Thursday, 23 April 2020
ក្រសួងយុត្តិធម៌ថា ច្បាប់ស្ដីពីគ្រប់គ្រងប្រទេសក្នុងភាពអាសន្នកាត់បន្ថយអំណាចរដ្ឋាភិបាល
ដោយ ខែ សុណង
2020-04-22
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងពិធីចូលកាន់ដំណែង កាលពីថ្ងៃទី១ មេសា ឆ្នាំ២០២០។
រូបហ្វេសប៊ុក លោក ស ខេង
ក្រសួងយុត្តិធម៌ធ្វើសន្និសីទសារព័ត៌មានអះអាងប្រាប់អ្នកកាសែតថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បង្កើតឡើងមិនមែនក្នុងគោលដៅគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋឡើយ ប៉ុន្តែដើម្បីកាត់បន្ថយអំណាចរបស់រដ្ឋាភិបាលទៅវិញទេ។ អ្នកឃ្លាំមើលសង្គមជឿថា គ្មានស្ថាប័នណាអាចត្រួតពិនិត្យ និងតម្រង់ការអនុវត្តវិធានការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានឡើយ ប្រសិនបើប្រទេសកម្ពុជាត្រូវដាក់នៅក្នុងស្ថានភាពអាសន្នមែននោះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុង ភាពអាសន្ន ធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងបទពិសោធន៍របស់ប្រទេសនានានៅលើពិភពលោក។
លោក ជិន ម៉ាលីន ទទួលស្គាល់ថា ច្បាប់នេះផ្ដល់សិទ្ធិឱ្យរដ្ឋាភិបាលកម្រិតសិទ្ធិសេរីភាពមួយចំនួនរបស់ពលរដ្ឋ ដូចជា ការជួបជុំ ការប្រមូលផ្តុំ ការដើរហើរ និងការប្រកបមុខរបរជាដើម ប៉ុន្តែការកម្រិតសិទ្ធិនេះ គឺក្នុងគោលដៅធានានូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ នៅពេលប្រទេសជាតិស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់៖ «ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននេះ មិនមែនរៀបចំឡើងដើម្បីធ្វើការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ឬក៏ធ្វើឡើងដើម្បីរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់របស់ក្រុមមួយចំនួនតូចនោះទេ។ ផ្ទុយទៅវិញ ច្បាប់នេះរៀបចំឡើង គឺដើម្បីពង្រឹងប្រជាធិបតេយ្យ នីតិរដ្ឋ និងពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា»។
លោក ជិន ម៉ាលីន អះអាងដូចលោក ហ៊ុន សែន ដែរថា កម្ពុជាត្រូវការច្បាប់នេះជាចាំបាច់ដើម្បីទុកប្រើនៅពេលប្រទេសជាតិជួបនឹងស្ថានភាពអាសន្នជាយថាហេតុ ទោះជាមិនមែននៅក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ។ លោកថ្លែងទៀតថា ប្រទេសជាច្រើននៅលើពិភពលោកសុទ្ធតែមានច្បាប់នេះ ឬកំពុងតែអនុវត្តច្បាប់នេះផងក៏មាន។ ដូច្នេះលោកថា ការរិះគន់ថា ច្បាប់នេះថាធ្វើឡើងដើម្បីរឹតត្បិតសិទ្ធិ សេរីភាព ឬដើម្បីទុកប្រើនៅពេលនាយករដ្ឋមន្ត្រីផ្ទេរអំណាចនោះ គឺជារឿងមិនត្រឹមត្រូវ និងមានចរិតនយោបាយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបញ្ជាក់ថា ច្បាប់នេះមិនមែនផ្ដល់អំណាចគ្មានព្រំដែនដល់រដ្ឋាភិបាលនោះឡើយ ពីព្រោះស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ គឺរដ្ឋសភា និងព្រឹទ្ធសភាគឺជាអ្នកតាមដានការអនុវត្តវិធានការរបស់រដ្ឋាភិបាល៖ «បើរដ្ឋាភិបាលចង់ប្រើប្រាស់អំណាចរបស់ខ្លួនដោយគ្មានដែនកំណត់ ប្រហែលជាមិនចាំបាច់ក្នុងការធ្វើច្បាប់នេះទេ។ អ៊ីចឹងច្បាប់នេះ គឺថាកំហិត កំណត់នូវសិទ្ធិអំណាចរបស់រដ្ឋាភិបាល។ ច្បាប់នេះរៀបចំឱ្យមានការយន្តការត្រួតពិនិត្យនូវវិធានការរបស់រដ្ឋាភិបាលដែលជាគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស»។
ផ្ទុយពីការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌នេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែន ណាត ជឿថា គ្មានស្ថាប័នណាអាចត្រួតពិនិត្យការអនុវត្តវិធានការរបស់រដ្ឋាភិបាលបានឡើយ ពីព្រោះថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ សុទ្ធសឹងតែជាមន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា៖ «មានតែលោក ហ៊ុន សែន ទេសព្វថ្ងៃហ្នឹង ដែលត្រួតពិនិត្យ ដែលបញ្ជាតាមតែអំពើចិត្តឱ្យ(រដ្ឋ)សភា ព្រឹទ្ធសភា ធ្វើអ្វីតាមខ្លួនចង់បាននោះ។ ដូច្នេះ យន្តការរដ្ឋសភាក៏ដោយ ព្រឹទ្ធសភាក៏ដោយ ក្រុមប្រឹក្សាធម្មនុញ្ញក៏ដោយ រួមទាំងស្ថាប័នព្រះមហាក្សត្របច្ចុប្បន្នហ្នឹងទៅទៀត គឺអត់មានអំណាចអ្វីទៅត្រួតពិនិត្យការប្រតិបត្តិច្បាប់ ប្រតិបត្តិអំណាចរបស់លោក ហ៊ុន សែន បានទេ»។
អ្នកសិក្សាផ្នែកច្បាប់ យុវជន វ៉ន ចាន់ឡូត មើលឃើញថា ច្បាប់នេះមិនបានធ្វើឱ្យសិទ្ធិអំណាចរបស់រដ្ឋាភិបាលត្រូវថមថយនោះទេ ប្រសិនបើកម្ពុជាត្រូវដាក់នៅក្នុងស្ថានភាពអាសន្ននោះ។ ផ្ទុយទៅវិញ លោកថា ច្បាប់នេះផ្ដល់សិទ្ធិអំណាចយ៉ាងច្រើនសម្បើមដល់រដ្ឋាភិបាលក្នុងការអនុវត្តវិធានការនានា ដែលរដ្ឋាភិបាលយល់ថាចាំបាច់ ដែលនេះគឺជារឿងមួយគួរឱ្យព្រួយបារម្ភ។ លោកបន្ថែមថា បើច្បាប់នេះពិតជាមិនចាំបាច់មែន រដ្ឋាភិបាលមិនគួរធ្វើដោយប្រញាប់ប្រញាល់បែបនេះឡើយ គឺរដ្ឋាភិបាលគួរតែពិភាក្សាស៊ីជម្រៅជាមួយសង្គមស៊ីវិល ព្រមទាំងអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីឱ្យច្បាប់នេះក្លាយជាច្បាប់ដែលមានការឯកភាពជារួម៖ «ខាងនីតិប្បញ្ញត្តិគ្រាន់តែជាតួអង្គដែលបំពេញបន្ថែមឱ្យមើលទៅល្អមើលតែរូបភាពទេ តែជាក់ស្ដែង គឺពួកគាត់គ្មានហ៊ានទៅបដិសេធ ឬក៏ត្រួតពិនិត្យយន្តការ ការអនុវត្តរបស់រដ្ឋាភិបាល សម្រាប់ខ្ញុំ ខ្ញុំអត់មានទំនុកចិត្តទេ»។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានវាយតម្លៃថា ច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ននេះ រំលោភសិទ្ធឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងធ្វើឱ្យការជួបប្រជុំដោយសន្តិវិធីក្លាយជាបទល្មើសព្រហ្មទណ្ឌ។ ចំណែក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វិញ ពិនិត្យឃើញថា ក្រៅពីដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋហើយនោះ ច្បាប់ថ្មីនេះផ្ដល់សិទ្ធិអំណាចគ្មានដែនកំណត់ និងគ្មានការត្រួតពិនិត្យដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាបអ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល។
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំដើម្បីពិនិត្យមើលធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទីសុក្រ ទី២៤ មេសា ខាងមុខ ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលមានស្នាដៃធ្វើច្បាប់រំលាយគណបក្សសង្គ្រោះជាតិនោះ នឹងឡើងការពារសេចក្ដីព្រាងច្បាប់នេះ។
ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍កម្ពុជាជឿថា ច្បាប់នេះនឹងចូលជាធរមានដោយគ្មានឧបសគ្គឡើយ ព្រោះអង្គនីតិបញ្ញត្តិគ្រប់ជាន់ថ្នាក់ គឺជាស្ថាប័នចាំតែប្រថាប់ត្រាឱ្យលោក ហ៊ុន សែន ប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
1 comment:
This ugly bastard lied and bullshit!
Post a Comment