ដោយ ទីន ហ្សាការីយ៉ា
2020-03-28

អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ផ្ដល់បទសម្ភាសន៍ កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦។
RFA
សមាគមថៅកែរោងចក្រអះអាងថា កង្វះខាតវត្ថុធាតុដើមលែងជាបញ្ហាចោទសម្រាប់រោងចក្រកាត់ដេរនៅកម្ពុជាទៀតហើយ ប៉ុន្តែរឿងធំជាងនេះទៀតនោះ គឺពេលនេះ រោងចក្រកំពុងខ្វះទីផ្សារនាំចេញផលិតផល ដោយសារតែហាងទំនិញធំៗ នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវបិទទ្វារដោយសារតែការផ្ទុះរាលដាលជំងឺកូវីដ-១៩។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៨ មីនាថា រោងចក្រកាត់ដេរនៅកម្ពុជាកំពុងប្រឈមមុខនឹងការដួលរំលំក្នុងពេលឆាប់ៗនេះហើយ ពីព្រោះក្រុមហ៊ុនបញ្ជាទិញនៅអឺរ៉ុប និងអាមេរិកបានផ្អាកទទួលយកទំនិញដែលបានផលិតរួច ស្របពេលទំនិញដែលមិនទាន់បានផលិត ត្រូវបញ្ឈប់ជាបណ្តោះអាសន្នសិន។ លោកថា ក្រុមហ៊ុនបញ្ជាទិញបានផ្ញើរលិខិតស្តីពីការផ្អាកការទទួលយកទំនិញនេះមកខាងថៅកែរោងចក្រជាបន្តបន្ទាប់ និងចាប់ផ្តើមអនុវត្តភ្លាមៗ ដោយមិនបានជូនដំណឹងជាមុនឡើយ។
លោកបញ្ជាក់ថា ការផ្អាកនេះមានរយៈពេល២ ខែ ដូច្នេះអំឡុងពេលនេះ ខាងថៅកែរោងចក្រនឹងមានវិបត្តិហិរញ្ញវត្ថុ ដោយសារមិនមានលុយបង្វិលគ្រប់គ្រាន់៖ «អ្នកបញ្ជាទិញភាគច្រើននៅអាមេរិក និងនៅអឺរ៉ុប គេផ្អាកទទួលឥវ៉ាន់ ព្រោះហាងវាបិទ។ ឥវ៉ាន់ដែលយើងផលិតរួចហើយ គេអត់ទទួលយក ឥវ៉ាន់ដែលកំពុងផលិត គេឱ្យយើងឈប់ផលិតភ្លាមៗ ផ្អាកជាបណ្តោះអាសន្ន។ អ៊ីចឹង គិតយ៉ាងម៉េច? ជិតដួលហើយ ជិតដួល ព្រោះអត់មានលុយហូរចូល។ ពេលដែលអ្នកបញ្ជាទិញអត់ទទួលឥវ៉ាន់ មានន័យថា គេអត់បើកលុយឱ្យយើងទេ។ អ៊ីចឹងសួរថារយៈពេល២ ខែ យើងមានលុយឯណាបើកឱ្យកម្មករ? វាអត់មានលុយបើកឱ្យកម្មករទេ ហើយយើងមានន័យថា រោងចក្រជួបបញ្ហាចំពោះមុខ បញ្ហាហ្នឹងខ្លាំង ហើយអ្នកបញ្ជាទិញ គេអត់ទទួលខុសត្រូវទេ»។
លោក ខេន លូ ថ្លែងទៀតថា លោកមិនទាន់ដឹងអំពីតួលេខរោងចក្រដែលនឹងត្រូវបិទទ្វារនោះទេ ប៉ុន្តែលោកថា ផលប៉ះពាល់ជាក់ស្តែងនឹងលេចចេញនៅអំឡុងពេល១ ទៅ ២សប្តាហ៍ខាងមុខទៀតនេះ។ លោកបញ្ជាក់ថា ខាងថៅកែរោងចក្រមិនទាន់ដឹងថា ត្រូវដោះស្រាយបញ្ហានេះដោយរបៀបណានោះទេ ប៉ុន្តែទំនងជាត្រូវសុំការយោគយល់ពីកម្មករ និងសុំជំនួយខ្លះទៀតពីរដ្ឋាភិបាល។ លោកបញ្ជាក់ថា ខាងរោងចក្រមិនមានលទ្ធភាពបើកប្រាក់ឈ្នួល ៤០% ឱ្យកម្មករដែលត្រូវព្យួរពីការងារ តាមអ្វីដែលរដ្ឋាភិបាលបានដាក់ចេញនោះទេ ព្រោះពេលនេះមិនមែនជារឿងខ្វះវត្ថុធាតុដើមទៀតឡើយ តែជារឿងខ្វះទីផ្សារនាំចេញទៅវិញ។
រូបសញ្ញារបស់សមាគមរោងចក្រកាត់ដេរសំលៀកបំពាក់នៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC)។
រូបសញ្ញារបស់សមាគមរោងចក្រកាត់ដេរសំលៀកបំពាក់នៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC)។ GMAC
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ដើម្បីសុំការអធិប្បាយរឿងនេះបានទេ នៅថ្ងៃទី២៨ មីនា ដោយលោកមិនលើកទូរស័ព្ទ។ ចំណែក អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯក ថា បានបង្វែរសំណួរពាក់ព័ន្ធនឹងបញ្ហានេះទៅខាងក្រសួងពាណិជ្ជកម្មវិញ។ អាស៊ីសេរីបានទាក់ទងទៅអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ដើម្បីសុំការបកស្រាយរឿងនេះដែរ តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាច គឺលោក សុខ ឥសាន ដែលតែងបញ្ចេញយោបល់លើបញ្ហាជាច្រើននោះ ក៏សុំមិនធ្វើអត្ថាធិប្បាយរឿងនេះដែរ ដោយលោកបង្វែរឱ្យទៅសួរខាងក្រសួងការងារវិញ។ អាស៊ីសេរីក៏បានទាក់ទងទៅអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ទៀត តែលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទីដដែលនេះ។
ទោះជាយ៉ាងណា អាស៊ីសេរីនឹងព្យាយាមសុំការឆ្លើយតបរឿងនេះពីមន្ត្រីរដ្ឋាភិបាលនៅពេលក្រោយទៀត។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតសម្រាប់ផលិតផលវាយនភ័ណ្ឌរបស់កម្ពុជា ដូច្នេះការផ្អាកការបញ្ជាទិញនេះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការងាររបស់កម្មករកាត់ដេរ។ លោកស្នើឱ្យរដ្ឋាភិបាលរកដំណោះស្រាយរឿងនេះជាបន្ទាន់ ដើម្បីជួយដល់កម្មករ និងស្រោចស្រង់វិស័យកាត់ដេររបស់កម្ពុជា៖ «រដ្ឋាភិបាលត្រូវមានថវិកាបម្រុងបែបណា ដើម្បីជួយផ្គត់ផ្គង់ទៅដល់បងប្អូនកម្មករ-កម្មការិនីនៅពេលពួកគាត់បាត់បង់ការងារ អស់ក្រុមហ៊ុនបញ្ជាទិញ ក្នុងរយៈពេលមេរោគកូរ៉ូណានេះ»។
វិស័យកាត់ដេរបានផ្តល់ការងារលើសពី ៧៥ម៉ឺននាក់ដល់កម្មករ ហើយពលរដ្ឋខ្មែរជាង ៣លាននាក់ទៀត រស់នៅពឹងផ្អែកលើវិស័យនេះ។ វិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ទោះជាយ៉ាងណា មេដឹកនាំសហជីព លោក រ៉ុង ឈុន បារម្ភថា ការផ្អាកការបញ្ជាទិញដោយទីផ្សារអឺរ៉ុប និងអាមេរិកនេះ នឹងធ្វើឱ្យកម្មកររាប់សែននាក់បាត់បង់ការងារធ្វើ ហើយបើវិបត្តិជំងឺកូវីដ-១៩ អូសបន្លាយរយៈពេលយូរទៀតនោះ វិស័យកាត់ដេរកម្ពុជាអាចនឹងប៉ះពាល់ទាំងស្រុងតែម្ដង៕
No comments:
Post a Comment