Sunday, 22 March 2020

សហជីព​កម្មករ​កាន់​តែ​ច្រើន​ស្នើ​ឱ្យ​ផ្អាក​រោងចក្រ​បណ្ដោះអាសន្ន ព្រោះ​មិន​ទុកចិត្ត​លើ​ប្រសិទ្ធភាព​បង្ការ​ជំងឺ


ដោយ មួង ណារ៉េត
2020-03-21

ទិដ្ឋភាព​ជួបជុំ​ពិសា​បាយ រាំច្រៀង រវាង​មេដឹកនាំ​រដ្ឋាភិបាល និង​កម្មករ​រោងចក្រ នៅកៀនស្វាយ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។
ទិដ្ឋភាព​ជួបជុំ​ពិសា​បាយ រាំច្រៀង រវាង​មេដឹកនាំ​រដ្ឋាភិបាល និង​កម្មករ​រោងចក្រ នៅកៀនស្វាយ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន



សហជីព​កម្មករ​កាន់​តែ​ច្រើន​ថែមទៀត ស្នើ​ឱ្យ​ផ្អាក​រោងចក្រ​ជា​បណ្ដោះអាសន្ន​សិន ព្រោះ​មិន​ទុកចិត្ត​លើ​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ-១៩ តាម​រោងចក្រ​។ សំណើ​នេះ​ធ្វើឡើង ក្រោយ​តំណាង​សហជីព​សង្កេតឃើញ​ការ​កើន​ឡើង​នៃ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី និង​ភាព​ឆក​ល្វែង​នៃ​ការអនុវត្ត​វិធានការ​បង្ការ​នៅ​តាម​បណ្ដា​រោច​ក្រ​សហគ្រាស​ជាច្រើន។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថា វិធាន​ការដែល​ក្រសួង​ការងារ​ដាក់​ចេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​តាម​រោងចក្រ សហគ្រាស​នោះ មិនបាន​ធ្វើ​ឱ្យ​កម្មករ​និយោជិក បាត់​ភ័យ​រឿង​ជំងឺ​នេះ​នោះទេ ព្រោះ​វិធានការ​នេះ អនុវត្ត​ដោយ​អន្លើ​ប៉ុណ្ណោះ មិនបាន​ធ្វើ​គ្រប់​រោងចក្រ​ទៅទៀត៖ «ឃើញ​មាន​រោងចក្រ​ខ្លះៗ ដែល​គេ​បាន​អនុវត្ត​។ ប៉ុន្តែ​រោងចក្រ​ជាច្រើន​ទៀត អត់​បានធ្វើ​ទេ​។ អត់​បាន​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ទៅតាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ទេ​។ យើង​ឃើញ​នៅ​មាន​រោងចក្រ​ច្រើន​ណាស់ ដែល​អត់​បាន​អនុវត្ត»។

ម្យ៉ាងវិញទៀត លោក ប៉ាវ ស៊ីណា បន្ថែម​ថា ទោះបីជា​រោងចក្រ​ខ្លះ​បាន​អនុវត្ត​វិធានការ​ទាំងនេះ​ក្តី ក៏​វា​គ្រាន់តែ​ជា​វិធានការ​មូលដ្ឋាន​ប៉ុណ្ណោះ មិន​មាន​អ្វី​ដែល​ប្រាកដប្រជា ដែល​ថា​វា​អាច​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺឆ្លង​នេះ បាន​នោះ​ទេ៖ «ត្រឹម​ការប្រើប្រាស់​ម៉ាស៊ីន​វាស់​កម្ដៅ ខ្ញុំ​គិត​ថា ពិបាក​ដែរ ព្រោះ​អី​គ្រាន់តែ វាស់​កម្ដៅ វា​មិន​អាច​បង្ហាញ​ថា គាត់​ហ្នឹង​ត្រូវ​កើត​ជំងឺឆ្លង​ហ្នឹង​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​យើង​ចង់​មាន​វិធានការ​ហ្នឹង​ជាក់លាក់ មាន​ភាព​ប្រាកដ​ប្រជា កុំ​ឱ្យ​ធ្វើ​គ្រាន់តែ​លំៗ ព្រោះ​អី​ខ្ញុំ​គិត​ថា វិធានការ​អ្នក​នៅ​រោងចក្រ​សហគ្រាស ភាគច្រើន​គាត់​មិន​មាន​ជំនាញ​ពេទ្យ​អី​ទេ គ្រាន់តែ​ធ្វើតាម​ការណែនាំ ត្រូវតែ​ទិញ​ម៉ាស៊ីនកំដៅ ទិញ​ឧបករណ៍​វាស់​កម្ដៅ​ប៉ុណ្ណោះ គាត់​គ្មាន​ជំនាញ​ពេទ្យ»។

លោក​បន្ត ថា​ស្ថានភាព​ពេល​នេះ កម្មករ​និយោជិត ក៏​មិន​ខុស​ពី​ពលរដ្ឋ​ដទៃ​ដែរ គឺ​ពួកគាត់​ពិតជា​មាន​ក្តី​បារម្ភ​ខ្លាំង​ណាស់ ចំពោះ​ការ​រីករាយ​ដាល​នៃ​ជំងឺ​កូវីដ-១៩​។ លោក​ថា បើ​សិន​ករណី​នេះ ត្រូវ​បាន​កើតឡើង​លើ​កម្មក​រណា​ម្នាក់​វិញ​នោះ ការ​រីក​រាលដាល​ប្រាកដ​ជា​មាន​ទំហំ​ធំធេង​ណាស់ ព្រោះ​រោងចក្រ គឺជា​កន្លែង​បណ្ដុំ​នៃ​កម្មករ​រាប់​រយ​រាប់​ពាន់​នាក់ ដូច្នេះ លោក​គិត​ថា ទាំង​រដ្ឋាភិបាល​និង​សមាគម​រោងចក្រ​កាត់ដេរ រួម​ទាំង​អ្នកបញ្ជា​ទិញ​ផង ត្រូវ​ពិចារណា​គិត​ពី​សុខភាព​និង​សុវត្ថិភាព​របស់​កម្មករ​ផង ព្រោះ​កម្មករ​គឺជា​ខឿនសេដ្ឋកិច្ច​ដូចគ្នា ខណៈ​នេះ​បងប្អូន​កម្មករ​ស្ទើរតែ​គ្មាន​អារម្មណ៍​ធ្វើការ​នោះ​ទេ៖ «ក្តីបារម្ភ​ខ្លាំង​! ហើយ​ក្នុង​នោះ​ដែរ​កម្មករ​យើង ក៏បាន​បង្ហាញ​សារ​ជា​បន្តបន្ទាប់ ខ្លះ​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ហូរហែ​ជាច្រើន​ក្នុង​មួយ​ថ្ងៃៗ​។ គាត់​សួរ​អំពី​ដំណើរការ ថា​តើ​មាន​គោលការណ៍​ឱ្យ​ពួកគាត់​ឈប់សម្រាក​ទេ ដែល​ពួកគាត់​បារម្ភ»។

សំណើ​ចង់​ឱ្យ​បិទ​រោងចក្រ​មួយរយៈ ដើម្បី​កម្មករ​និយោជិក​ទាំងអស់ អាច​សម្រាក​នៅផ្ទះ ដើម្បី​នៅ​ឆ្ងាយ​ពី​ការ​ចម្លង​មេរោគ​នេះ ត្រូវ​បាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ទូច សើ ក៏បាន​សរសេរ​លិខិតស្នើ​ដោយ​ផ្ទាល់​ទៅ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី១៩ ខែ មីនា ដោយ​ស្នើសុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្ដោះអាសន្ន​នូវ​រោងចក្រ និង​សហគ្រាស រហូតដល់​លែង​មាន​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​នេះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ករណី​រោងចក្រ និង​សហគ្រាស​ទាំងនេះ​ផ្អាក​ដំណើរការ ដោយសារ​បញ្ហា​ជំងឺ​នេះ លោក ទូច សើ សុំ​ឱ្យ​រដ្ឋាភិបាល ជួយ​សម្រួល​បន្ទុក​ជីវភាព​កម្មករ​និយោជិក។

​​ចំណែក​ឯ​សហភាព​សហជីព​កម្ពុជា ដែល​មាន​លោក រ៉ុង ឈុន ជា​ប្រធាន កាលពី​ថ្ងៃ​ទី១៨ ខែ​មីនា ក៏បាន​ស្នើ​ជាច្រើន​ចំណុច សុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ ក្នុងចំណោម​ចំណុច​ទាំងនោះ សហភាព​សហជីព​កម្ពុ​ជា ដែល​តំណាង​កម្មករ​រាប់​សែន​នាក់​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​ឱ្យ​កម្មករ​និយោជិក​ បាន​ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ​ពេល ដោយ​រក្សា​ប្រាក់​ឈ្នួល បើ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ​-១៩ នេះ មិន​ថមថយ។

អាស៊ីសេរី នៅតែ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ​ទាំងនេះ បាន​នៅឡើយ​ទេ​។ ចំណែក​ឯ​មន្ត្រី​នាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ក៏​មិន​ឆ្លើយតប​នឹង​ការ​សុំ​បំភ្លឺ​របស់​អាស៊ីសេរី​នៅឡើយ​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី លោក ហេង សួរ បាន​ផ្តល់​បទសម្ភាសន៍​ឱ្យ​វិទ្យុ​បារាំង​អន្តរជាតិ RFI កាលពី​ថ្ងៃទី​១៩ ខែ មីនា ថា​ក្រសួង​ការងារ​គ្មាន​ការណែនាំ ឬ​គម្រោង​ផ្អាក​រោងចក្រ ដោយសារ​ការភ័យខ្លាច​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នេះ​ទេ​។ លោក ហេង ហួរ អះអាង​ថា លោក​ជឿជាក់​លើ​វិធានការ​បង្ការ ដែល​ដាក់​ចេញ​ដោយ​ក្រសួង​ការងារ ដែល​ត្រូវ​អនុវត្ត​តាម​រោងចក្រ សហគ្រាស​ទាំងនោះ៖ «យើង​ទទួល​ស្គាល់​ថា មានការ​បារម្ភ​។ តែ​យើង​ត្រូវតែ​ជឿ​លើ​លក្ខណៈ​បច្ចេកទេស និង​អ្នក​វេជ្ជសាស្ត្រ ដែល​គេ​បាន​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ អំពី​ហានិភ័យ​នៃ​វិស័យ​នីមួយៗ​។ ការ​មិន​បិទ​នូវ​វិស័យ​ណាមួយ​នោះ មិនមែន​មានន័យ​

​ថា ដោយសារ​វិស័យ​នោះ​មាន​ហានិភ័យ ហើយ​យើង​មិន​បិទ​នោះ​ទេ​។ តាម​ការពិត​មកពី​គេ​វាយតម្លៃ​អំពី​កម្រិត​ហានិភ័យ»។

ទោះជា​លោក ហេង ហួរ អះអាង​ដោយ​ភាព​ជឿជាក់​ទៅលើ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ និង​វិធានការ​បង្ការ​របស់​ក្រសួង​នេះ​ក៏ដោយ ក៏​រោងចក្រ​គឺជា​កន្លែង​ប្រមូល​ផ្តុំ​កម្មករ​យ៉ាង​សម្បើម​។ ជាង​នេះ​ទៅ​ទៀត កម្មករ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត ដែល​ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ ដែល​ងាយ​ចម្លង​មេរោគ​នេះ​លឿន​ណាស់ ប្រសិនបើ​មាន​នរណា​ម្នាក់​មាន​ផ្ទុក​មេរោគ​នេះ។

ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក បាន​ចាត់វិធានការ​បន្ទាន់ ដោយ​ត្រូវ​អនុវត្ត​វិធានការ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន នៅ​ឱ្យ​ដាច់​ពី​គេឯង ដូចជា​សម្រាក​នៅផ្ទះ ឬ​ធ្វើការ​ពី​ផ្ទះ​ជាដើម​។ វិធី​បែបនេះ គឺជា​វិធី​ការពារ ប្រសើរ​ជាង​ព្យាបាល។

ដោយ​មិនទាន់​ឃើញ​ចំណាត់​ការ​ផ្អាក​រោងចក្រ​ជា​បណ្ដោះអាសន្ន​នេះ កម្មករ​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ក្នុង​រោងចក្រ ជជែក​គ្នា​អំពី​កង្វល់​របស់​ខ្លួន​។ ប្រធាន​សហជីព​ខ្មែរ​ប្រចាំ​ក្រុមហ៊ុន​ម៉េងយ៉ាន់ ឯណោះ​គឺ​លោក ភា ភាព នៅ​ថ្ងៃទី២០ ខែ មីនា​នេះ បាន​បង្ហោះ​រូបភាព​ពីរ​បីសន្លឹក នៃ​ក្រុម​កម្មករ​អង្គុយ​ជុំ​គ្នា ដោយ​លោក​បង្ហោះ​សារ​ថា ខ្ញុំបាទ​សូម​អធ្យាស្រ័យ​ផង ដោយមាន​កា​រឆ្លង​ត​គ្នា នៃ​មេរោគ​កូរ៉ូណា​កាន់តែ​ធ្ងន់ធ្ងរ បងប្អូន​កម្មករ​ស្នើ​សុំ​ឱ្យ​រោងចក្រ និង​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​មេត្តា​ជួយ​ដោះស្រាយ​ឱ្យ​កូនចៅ​ផង សូម​ធ្វើការ​ផ្អាក​មួយរយៈពេល​សិន​សូម​មេត្តា​ដល់​កម្មករ​ដូច​ពួកយើង​ខ្ញុំ​ផង​។ លោក​បន្ថែម​ថា អ្នកចេះ​ខ្លាច​លោក​ក៏​ចេះ​ខ្លាច អ្នក​ចង់​រស់​លោក​ក៏​ចង់​រស់​ដែរ។

អង្គការ​សុភាព​ពិភពលោក បាន​ប្រកាស​ថា ជំងឺ​កូវីដ​-១៩ គឺជា​ជំងឺឆ្លង​លក្ខណៈ​សាកល និង​ព្រមាន​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ ដូច​កម្ពុជា ថា​អាច​នឹង​ងាយ​រងគ្រោះ​បំផុត ដោយសារ​ជំងឺ​នេះ៕

No comments: