Wednesday, 25 March 2020

លោក ហ៊ុន សែន ពិចារណា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ បន្ត​កើន​ឡើង​ជិត ១០០នាក់


ដោយ អាស៊ីសេរី
2020-03-25


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​​បិទ​សន្និបាត​សុខាភិបាល​បូក​សរុប​ការងារ ឆ្នាំ​២០១៩ កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​​បិទ​សន្និបាត​សុខាភិបាល​បូក​សរុប​ការងារ ឆ្នាំ​២០១៩ កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ២០២០។
រូប (ឆ្វេង)៖ ហ្វេសប៊ុក លោក ហ៊ុន សែន



ប្រមុខរដ្ឋាភិបាល​ពិចារណា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ បន្ត កើន​ឡើង​ជិត​១០០ករណី។ មន្ត្រី​សង្គម​ស៊ីវិល ​គាំទ្រ​ចំពោះ​វិធានការ​មួយ​ចំនួន​របស់​រដ្ឋាភិបាល ​ប៉ុន្តែ ស្នើសុំ​កុំ​ឲ្យ​អាជ្ញាធរ​ឆ្លៀត​ឱកាស​នេះ​ គាប់​សង្កត់ និង​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩។ ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​ទី២៤ នេះ ថ្លែង​ថា លោក​កំពុង​ពិចារណា​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ឱ្យ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន ដើម្បី​ប្រើ​វិធានការ​តឹងរ៉ឹង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រទេស​ជាតិ ត្រូវ​ដាក់​ក្នុង​ភាព​ អាសន្ន​នោះ គឺ​សិទ្ធិស៊ីវិល​មួយ​ចំនួន​ត្រូវ​បិទ ដូច​ជា ការ​ជួបជុំ និង​ការ​តវ៉ា​ផ្សេងៗ ដូច្នេះ​លោក​ហាម​កុំ ឲ្យ​ក្រុម​អ្នកវិភាគ និង​ក្រុម​អ្នក​សិទ្ធិ​មនុស្ស ចាត់​ទុក​វិធានការ​របស់​រដ្ឋាភិបាល​ថា ជា​ការ​រឹតត្បិត​សិទ្ធិ សេរីភាព​ប្រជា​ពលរដ្ឋ។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ជាង ៤០០នាក់ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី២៥​ ខែ​មីនា នៅ​វិមាន​សន្តិភាព៖ «ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ​លទ្ធភាព​ប្រើប្រាស់​នូវមាត្រា២២​ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។ ខ្ញុំ​មិន​ចង់​ប្រើ​ទេ ក៏​ប៉ុន្តែ​បើ​ការ​អំពាវនាវ​​របស់ខ្ញុំ​ គ្មាន​ប្រសិទ្ធភាព។ មាត្រា២២ ដែល​ចែង​ថា​ ក្នុង​ប្រទេស ដែល​មាន​មហន្តរាយ​ជួប​នូវ គ្រោះអាសន្ន​ព្រះមហាក្សត្រ​ទ្រង់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ​ដោយ​មាន​ការ​ឯកភាព​ពី នាយករដ្ឋមន្ត្រី​ពី​ប្រធាន​រដ្ឋសភា ​និង​ប្រធាន​ព្រឹទ្ធសភា ដូច្នេះ​ខ្ញុំ​ក៏​អាច​ស្នើសុំ​ការ​ឯកភាព​ពី​ប្រធាន​រដ្ឋសភា​ពី​ប្រធាន​ព្រឹទ្ធសភា​ និង​ស្នើសុំ​ពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន»។

ក្នុងពិធី​សំណេះសំណាលរយៈពេល ៣ម៉ោងនោះ ​គេសង្កេត​ឃើញថា លោក​ ហ៊ុន ​សែន ​បានអង្គុយ​ថ្លែងសុន្ទរកថា ​មាន​គម្លាត​ឆ្ងាយ​ពីកូនប្រុសរបស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ហើយលោក ហ៊ុន ម៉ាណែត ក៏អង្គុយ​មានគម្លាត​ឆ្ងាយ​ពីភរិយា​របស់​លោកដែរ។ រីឯមន្ត្រីដែល​អង្គុយ​នៅខាង​ក្រោយ លោក​ ហ៊ុន ​សែន​ ក៏អង្គុយ​មានគម្លាត​ឆ្លាយពីគ្នាដែរ​ លើកលែង​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ​ដែល​ពួក​គេ​​អង្គុយ​ជាប់គ្នាៗ ​ដោយបង់កក្រមា​ តាមការណែនាំ​របស់លោក ​ហ៊ុន​ សែន ​ដោយ​មិនបាន​ពាក់ម៉ាស់​ការពារ​តាមបែប​វេជ្ជសាស្ត្រ​នោះទេ។

លោក ​ហ៊ុន សែន ​ ស្នើ​ទៅ​កាន់​អាណាព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ទាំង​​នោះ​​ថា ​កុំ​បារម្ភ​ពី​សុវត្ថិភាព ព្រោះ​ថា បើ​គ្មាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​សម្រាប់​ស្លៀក​ពាក់​ធ្វើ​សកម្មភាព​ទេ គឺ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ​លោក ហ៊ុន​ សែន ​បញ្ជាក់​ថា សប្បុរស​ជន​នានា បាន​ឧបត្ថម្ភ​ថវិកា​ដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​កើន​ដល់​ជិត ៩លាន​ដុល្លារ​ហើយ ​សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​មួយ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា មកដល់ពេលនេះ​ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​បន្ទប់​ជាង ៣ពាន់​បន្ទប់​រួច​ហើយ​សម្រាប់​ព្យាបាល ​និង​ថែទាំ​អ្នក​ជំងឺ​កូវីដ​ទូទាំង​ប្រទេស ហើយ​លោក​ណែនាំ​ឲ្យ​ក្រសួង​សុខាភិបាល ត្រូវ​បំពាក់​ឧបករណ៍​ និង​បរិក្ខារ​បម្រើ​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់។ ប្រធាន​គណៈកម្មការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ រូប​នេះ ក៏​អះអាង​ថា កម្ពុជា ​នឹង​ទទួល​ខុស​ត្រូវ​ព្យាបាល​អ្នក​ជំងឺ​ជនជាតិ បរទេស​ដោយ​មិន​តម្រូវ​ឲ្យ​បង់​ថវិកា​នោះ​ទេ៖ «កម្ពុជា​ជា​ប្រទេស​មួយ​ក្រ សុំ​ប្រកាស​ថា ជន​ជាតិ​បរទេស ​ដែល​ឈឺ [កូវីដ១៩] ក្នុង​ទឹក​ដី​កម្ពុជា ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ពីសំណាក់​គ្រូ​ពេទ្យ​កម្ពុជា ​ដោយ​មិន​បង់​ថ្លៃ ​នេះ​ជា​គោល​នយោបាយ​របស់​យើង។ យើង​ព្យាបាល​ព្រោះ​នេះ​គឺជា​កាតព្វកិច្ច​របស់​យើង​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ»។

ក្នុងឱកាសនោះដេរ ​លោកនាយករដ្ឋមន្ត្រី ​ក៏បានហាមនិស្សិត​ដែលកំពុងសិក្សា​នៅក្រៅប្រទេស​ មិនឲ្យ​វិលចូលកម្ពុជា​ក្នុងគ្​រានេះឡើយ។ ចំពោះបញ្ហា​ពលករខ្មែរដែល​បានវិលប្រទេស​កម្ពុជា​រួច​ ហើយនោះ​ គឺលោក ​ហ៊ុន​ សែន ​បញ្ជារឲ្យ​អាជ្ញាធរ​ស្វែងរក​ពលករ​ទាំង​នោះ និង​ណែនាំ​ឲ្យ​ពួក​គេ​ នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១៤ថ្ងៃ​ ដើម្បី​តាមដាន​សុខភាព។ ទន្ទឹម​គ្នា​នេះ លោក​ ហ៊ុន សែន ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​ចេញ​ពី​ផ្ទះ បើ​គ្មាន​ការ​ចាំបាច់ ​និង​កុំ​ឲ្យ​ប្រើ​អប្បិយ​ជំនឿ​ បណ្តេញ​ជំងឺ​កូវីដ ព្រោះ​គ្មាន​ប្រសិទ្ធភាព ប៉ុន្តែ​លោក​​អះអាង​ថា​ រដ្ឋាភិបាល​​គ្មាន​ផែនការ​បិទ​ផ្សារ​ អាហារដ្ឋាន​ហាង​កាហ្វេ និង​គ្មាន​ផែនការ​បិទ​រោងចក្រ​នោះ​ឡើយ។ ដោយឡែក ពួក​អាជីវរក ឬ​​ម្ចាស់​ឱសថស្ថាន​ណា ដែល​នៅ​តែ​បន្ត​លក់​ម៉ាស់​ការពារ​ថ្លៃ គឺ​លោក​​ព្រមានថា ​នឹងបញ្ជារឲ្យ​អាជ្ញាធរ​ទៅ​​រឹបអូស​ម៉ាស់​ទាំង​នោះ ​ហើយ​បិទ​មិន​ឲ្យ​រកស៊ី​អស់​មួយ​ជីវិត។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ ​គិមអេង សម្តែងការគាំទ្រ​ ចំពោះ​វិធានការមួយចំនួន​របស់រដ្ឋាភិបាល​ ដូចជា ការត្រៀម​កន្លែងព្យាបាល​អ្នកជំងឺ ​ការ​ព្យាបាល​​អ្នក​ជំងឺបរទេស​មិនយកលុយ​ជាដើម។ លោក​បន្តថា​ ចំពោះ​ការពិចារណា​ដាក់ប្រទេស​ក្នុងភាពអាសន្ន​ ប្រសិនបើ​ពិបាកគ្រប់គ្រង​ស្ថានការណ៍នោះ​ ក៏ជារឿងសំខាន់ដែរ ​ព្រោះ​ប្រទេស​ផ្សេងៗ ​ក៏ប្រកាស​ភាព​អាសន្ន​រួច​ហើយ​ដែរ ប៉ុន្តែ​លោក​ស្នើសុំកុំ​ឲ្យរដ្ឋាភិបាល​​ឆ្លៀតឱកាសនេះ ​រឹតត្បិត ​ឬបង្ក្រាប លើ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ៖ «ធ្វើ​យ៉ាង​ណា​ត្រូវ​ធានា​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់ មិនមែន​ការ​ចេញ​វិធានការ​ដាក់​ប្រទេស​ក្នុងភាពអាសន្ននេះ​ហើយធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​សិទ្ធិ សេរីភាព​បញ្ចេញ​មិតយោបល់​នោះ​ទេ​ ជាពិសេស ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និងបណ្តាញសង្គមអី​ជាដើម។ ប៉ុន្តែខ្ញុំ​ឯកភាព​ចំពោះ​ការហាម​មិនឲ្យ​មានការ​ជួបជុំ​ ព្រោះជា​រឿងត្រឹមត្រូវ ​ព្រោះថា ការ​ជួបជុំ​នេះ ​អាច​មាន​បញ្ហាធំ​ដូចយើង​ឃើញនូវប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ជា​មេរៀន​ស្រាប់​ហើយ»។

លោក យង់ គិមអេង កត់​សម្គាល់​ដែរ​ថា ​បន្ទាប់ពី​មាន​អនុសាសន៍​របស់​រដ្ឋាភិបាល គឺ​អាជ្ញាធរ​ខេត្ត និង​តាម​មូលដ្ឋាន​ខ្លះ ​បាន​ចូល​រួម​អនុវត្ត​ហ្មត់ចត់​ ដូច​ជា ការ​ស្វែងរក​ពលករ​មក​ពី​ក្រៅ​ប្រទេស ការ ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន និង​វិធី​អនាម័យ ប៉ុន្តែ​លោក ​សង្កេត​ឃើញថា ​អាជ្ញាធរ​នៅ​តំបន់​ខ្លះ គឺ​មិន​សូវ​ធ្វើ​សកម្មភាព​នោះ​ទេ ​ហើយ​នៅ​មាន​ការ​ជួបជុំ និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​ដើម។

គិត​ត្រឹម​ថ្ងៃ​ទី២៥ ខែ​មីនា ​ក្រសួងសុខាភិបាល​ រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ចំនួន ២ករណី​បន្ថែម​ទៀត ​កើត​លើ​ជនជាតិ​បារាំង ​នៅ​ខេត្ត​ព្រះសីហនុ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​កើន​ដល់ ៩៣នាក់​ ដោយ​ក្នុង​នោះ ​មាន ៦នាក់​ បាន​ជា​សះ​ស្បើយ​ឡើង​វិញ៕

1 comment:

Anonymous said...

Ah Prett Hun Sen Ey Kor Yab or Ksoy Maless Klach Ach Kla !!

It looks like Ah Kong Hean Hun Sen runs out of luck now !!

Wait and see when the NO EBA and NO GSP show their effects …. then Ah criminal Hun Sen will wet on his pant.