនគេ​ទេ គួរតែ​រឿង​អ្វី​ផ្សេងៗ​ឯណោះ​។ គ្មាន​អ្វី​ជាហេតុ​ផល​ដែល​យើង​ចង់​ឱ្យ​កាត់​ផ្តាច់​នោះ​ទេ ព្រោះ​យើង​ដឹង​ថា អ្នក​ដែល​ពិបាក គឺ​កម្មករ​នោះ​ឯង»។

កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ កន្លងទៅ គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា ហើយ​បើ​គិត​លើ​មុខទំនិញ ដែល​ត្រូវ​ជាប់​ពន្ធ គឺ​មាន​ចំនួន ៤០​មុខ​។ ប្រសិនបើ​គ្មាន​ការជំទាស់​ពី​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប​ទេ សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ សីហា ពេលនោះ​ផលិតផល​សំលៀកបំពាក់ ស្បែកជើង និង​កាបូប​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ ទោះជា​យ៉ាងណា ប្រសិនបើ​នៅ​ក្នុង​រយៈពេល​ជាង ៥​ខែ​ទៀត​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រម​កែ​លម្អ​កំណត់ត្រា​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​តាម​លក្ខខណ្ឌ​របស់​គណៈ​កម្ម​ការ​អឺរ៉ុប នោះ​កម្ពុជា​អាច​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​បន្ត​ទៅ​ទៀត៕

1 comment:

Anonymous said...

Khmer people should not be worried about corona virus because Cambodia has a corona's buster named Hun Sen.

Hun Sen can kill the virus with his bare hands. Khmer people should die happy thanks to their hero Hun Sen.

Hun Sen has been promoted to Samdach Preah CORONA Hun Sen.