Wednesday, 18 March 2020
អ្នកកើតជំងឺកូវីដ១៩ នៅកម្ពុជាកើនដល់ ៣៣នាក់ ក្រសួងសុខាភិបាលប្រកាសបិទពិធីជួបជុំសាសនាជាបណ្ដោះអាសន្ន
ដោយ ខែ សុណង
2020-03-17
rfa
រូបតំណាងមេរោគ កូរ៉ូណាវីរុស (Coronavirus) ឬហៅម្យ៉ាងទៀតថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
AFP
រហូតមកដល់យប់ថ្ងៃទី១៧ មីនា ក្រសួងសុខាភិបាលប្រកាសថា មានពលរដ្ឋខ្មែរចំនួន ៩នាក់ទៀត បានឆ្លងជំងឺកូវីដ១៩។ អ្នកឆ្លងថ្មីទាំង ៩នាក់នេះ ជាអ្នកនៅក្នុងចំណោមអ្នកដែលទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ សរុបតួលេខអ្នកឆ្លង ៩នាក់ចុងក្រោយនេះទៀត ធ្វើឱ្យចំនួនអ្នកឆ្លងនៅកម្ពុជាឡើងដល់ ៣៣នាក់។
នៅល្ងាចថ្ងៃទី១៧ មីនាដដែល ក្រសួងសុខាភិបាលប្រកាសបិទពិធីជួបជុំសាសនានានា ជាការប្រមូលផ្ដុំមនុស្សច្រើន ដូចជា ពិធីសាសនា ឬពិធីមង្គលការជាដើម ដែលត្រូវបានគេពិចារណាថា អាចនាំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
លិខិតរបស់ក្រសួងសុខាភិបាល ចុះហត្ថលេខាដោយរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលអាស៊ីសេរីទទួលបាននៅល្ងាចថ្ងៃទី១៧ មីនា បានណែនាំដល់គណៈអភិបាលរាជធានីខេត្តទាំងអស់ ឱ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់ នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ក្នុងស្ថានភាពកំពុងរាលដាលជាសកល។ លិខិតដដែលបញ្ជាក់បន្ថែមថា ការបិទជាបណ្ដោះអាសន្ននេះ គឺទាំងការជួបជុំបែបសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាផ្សេងៗ ទៀត ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីដ១៩ បានធូរស្រាលវិញ។
ក្រោយពេលរកឃើញជំងឺថ្មីនេះជាច្រើនករណីនៅក្នុងប្រទេស រហូតមកដល់ពេលនេះ រដ្ឋាភិបាលសម្រេចបិទពិធីជួបជុំសាសនានានា ដែលជាការប្រមូលផ្ដុំមនុស្សច្រើន បន្ថែមលើវិធានការទប់ទល់នឹងជំងឺកូវីដ១៩ ដែលមានស្រាប់ មានជាអាទិ៍ ការបិទសាលារដ្ឋ និងឯកជនទូទាំងប្រទេស បិទទីតាំងខារ៉ាអូខេ និងរោងភាពយន្ត ព្រមទាំងផ្អាកការផ្ដល់ទិដ្ឋាការដល់ពលរដ្ឋ ៥ប្រទេសក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ជាមួយគ្នានេះ ក្រសួង និងស្ថាប័នរដ្ឋមួយចំនួនក៏បានលើកពេលកិច្ចប្រជុំរបស់ខ្លួនដែរ ហើយមានក្រសួងខ្លះបានឱ្យមន្ត្រីរបស់ខ្លួនធ្វើការពីផ្ទះតាមប្រព័ន្ធអ៊ិនធើរណិតថែមទៀត។
ការចេញវិធានការបន្តបន្ទាប់នេះ គឺក្រោយពេលដែលក្រសួងសុខាភិបាលរកឃើញករណីពលរដ្ឋខ្មែរចំនួន ១២នាក់ទៀត ធ្វើតេស្តវិជ្ជមានឆ្លងជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃទី១៧ មីនា។ ទោះជាយ៉ាងនេះក្ដី ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការភិតភ័យ និងត្រូវរក្សាអនាម័យជាប់ជាប្រចាំ។
ក្រសួងសុខាភិបាលឱ្យដឹងតាមសេចក្ដីប្រកាសព័ត៌មានថា នៅយប់ថ្ងៃទី១៧ មីនា លទ្ធផលពិនិត្យសំណាកពីវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា ករណីវិជ្ជមាន ៩ករណីថ្មីទៀត។ ក្នុងចំណោម ៩ករណីថ្មីនេះ គឺមានខ្មែរឥស្លាម ៦នាក់ និងជនជាតិម៉ាឡេស៊ី ៣នាក់ ដែលអ្នកទាំងអស់នេះមកពីប្រទសម៉ាឡេស៊ីដូចគ្នា។ អ្នកទាំងនេះ គឺមាននៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២នាក់ នៅសៀមរាបម្នាក់ កំពង់ឆ្នាំងម្នាក់ កែប ៣នាក់ កំពតម្នាក់ និងខេត្តត្បូងឃ្មុំម្នាក់។ អ្នកឆ្លងថ្មីទាំង ៩នាក់នេះ គឺមានអាយុចន្លោះពី ២៧ឆ្នាំ ទៅ ៦៦ឆ្នាំ ហើយត្រូវបានដាក់ឱ្យនៅដោយឡែកនៅតាមតំបន់រៀងៗ ខ្លួនហើយ។
កាលពីពេលរកឃើញ ១២ករណីដំបូង នៅវេលាព្រឹក ក្រសួងឱ្យដឹងលម្អិតថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ មាន ៤ករណី ជាបុរសឥស្លាម អាយុចន្លោះពី ៣៨ឆ្នាំដល់ ៤៥ឆ្នាំ រស់នៅខេត្តបាត់ដំបង ហើយក្រសួងថា ពេលនេះពួកគាត់ត្រូវបានដាក់ឱ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។ ចំណែកនៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង មាន ២ករណីដូចគ្នា កើតលើបុរសឥស្លាមអាយុ ២៨ឆ្នាំ និង ៧៥ឆ្នាំ។ ក្រសួងបញ្ជាក់ថា អ្នកជំងឺនៅភ្នំពេញ ត្រូវបានដាក់ឱ្យនៅព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយអ្នកជំងឺខេត្តកំពង់ឆ្នាំត្រូវបានដាក់ឱ្យនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ដោយឡែកនៅខេត្តបន្ទាយមានជ័យវិញ ក៏មានអ្នកកើតជំងឺកូវីដ១៩ ចំនួន ២ករណីផងដែរ ដោយក្នុងនោះម្នាក់ជាបុរសឥស្លាម និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ ពួកគាត់ទាំងពីរមានទីលំនៅក្នុងក្រុងសិរីសោភ័ណ ដូចគ្នា ហើយពេលនេះមន្ត្រីសុខាភិបាលបានយកពួកគាត់ទៅដាក់ព្យាបាលក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យរួចហើយ។ ជាមួយគ្នានេះ នៅខេត្តកំពត និងខេត្តត្បូងឃ្មុំមាន១ ករណីដូចគ្នា កើតលើបុរសឥស្លាម អាយុ ៣០ឆ្នាំ និង ៦១ឆ្នាំ។ ក្រសួងបញ្ជាក់ថា អ្នកជំងឺនៅខេត្តកំពត ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ដោយសារគាត់ជាអ្នកបកប្រែឱ្យជនជាតិម៉ាឡេស៊ីធ្វើការនៅខេត្តកែប ចំណែកអ្នកជំងឺនៅខេត្តត្បូងឃ្មុំត្រូវបានដាក់ឱ្យនៅព្យាបាលក្នុងមន្ទីរពេទ្យពញាក្រែក។
ក្រសួងសុខាភិបាលអះអាងទៀតថា អាជ្ញាធរពាក់ព័ន្ធកំពុងតាមដានរកអ្នកប៉ះពាល់យ៉ាងសកម្មជនជាមួយអ្នកកើតជំងឺកូវីដ១៩ នេះបន្ថែមទៀត ជាពិសេសក្រុមជនជាតិចាមដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងស្រាវជ្រាវករណីថ្មីបន្តទៀតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នេះដែរ ហើយក្រសួងថា នឹងផ្សព្វផ្សាយឱ្យសាធារណជនបានដឹង ប្រសិនបើរកឃើញករណីវិជ្ជមានថ្មីទៀតនោះ។
កាលពីចុងខែកុម្ភៈកន្លងទៅ សាសនិកឥស្លាមប្រមាណ១ ម៉ឺន ៦ពាន់នាក់ មកពីប្រទេសជាច្រើនលើពិភពលោកបានទៅជួបជុំគ្នាបែបសាសនាឥស្លាមនៅរដ្ឋស្លាងង៉ (Selangor) ក្បែរក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ក៏ប៉ុន្តែ ស្រាប់តែមកដល់សប្ដាហ៍ទី៣ នៃខែមីនា នេះ អាជ្ញាធរប្រទេសម៉ាឡេស៊ីបានរកឃើញពលរដ្ឋរបស់ខ្លួនជិត ៣រយនាក់ បានឆ្លងជំងឺកូវីដ១៩ ដោយពួកគេទាំងនោះភាគច្រើនបំផុត បានទៅចូលរួមក្នុងពិធីជួបជុំគ្នានោះ។ ក្រៅពីនេះ អាជ្ញាធរប្រ៊ុយណេបានរកឃើញពលរដ្ឋរបស់ខ្លួនចំនួន ១២នាក់ ហើយសិង្ហបុរីរកឃើញពលរដ្ឋខ្លួន ២នាក់ ដែរ បានកើតជំងឺកូវីដ១៩ នេះ បន្ទាប់ពីទៅចូលរួមក្នុងពិធីសាសនានោះ។
ដោយឡែកចំពោះកម្ពុជាវិញ មានពលរដ្ឋជនជាតិចាមចំនួន ៧៩នាក់ បានទៅចូលរួមក្នុងពិធីនោះ ហើយពួកគាត់បានត្រឡប់មកដល់កម្ពុជាវិញនៅអំឡុងថ្ងៃទី៣ មីនា។ គិតត្រឹមព្រឹកថ្ងៃទី១៧ មីនា ពួកគាត់ចំនួន ២២នាក់ហើយ ត្រូវបានក្រសួងសុខាភិបាលរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ ហើយតួលេខនេះអាចនឹងមានការកើនឡើង ព្រោះសំណាកវិភាគរបស់ជនជាតិចាមខ្លះទៀត ទើបតែត្រូវបានបញ្ជូនមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។
ជាងនេះទៅទៀត ការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការឥស្លាម ឱ្យដឹងថា ពលរដ្ឋជនជាតិចាមទាំងនោះបានចេញទៅប្រកបរបររៀងៗខ្លួន តាំងពីមកដល់កម្ពុជាវិញម្ល៉េះ ដោយសារពួកគាត់មិនបានដឹងពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នោះឡើយ។ ម្យ៉ាងវិញទៀត អាជ្ញាធរសុខាភិបាលនៅតែប្រើវិធានការអំពាវនាវឱ្យពួកគាត់មកពិនិត្យសុខភាពដោយខ្លួនឯង ជាជាងការចុះទៅស្វែងរកពួកគាត់នៅតាមមូលដ្ឋាន ដែលនេះអាចជាបញ្ហាចន្លោះប្រហោងមួយ សម្រាប់ការឆ្លងរាលដាលនៅតាមសហគមន៍ ប្រសិនបើពួកគាត់ណាម្នាក់បានឆ្លងជំងឺកូវីដ១៩។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល គឺលោក លី សូវ៉ាន់ ដែលមានតួនាទីជាអ្នកឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាននោះ មិនបានលើកទូរស័ព្ទទេ ពេលអាស៊ីសេរីព្យាយាមទូរស័ព្ទទៅលោក ដើម្បីសាកសួរបន្ថែមអំពីរឿងនេះ។ ចំណែកអ្នកនាំពាក្យមួយរូបទៀត គឺអ្នកស្រី ឱ វណ្ណឌីន ក៏មិនលើកទូរស័ព្ទដូចគ្នានៅថ្ងៃអង្គារ ទី១៧ មីនា។
គិតត្រឹមព្រឹកថ្ងៃទី១៧ មីនា ចំនួនអ្នកកើតជំងឺកូវីដ១៩ នៅកម្ពុជា បានកើនចំនួនដល់ ៣៣នាក់ហើយ ក្នុងនោះ ២២ករណីជាពលរដ្ឋខ្មែរ និង ១១ករណីទៀត ជាជនបរទេស។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលអះអាងថា ក្នុងសភាពការណ៍បច្ចុប្បន្ននេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍នៅឡើយទេ ហើយថា ករណីទាំងអស់ដែលមាននៅពេលនេះ គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរក្សាភាពនឹងនក្នុងចិត្ត កុំមានការភ័យខ្លាច ហើយជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ក្រសួងបន្តអំពាវនាវដល់ពលរដ្ឋឱ្យថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនឱ្យបានជាប់ជាប្រចាំ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment