ដោយ ខែ សុណង
2020-03-19

ទិដ្ឋភាពព្រំដែនរវាងកម្ពុជា និងវៀតណាម នាច្រកជ្រៃធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មានសភាពស្ងប់ស្ងាត់មិនសូវឃើញមានមនុស្សឆ្លងកាត់ ព្រោះរដ្ឋាភិបាលបញ្ជាឱ្យបិទព្រំដែនបណ្ដោះអាសន្ន។
រូប៖ ពលរដ្ឋ
រដ្ឋាភិបាលកម្ពុជាសម្រេចបិទព្រំដែនជាមួយប្រទេសវៀតណាមជាបណ្ដោះអាសន្ន ក្រោយពេលរដ្ឋាភិបាលវៀតណាមបានបិទច្រកព្រំដែនសំខាន់ៗ ជាមួយកម្ពុជា និងហាមឃាត់ការធ្វើដំណើរចូលប្រទេសវៀតណាមពីសំណាក់ជនបរទេស។ វិធានការតឹងរ៉ឹងមិនធ្លាប់មានរវាងកម្ពុជា និងវៀតណាម នេះ ធ្វើឡើងក្នុងបរិបទនៃការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ-១៩។
ក្រសួងការបរទេសកម្ពុជាប្រកាសថា ការធ្វើដំណើរចូលកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលវៀតណាមដោយពលរដ្ឋកម្ពុជា ទោះជាតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក៏ដោយ នឹងត្រូវផ្អាកទាំងអស់ចាប់ពីម៉ោង១១:៥៩ នាទី យប់ថ្ងៃទី២០ មីនា តទៅ។ ក្រសួងស្នើឱ្យអាជ្ញាធរវៀតណាមជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួន កុំឱ្យធ្វើដំណើរមកកម្ពុជាតាមគ្រប់មធ្យោបាយ។
នៅក្នុងលិខិតផ្ញើជូនស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៩ មីនា ក្រសួងការបរទេសកម្ពុជាអះអាងថា វិធានការនេះមានគោលបំណងការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ និងដើម្បីបញ្ចៀសការលំបាក ចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលតម្រូវឱ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយបានធ្វើដំណើរពីកម្ពុជាចូលទៅប្រទេសវៀតណាម។
ទោះជាយ៉ាងណា ក្រសួងការបរទេសបញ្ជាក់ថា វិធានការនេះមិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការនោះទេ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាស្នើឱ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីសម្របសម្រួល និងធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចធ្វើទៅបានដោយគ្មានការរាំងស្ទះ។ ម្យ៉ាងវិញទៀត ប្រសិនបើមានពលរដ្ឋកម្ពុជាណាម្នាក់កំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេក្នុងប្រទេសវៀតណាម ក្រសួងការបរទេសស្នើសុំអាជ្ញាធរវៀតណាមឱ្យជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋកម្ពុជាទាំងនោះវិញផងដែរ។
ក្រៅពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក៏ចេញសេចក្ដីណែនាំដល់មន្ត្រីនគរបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យអនុវត្តតាមវិធានការនេះដូចគ្នា ដោយសារនេះជាបញ្ជាចេញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនពេញចិត្តឡើយចំពោះរដ្ឋាភិបាលវៀតណាម ដែលសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា។ លោកបានដាក់បញ្ជាតាមខ្សែអាត់សំឡេងទៅមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យដាក់ចេញនូវវិធានការបិទច្រកព្រំដែនជាមួយវៀតណាមវិញ។ លោកបញ្ជាក់ថា នេះមិនមែនជាការសងសឹកនោះទេ ប៉ុន្តែជាសិទ្ធិការពារសុវត្ថិភាពជូនពលរដ្ឋកម្ពុជា ដូចអ្វីដែលវៀតណាមកំពុងតែធ្វើនោះដែរ៖ «គាត់បិទជាឯកតោភាគី យើងមិនបានសងសឹកចំពោះវៀតណាមទេ ក៏ប៉ុន្តែយើងយោគយល់ចំពោះប្រជាជនវៀតណាម មិនចង់ឱ្យជាប់បម្រាមវៀតណាម។ ចេញពីប្រទេសវៀតណាម ចូលវៀតណាមវិញមិនបាន។ ចូលទៅ ត្រូវជាប់ការដាក់បម្រាម១៤ ថ្ងៃ ហើយបើមិនព្រមចូលទៅទេ នៅស្រុកខ្មែរ គឺនៅខុសច្បាប់។ អាហ្នឹង គឺជាចំណុចដែលត្រូវអនុវត្ត ហើយបម្រាមនេះនឹងត្រូវធ្វើរហូតដល់វៀតណាមលើកបម្រាមចេញតែម្តង។ អាហ្នឹងគឺដើម្បីយើងដោះស្រាយបញ្ហាជាមួយគ្នា។ អាហ្នឹងគឺ សូមឱ្យគ្រប់ទីកន្លែងទាំងអស់ទទួលយកទៅអនុវត្ត ជាពិសេសគឺបណ្ដាខេត្ត ហើយនិងនគរបាលនៅតាមច្រកព្រំដែន គយនៅតាមច្រកព្រំដែន គឺត្រូវអនុវត្តនូវការកាត់ផ្ដាច់ កុំឱ្យមានការឆ្លងទៅឆ្លងមកក្នុងរយៈពេលដែលវៀតណាមអនុវត្ត»។
នេះជាវិធានការតឹងរ៉ឹងមិនធ្លាប់មាន ដែលលោក ហ៊ុន សែន បានដាក់ចេញចំពោះវៀតណាម ដែលជាអ្នកលើកបន្តុបលោកឱ្យកាន់តំណែងជាមេដឹកនាំកម្ពុជាតាំងពីដើមទសវត្សរ៍ទី៨០ មកនោះ។ ទោះជាយ៉ាងណា វិធានការនេះទំនងជាលោកធ្វើឡើងដោយសារតែកាលៈទេសៈតម្រូវប៉ុណ្ណោះ ពីព្រោះរដ្ឋាភិបាលវៀតណាមបានបិទច្រកព្រំដែនអន្តរជាតិជាមួយកម្ពុជារួចទៅហើយ ហើយវៀតណាមក៏បានផ្អាកការផ្ដល់ទិដ្ឋាការដល់ជនបរទេសផងដែរ។ ជាពិសេស គឺវៀតណាមបានតម្រូវឱ្យដាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ចំពោះអ្នកដំណើរពីប្រទេសអាស៊ាន រួមទាំងជនជាតិវៀតណាមទាំងឡាយណា ដែលវិលត្រឡប់ចូលប្រទេសវៀតណាមវិញ។ វិធានការរឹតត្បិតការធ្វើដំណើររបស់អាជ្ញាធរវៀតណាមនេះ បានចូលជាធរមាន តាំងពីថ្ងៃទី១៨ មីនា មកម៉្លេះ។
អាស៊ីសេរីមិនទាន់អាចទាក់ទងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសុំការឆ្លើយតបជុំវិញវិធានការបិទព្រំដែនរបស់អាជ្ញាធរកម្ពុជានេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា ទង្វើរបស់រដ្ឋាភិបាលវៀតណាមបង្ហាញថា ប្រទេសនេះគិតគូរអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋគេជាធំ។ ទោះជាយ៉ាងណា លោកថា តាមរយៈការបិទព្រំដែនដោយមិនបានប្រាប់ជាមុននេះ ថ្នាក់ដឹកនាំកម្ពុជាគួរតែយល់ច្បាស់ហើយថា វៀតណាមនៅតែមើលស្រាលកម្ពុជា និងខ្វះភាពស្មោះត្រង់។ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជាក៏មិនអាចបញ្ចេញប្រតិកម្មខ្លាំងពេកដែរ ពីព្រោះកម្ពុជារស់ពឹងផ្អែកលើទំនិញរបស់វៀតណាមមួយភាគធំ៖ «ការបិទព្រំដែននេះ បើយើងបិទទាំងពាណិជ្ជកម្មទៀត គឺខ្មែរយើងអ្នករងគ្រោះធ្ងន់ជាងគេ ព្រោះយើងអត់មានផលិតអ្វីបានទេ។ អ៊ីចឹងយើងនឹងត្រូវខ្វះខាតនូវសម្ភារៈរបស់ប្រើប្រាស់ អ៊ីចឹងវានឹងអាចធ្វើឱ្យទំនិញក្នុងប្រទេសកម្ពុជាឡើងថ្លៃ។ អ៊ីចឹងអ្វីដែលជាការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាហ្នឹង គឺសមស្រប ព្រោះយើងត្រូវឆ្លើយតបដោយប្រុងប្រយ័ត្ន។ បើកាលណាយើងទៅតវ៉ាទៅគេទាំងកម្រោល ហើយយើងបិទទាំងអស់ គឺកម្ពុជាទេដែលជាអ្នកត្រូវរងគ្រោះ ព្រោះយើងនាំចូលពីគេច្រើន»។
គិតត្រឹមយប់ថ្ងៃទី១៨ មីនា ក្រសួងសុខាភិបាលបានរកឃើញករណីអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន ៣៧នាក់ហើយនៅកម្ពុជា ក្នុងនោះពលរដ្ឋខ្មែរមានចំនួន២៤ នាក់ និងបរទេសចំនួន១៣ នាក់។ ក្នុងចំណោមពលរដ្ឋខ្មែរដែលកើតជំងឺកូវីដ-១៩ នោះ មាន ២១នាក់ គឺជាអ្នកដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈកន្លងទៅ។
ក្រសួងសុខាភិបាលអះអាងថា ករណីជំងឺកូវីដ-១៩ នៅកម្ពុជាសុទ្ធតែករណីនាំចូល ហើយមកដល់ពេលនេះ ក្រសួងពុំទាន់រកឃើញភស្តុតាងថា មានការឆ្លងជំងឺនេះនៅក្នុងសហគមន៍នៅឡើយទេ។ ទោះជាយ៉ាងណា ក្រសួងបញ្ជាក់ថា លទ្ធភាពនៃការឆ្លងជំងឺនេះនៅក្នុងសហគមន៍អាចនឹងកើតមានឡើង ហើយក្រសួងបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ ឱ្យថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនឱ្យបានជាប់ជាប្រចាំ៕
1 comment:
Against Khmer people Ah Yuon's slave Hun Sen always reacted brutally, but against his master Yuon, Hun Sen needed to put his tail between his legs and talked softly.
Post a Comment