Sunday, 29 March 2020

មនុស្ស​ចំនួន​២៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយ​ពី​បាន​រិះគន់​រឿង​ជំងឺ​កូវីដ-១៩


Khmer Circle:


Thank you peace? Meanwhile, timber is being smuggled off to Vietnam by the truckloads with the connivance of local and central authorities while the "PM" is busy cracking down on anyone who dares to criticise his disastrous handling of the coronavirus crisis, or in the country's case: 'CPP Virus'...

Thank you Vietnam...


^^^

ដោយ ហេង រស្មី
2020-03-29

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។
Photo: RFA




អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​២៤​នាក់​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រឿង​ជំងឺ​កូវីដ-១៩ ក្នុង នោះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា សកម្មភាព​របស់​អាជ្ញាធរ ជា​ការ​បំបិទ​សិទ្ធ​ប្រជាពលរដ្ឋ​មិន​ឱ្យ​សំដែង​មតិ​ខណៈ​ជំងឺ​កំពុង​រាលដាល​ជុំវិញ​សកលលោក។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា ទង្វើ​របស់​អាជ្ញាធរ​ក្នុង​ភ្នំពេញ ទៅលើ​អ្នក​រិះគន់​រឿង​ជំងឺ​កូ​វីដ១៩ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​លែង​ហ៊ាន​និយាយ​ការពិត​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ថ្មី​នេះ។

នាយករង​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ប្រាប់​អាស៊ីសេរី​ថា នៅ​ក្នុង​ដំណាក់កាល​នេះ ការ​ជ្រើសរើស​របស់​អាជ្ញាធរ​ក្នុង​ការ​ចាប់ខ្លួន​នឹង​ការ​ឃុំខ្លួន​អ្នក​ហ៊ាន​និយាយ​រិះគន់​មិនមែន​ជា​ការ​ល្អ​ប្រសើរ​នោះ​ទេ។ រដ្ឋាភិបាល​គួរតែ​ហៅ​ពួកគាត់​មក​អប់រំ​ប្រសើរ​ជាង​ការ​ចាប់ខ្លួន​ដោយ​បង្ខំ​ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩៖ «ការ​ចាប់​និង​ការ​ឃុំខ្លួន​នេះ យើង​គូរ​តែ​ពិនិត្យ​មើល​ដែរ​ថា​អ្វី​ជា​បទល្មើស​អ្វី ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ប្រសិនជា​យើង​ធ្វើការ​ឃុំខ្លួន​ដោយ​មិន​បាន​ពិចារណា​ឱ្យ​ត្រឹមត្រូវ​ថា​អ្វី​ជា​សេរីភាព​បញ្ចេញមតិ អ្វី​ជា​បទល្មើស​នោះ​ទេ អាហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដែរ​សម្រាប់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​នោះ​បាទ»។



លោក អំ សំអាត និយាយ​ថា ចាប់​តាំង​ពី​ដើមខែ​មករា រហូតដល់​ចុងខែ​មីនា​នេះ មាន​មនុស្ស​ចំនួន​២៤​នាក់​ហើយ​ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មាន​ចំនួន ១៧​នាក់ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សង្ស័យ​ថា មាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត រឿង​ជំងឺ​កូវីដ​១៩​រួចហើយ បាន​បញ្ជូន​ទៅ​ដាក់​ក្នុង​មន្ទីរឃុំឃាំង​ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស។ ចំណែក​៧​នាក់​ផ្សេងទៀត​ជា​សកម្មជន​គណបក្សប្រឆាំង​តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់​ដែល​សំណុំរឿង​ខ្លះ​បាន​កើតមានឡើង​តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់នៅ​និទ្ទេស​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង និង​អ្នក​រិះគន់​រឿង​ជំងឺ​កូវីដ១៩ នេះ​គឺ​របប​ក្រុងភ្នំពេញ​ភ័យខ្លាច​ការ​ងើប​ប៉ះបោរ​ពី​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​ការដឹកនាំ​គ្មាន​ការទទួលខុសត្រូវ​របស់​លោក ហ៊ុន សែន។

លោក​មានប្រសាសន៍ថា ទង្វើ​របស់​របប​លោក ហ៊ុន សែន បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ភាព​ព្រៃផ្សៃ​មិន​ខុស​ពី​ជំងឺ​កូវីដ​១៩​ទេ ដោយសារតែ​ពិភពលោក​ទាំងមូល​គេ​ផ្ដោត​ការ​យកចិត្តទុកដាក់​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​។​ប៉ុន្តែ​របប​លោក ហ៊ុន សែន មិន​ដែល​ភ្លេច​រឿង​ការរំលោភ​សិទ្ធិមនុស្ស​មក​លើ​ពលរដ្ឋ​ខ្លួន​នោះ​ទេ។

ការចោទប្រកាន់​ពី​មន្ត្រី​គណបក្សប្រឆាំង​និង​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នេះ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​និយាយ​ថា អ្វីដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើ​កន្លងមក​គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

ទោះបីជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន មានប្រសាសន៍​ថា ការ​បង្ហោះ​សារ​ក្នុង​ន័យ​អប់រំ​ដើម្បី​ទប់ស្កាត់​ជំងឺ​កន្លង​ទៅ​នោះ គឺជា​ការ​​អនុវត្ត​សិទ្ធិ ប៉ុន្តែ​រាល់​ការ​បង្ហោះ​សារ​ដែល​មានន័យ​ក្នុង​ការ​បំភិតបំភ័យ​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​មិនមែន​ជា​ការអនុវត្ត​សិទ្ធិ​ទេ គឺ​ជា​ការ​បំពាន​ច្បាប់​ហើយ​សមត្ថកិច្ច​មាន​សិទ្ធិ​ក្នុង​ការ​បង្ក្រាប​ដើម្បី​នាំ​ខ្លួន​អ្នក​ប្រព្រឹត្ត​មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់៖ «ប្រជាពលរដ្ឋ​ភាព​ច្រើន​ធ្វើ​ការ​បញ្ចេញមតិ​រឿង​កូវីដ ដូចជា​មិន​អី​ទេ ដូច​មិន​មាន​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ចំពោះ​ជន​មួយ​ក្រុម​តូច​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​បំភិតបំភ័យ​បំផ្លើស​ក្នុង​ចេតនា​បង្ក​ភាព​ចលាចល​ក្នុង​សង្គម»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិនដែល​ចាប់​មនុស្ស​ណា​ដែល​គ្មាន​កំហុស​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រសិនបើ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា​ទង្វើ​របស់​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​នោះ​ទេ សមត្ថកិច្ច​គ្រាន់តែ​កោះហៅ​ពួកគេ មក​សារ​សួរ​តែប៉ុណ្ណោះ តែ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​ពី​អាជ្ញាធរ។

ចាប់​ពី​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​កូវិដ​១៩ នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​តាំងពី​ចុង​ឆ្នាំ​២០១៩​មក គឺ​របប​ក្រុង​ភ្នំពេញ បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រៃវែង សៀមរាប ស្វាយរៀង នៅ​ខេត្ត​កំពង់ឆ្នាំង និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជាដើម ដោយសារតែ​ពួកគេ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក និង​និយាយ​ទូរស័ព្ទ​ព្រួយបារម្ភ​ពី​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​។​

គិត​ត្រឹម​ថ្ងៃ​ទី​២៨ មីនា​ក្រសួងសុខាភិបាល រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ​១៩ (Covid-19) ចំនួន ៤​នាក់​ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​កើត​ជំងឺ​នេះ សរុប កើន​ដល់ ១០២​នាក់​។ អ្នក​កើត​ជំងឺ​ថ្មី​ចំនួន ៤​នាក់​នោះ គឺជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ៕

No comments: