Wednesday, 11 March 2020

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​លួច​ស្ដាប់​កិច្ច​សន្ទនា​ឯកជន ព្រោះ​ជា​រឿង​ខុស​ច្បាប់

​​
ដោយ អាស៊ីសេរី
2020-03-10

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។
នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។
រូបថត៖ ហ្វេសប៊ុក លោក ណុប វី



សង្គម​ស៊ីវិល​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​បញ្ឈប់​សកម្មភាព​លួច​ស្ដាប់​កិច្ច​សន្ទនា​ឯកជន​របស់​ប្រជាពលរដ្ឋ ព្រោះ​នេះ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន​របស់​មនុស្ស ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អាជ្ញាធរ​កំពុង​ប្រើ​ឧបករណ៍​ចាប់​សំឡេង​ទូរស័ព្ទ​ ដើម្បី​តាម​ដាន​សកម្មភាព​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ចេតនា​មិន​ល្អ​ចំពោះ​សង្គម។

អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន យល់​ឃើញ​ដូច​​គ្នា​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាម​ដាន​​ស្ដាប់​សំឡេង​សន្ទនា​ឯកជន​នោះ គឺជា​ការ​គំរាម​​កំហែង​យ៉ាង​​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។

ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី រិះគន់​ថា វិធានការ​តាម​ដាន និង​ស្ដាប់​កិច្ច​សន្ទនា​តាម​​ប្រព័ន្ធ​ទូរគមនាគមន៍​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​ខ្មែរ ប្រាស់​ចាក​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទាំងឡាយ​ដែល​កម្ពុជា​បាន​ទទួល​​ស្គាល់​ និង​សន្យា​គោរព​តាម។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​សង្ស័យ​ជន​​ណា​ម្នាក់​ថា ប៉ុនប៉ង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ហើយ​​​ចង់​ស្ដាប់​កិច្ច​សន្ទនា​របស់​បុគ្គល​នោះ អាជ្ញាធរ​ត្រូវ​តែ​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​មាន​​សេចក្ដី​សម្រេច​ពី​តុលាការ ទើប​អាជ្ញាធរ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ទាញ​យក​​ទិន្នន័យ ឬ​ស្ដាប់​​កិច្ច​សន្ទនា​របស់​បុគ្គល​នោះ។ ​លោក​កត់​សម្គាល់​ថា ការ​អនុវត្ត​កន្លងមក​របស់​អាជ្ញាធរ មិន​បាន​ស្រប​តាម​នីតិវិធី​ច្បាប់​ឡើយ៖ «ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​នាម​ខ្ញុំ​​ជា​អ្នក​បង់​លុយ​​ទៅ​ឱ្យ​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​អ៊ិនធើណិត ក្រុមហ៊ុន​​ទូរស័ព្ទ​ទាំង​អស់​ហ្នឹង ខ្ញុំ​សូម​ថ្កោល​ទោស​​តែ​ម្ដង ប្រសិន​បើ​ក្រុមហ៊ុន​ទាំងនោះ​អត់​បាន​ការពារ​សិទ្ធិ​ឯកជន​ភាព​របស់​ខ្ញុំ​។ បើ​រដ្ឋាភិបាល​លប​ស្ដាប់​ការ​សន្ទនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ រួម​ទាំង​ខ្ញុំ​ដែរ ដោយ​គ្មាន​ដីកា​ពី​តុលាការ​ទេ ខ្ញុំ​គិត​ថា សកម្មភាព​ទាំង​អស់​នេះ ​ជា​សកម្មភាព​រំលោភ​ច្បាប់​របស់​កម្ពុជា រួម​ទាំង​ច្បាប់​អន្តរជាតិ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សច្ចាប័ន»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​​ចេញមុខ​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី១០ មីនា​ថា អាជ្ញាធរ​កំពុង​ប្រើប្រាស់​ឧបករណ៍​សម្រាប់​ចាប់​សំឡេង​តាម​ទូរស័ព្ទ ចំពោះ​អ្នក​ដែល​និយាយ​បំភ្លៃ​ពាក្យ​សម្ដី​របស់​លោក និង​អ្នក​​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺកូវីដ១៩ ហើយ​បាន​បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួន​ពួក​​គេ​ទៀត​ផង៖ «ខ្ញុំ​និយាយ​អំពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ពី ២៥% ទៅ ៥០% វា​ទៅ​កាឡៃ​ថា យើង​កាត់​បន្ថយ​ប្រាក់​ខែ ៥០%។ ពួក​អា​ចង្រៃ​អស់​នេះ ខ្ញុំ​ថា ល្មម​ដល់​ពេល​ប្រើ​បច្ចេកវិទ្យា​តាម​ចាប់​យក​មក​តែ​ម្ដង អត់​មាន​ញ៉ិមញ៉ុម​ទេ។ ការ​ប្រឆាំង​ភេរវកម្ម​មិន​​ទាន់​ចប់​ទេ អ៊ីចឹង​យើង​នៅ​មាន​សិទ្ធិ​ដើម្បី​ស្ដាប់ ចាប់​យក​ព័ត៌មាន​តទៅទៀត»។

នៅមុន​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភា បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ឃោសនា​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច​ថា ក្រសួង​យុត្តិធម៌​បាន​បញ្ជា​ឱ្យ​អយ្យការ​ទូទាំង​ប្រទេស អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​ដែល​បង្កើត និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ករណី​ជំងឺកូវីដ១៩។

ជា​ការ​អនុវត្ត​តាម​បទ​បញ្ជា​នេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​​បាន​ចាប់​​ខ្លួន​បុរស​ម្នាក់​ឈ្មោះ កូយ សំអាត ​​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​​រូបគេ​បាន​បង្ហោះ​សារ​នៅ​លើ​​ហ្វេសប៊ុក​ទាក់ទង​នឹង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត អះអាង​ប្រាប់​អាស៊ី​សេរី​ថា ជន​សង្ស័យ​រូប​នេះ​បាន​សារភាព​​ទោស​កំហុស​របស់​ខ្លួន​ហើយ ក៏​ប៉ុន្តែ​សមត្ថកិច្ច​នៅ​​តែ​បញ្ជូន​រូប​គេ​ទៅ​តុលាការ​ដដែល ពីព្រោះ​នេះ​ជា​បញ្ជា​ពី​ខាង​ព្រះរាជអាជ្ញា។

មន្ត្រី​ជាន់ខ្ពស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី កត់​សម្គាល់​ថា អាជ្ញាធរ​កម្ពុជា​ច្រើន​តែ​អនុវត្ត​ច្បាប់​ដោយ​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​រឿង​ព័ត៌មាន​ក្លែង​ក្លាយ។ លោក​​ថា ច្បាប់​កម្ពុជា​មិន​មាន​ចែង​អំពី​ទោស​ទណ្ឌ​រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ទេ តែ​អាជ្ញាធរ​បែរ​ជា​ប្រើ​បទ​ញុះញង់​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​យក​មក​ចោទ​ប្រកាន់​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ទៅវិញ។ ម្យ៉ាង​វិញ​ទៀត លោក​​ថា មន្ត្រី​រដ្ឋាភិបាល​ខ្លះ និង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​មួយ​ចំនួន ក៏​ធ្លាប់​បញ្ចេញ ឬ​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ​ដែរ ប៉ុន្តែ​ពួក​គេ​បែរ​ជា​រួច​ផុត​ពី​សំណាញ់​ច្បាប់ ដែល​នេះ​គឺជា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ៖ «តុលាការ​នៅ​ស្រុក​ខ្មែរ ភាគច្រើន​គាត់​ចាត់​វិធាន​ការ​ប្រឆាំង​តែ​ទៅលើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​។ យើង​មាន​ការ​បារម្ភ ប្រសិន​បើ​តុលាការ​យើង​អត់​ឯករាជ្យ​ ហើយ​ការ​អនុវត្ត​ច្បាប់​មាន​លក្ខណៈ​មិន​ស្មើភាព​​គ្នា ដូច្នេះ​ច្បាប់​អាច​ត្រូវ​បាន​ប្រើប្រាស់​ទៅ​ជា​ឧបករណ៍​មួយ​ក្នុង​ការ​រឹតត្បិត​​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ក្រុម​ដែល​មាន​មតិ​ជំទាស់​ជាមួយ​នឹង​រាជរដ្ឋាភិបាល»។

ចំណែក នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី វិញ លើក​​ឡើង​ថា លោក​មិន​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បំភ្លៃ​ព័ត៌មាន​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ក៏​មិន​គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ក្នុង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​សម្ដែង​កង្វល់​ជុំ​វិញ​វិបត្តិ​ជំងឺកូវីដ១៩ នោះ​ដែរ។ លោក​ថា ជំនួស​ឱ្យ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពលរដ្ឋ​ អាជ្ញាធរ​គួរ​តែ​ប្រឹង​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​ប្រភេទ​ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែង​ក្លាយ​វិញ។

ទាក់ទង​នឹង​ការ​លួច​ស្ដាប់​សំឡេង​សន្ទនា​របស់​ពលរដ្ឋ​វិញ លោក ណុប វី ស្នើ​ឱ្យ​អាជ្ញាធរ​លុប​ចោល​វិធានការ​នេះ​​ជា​បន្ទាន់​ ព្រោះ​នេះ​ជា​ទង្វើ​​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន​របស់​បុគ្គល ដែល​ជា​សិទ្ធិ​ដ៏​សំខាន់ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ ម្យ៉ាង​វិញ​ទៀត វិធានការ​នេះ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៖ «រាជ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ពិចារណា​ឡើង​វិញ​ជុំ​វិញ​​វិធានការ​នានា​ដែល​បាន​ដាក់​ហ្នឹង​ថា តើ​វិធានការ​ហ្នឹង​អាច​នឹង​ធ្វើ​ឱ្យ​វា​មាន​ភាព​អសកម្ម​ក្នុង​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​មាន​អារម្មណ៍​មួយ​ដែល​ថា មិន​មាន​សុវត្ថិភាព​នៅ​ក្នុង​ការ​ទំនាក់​ទំនង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ បើ​វា​ចូល​ក្នុង​ចំណុច​ដែល​ខ្ញុំ​បាន​លើក​ឡើង ខ្ញុំ​ស្នើសុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ពិចារណា ហើយ​និង​លុប​ចោល​នូវ​អ្វី​ដែល​ជា​ការ​សម្រេច​ចិត្ត​ហ្នឹង»។

រដ្ឋ​ធម្មនុញ្ញ មាត្រា៤០ បាន​ចែង​ការពារ​ពលរដ្ឋ​គ្រប់​រូប​ពី​ការ​លប​ថត​សំឡេង​និយាយ​សន្ទនា​របស់​ពួកគាត់ និង​អាថ៌កំបាំង​នៃ​ការ​ឆ្លើយឆ្លង​តាម​លិខិត តាម​សារទូរលេខ ទូរ​ពុម្ព និង​ទូរគមនាគមន៍។ ចំណែក ច្បាប់​ស្ដីពី​ទូរគមនាគមន៍ មាត្រា៩៧ វិញ​ចែង​ថា ការ​លប​ស្ដាប់ ឬ​លប​ថត​ការសន្ទនា ដោយ​​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​​ដោយ​បុគ្គល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារពី១ ខែទៅ១ ឆ្នាំ។

ទោះ​ជា​ច្បាប់​ចែង​តឹងរ៉ឹង​​បែប​នេះ​ក្តី ក៏​អាជ្ញាធរ​កម្ពុជា​ហាក់​​ព្រងើយ​កន្តើយ ចំពោះ​ការ​រក្សា​សុវត្ថិភាព​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​ដែរ ជា​ពិសេស ជុំវិញ​ការ​បែក​ធ្លាយ​ខ្សែអាត់​សំឡេង​​របស់​ក្រុម​​អ្នក​នយោបាយ​បក្ស​ប្រឆាំង នៅ​មុន​ពេល​ លោក ហ៊ុន សែន បញ្ជា​ឱ្យ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ចុង​ឆ្នាំ២០១៧ កន្លងទៅ។ សហគមន៍​ជាតិ និង​អន្តរជាតិ​​បាន​​ថ្កោល​ទោស​ លោក ហ៊ុន សែន ជា​ខ្លាំង​​អំពី​រឿង​នេះ ពីព្រោះ​ក្នុង​នាម​ជា​នាយក​​រដ្ឋមន្ត្រី លោក​បាន​ចេញ​មុខ​គាំទ្រ និង​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​វប្បធម៌​លួច​ថត​សំឡេង និង​បញ្ចេញ​សំឡេង​សន្ទនា​ឯកជន​របស់​បុគ្គល ដោយ​មិន​ខ្វល់​ពី​ច្បាប់​អ្វី​បន្តិច​សោះ។ ជាឧទាហរណ៍​​​​ លោក​ ហ៊ុន សែន បាន​សរសើរ​គណនី​ហ្វេសប៊ុក​ឈ្មោះ សីហា ថា មាន​សមត្ថភាព​លួច​ស្ដាប់​ការ​សន្ទនា​របស់​បុគ្គល​សំខាន់ៗ នៅ​កម្ពុជា ប៉ុន្តែ​លោក​​មិនបាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ យក​មក​ផ្ដន្ទាទោស​ឡើយ ហើយ​សមត្ថកិច្ច​ក៏​មិន​ដែល​អើពើ​ចាត់​ការ​រឿង​នេះ​ដែរ។

លើស​ពី​នេះ​ទៅទៀត មេ​ដឹក​នាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​រូប​នេះ បាន​ប៉ុនប៉ង​បង្កើត​ច្បាប់​គ្រប់​គ្រង​​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា និង​ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ ដែល​សង្គម​ស៊ីវិល​យល់​ថា ជា​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត។

អ្នក​សិក្សា​ផ្នែក​​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​គោរព​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​ ដោយ​អនុលោម​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រៅ​ពី​នេះ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​​បង្កើន​ការ​អប់រំ​ដល់​ពលរដ្ឋ​អំពី​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត ហើយ​ជ្រើស​យក​វិធានការ​អប់រំ​ណែនាំ​ចំពោះ​ពលរដ្ឋ​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជំនួស​ឱ្យ​ការ​ដាក់​ទោស​ទណ្ឌ​លើ​ពួក​គាត់៕

No comments: