Friday, 17 April 2020
តុលាការក្រុងភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំង ៧នាក់
ដោយ វ៉ែន សុមេធ
2020-04-
សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ (ពីឆ្វេង) លោក ឃុត ច្រឹប លោក កែវ ថៃ លោក ថៃ គន្ធា និងលោក យឹម សារ៉េត។
រូប៖ ហ្វេសប៊ុក
តុលាការក្រុងភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំង ៧នាក់ ដែលទើបត្រូវបានចាប់ឃុំខ្លួន ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ថ្មីៗនេះ។ សាច់ញាតិ និង មេធាវីការពារក្ដី ចាត់ទុកការសម្រេចរបស់តុលាការថា ពុំមានយុត្តិធម៌។
មេធាវីការពារក្តីឱ្យសកម្មជនបក្សសង្គ្រោះជាតិទាំង៧នាក់ គឺ លោក សំ សុគង់ ប្រាប់អាស៊ីសេរីថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ សម្រេចមិនអនុញ្ញាតឲ្យកូនក្តី របស់លោកទាំង ៧នាក់ បាននៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំទេ។ លោក សំ សុគង់ បញ្ជាក់ថា លោកបានទទួលដំណឹងនេះពីក្រឡាបញ្ជី នៅព្រឹកថ្ងៃទី១៦ ខែមេសា ហើយដីកាសម្រេចផ្លូវការនឹងចេញនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។
លោក ចាត់ទុកថា សេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ មានភាពអយុត្តិធម៌ និងមានភាពយឺតយ៉ាវ ផ្ទុយពីគោលការណ៍ច្បាប់ ដែលកំណត់ថា ការចេញដីកាសម្រេច គឺយ៉ាង យូរត្រឹមរយៈពេល ៥ថ្ងៃក្រោយ ទទួលបានពាក្យស្នើសុំនៅក្រៅឃុំ ប៉ុន្តែលោកបានដាក់ពាក្យស្នើសុំ នេះ អស់រយៈពេលជិតពីរសប្ដាហ៍កន្លងទៅហើយ ទើបចៅក្រមចេញសេចក្ដីសម្រេច។
មេធាវីការពារក្តីឲ្យសកម្មជនបក្សប្រឆាំងរូបនេះ ឲ្យដឹងថា នៅពេលដែលទទួលបានដីកាសម្រេចផ្លូវការហើយ លោកនឹងដាក់បណ្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យតុលាការជាន់ខ្ពស់មួយនេះ ពិនិត្យមើលដីកាសម្រេចបដិសេធនោះ និងស្នើសុំឲ្យពិនិត្យមើលឡើងវិញ អំពីការស្នើសុំនៅក្រៅឃុំរបស់កូនក្តីលោកទាំង ៧នាក់៖ «សូមឲ្យសាលាឧទ្ធរណ៍ពិនិត្យប្រសាសន៍របស់សម្ដេច ដែលបានថ្លែងនៅឯខេត្តកំពត ហើយទាក់ទងនឹងបញ្ហាសុខភាពរបស់ពួកគាត់ជាចម្បង ដោយសារ ពួកគាត់ទាំង ៧នាក់ មានជំងឺប្រចាំកាយ ដូចជា ជំងឺលើសឈាម លើសជាតិអាស៊ីដ ជំងឺឈឺជើង និងឈឺនៅក្នុងពោះអ៊ីចឹងទៅ។ ដូច្នេះត្រូវគិតអំពីបញ្ហាសុខភាព និងសិទ្ធិរបស់ជនត្រូវចោទជាជាងការឃុំខ្លួន ដើម្បីគ្រាន់តែទុកសម្រាប់សវនាការដោយសារយើងឃើញថា ការចាប់ខ្លួន និងការឃុំខ្លួនកន្លងមកនេះ យើងឃើញថា មិនមានអីធ្វើការស៊ើបអង្កេតទេ ហើយក៏មិនបានកោះហៅគាត់ មកសាកសួរបន្ថែមអីទេ»។
សកម្មជនគណបក្សប្រឆាំងទាំង ៧នាក់នេះ រួមមាន លោក ឃុត ច្រឹប លោក ងិន ឃាង លោក ឡុង ផារី លោក កែវ ថៃ លោក ថៃ គន្ធា លោក យឹម សារ៉េត និងលោក ឃឹម ភាណា។ អ្នកទាំង៧នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីមានផ្ទុះជំងឺកូវីដ-១៩ មក។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នាគឺពីបទរួមគំនិតក្បត់ ញុះញង់ឱ្យយោធាមិនស្ដាប់បញ្ជា និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយបញ្ជូនពួកគេទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (ម១)។
លោក មេធាវី សំ សុគង់ លើកឡើងថា កូនក្តីរបស់លោកទាំង ៧នាក់ សុទ្ធតែមានលក្ខខណ្ឌគ្រប់ គ្រាន់ ដើម្បីទទួលបានសិទ្ធិរស់នៅក្រៅឃុំបណ្ដោះអាសន្ន ដូចជា ពួកគាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ មានទីលំនៅច្បាស់លាស់ ហើយសន្យាថា មិនគេចវេះពីការកោះហៅរបស់តុលាការ ជាដើម ។ លើសពីនេះលោក យល់ថា ដីកាឃុំខ្លួនរបស់របស់ចៅក្រមស៊ើបសួរ លោក កូយ សៅ មិនអនុ លោមទៅតាមអត្ថន័យនៃក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ២០៤ និង ២០៥ ដែលចែងអំពីករណី និងមូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន និងមិនបានពិចារណាទៅលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបានបញ្ជាឱ្យដោះលែង និងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងនៅទូទាំងប្រទេស៖ «យើងគិតថា តុលាការ ប្រហែលជាមិនមានអីចោទប្រកាន់ពីរឿងកូវីដ-១៩ បែរជាទៅចោទប្រកាន់រឿងចាស់ដែលជារឿងមួយសម្ដេចថា មិនគួរឲ្យមានការ ចាប់ឃុំខ្លួនបន្តទៀតទេ ហើយគួរតែដោះលែងឲ្យមានសេរីភាពវិញ ។មួយវិញទៀត ខ្ញុំគិតថា រឿងចាប់ខ្លួននេះ វាខុសនឹងនីតិវិធីច្បាប់ដោយសារតុលាការអត់បានចេញដីកាកោះហៅឲ្យគាត់បាន ចូលបំភ្លឺតាមនីតិវិធីម្ដង ឬពីរដងនោះទេ បើការកោះហៅគាត់ម្ដងពីរមិនចូលទើបតុលាការ ចេញដីកាចាប់ខ្លួន ប៉ុន្តែនៅក្នុងរឿងពួកគាត់នេះ ស្រាប់តែពួកគាត់អត់ដឹងថា រឿងអីផង ទៅចាប់ពួកគាត់ តែម្ដង ដូច្នេះជារឿងមួយ ដែលរំលោភនីតិវិធីចាប់ខ្លួន និងឃុំខ្លួន»។
ភរិយាចៅសង្កាត់ជាប់ឆ្នោតផ្សារដេប៉ូទី៣ នៃគណបក្សសង្គ្រោះជាតិ គឺលោកស្រី សុខ បូលីម៉ា ចាត់ទុកការសម្រេចរបស់តុលាការ មានភាពអយុត្តិធម៌បំផុត។ លោស្រី អះអាងថា ប្ដីរបស់លោកស្រី មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ព្រោះគាត់ មិនដែលធ្វើសកម្ម ភាពនយោបាយអ្វីឡើយ ក្រោយពេលគណបក្សសង្គ្រោះត្រូវបានអាជ្ញាធររំលាយចោលមក៖ «មិនអាចទទួលយកបាន បើនៅឃុំឃាំងគាត់បន្តទៀត ព្រោះអយុត្តិធម៌ចំពោះគាត់ណាស់ ព្រោះគាត់អត់មានធ្វើអីខុសទេ។ សំណូមពរដោះលែងគាត់នៅ ក្រៅឃុំទៅ កុំចោទប្រកាន់គាត់អត់មានមូលហេតុអ៊ីចឹង»។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា លើកឡើងថា ជនជាប់ឃុំ មានសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ហើយតុលាការ ត្រូវតែឆ្លើយ តបឲ្យបានឆាប់តាមកាលកំណត់របស់ច្បាប់ មិនអាចអូសបន្លាយពេល ដែលនាំឲ្យប៉ះពាល់សិទ្ធិរបស់ពួកគេនោះទេ។ ទន្ទឹមគ្នានេះ លោក ពិនិត្យឃើញថា ករណីចាប់ខ្លួន និងចោទប្រកាន់សកម្មជន បក្សប្រឆាំងឡើងវិញនេះ គឺដូចជាពាក់ព័ន្ធនឹងសំណុំរឿងចាស់ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យតុលាការ និងអាជ្ញាធរ បិទបញ្ចប់រួចហើយ ដូច្នេះលោកថា តុលាការ មិនគួរយកសំណុំរឿង ដែលមានចរិតនយោបាយនេះ មកអនុវត្ត ឬសើរើឡើងវិញ នោះទេ៖ «មេដឹកនាំនយោបាយទាំងអស់នេះ គួរតែខិតខំបបួលគ្នារកមធ្យោបាយដោះស្រាយបន្ធូរបន្ថយបញ្ហាស្ថានភាពនយោបាយវិញទៅ ជាជាងកុំយករឿងនេះ មកអនុវត្តបន្តទៀត ពីព្រោះយើងកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលខាងសហភាពអឺរ៉ុប កំពុងតាមដានបញ្ហា EBA។ បើយកល្អគួរតែរកវិធីដោះស្រាយ ព្រោះរឿងនេះ គេបានដឹងគ្រប់គ្នាហើយថា មិនមែនជារឿងអីថ្មីទេ គឺថារឿងទាក់ទងការចាប់បែបនេះ វាគឺទាក់ទងនឹងរឿងនយោបាយច្រើនជាងរឿងការអនុវត្តច្បាប់»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីព្រះរាជអាជ្ញា និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានថ្កោលទោសរដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការរាតត្បាតជំងឺកូវីដ-១៩ ដោយមិនត្រឹមត្រូវ ដើម្បីបំបិទ មាត់សកម្មជនបក្សប្រឆាំង អ្នកបញ្ចេញទុក្ខកង្វល់អំពីមេរោគថ្មីនេះ និងអ្នករិះគន់វិធានការរបស់រដ្ឋាភិបាល ។ អង្គការអន្តរជាតិមួយនេះ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ទង្វើរំលោភ បំពានលើសិទ្ធិនិយាយស្ដីដោយសេរីរបស់ពលរដ្ឋតទៅទៀត ហើយជំនួសមកវិញ រដ្ឋាភិបាលត្រូវផ្ដោតអាទិភាពលើការផ្ដល់ព័ត៌មានអំពីជំងឺកូវីដ-១៩ ជូនសាធារណជនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment