Sunday 15 March 2020

រដ្ឋាភិបាល​ហាម​ជន​បរទេស​លោក​ខាង​លិច​ចូល​កម្ពុជា និង​បិទ​គ្រឹះស្ថាន​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ និង​ក្រុង​សៀមរាប


ដោយ អាស៊ីសេរី
2020-03-14

ទិដ្ឋភាព​សិស្ស​ចេញ​ពី​អនុវិទ្យាល័យ​គោក​បញ្ជាន់ ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ២០២០ ស្រប​ពេល​ដែល​ក្រសួង​អប់រំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ និង​ក្រុង​សៀមរាប អនុវត្តន៍​វិស្សមកាល​តូច​មុន​កាល​កំណត់។
ទិដ្ឋភាព​សិស្ស​ចេញ​ពី​អនុវិទ្យាល័យ​គោក​បញ្ជាន់ ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ២០២០ ស្រប​ពេល​ដែល​ក្រសួង​អប់រំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ និង​ក្រុង​សៀមរាប អនុវត្តន៍​វិស្សមកាល​តូច​មុន​កាល​កំណត់។
 រូប៖ ពលរដ្ឋ



គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ក្នុង​ក្រុងភ្នំពេញ និង​ក្រុង​សៀមរាប​មួយរយៈ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល គួរតែ​មាន​វិធានការ​ហាមឃាត់​ឱ្យ​ស្មើភាព​គ្នា ជាពិសេស គឺ​ហាមឃាត់​អ្នកដំណើរ​ពី​ប្រទេស​ចិន​តែម្ដង ដែល​ជា​ប្រភព​ដើម​នៃ​ការ​ចម្លង​ជំងឺ​កូវីដ-១៩។

ក្រសួង​សុខាភិបាល​សម្រេច​ហាម​ប្រជាជន​មកពី​ប្រទេស​លោក​ខាង​លិច​ចំនួន​៥ ចូល​កម្ពុជា​រយៈ ពេល ៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​។ ប្រទេស​ទាំង ៥​នោះ រួមមាន អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​អាមេរិក ប៉ុន្តែ​មិន​បាន​បូក​ចូល​ប្រទេស​ចិន ដែល​ជា​ប្រទេស​នៃ​ប្រភព​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩​នោះ​ទេ​។ សេចក្តី​ប្រកាស​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា បញ្ជាក់​ថា វិធានការ​ហាមឃាត់​នេះ គឺ​បន្ទាប់ពី​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ លើ​ជនបរទេស​មាន​សញ្ជាតិ​ផ្សេងៗ ជា​បន្តបន្ទាប់ ដែល​តម្រូវ​ឱ្យ​មាន​វិធាន​ការ​ការពារ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​មាន​ការ​នាំ​មេរោគ​ឆ្លង​មួយ​នេះ ចូល​ក្នុង​ប្រទេស​កម្ពុជា​។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និង​អ្នក ស្រី ឱ វណ្ណឌីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។



រីឯ​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋា​ន​នៃ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន មាន​ប្រសាសន៍​ថា បន្ទាប់ពី​ទទួល​បាន​លិខិត​របស់​ក្រសួង​សុខាភិបាល​នោះ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល កំពុង​រៀបចំ​នីតិវិធី ជូនដំណឹង​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ ដើម្បី​ចូលរួម​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។ លោក​បញ្ជាក់​ថា ជនជាតិ​ណា​ក៏​ដោយ ឱ្យ​តែ​ធ្វើដំណើរ​មកពី​ប្រទេស​អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​អាមេរិក គឺ​មិន​អាច​ដឹក​ពួកគេ​ចូល​កម្ពុជា​ដាច់ខាត​។ ជាមួយគ្នា​នេះ លោក ជា អូន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​មូលហេតុ ដែល​រដ្ឋាភិបាល​មិន​ហាម​អ្នកដំណើរ​ពី​ប្រទេស​ចិន​នោះ​ទេ៖ «ដូច​ថា ការវាយតម្លៃ​របស់​ក្រសួងសុខាភិបាល​យើង ថា តើ​ហានិភ័យ​(Risk ) ពី​ប្រទេស​ណាខ្លះ ក្នុងចំណោម​ប្រទេស​ទាំងអស់​ដែល​ធ្វើដំណើរ​មក​ប្រទេស​យើង ដូច្នេះ​ហើយ​គាត់​វាយតម្លៃ។ ចំពោះ​ខ្ញុំ​អត់​អាច​អត្ថាធិប្បាយ​រឿង​ហ្នឹង​ទេ អាហ្នឹង​រឿង​ក្រសួងសុខាភិបាល ប៉ុន្តែ​យើង ធ្វើ​ម៉េច​យោង​ទៅ​លើ​សេចក្ដី​ប្រកាស​គឺ​យើង​នឹង​រៀបចំ​ប្រព័ន្ធ​គ្រប់​អ្នកដំណើរ ដែល​ធ្វើដំណើរ​តាម​យន្តហោះ​មក»។

ទន្ទឹម​គ្នា​នេះ ខាង​ក្រសួងការបរទេស ក៏​ប្រកាស​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​អ្នកដំណើរ​ពី​ប្រទេស​ទាំង​៥ តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នោះ​ដែរ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ បញ្ចេញ​ទស្សនៈ​ថា

​រដ្ឋាភិបាល​កម្ពុជា គួរតែ​មាន​វិធានការ​ហាមឃាត់​ឱ្យ​បាន​ស្មើភាព​គ្នា ជាពិសេស ប្រទេស​ដែល​ជា​ប្រភព​មេរោគ ដូចជា​ប្រទេស​ចិន​ជាដើម​។ លោក យល់ថា មិន​សម​ទំនង​នោះ​ទេ ដែល​រដ្ឋាភិបាល​ហាមឃាត់​អ្នកដំណើរ​ពី​ប្រទេស​លោក​ខាង​លិច តែ​បើកចំហ​សម្រាប់​អ្នកដំណើរ​ពី​ប្រទេស​ចិន៖ «សរុប​សេចក្តី​មក យើង​ចង់​ឃើញ​វិធានការ​បែបនេះ​ដាក់បញ្ចូល​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន​ដែរ។ ការដែល​មិនទាន់​ធ្វើការ​សម្រេចចិត្ត​ហាមប្រាម​អ្នក​ដែល​ធ្វើ ដំណើរ​ពី​ប្រទេស​ចិន អាច​បង្ហាញ​អំពី​ការ​ឆ្លើយតប​ជាមួយ​នឹង​គុណ​ស្រ័យ​ដែល​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន ដូចដែល​យើង​ឃើញ​ហើយ​ថា ចិន​គឺជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​និង​កម្ចី មក​កម្ពុជា​ច្រើន​ជាងគេ ប៉ុន្តែ​សម្រាប់​ករណី​នេះ ការ​រីក​រាលដាល​នៃ​ករណី​មេរោគ​កូ​វីដ​-១៩​នេះ គួរតែ​ត្រូវ​បាន​ចាត់​ទុក​ដោយឡែក​មួយ ពី​ទំនាក់​ទំនាក់​អន្តរជាតិ​»​។​

ក្រៅពី​វិធាន​ការហាម​អ្នកដំណើរ​ពី​ប្រទេស​លោកវខាងលិច​នោះ ខាង​ក្រសួង​អប់រំ​យុវជន និង​កីឡា វិញ នៅ​ថ្ងៃទី​១៤ ខែ​មីនា ក៏​សម្រេច​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ក្នុង​ក្រុងភ្នំពេញ និង​ក្នុង​ទី​រួម​ខេត្ត​សៀមរាប សម្រាក​វិស្សមកាល​តូច​មុន​កាលកំណត់​ផង​ដែរ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ ក្រសួង​ក៏​អំពាវនាវ​អាណាព្យាបាល​ជំរុញ​ឱ្យ​កូន​ធ្វើ​ស្វ័យ​សិក្សា និង​ចៀសវាង​ទៅ​កន្លែង​ដែល​ប្រឈម​នឹង ការ​ឆ្លង ដូចជា កន្លែង​ហែល​ទឹក​សាធារណៈ កន្លែង​ហាត់ប្រាណ សួន​កុមារ និង​កន្លែង​ផ្សេងទៀត​។

វិធានការ​ហាម​ជនបរទេស និង​ផ្អាក​គ្រឹះស្ថានសិក្សា​នេះ គឺ​បន្ទាប់ពី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ ទី​១៣ ខែ​មីនា បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ ២​ករណី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កើត​លើ​បុរស​ជនជាតិ កាណាដា អាយុ ៤៩​ឆ្នាំ និង​បុរស​ម្នាក់ទៀត ជា​ជនជាតិ​បែលហ្ស៊ិក អាយុ ៣៣​ឆ្នាំ​។ បុរស​ជនជាតិ កាណាដា​នោះ គឺជា​គ្រូបង្រៀន​ក្នុង​សាលា​ឯកជន​មួយ​នៅ​សាខា​កោះ​ពេជ្រ ឈ្មោះថា សាលា​អន្តរជាតិ កាណាដា (CIS)​។ ក្រសួងសុខាភិបាល សម្រេច​បិទ​សាលា​មួយ​នេះ​បណ្ដោះអាសន្ន និង​តម្រូវ​ឱ្យ​គ្រូបង្រៀន និង​សិស្ស​នៃ​សាលា​នោះ តាមដាន​សុខភាព​ផ្ទាល់ខ្លួន​រយៈពេល ១៤​ថ្ងៃ។ ចំណែក​កូន ២​នាក់​របស់​បុរស​ជន​ជាតិ​កាណាដា​នោះ មិន​បាន​ឆ្លង​មេរោគ​ទេ ក្រោយពី​ក្រសួង​យក​សំណាក​ទៅ​ធ្វើ​តេស្ត ហើយ​លទ្ធផល​អវិជ្ជមាន​។ ចំណែក​ឯ បុរស​ជនជាតិ​បែលហ្សិក​នោះ គឺជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ ដែល​ទើបតែ​ធ្វើដំណើរ​មកពី​អឺរ៉ុប ហើយ​ក្រសួង កំពុង​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​នេះ​។

​លោក សន ជ័យ លើក​ឡើង​ថា ក្រសួងសុខាភិបាល គួរតែ​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ក្រៅពី​ផ្អាក​គ្រឹះស្ថានសិក្សា ដូចជា គួរតែ ត្រួតពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​តាម​កន្លែង​ជួបជុំ និង​កន្លែង​គោលដៅ​នានា ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង​មេរោគ​មួយ​នេះ៖ «ខ្ញុំ​គិត​ថា គួរតែ​ដាក់​ករណី​នេះ​នេះ​ជា​ករណី​ពិសេស​ដើម្បី​ធានា​ថា គ្រូបង្រៀន​នៃ​សាលារៀន​នោះ មនុស្ស​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​គាត់ មាន​កូន​សិស្ស មានគ្រួសារ​របស់​គាត់ ហើយ​ទីកន្លែង​ដែល​គាត់​ត្រូវ​ទៅ​នោះ ចាំបាច់​ត្រូវតែ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ ជៀសវាង​កុំ​ឱ្យ​ប្រភព​នៅ​ទីនោះ វា​អាច​នឹង​ក្លាយទៅជា​ភ្នាក់ងារ​ចម្លង​ទៅ​ទី​កន្លែង​ផ្សេងទៀត»។

ក្រសួងសុខាភិបាល​បច្ចុប្បន្ន​កំពុង​ព្យាបាល បុរស​ជនជាតិ​ខ្មែរ អាយុ ៣៨​ឆ្នាំ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ចំណែក​បី​ករណី​ទៀត កើត​លើ​ជនជាតិ​អង់គ្លេស​វ័យ​ចំណាស់ ៣​នាក់ ដែល​ធ្វើដំណើរ​តាម​នាវា​ទេសចរណ៍​មួយ​គ្រឿង ឈ្មោះ វីគីង គ្រូស ជ្យូណី (Viking Cruise Journey) ដែល​ចាក​ចេញពី​ប្រទេស​វៀតណាម ហើយ​បាន​ចូល​ចត​នៅ​ទី​រួម​ខេត្ត​កំពង់ចាម​។ ចំណែក ២​ករណី​ថ្មី​នេះ កើត​លើ​បុរស​ជនជាតិ​កាណាដា​ម្នាក់ និង​ជនជាតិ​បែលហ្សិក​ម្នាក់​។ អ្នកជំងឺ​ជនបរទេស​ទាំង ៥​នាក់ នេះ កំពុង​ដាក់​ឱ្យ​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ឬ​ហៅថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត៕

No comments: