Tuesday, 21 April 2020

មេធាវី​ស្នើ​ឱ្យ​តុលាការ​ពន្លឿន​ការ​ជម្រះ​ក្តី​អតីត​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី២ នាក់


ដោយ អាស៊ីសេរី
2020-04-20

បុគ្គលិក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុង​នេះ​មាន​លោក អូន ភាព (នៅ​ជួរ​មុខ​ពី​ស្ដាំ​មកឆ្វេង) ដែល​ជាប់​បណ្ដឹង​ពី​បទ “ញុះញង់​" នៅ​តុលាការ​ខេត្ត​រតនគិរី លើក​បដា​ស្វែង​រក​ការ​ជួយ​សង្គ្រោះ​កាសែត​នេះ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of The Cambodia Daily
បុគ្គលិក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុង​នេះ​មាន​លោក អូន ភាព (នៅ​ជួរ​មុខ​ពី​ស្ដាំ​មកឆ្វេង) ដែល​ជាប់​បណ្ដឹង​ពី​បទ “ញុះញង់​" នៅ​តុលាការ​ខេត្ត​រតនគិរី លើក​បដា​ស្វែង​រក​ការ​ជួយ​សង្គ្រោះ​កាសែត​នេះ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of The Cambodia Daily
Photo courtesy of The Cambodia Daily




តុលាការ​ខេត្ត​រតនគិរី​មិន​ទាន់​កំណត់​ថ្ងៃ​ជំនុំ​ជម្រះ​សំណុំ​រឿង​អតីត​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​រូប គឺ​លោក អូន ភាព ដែល​បច្ចុប្បន្ន​កំពុង​បម្រើការ​ឱ្យ​អាស៊ី​សេរី​នៅ​ទីក្រុង​វ៉ាស៊ីតោន (Washington, DC) និង​លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) នៅ​ឡើយ​ទេ ក្រោយ​លើក​ពេល​សវនាការ​រឿង​នេះ​កាល​ពី​ធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ អ្នក​ជំនាញ​ផ្នែក​សារ​ព័ត៌មាន​ស្នើ​ដល់​តុលាការ​ឱ្យ​ពន្លឿន​រឿង​ក្ដី​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​កាសែត​ទាំង​ពីរ​នាក់។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នក​កាសែត​ខេមបូឌា ដេលី លោក សេក សុភ័ណ្ឌ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ មេសា​ថា លោក​បាន​សាកសួរ​មន្ត្រី​តុលាការ​ខេត្ត​រតនគិរី​ជា​ច្រើន​ដង​មក​ហើយ អំពី​ថ្ងៃ​សវនាការ​រឿង​ក្តី​នេះ​ ក៏​ប៉ុន្តែ​មន្ត្រី​តុលាការ​ប្រាប់​លោក​ថា ចៅក្រម​មិន​ទាន់​ដាក់​ថ្ងៃ​ជំនុំ​ជម្រះ​ជា​ថ្មី​នៅ​ឡើយ​ទេ។ លោក​ថា លោក​បាន​ស្នើ​ទៅ​មន្ត្រី​តុលាការ​ឱ្យ​ជួយ​ពន្លឿន​រឿង​នេះ​ដែរ តែ​មិន​ទាន់​មាន​ការវិវឌ្ឍន៍​បែប​ណា​នៅ​ឡើយ​ទេ។

មេធាវី សេក សុភ័ណ្ឌ បញ្ជាក់​ថា ការ​អូស​បន្លាយ​សំណុំ​រឿង​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​​ប្រយោជន៍​កូន​ក្ដី​របស់​លោក​ជា​ខ្លាំង ទោះបី​ជា​ពួក​គាត់​កំពុង​​ស្ថិត​នៅ​ក្រៅ​ឃុំ​ក៏​ដោយ៖ «វា​ប៉ះពាល់​ខ្លាំង​ដោយសារ​តែ​សិទ្ធិ​ទទួល​បាន​ការ​កាត់​សេចក្ដី​​ដោយ​យុត្តិធម៌​ហ្នឹង ត្រូវ​មាន​រយៈ​ពេល​មួយ​​សម​ស្រប​សម្រាប់​ឱ្យ​មាន​ការ​វិនិច្ឆ័យ ហើយ​ការ​ស៊ើប​អង្កេត​ហ្នឹង​ទៀត ក៏​មិន​ត្រូវ​បន្លាយ​ពេល​ដែរ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​គេ​ហៅ​ថា សិទ្ធិ​ទទួល​បាន​ការ​ចាត់​ទុក​ថា​គ្មាន​ទោស​រហូត​ដល់​មាន​​សាលក្រម​ស្ថាពរ»។

តុលាការ​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​អតីត​អ្នក​កាសែត​ខេមបូឌាដេលី (Cambodia Daily) ពីររូប គឺ​លោក អូន ភាព ជន​ជាតិ​ខ្មែរ និង​លោក លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) ជន​ជាតិ​កាណាដា ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍”។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អ្នក​កាសែត​ទាំងពីរ​រូប​នេះ​បាន​ចុះទៅ​សម្ភាស​ពលរដ្ឋ​ពលរដ្ឋ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ខែ​សីហា ឆ្នាំ២០១៧ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

ទោះ​ជា​យ៉ាង​ណា មេធាវី​​ សេក សុភ័ណ្ឌ ពន្យល់​ថា អំពើ​របស់​កូន​ក្តី​លោក​ទាំងពីរ​នាក់ គឺ​ជា​ការ​អនុវត្ត​តាម​វិជ្ជាជីវៈ​សារ​ព័ត៌មាន មិន​មែន​ជា​ការ​ញុះញង់ ដូច​តុលាការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ច្បាស់​លាស់​ហើយ គឺ​គាត់​បំពេញ​​វិជ្ជាជីវៈ​គាត់​ជា​អ្នក​សារ​ព័ត៌មាន សម្រាប់​ខ្ញុំ​ វា​អត់​មាន​បទល្មើស​អ្វី​ទេ។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​សុំ​ឱ្យ​តុលាការ​តម្កល់​ទុក​ឥត​ចាត់​ការ​តាំង​ពី​ដំបូង​ម៉្លេះ ហើយ​ដល់​ពេល​ស៊ើប​ទៀត ខ្ញុំ​ក៏​បាន​សុំ​ឱ្យ​ទម្លាក់​បទ​ចោទ​ទៀត​ ប៉ុន្តែ​តុលាការ​គេ​នៅ​ស្ងៀម​ ហើយ​​បន្ត​នីតិវិធី​រហូត​ដល់​សវនាការ»។

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី បាន​ប្រើ​ពេល​ស៊ើប​អង្កេត​រឿង​នេះ​ជាង ២ឆ្នាំ រួច​ក៏​បាន​កំណត់​យក​ថ្ងៃ​ទី២៥ ខែ​ធ្នូ ២០១៩ ជា​ថ្ងៃ​បើក​សវនាការ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​មក​ដល់ ស្រាប់​តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ប្រកាស​ថា សវនាការ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ ដោយសារ​ចៅក្រម​មួយ​​រូប​ជាប់​រវល់​ទៅ​ក្រៅ​ប្រទេស។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​រតនគិរី លោក កែវ ពិសុទ្ធ ដើម្បី​សាកសួរ​រឿង​នេះ​​បាន​ទេ នៅ​ថ្ងៃ​ទី២០ មេសា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

សមាជិក​ក្រុមប្រឹក្សា​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) លោក ម៉ៃ ទិត្យថារ៉ា ស្នើ​ឱ្យ​តុលាការ​បើក​ការ​ជំនុំ​ជម្រះ​ករណី​នេះ​ឱ្យ​បាន​ឆាប់ ព្រោះ​សំណុំ​រឿង​នេះ​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា៖ «បើ​មាន​ការ​ពន្លឿន​ពេលវេលា​នៃ​ការ​បើក​អង្គ​សវនាការ​លើ​រឿង​ហ្នឹង ខ្ញុំ​គិត​ថា វា​ផ្ដល់​ផល​ប្រយោជន៍​ជាច្រើន​ដែរ​ទៅដល់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ដើម្បី​កុំ​ឱ្យ​ពួក​​គាត់​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ការងារ​របស់​​ពួក​គាត់»។

សព្វថ្ងៃ​នេះ លោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) កំពុង​រស់​នៅ​ក្រៅ​​ប្រទេស ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន ឬ​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។

ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៧ មក របប​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ស្ថាប័ន និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ឥត​ឈប់​ឈរ មាន​ជាអាទិ៍ ការ​បិទ​កាសែត ខេមបូឌា ដេលី ការ​បិទ​ហ្វ្រេកង់​វិទ្យុ​មួយ​ចំនួន ការ​ចោទ​ប្រកាន់​បែប​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន និង​ការ​ចាប់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ដោយ​គ្មាន​ភស្តុតាង​ក្រោម​បទ​ចោទ​នៃ​អំពើ​ចារកម្ម​ជា​ដើម៕

No comments: