ដោយ សេក បណ្ឌិត
2020-03-22
rfa

ពលករខ្មែររាប់រយនាក់កំពុងសម្រុកចេញពីប្រទេសថៃត្រឡប់ចូលកម្ពុជា ឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ ដូង ហៅច្រកឡែម ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក
អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បញ្ជាបិទច្រកព្រំដែនអន្តរជាតិឆ្លងកាត់ជាមួយប្រទេសកម្ពុជា ចាប់ពីថ្ងៃចន្ទ ទី២៣ មីនា រហូតដល់ថ្ងៃអាទិត្យ ទី៥ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងមេរោគបង្កជំងឺកូវីដ-១៩។
ប្រភពកាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) សរសេរថា បញ្ជារបស់អភិបាលខេត្តស្រះ កែវ លោក វ៉រ៉ាក់ផាន ស៊ុវ៉ាន់នុត (Voraphan Suwannus) ចុះថ្ងៃទី២១ មីនា ឱ្យបិទការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនចំនួន ១៩ ដែលនៅជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ច្រកព្រំដែនទាំងចំនួន ១៩ នោះ គឺមានច្រកអចិន្ត្រយ៍ចំនួន ២ និងច្រកបណ្ដោះអាសន្នចំនួន ១៧។ ច្រកទ្វារអន្តរជាតិ ២ គឺច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងត្រូវបិទទាំងស្រុង លើកលែងឱ្យរថយន្តដឹកទំនិញ ដែលអ្នកបើកបរត្រូវអាជ្ញាធរថៃត្រួតពិនិត្យសុខភាពត្រឹមត្រូវ។ ច្រកអន្តរជាតិភ្នំដី ខេត្តបាត់ដំបង នឹងត្រូវបិទទាំងស្រុង។ ទោះជាយ៉ាងនេះក្ដី អាជ្ញាធរថៃ លើកលែងឱ្យរថយន្ត និងអ្នករុញរទេះដឹកឥវ៉ាន់ នៅចេញចូលបាន។
វិធានការទប់ស្កាត់ការឆ្លងមេរោគបង្កជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី២២ មីនា អាជ្ញាធរថៃសម្រេចបិទគ្រប់កម្រិតច្រកឆ្លងដែនជាមួយកម្ពុជាហើយ ទាំងកម្រិតច្រកអន្តរជាតិ ច្រកតំបន់ និងច្រកបណ្ដោះអាសន្ន គឺពីច្រកចាំយាម ខេត្តកោះកុង រហូតដល់ច្រកអានសេះ ខេត្តព្រះវិហារ ចាប់ពីថ្ងៃចន្ទ ទី២៣ មីនា រហូតដល់ថ្ងៃទី៥ ខែមេសាខាងមុខនេះ៕
No comments:
Post a Comment