Saturday, 11 April 2020

រដ្ឋសភា​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន


ដោយ សុជីវី
2020-04-10

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងជួរមុខ) ចូលរួម​ប្រជុំអនុម័តសេចក្ដីព្រាង​ច្បាប់ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងជួរមុខ) ចូលរួម​ប្រជុំអនុម័តសេចក្ដីព្រាង​ច្បាប់ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន




រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​ហើយ នៅ​ថ្ងៃ​ទី​១០ មេសា​នេះ តាម​ការ​ចង់​បាន​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ទោះបី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សំដែង​ក្តី​បារម្ភ​ថា ច្បាប់​នេះ​នឹង​អាច​ត្រូវ​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​គាបសង្កត់​សិទ្ធិ​របស់​ពលរដ្ឋ​ក៏ដោយ​។ គណបក្ស​សង្គ្រោះ​ជាតិ​ថា ច្បាប់​នេះ​នឹង​ជួយ​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ថែម​ទៀត។

រដ្ឋសភា​ឯក​បក្ស​បាន​ប្រើ​ពេល​ត្រឹម ១​ម៉ោង ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​មាន ៥​ជំពូក ចែក​ជា ១២​មាត្រា។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែល​ជា​អ្នកមាន​ស្នាដៃ​កែ​ច្បាប់​រំលាយ​បក្ស​ប្រឆាំង​នោះ បាន​ឡើង​ការពារ​សេចក្តី​ព្រាងច្បាប់​នេះ​ថា ច្បាប់​នេះ​ធ្វើឡើង​ដើម្បី​អនុវត្ត​មាត្រា​២២ ថ្មី នៃ​រដ្ឋធម្មនុញ្ញ ឬក៏​ថា​ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​នៅ​ពេល​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។

សមាជិក​សភា​ចំនួន​៣ រូប រួមមាន លោក ឈាង វុន លោក សេរី កុសល និង​លោក ទី សុគន្ធ បាន​ឡើង​បញ្ចេញ​យោបល់​ចំពោះ​សេចក្តី​ព្រាងច្បាប់​នេះ​។ ទោះជា​យ៉ាងណា យោបល់​ទាំងនោះ មិនមែន​ជា​ការ​ស្នើ​ឱ្យ​កែ​លម្អ​លើ​ចំណុច​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​គាំទ្រ​ការ​ធ្វើ​ច្បាប់​នេះ ហើយ​និង​ការ​ទាត់ចោល​មតិ​រិះគន់​ទាំងឡាយ​លើ​ការ​ធ្វើ​ច្បាប់​នេះ​ប៉ុណ្ណោះ។

សមាជិក​សភា​ចំនួន ១១៥​នាក់ ដែល​មាន​វត្តមាន បាន​នាំគ្នា​លើកដៃ​អនុម័ត​យល់ព្រម​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ទាំងអស់​គ្នា ដោយ​គ្មាន​នរណា​ស្នើ​សុំ​ឱ្យ​កែប្រែ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​នេះ​ឡើយ​។​

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា រដ្ឋសភា​ពិនិត្យ​ឃើញ​ថា​ច្បាប់ នេះ​មិនបាន​ផ្ដល់​អំណាច​ច្រើន​លើសលប់​ដល់​រដ្ឋាភិបាល​ដូច​ការ​លើកឡើង​នោះ​ឡើយ ព្រោះ​រដ្ឋាភិបាល​ត្រូវ​រាយការណ៍​ជូន​សភា​ជាប់​ជាប្រចាំ​នៅ​ពេល​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន៖ «ក្នុង​វិធានការ​នីមួយៗ អត់​មាន​អ្វី​ថា លើសលស់​ប៉ុន្មាន​ទេ​។ អ៊ីចឹង​អ្នក​ដែល​ថា ច្បាប់​នេះ​វា​តឹង​ជ្រុល​ហួស​ហ្នឹង គឺ​មិន​ត្រឹមត្រូវ​ទេ​។ វិធានការ​ដែល​ចែង​នៅ​ក្នុង​ហ្នឹង គឺ​វា​សមរម្យ សម​ល្មម​ហើយ»។

នៅ​ក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៤ នេះ តំណាងរាស្ត្រ​ភាគច្រើន​បាន​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​សុវត្ថិភាព ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​របស់​លោក គឺ​មិន​ព្រម​ពាក់​ម៉ាស់​ឡើយ​។ ចំណែក ក្រុម​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ទៅ​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​គ្មាន​អ្នកណា​ពាក់​ម៉ាស់​ដែរ ពោល​គឺ​ពួកគេ​បង់ក​ក្រម៉ា​តាម​លោក ហ៊ុន សែន ដែរ។

លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​លើកទឹកចិត្ត​ឱ្យ​តំណាងរាស្ត្រ​គ្រប់រូប​ពាក់​ម៉ាស់ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ លោក​ថា ក្នុង​ន័យ​នេះ រដ្ឋសភា​បាន​ចែក​ម៉ាស់​ឱ្យ​គ្រប់​តំណាងរាស្ត្រ និង​មន្ត្រី​ទាំងឡាយ​ដែល​មាន​វត្តមាន​នៅ​ក្នុង​អង្គប្រជុំ ក៏ប៉ុន្តែ​ត្រង់​អ្នកណា​ពាក់ ឬ​មិន​ពាក់ គឺជា​សិទ្ធិ​របស់​ពួកគេ។

ជុំវិញ​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ថា លោក​គ្មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​លោក​ថា រដ្ឋសភា​ជា​ស្ថាប័ន​ដែល​ចាំតែ​ប្រថាប់ត្រា​ឱ្យ​លោក ហ៊ុន សែន ប៉ុណ្ណោះ​។ លោក​នៅតែ​យល់​ឃើញ​ថា លោក ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​ដើម្បី​ទុក​ប្រើ​នៅ​ពេល​អំណាច​របស់​គាត់​រង​ការ​គំរាមកំហែង​ដោយ​ប្រការ​ណាមួយ​៖ «គាត់​នឹង​ប្រើប្រាស់​ច្បាប់​នេះ គឺ​នៅ​ពេល​ណា អ្នកណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​ការ​ផ្ទេរ​អំណាច​របស់​គាត់​ទៅ​ឱ្យ​កូន​គាត់ អាហ្នឹង​គឺ​គាត់​យក​ច្បាប់​ហ្នឹង​មក​ប្រើ ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​ឥលូវ​នេះ គឺ​គាត់​គ្រាន់តែ​យក​ឱកាស​ធ្វើ​ច្បាប់​ហ្នឹង​តែ​ប៉ុណ្ណឹង​ទេ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លទ្ធភាព​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​អំឡុង​វិបត្តិ​កូវីដ​-១៩ មាន​មិន​ដល់​១% នោះ​ឡើយ ប៉ុន្តែ​លោក​ថា ច្បាប់​នេះ​នឹង​ទុក​ប្រើ​នៅ​ពេល​ស្ថានការណ៍​ស្រុកទេស​គ្រប់គ្រង​លែង​បាន​។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន បាន​សារភាព​ថា ទោះជា​គ្មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ក៏ដោយ ក៏​លោក​ធ្លាប់​បាន​ប្រើ​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​បង្ក្រាប​ការ​ប្រមូលផ្តុំ ឬ​ការ​តវ៉ា​របស់​ពលរដ្ឋ​រួច​ទៅ​ហើយ​ដែរ៖ «លើ​ការ​ជាក់ស្ដែង ពូ​បណ្ដោយ​ឱ្យ​ធ្វើបាតុកម្ម​ជិត​មួយ​ឆ្នាំ​នៅ​ភ្នំពេញ សូម​អញ្ជើញ​ធ្វើ​ទៅ កុំ​តែ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​។ ដល់ពេល​វា​ពង្រីក​ទ្រង់ទ្រាយ​រហូត​ឈាន​ដល់​ការ​ផ្តួល​រលំ អត់​ចាំបាច់​ច្បាប់​គ្នា​មាន​អាសន្ន​ទេ ប៉ោង​ខោ​រត់​ខ្ទេច​។ អា​មេៗ រត់​ទៅ​ដេក​កន្លែង​យូមែន រ៉ៃត៍ (Human Rights) នៅក្បែរ​វត្ត​លង្កា ម៉ោង ៣ ទូរស័ព្ទ​ឱ្យ​គេ​ទិញ​ភីហ្សា​យក​មក​ស៊ី​។ កុំ​ចង់​ពេក តែ​ដល់​ម៉ោង គេ​ដាក់​ហើយ មិន​ចាំ​បាច់​ប្រកាស​ច្បាប់​ទេ​។ តែ​ដល់​ម៉ោង និយាយ​គ្នា​មិន​ស្ដាប់​ហើយ ដាក់​ភូស រត់​ព្រាត»។

សេចក្តី​ព្រាង​ច្បាប់​ផ្លូវ​ការដែល​រដ្ឋសភា​បាន​អនុម័ត​នេះ មាន​ខ្លឹមសារ​ស្រដៀង​គ្នា​ច្រើន​ទៅ​នឹង​សេចក្តី​ព្រាងច្បាប់​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ក្រៅផ្លូវការ​កាល​ពី​ពេល​កន្លង​ទៅ​។ ចំណុច​ដែល​ខុសគ្នា​នោះ គឺ​ការ​កំណត់​ថេរវេលា​នៃ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន មិន​ឱ្យ​លើស​ពី​៣ ខែ ក៏ប៉ុន្តែ​អាច​ប្រកាស​បន្ត​បាន​នៅ​ក្នុង​លក្ខខណ្ឌ​ដូចគ្នា​។ ការ​បញ្ចប់​ស្ថានភាព​អាសន្ន​ដោយ​ប្រការ​ណាមួយ​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។ ម្យ៉ាងវិញទៀត សេចក្ដី​ព្រាង​ច្បាប់​ផ្លូវការ​នេះ បាន​បន្ថែម​ទោស​ទណ្ឌ​មួយ​កម្រិត​ទៀត ហើយក៏​បាន​ចែង​ទោស​ទណ្ឌ​លើ​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ប្រើប្រាស់​សិទ្ធិ​អំណាច​តាម​ទំនើងចិត្ត ខុស​ពី​គោលបំណង​នៃ​ច្បាប់​នេះ​ផង​ដែរ​។ ដោយឡែក ចំពោះ​ខ្លឹមសារ​ដទៃ​ទៀត គឺ​នៅ​រក្សា​ទម្រង់​ជា​ការ​ផ្តល់​អំណាច​ច្រើន​លើសលប់​ដល់​រដ្ឋាភិបាល​ដដែល។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ច្បាម​យក​អំណាច​ដោយ​ស្រស់ៗ និង​ឥត​គ្មាន​ខ្មាស​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​លេស​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​សង្កត់ធ្ងន់​ថា ច្បាប់​នេះ​នឹង​បង្កើន​ការ​គាបសង្កត់​លើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស ដែល​នឹង​បណ្ដាល​ឱ្យ​មាន​ការរំលោភ​កាន់តែ​ខ្លាំង​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា៕

No comments: