ដោយ មួង ណារ៉េត
2020-03-30

យន្តហោះរបស់ក្រុមហ៊ុន ជេស៊ី អ៊ិនធើណេសិនណល់ អែរឡាញ (JC International Airline) ដែលចតនៅអាកាសយនដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ
អាជ្ញាធរចិន មិនអនុញ្ញាតឲ្យយន្តហោះដែលដឹកជនជាតិចិនចំនួន ១៤៦នាក់ ចេញពីទីក្រុងភ្នំពេញចូលក្នុងដែនអាកាសរបស់ខ្លួននោះទេ កាលពីថ្ងៃទី២៩ ខែមីនា ហើយបានបញ្ជាឲ្យយន្តហោះនោះបត់ក្បាលត្រឡប់មកកម្ពុជាវិញភ្លាមៗ។ មន្ត្រីសង្គមស៊ីវិលយល់ថា វិធានការរបស់អាជ្ញាធរចិននេះ ប្រហែលជាដើម្បីបង្ការជំងឺកូវីដកុំឲ្យឆ្លងក្នុងប្រទេសរបស់ខ្លួន និងមិនខ្លាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរដូចដែលមេដឹកនាំកម្ពុជា តែងតែលើកឡើងនោះឡើយ។
ជើងហោះហើរពីទីក្រុងភ្នំពេញ ដែលដឹកជនជាតិចិន ១៤៦នាក់ឆ្ពោះទៅកាន់ទីក្រុងឆេងឌូ (Chengdu) ប្រទេសចិន ត្រូវបានបង្ខំចិត្តហោះត្រឡប់មកកម្ពុជាវិញភ្លាមៗ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ខណៈ យន្តហោះកំពុងហោះស្ថិតនៅលើដែនអាកាសប្រទេសឡាវ។
សារព័ត៌មាន ស៊ីអិនអ៊ី (CNE) ដែលចុះផ្សាយជាភាសាអង់គ្លេស នៅព្រឹកថ្ងៃទី៣០ ខែមីនា បានស្រង់ សម្ដីអ្នកដំណើរនៅលើយន្តហោះនោះថា មូលហេតុដែលយន្តហោះបង្ខំចិត្តត្រឡប់ ក្រោយនេះព្រោះ អាជ្ញាធរចិន មិនអនុញ្ញាតឲ្យហោះចូលដែនអាកាសរបស់ខ្លួននោះទេ ដោយសារចិនបានដាក់វិធានការបង្ការ និងទប់ស្កាត់កុំឲ្យមានការនាំចូលជំងឺកូវីដ-១៩។
សារព័ត៌មាននេះចុះផ្សាយថា មានអ្នកដំណើរចំនួន ១៤៦នាក់សុទ្ធតែជាជនជាតិចិន បានធ្វើដំណើរ តាមជើងហោះហើរលេខ QD738A របស់ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី (JC Airline ) ចាកចេញពីភ្នំ ពេញនៅម៉ោង១១ និង ១០នាទីពេលព្រឹកថ្ងៃទី២៩ ខែមីនា។ ក្នុងចំណោមអ្នកដំណើរ ១៤៦នាក់នេះ គឺមានជនជាតិចិនពី ៥០ ទៅ ៦០នាក់ ទើបតែធ្វើដំណើរមកប្រទេសហ្វីលីពីន និងមាននិស្សិតចិន ៣៥នាក់ទៀត មកពីប្រទេសអង់គ្លេស និងជនជាតិចិនមួយចំនួនទៀត គឺជាអ្នកធ្លាប់រស់នៅភ្នំពេញ និងខេត្តព្រះសីហនុ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិល លោក ជា អូន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក អាត់ បូនី និងលោក កែវ វណ្ណថន ព្រម ទាំងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ជាច្រើនលើកនៅថ្ងៃទី៣០ ខែមីនា ដើម្បីបញ្ជាក់រឿងនេះ ប៉ុន្តែពុំមានអ្នកទទួលនោះទេ។ រីឯអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ ព្រមទាំងអ្នកនាំពាក្យក្រសួងបរទេស លោក កុយ គួង ក៏មិនទទួលទូរស័ព្ទ។
គេហទំព័រសារព័ត៌មាន ស៊ីអិនអ៊ី (CNE) សរសេរបន្តថា នៅព្រឹកថ្ងៃទី៣០ ខែមីនា មានអ្នកដំណើរ ៤នាក់ បានស្នើសុំលុយត្រឡប់មកវិញ ដើម្បីរកទិញសំបុត្រយន្តហោះដោយខ្លួនឯង ចំណែក ២១នាក់ទៀត បានធ្វើដំណើរតាមជើងហោះហើរលេខ CZ324 ពីភ្នំពេញទៅក្វាងចូវ (Guangzhou)។ រីឯអ្នកដំណើរ ១២១នាក់ទៀត នៅតែរង់ចាំធ្វើដំណើរជាមួយជើងហោះហើរពីភ្នំពេញទៅទីក្រុងឆេងឌូដដែល។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ ថា ប្រសិនបើករណីនេះ គឺជាការពិត គឺប្រហែលជាអាជ្ញាធរចិន មិនទុកចិត្តអ្នកដំណើរពីកម្ពុជាខ្លាច នាំមេរោគចូលប្រទេសរបស់ខ្លួន។ លោកបន្ថែមថា ករណីនេះ ក៏ជាការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងបន្ថែមទៀតក្នុងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការធ្វើតេស្តរកជំងឺកូវីដនេះលើ មនុស្សឲ្យបានច្រើនបំផុត ដើម្បីឲ្យប្រទេសនានា មានទំនុកចិត្តឡើងវិញ៖ «ខ្ញុំយល់ថា ការដែលគេព្រួយបារម្ភដោយសារគេអត់ទាន់មានព័ត៌មានគ្រប់គ្រាន់អំពីការរីករាលដាល ឬមិនរីករាលដាល ឬកម្រិតនៃការរីករាលដាលនៃមេរោគ កូវីដនេះច្បាស់លាស់នៅកម្ពុជា។ បើគេដឹងអំពីបញ្ហានេះច្បាស់លាស់នេះប្រហែលមិនមានបញ្ហាទេ។ រឿងទី២ អាចថា ចិនមានអ្នក ដែលនាំចូលមេរោគនោះជាបន្តបន្ទាប់ ដួច្នេះ ហើយប្រហែលជាចិនចង់បិទលែងឲ្យមានការនាំចូលមេរោគនេះ ដើម្បីបង្ហាញថា ចិនលែងមានអ្នកឆ្លងតទៅទៀតហើយ»។
ដោយឡែកនៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត នៅថ្ងៃទី៣០ មីនា។ តួលេខនេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១០៧នាក់ ខណៈអ្នកជាសះស្បើយ បានកើនឡើងដល់ ២៣នាក់។
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកឆ្លងថ្មីទាំង៤នាក់នោះ គឺមានបុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាបុគ្គលិកនៅកាស៊ីណូ និងខារ៉ាអូខេមួយនៅច្រកប៉ោយប៉ែត។ បុរសរូបនេះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។ ករណីមួយទៀត គឺជាបុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់មកពីប្រទេសជប៉ុន មកដល់កម្ពុជា នៅថ្ងៃទី២៨ មីនា ឆ្នាំ២០២០។ បុរសរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំណែកករណីទី៣ គឺជាស្ត្រីខ្មែរអាយុ ២០ឆ្នាំម្នាក់ទៀត នៅសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ ជានិស្សិត ដែលបានវិលត្រឡប់មកពីប្រទេសអង់គ្លេស ដែលមកដល់កម្ពុជា នៅថ្ងៃទី២៨ មីនា។ ករណីទី៤ គឺជាបុរសជនជាតិបារាំង អាយុ៦១ឆ្នាំ នៅទួលទំពូង ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា (Guyana )មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា។ បច្ចុប្បន្ន បុរសជនជាតិបារាំងរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងប្រកាសថា នឹងបន្តថា តាមរកអ្នក ពាក់ព័ន្ធបន្ថែមទៀត៕
No comments:
Post a Comment